Grand News Asia Close

ខួបបក្សប្រជាជនលើកទី៧៤ ៖ បុព្វហេតុរបស់ប្រជាជន គឺជា​បុព្វហេតុរបស់គណបក្ស

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1071
ខួបបក្សប្រជាជនលើកទី៧៤ ៖ បុព្វហេតុរបស់ប្រជាជន គឺជា​បុព្វហេតុរបស់គណបក្ស ខួបបក្សប្រជាជនលើកទី៧៤ ៖ បុព្វហេតុរបស់ប្រជាជន គឺជា​បុព្វហេតុរបស់គណបក្ស
អត្ថបទដោយ៖ ទាវ សារៈមុនី
 
ភ្នំពេញ៖ ក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជន កម្ពុជាបានស្ថិតនៅរួមសុខរួមទុក្ខជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុត។
ថ្ងៃនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស បានសម្តែងក្តី​សប្បាយរីករាយ យ៉ាងក្រៃលែងចូលរួមប្រារព្ធពិធីអបអរសាទរ​ខួបលើកទី៧៤ ថ្ងៃបង្កើត​គណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា «បក្ស​ប្រជាជន​បដិវត្តន៍ខ្មែរ» ដែលត្រូវបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។
គណបក្សនេះមានប្រភពចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយម ដើម្បី​ឯករាជ្យជាតិកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលប្រជាជនជឿជាក់ និង​គាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ ឆ្លើយតប តាមតម្រូវការ និងសំណូមពររបស់ប្រជាជន ពិសេសធានាបាននូវ​ការ​ការពារ​សុខសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយជីវភាពប្រជាជន និងការបន្ត​កែទម្រង់លើ គ្រប់ វិស័យ។
គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់អត្តចរិតឥតប្រែប្រួល របស់ ខ្លួន គឺជាកម្លាំងឈានមុខរបស់ប្រជាជន ដែលបានពុះពារធ្វើអ្វីៗ គ្រប់ យ៉ាង ដើម្បីឯករាជ្យ សន្ដិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព​នៃមាតុភូមិកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះហើយ ដែល​គណបក្សប្រជាជនកម្ពុជា បានក្លាយជាបង្អែកដ៏រឹងមាំ ជាជំនឿ និងក្តី​សង្ឃឹមរបស់ប្រជាជន។ សច្ចធម៌នេះ បានកើតឡើងពីភាព ប្រាកដ​ជាក់​ស្តែងនៃនយោបាយ និងសកម្មភាព​ជាប្រចាំរបស់គណបក្ស ចាប់តាំងពីពេលបដិសន្ធិឡើងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្ដែង គណបក្សបានដឹកនាំធ្វើការ​តស៊ូ​រួមចំណែកដល់ការទាមទារឯករាជ្យ និងបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យជាតិ​ពីឆ្នាំ១៩៥៣-១៩៧០។ ក្នុងពេលដែលប្រទេស ជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីឆ្នាំ១៩៧០-១៩៧៥ ក្រោយពីបន​ក្បត់ជាតិលោក លន់ នល់ ធ្វើរដ្ឋប្រហារផ្ដួលរំលំសម្តេចព្រះនរោត្តម​សីហនុ ព្រះបរមរតនកោដ្ឋ គណបក្សបានបន្ត​ដឹកនាំ​ប្រជាជនធ្វើការ​តស៊ូ ដើម្បីរំដោះប្រទេសជាតិពីកណ្ដាប់ដៃពួកខ្ញុំកញ្ជះបរទេសរហូត​ទទួលបានជ័យជម្នះ​ទាំង​ស្រុង។ ប៉ុន្តែក្រោយពីសង្គ្រាមផុតរលត់ទៅ​បនក្បត់ ប៉ុល ពត អៀង សារី ខៀវ សំផន បានឆក់ប្លន់យកជោគ​ជ័យនេះ​ទៅកាន់​កាប់នៅក្នុងកណ្ដាប់ដៃបក្ខពួក និងគ្រួសាររបស់ខ្លួន​បង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ អនុវត្តន៍នយោបាយ​ប្រល័យ​ពូជសាសន៍ យ៉ាងសាហាវយង់ឃ្នង ទៅលើអាយុជីវិតប្រជាជនកម្ពុជា យ៉ាង សាហាវព្រៃផ្សៃបំផុត។
ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះ នៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំចលនា​សង្គ្រោះជាតិ វាយផ្តួល រំលំរបបប្រល័យពូជសាសន៏នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះ​ជាតិ និងប្រជាជន​កម្ពុជាឱ្យមានជីវិតរស់ឡើងវិញ បានទាន់ ពេលវេលា ដោយបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅ ងងឹតបំផុត នៃកម្ពុជា បើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់មាតុភូមិកម្ពុជា និងប្រជាជន​កម្ពុជា លើមាគ៌ាសន្តិភាព បង្រួប​បង្រួម​ជាតិ ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍។
 
ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបាន ដឹកនាំ ប្រទេសជាតិសម្រេចបាននូវសមិទ្ធផល​យ៉ាង​ធំធេងលើគ្រប់ វិស័យ ជាពិសេស គឺការការពារការរស់ឡើងវិញរបស់ប្រជាជន ទប់​ស្កាត់ការប៉ុនប៉ងវិលមកកាន់​សារជា​ថ្មីនៃរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេសឡើងវិញតាំងពីបាតដៃទទេឱ្យមានស្ថិរភាព​ជា​ជំហានៗ​បង្កើតបានបុព្វបទ និងលក្ខណៈជាមូលដ្ឋានសម្រាប់ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដីការ​បង្កើត​រដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣។
 
តាមរយៈនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់គណបក្ស ប្រជាជនកម្ពុជា បង្កើតបានសន្តិភាពពេញលេញជូនប្រទេសជាតិ ចាប់ពីខែធ្នូ ឆ្នាំ១៩៩៨។ រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាកាន់តែទទួលបាននូវសមិទ្ធផលធំៗ​ជាច្រើន ទៀត ក្នុងនោះគឺការការពារបានសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍ។
 
លទ្ធិប្រជាធិបតេយ្យកាន់តែត្រូវពង្រឹងបានជាលំដាប់។ ក្រោមម្លប់ សន្តិភាព ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាល​ទី៧ បានប្រព្រឹត្តទៅដោយជោគជ័យ ដែលនៅក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាបាន​ទទួល​ជ័យជម្នះ ដោយទទួលបាន ១២០ អាសនៈ ក្នុងរដ្ឋសភា។ ឆ្លងតាមលទ្ធផលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលត្រូវបានកសាងលើមូលដ្ឋានកម្មវិធីនយោបាយរបស់​គណបក្ស និងបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២០២៣-២០២៨) ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិនិង កសាង មូលដ្ឋាន​ឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជាប្រែក្លាយជា ប្រទេសមាន ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០និង ប្រែក្លាយជាប្រទេស​មាន​ចំណូលខ្ពស់ឆ្នាំ២០៥០។
 
អបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងទូទាំងប្រទេសត្រូវពង្រឹង​ធ្លុង​សាមគ្គី​ជាតិ ឯកភាព​ជាតិឱ្យកាន់តែរឹងមាំ ការពារដាច់ខាតនូវសន្តិភាព និងការអភិវឌ្ឍ មិនអនុញ្ញាតឱ្យកម្លាំងណាមួយ ឬបុគ្គលណាមួយធ្វើសកម្មភាព​បំផ្លាញប្រទេសជាតិ បំផ្លាញការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន​បានឡើយ។
 
មន្ត្រីគណបក្សគ្រប់ៗរូបត្រូវខិតខំលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជន ធ្វើអំពើល្អជាមួយប្រជាជន បន្តពង្រឹង​ប្រៀបឧត្តមភាព​របស់​គណបក្ស ក្នុងដំណើរឆ្ពោះទៅដណ្តើមជោគជ័យកាន់តែធំធេង​ថែម​ទៀតនាពេលអនាគត។ ជាពិសេសអនុវត្តឱ្យបានជោគជ័យ​នូវ​អនុសាសន៍​របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានថ្លែង​កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបញ្ជាក់​ច្បាស់ថា យើងត្រូវចងចាំថា បុព្វហេតុរបស់ប្រជាជនក្នុងការ​កសាង និងការពារប្រទេសជាតិ គឺជាបុព្វហេតុរបស់គណបក្សយើង ហើយ​ទាល់តែប្រជាជនចូលរួម និងគាំទ្រ ទើបបុព្វហេតុនេះ​សម្រេចបាន​ជោគជ័យ។ ក្នុងន័យនេះ ជ័យជម្នះនាពេលកន្លងមក មិនត្រឹមតែជា​ជ័យជម្នះ​របស់​គណបក្សនោះទេ តែជាជ័យជម្នះរបស់ប្រជាជនកម្ពុជា​ទាំងមូល។
 
ជាមួយគ្នានេះ ត្រូវខិតខំបន្តកសាងពង្រឹងគណបក្សឱ្យរឹងមាំទាំងខាង​នយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បី​ធានាការដឹកនាំសម្រេច​រាល់ភារកិច្ចនយោបាយក្នុងដំណាក់កាលថ្មី។ យកចិត្តទុកដាក់​គ្រប់គ្រង កសាង ពង្រឹងជួរ​មន្រ្តី​គណបក្សឱ្យមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ទាំងសមត្ថភាពបំពេញការងារ ទាំងគុណធម៌ ដែលធានា​នូវការអនុវត្ត​គោលនយោបាយរបស់គណបក្សប្រកបដោយ​ប្រសិទ្ធ​ភាព, ការផ្សារភ្ជាប់រវាងគណបក្សនិងមហាជន និងធានាដល់​ការបន្តវេន៕
ដោយ៖អប្សរា
   

អត្ថបទទាក់ទង