Grand News Asia Close

នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 302
នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។

សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនអណត្តិទី៧នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។

និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។

ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា«នយោបាយឈ្នះឈ្នះ»ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០ លានដុល្លារក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។

ដែលហៅថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង។

ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខដោយសារសង្គ្រាមនិងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែលប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា«អរគុណសន្តិភាព»។ ដូច្នេះ ពិភពលោកដែលកំពុងព្យាយាមដោយលំបាកលំបិនបំផុតក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេសប្រទេសដែលកំពុងមានសង្គ្រាមដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះរបស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់។

ថ្នាក់ដឹកនាំកម្ពុជាដែលមានបេះដូងធំទូលាយត្រៀមខ្លួនជានិច្ចក្នុងការចែករម្លែកនូវរូបមន្តដ៏ល្អកម្ររកបាននេះដល់គ្រប់បណ្តាប្រជាជាតិទាំងឡាយណាដែលប្រាថ្នាចង់បានសន្តិភាព។ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាពងាយនឹងបាត់បង់ណាស់ ងាយនឹងធ្វើឱ្យមនុស្សស្កប់ស្កល់នឹងវានិងងាយបំភ្លេចវាចោលណាស់ ប៉ុន្តែ សន្តិភាពជារបស់ដែលពិបាករកបំផុតប្រសិនបើវារបូតចេញពីដៃទៅពោលគឺមិនខុសអ្វីពីការមុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ៕

(ដោយ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

អត្ថបទទាក់ទង