Grand News Asia Close

តើបណ្ដាញអគ្គិសនីរបស់តៃវ៉ាន់ អាចទ្រាំទ្រនឹងការវាយប្រហារពីចិនឬ?

ដោយ៖ Morm Sokun ​​ | 20 ម៉ោងមុន ទស្សនៈ-Opinion 1029
តើបណ្ដាញអគ្គិសនីរបស់តៃវ៉ាន់ អាចទ្រាំទ្រនឹងការវាយប្រហារពីចិនឬ? តើបណ្ដាញអគ្គិសនីរបស់តៃវ៉ាន់ អាចទ្រាំទ្រនឹងការវាយប្រហារពីចិនឬ?

#វិភាគអន្តរជាតិ

(ប៉េកាំង)៖ ចិនបាន និងកំពុងបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធហាត់សមឡោមព័ទ្ធ និងបិទខ្ទប់ដែលនេះបានបង្កជាការព្រួយបារម្ភដល់សន្តិសុខថាមពល របស់តៃវ៉ាន់។ តៃវ៉ាន់ស្ថិតនៅចម្ងាយប្រហែលជា ១៦០គីឡូម៉ែត្រប៉ុណ្ណោះពីចិនដីគោក ហើយពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល និងឧស្ម័នធម្មជាតិរាវ (LNG)។ នេះបានន័យថាតៃវ៉ាន់ងាយរងគ្រោះបំផុត ទៅនឹងការបិទខ្ទប់ផ្លូវសមុទ្រណាមួយ។

លោក James Yifan Chen ជាអ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ បាននិយាយថា «បណ្ដាញអគ្គិសនីនឹងក្លាយជាគោលដៅចម្បងមួយរបស់ចិន ក្នុងករណីនៃការបិទខ្ទប់ ឬការវាយប្រហារណាមួយ»។ នៅក្នុងការធ្វើសមយុទ្ធកាលពីខែមេសា និងកាលពីខែធ្នូ ឆ្នាំ២០២៥ យោធាចិនបានហាត់សមពីរបៀបបិទខ្ទប់ផ្លូវសមុទ្រសំខាន់ៗនៅជុំវិញកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធយោធាក៏មានរួមបញ្ចូលការធ្វើសមយុទ្ធបាញ់ គ្រាប់ពិតលើកំពង់ផែ និងរោងចក្រថាមពលផងដែរ។ តាមលោក Chen កប៉ាល់ដឹកឧស្ម័ន LNG អាចនឹងពិបាកចូលទៅកាន់តៃវ៉ាន់ ហើយប្រជាជនតៃវ៉ាន់នឹងគ្មានអគ្គិសនីប្រើប្រាស់ និងទឹកស្អាត ពីព្រោះប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតដំណើរការដោយអគ្គិសនី។ ក្នុងសេណារីយ៉ូបែបនេះ ក្រុមអ្នកជំនាញជឿថាតៃវ៉ាន់នឹងមានជម្រើសតិចតួចដើម្បីស្វែងរកការគាំទ្រពីខាងក្រៅលើការផ្គត់ផ្គង់ថាមពល ដោយសារតែកត្តា ទីតាំងភូមិសាស្ត្រ និងភាពឯកោខាងការទូត។

សម្រាប់លោក Chen តៃវ៉ាន់ងាយរងគ្រោះខ្លាំងជាងអ៊ុយក្រែន ដ្បិតយ៉ាងហោចណាស់អ៊ុយក្រែនអាចបោះដៃស្វែងរកការគាំទ្រពីបណ្ដាប្រទេសអឺរ៉ុប និងប្រទេសជិតខាង។ នៅម្ខាងទៀត ផ្អែកលើ កត្តាទីតាំងភូមិសាស្ត្ររបស់តៃវ៉ាន់ និងការពិតដែលតៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការតែជាមួយប្រទេសតូចៗចំនួន១២ តៃវ៉ាន់មុខជានឹងលំបាកយ៉ាងខ្លាំងក្នុងការប្រឈមមុខនឹងការបិទខ្ទប់ណាមួយរបស់ចិន។

* តើបណ្ដាញអគ្គិសនីរបស់តៃវ៉ាន់អាចទ្រាំបានយូរដល់ណា ប្រសិនបើចិនវាយប្រហារ?
កាលពីឆ្នាំ២០២៣ អតីតរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថាប្រសិនបើគ្មានការជួយទេនោះ ឬត្រូវឈមមុខជាមួយចិនតែម្នាក់ឯង តៃវ៉ាន់អាចតតាំងនឹងការវាយប្រហារពីចិន បានត្រឹមតែ ២សប្ដាហ៍ប៉ុណ្ណោះហើយនេះរាប់បញ្ចូលទាំងក្នុងករណីដែលតៃវ៉ាន់បានត្រៀមលក្ខណៈគ្រប់គ្រាន់ពេលមុនសង្រ្គាម ឬជម្លោះកើតឡើង។ ប៉ុន្តែ លោក Chia-wei Chao មកពីស្ថាប័ន Taiwan Climate Action Network (TCAN) និងជាសាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ National Taiwan University យល់ថារយៈពេល២សប្ដាហ៍ គឺមិនទំនងនោះទេ។ លោកបានពន្យល់ថា នៅក្នុងករណីមានការបិទខ្ទប់ ច្បាស់ណាស់ប្រជាជនតៃវ៉ាន់នឹងត្រូវសន្សំសំច្ចៃថាមពល ហើយនេះមានន័យថាការប្រើប្រាស់នឹងធ្លាក់ចុះ ឬអាចធ្លាក់ចុះដល់ពាក់កណ្ដាល ដូច្នេះថាមពលបម្រុងទុកអាចនឹងទប់ទល់បានរយៈពេលយូរជាងនេះ។

