Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិតលើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 247
អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិតលើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិតលើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ

 

(ភ្នំពេញ)៖ ក្រុមប្រឆាំងជ្រុលនិយមនិងក្រុមជនបរទេសមួយចំនួនបានអនុវត្តវិធីសាស្ត្រដដែលៗឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងចោទប្រកាន់ថាការបោះឆ្នោតមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ ឬថាការបោះឆ្នោតក្លែងក្លាយជាដើមនៅក្រោយការបោះឆ្នោតម្តងៗ។ នេះគ្រាន់តែជាល្បិចកលចាស់គំរឹល ដែលប្រើដើម្បីកុំឱ្យបាក់មុខតែប៉ុណ្ណោះនិងដើម្បីចិញ្ចឹមចលនាប្រឆាំងរបស់ខ្លួនឱ្យនៅរស់ មិនឱ្យសកម្មជនដែលជឿងុប និងចាញ់ការបោកប្រាស់តាមរយៈវោហាសាស្ត្ររបស់ខ្លួនបាក់ទឹកចិត្ត។

ដូច្នេះពួកគេត្រូវចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីលាបពណ៌ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យមើលទៅថា «អាក្រក់តាមពាក្យសម្តីនិយាយពីក្រៅឆាករបស់ខ្លួន»។ ហេតុផលសាមញ្ញបំផុតគឺ មកពីក្រុមបក្សពួកគេចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ ឬបរាជ័យក្នុងផែនការទុច្ចរិត ទើបពួកគេមិនទទួលស្គាល់ការពិត ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជិត ១០ ម៉ឺននាក់បានកោតសរសើរថាដំណើរការបោះឆ្នោតនៅកម្ពុជាមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេចាំបាច់ ត្រូវបន្តញុះញង់ដើម្បីអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ ព្រោះជាពេលវេលាដ៏សំខាន់។

ក្រុមបក្សប្រឆាំងនានានៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផងបានយកទ្រឹស្តី​មេបដិវត្តន៍ពណ៌ ជីន សាប ក្នុងសៀវភៅ «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំដើម្បីអនុវត្តតាមផែនការភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ សៀវភៅនេះបានចង្អុលបង្ហាញចំៗថា បញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោតគឺជាឱកាសមាសសម្រាប់បង្កចលាចល និងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿងាយនឹងចូលរួម ងាយនឹងដើរតាមការញុះញង់។

ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែនជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ហេតុដូច្នេះបានជាទាំងក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកខិតខំបំភ្លៃ បំផ្លើសការពិត ដែលអមដោយការបន្ទររបស់ជនបរទេសមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរបៀបវារៈដែលពួកគេគ្រោងទុក។

ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំងនិងជនបរទេសមួយចំនួន រួមនឹងអ្នកកាសែតបរទេសស៊ីប្រាក់កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើការតាមអង្គការសង្គមស៊ីវិលមួយចំនួនរួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេសមួយចំនួន តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវទុច្ចរិត តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។

ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍នៅកម្ពុជាខុសពីការពិត។ អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាមកំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស» ជាដើម។

ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់កករនៅក្នុងដំណើរការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីវាជារឿងមិនពិត ព្រោះជាល្បិចកលដែលក្រុមប្រឆាំងបង្កើតឡើងតាមទ្រឹស្តី ជីន សាប សំដៅដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនៅអំឡុងពេលមានការបោះឆ្នោតក្នុងប្រទេសមួយ។ ម្យ៉ាងទៀត នេះក៏ដើម្បីទាញទម្លាក់នូវតម្លៃនៃការបោះឆ្នោត និងទាញទម្លាក់តម្លៃនៃជ័យជម្នះរបស់គណបក្សដែលឈ្នះឆ្នោតដែលមិនមែនជាគណបក្សរបស់ខ្លួន។

គោលដៅសំខាន់ដែលពួកគេប្រើប្រាស់វោហាសាស្ត្រទាំងនេះគឺដើម្បីបំភ័ន្តប្រជាពលរដ្ឋឱ្យយល់ថាអ្វីៗដែលពលរដ្ឋបានឃើញនិងបាននិងកំពុងចូលរួមដោយផ្ទាល់នេះគឺមិនមែន ជាការពិត និងបង្ហាញថាសង្គមដែលពួកគាត់កំពុងរស់នៅគឺ អាក្រក់ដូចភាសាដែលពួកគេនិយាយ និងអាងពួកគេចាប់យកឱកាសដើម្បីបង្កើតចលាចលសង្គម បំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំតែម្តង។ ពួកគេប្រឌិតនិងស្រែកថាការបោះឆ្នោតមិនត្រឹមត្រូវ និងមិនយុត្តិធម៌គឺ ដើម្បីអនុញ្ញាតឱ្យចៅហ្វាយនាយបរទេសរបស់ពួកគេ អាចចេញសេចក្តីថ្លែងការណ៍នានានិងជ្រៀតជ្រែកក្នុងកិច្ច ការផ្ទះក្នុងកម្ពុជា រួមនឹងអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រជាជនកម្ពុជាថែមទៀត។

នៅឆ្នាំ២០២៣ នេះ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់រួមនឹងក្រុមជនបរទេសស៊ីឈ្នួលបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយមហាអំណាចបានបង្ហាញចរិតដដែលជាដដែល ចេញមកដោយព្យាយាមលាបពណ៌ខុសពីការពិតអំពីភាពភ័យខ្លាចរបស់ ប្រជាពលរដ្ឋក្នុងការចូលរួមការបោះឆ្នោត, ការបោះឆ្នោតក្លែងក្លាយដោយសារតែគ្មានបក្សភ្លើងទៀន និងបានញុះញង់ប្រជាពលរដ្ឋឱ្យទៅគូសសន្លឹកឆ្នោតចោល។