លោក Chao បន្ថែមទៀតថាផ្អែកលើការវាយតម្លៃបច្ចុប្បន្ន ឧស្ម័នបម្រុងគួរតែអាចផ្គត់ផ្គង់បានរយៈពេល៣០ថ្ងៃ ក្រោយឆ្នាំ២០៣០ និង២៨ថ្ងៃផ្អែកលើតម្រូវការប្រើប្រាស់ថាមពលនៅមានកម្រិតទាប ក្នុងពេលបច្ចុប្បន្ន។ ចំណែក លោកស្រី Tsaiying Lu វិញ មកពីវិទ្យាស្ថាន Research Institute for Democracy, Society, and Emerging Technology (DSET) របស់តៃវ៉ាន់ កាន់តែមានសុទិដ្ឋិនិយមដោយលោកស្រីព្យាករថាឧស្ម័ន LNG បម្រុង និងប្រភពថាមពលផ្សេងទៀតអាចឱ្យតៃវ៉ាន់ទ្រាំយ៉ាងហោចបាន ៤០ថ្ងៃ នៅក្រោមការបិទខ្ទប់។

* ថាមពលកកើតឡើងវិញអាចធានាសន្តិសុខថាមពល
បើទោះជាលោក Chao បានគូសបញ្ជាក់ថាតៃវ៉ាន់មិនបានរួមបញ្ចូលការផ្គត់ផ្គង់ថាមពលទៅក្នុងកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនក៏ដោយ តែអ្នកជំនាញរូបនេះបាននិយាយថាការអភិវឌ្ឍថាមពលបៃតងគឺជា មានជាប់ពាក់ព័ន្ធនឹងសន្តិសុខជាតិ។ លោកបានបន្តថា «ថាមពលសូឡា និងការបម្រុងទុកអាចជាវិធានការដ៏គួរឱ្យទុកចិត្តបានមួយក្នុងករណីសង្រ្គាមផ្ទុះឡើង»។ បើតាមក្រសួងការបរទេសតៃវ៉ាន់ តៃវ៉ាន់មានគម្រោងផលិត ២០ភាគរយនៃថាមពលរបស់ខ្លួនដោយមានប្រភពមកពីថាមពលកកើតឡើងវិញគិតត្រឹមកាលពីចុងឆ្នាំ២០២៥ ជាផ្នែកមួយនៃគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅកាន់ បរិយាកាសឱ្យមកកម្រិតសូន្យ នៅឆ្នាំ២០៥០។ តែទោះជាបែបនេះក្ដី កាលពីឆ្នាំ២០២៤ ថាមពលផលិតក្នុងស្រុករបស់តៃវ៉ាន់មានត្រឹមតែ១២ភាគរយប៉ុណ្ណោះដែលមានប្រភពមកពីកង្ហារយក្ស សូឡា មេតាន ទំនប់វារីអគ្គិសនី និងការដុតកាកសំណល់។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Taiwan Power Company។

* តើថាមពលនុយក្លេអ៊ែរអាចជាដំណោះស្រាយឬ?
កាលពីខែឧសភា ឆ្នាំ២០២៥ តៃវ៉ាន់មានគម្រោងដាក់ឱ្យរ៉េអាក់ទ័រនុយក្លេអ៊ែរចុងក្រោយបំផុតរបស់ខ្លួនចូលនិវត្តន៍ ក្រោមកិច្ចប្រឹងប្រែងនៃការលើកកម្ពស់គោលនយោបាយគ្មាននុយក្លេអ៊ែររបស់រដ្ឋបាលរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te។ ថាមពលនុយក្លេអ៊ែររ៉ាប់រងតិចជាង ៣ភាគរយប៉ុណ្ណោះនៃការផលិតថាមពលរបស់តៃវ៉ាន់។ នេះបើតាមក្រសួងសេដ្ឋកិច្ចតៃវ៉ាន់។

ប៉ុន្តែ លោក James Yifan Chen ជឿថាថាមពលនុយក្លេអ៊ែរជាគន្លឹះសំខាន់បំផុតមួយចំពោះតៃវ៉ាន់ដើម្បីអាចជម្នះការបិទខ្ទប់ណាមួយរបស់ចិន។ តាមអ្នកជំនាញរូបនេះ តៃវ៉ាន់ត្រូវការពេលពី១ឆ្នាំ ទៅ២ឆ្នាំ ប៉ុណ្ណោះដើម្បីដំណើរការឡើងវិញរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ក្រោមការជួយពីសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ២០២៥ គណបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់ Kuomintang (KMT) បានអះអាងថា ៧៣ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍ក្នុងការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវមួយរបស់គណបក្ស Kuomintang បានបង្ហាញការគាំទ្រដល់ការពន្យារអាយុកាល នៃរោងចក្រថាមពលនុយក្លេអ៊ែរ។ តែសម្រាប់លោកស្រី Tsaiying Lu បើទោះជារោងចក្រនុយក្លេអ៊ែរត្រូវបានដំណើរការឡើងវិញក៏ដោយ ក៏រោងចក្រទាំងនោះនៅតែងាយរងគ្រោះក្នុងពេលមានសង្រ្គាម។ លោកស្រីយល់ឃើញបែបនេះដោយផ្អែកលើការសិក្សាពីករណីដែលរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែនបានក្លាយជាគោលដៅចម្បងមួយនៃការឈ្លានពានរបស់រុស្ស៉ី៕

-Fresh News-

អត្ថបទទាក់ទង