ប៉ុន្តែយុទ្ធនាការលាបពណ៌កម្ពុជា និងការបំផ្លាញការបោះឆ្នោតរបស់ក្រុមប្រឆាំងជ្រុលនិយមនៅឆ្នាំ២០២៣ នេះ មិនទទួលបានជោគជ័យឡើយ ព្រោះស្ថានភាពជាក់ស្តែងខុសពីអ្វីដែលពួកគេប៉ាន់ស្មានដោយឈរលើមូលដ្ឋាននៃព័ត៌មានមិនពិត និងការវាយតម្លៃសភាពការណ៍មិនត្រូវ។ ទោះបីជាពួកគេខំស្រែករហូតដល់ស្លាប់ ក៏បានត្រឹមតែស្រែក​ គ្មានបានផេះកណ្តាលចង្ក្រានអ្វីឡើយ។

ពលរដ្ឋកម្ពុជាគ្មានការភ័យខ្លាចឡើយ គ្មានក្រុមជនក្បត់ជាតិ និងក្រុមជនចង្រៃជាតិដើរញុះញង់ ពលរដ្ឋខ្មែររស់ក្នុងភាពសុខសាន្ត។ ពលរដ្ឋចំនួនជាង ៨,២លាននាក់ ឬ ៨៤,៥៨% នៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត ហើយចំនួនសន្លឹកឆ្នោតមិនបានការមានត្រឹម ៤៤ម៉ឺនសន្លឹក។ នេះបង្ហាញថាពលរដ្ឋខ្មែរបានយល់ច្បាស់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងមិនចាញ់ការភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមនិងជនបរទេស មួយក្តាប់តូចឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ ដែលនេះពិតជាឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមដ៏មោះមុតរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់អំណាចនៅក្នុងលទ្ធិប្រជាធិបតេយ្យ ដែលខ្លួនបានយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការចូលរួមបោះឆ្នោត។

ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត បានប្រើប្រាស់សិទ្ធិតាមឆន្ទៈរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយក្តីសោមនស្សរីករាយ និងគ្មានការភ័យខ្លាចដូចអ្វីដែលក្រុមជនប្រឆាំងនិងជនបរទេសមួយចំនួននិយាយលាបពណ៌ឡើយ។ ពលរដ្ឋកម្ពុជារីករាយចូលរួមការពាររដ្ឋធម្មនុញ្ញ និងលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បានបំពេញកាតព្វកិច្ច និងភារកិច្ចបានយ៉ាងល្អប្រសើរ នៅគ្រប់ការិយាល័យបោះឆ្នោតទាំង ២៣,៧៨៦ ការិយាល័យទូទាំងប្រទេស។

នេះក៏បង្ហាញថាវប្បធម៌សន្តិភាពបានចាក់ឬសគល់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើង ហើយកម្ពុជាក៏បាននិងកំពុងដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនដោយភាពមោទកភាព។ មោទកភាពជាខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតដើម្បីសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសជាតិ។ សន្លឹកឆ្នោតមិនបានការមានចំនួនតិចនេះក៏ជាព្រនង់មួយសំពងលើក្បាលនៃក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី ថាការធ្វើនយោបាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពលរដ្ឋដើម្បីឈានទៅបំផ្ទុះបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបគឺហួសសម័យហើយ និងមិនត្រូវបានជឿលើការកុហកបោកប្រាស់នេះទៀតឡើយ។

តាមរយៈលទ្ធផលពេលនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋរហូតដល់ទទួលបានអាសនៈបណ្តោះអាសន្ន ១២០ ក្នុងរដ្ឋសភា បង្ហាញថាពលរដ្ឋខ្មែរបានបោះឆ្នោតជ្រើសយកសុខសន្តិភាព និងការអភិវឌ្ឍ តែមិនមែនជាការបោះឆ្នោតជ្រើសយកបាតុកម្ម សង្គ្រាម និងអស្ថិរភាពនយោបាយឡើយ។

ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ ក៏បានបង្ហាញពីភាពចាស់ទុំនយោបាយរបស់កម្ពុជា និងការគ្រប់គ្រងដំណើរការនីតិវិធីកាន់តែល្អប្រសើរខ្លាំងឡើយ។ បោះឆ្នោតឆ្នាំ ២០២៣ ពលរដ្ឋគ្មានទុក្ខភ័យ រាំលេងសប្បាយ និងចាត់ទុកថាជាកម្មវិធីបុណ្យសប្បាយៗ។ មិនដូចកាលពីឆ្នាំ ១៩៩៣ ឬ ១៩៩៨ ដែលក្រុមជ្រុលនិយមបានដើរបំភ័យប្រជាពលរដ្ឋ រហូតដល់ទិញអង្ករ ស្ករ ប៊ីចេង ត្រីងៀត ត្រីខកំប៉ុងមករក្សាទុកឡើយ។ ក្រោយការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា រួច ពលរដ្ឋបានធ្វើដំណើរដើរកម្សាន្តសប្បាយតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជាឡើងស្ទះផ្លូវ។ សំណើចក្អាកក្អាយពាសពេញប្រទេស។

ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងបានបោះឆ្នោតជ្រើសរើសយក សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។ ពលរដ្ឋខ្មែរមិនជឿការធ្វើនយោបាយបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមឡើយ និងកុំព្យាយាមលាបពណ៌អាក្រក់ពីកម្ពុជាទៀតព្រោះពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់រួចហើយថាកម្ពុជាយ៉ាងណា និងដំណើរការបោះឆ្នោតនៅកម្ពុជាធ្វើបានល្អកម្រិតណាដូចទិសស្លោកមួយថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»៕​

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង