ការបំផ្ទុះសង្គ្រាមដែលមានគម្រោងគិតទុកជាមុន៖ យុទ្ធសាស្ត្រឈ្លានពានរបស់ថៃក្នុងការកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ
ការបំផ្ទុះសង្គ្រាមដែលមានគម្រោងគិតទុកជាមុន៖ យុទ្ធសាស្ត្រឈ្លានពានរបស់ថៃក្នុងការកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ
#OpEd
ការផ្ទុះសង្គ្រាមពីរលើកចុងក្រោយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ពីការរៀបចំផែនការ និងសេនារីយោទុកជាមុនរបស់កងទ័ពថៃ ក្នុងការវាយដណ្តើមយកទឹកដីកម្ពុជា។ ការប្រយុទ្ធលើកទីមួយកើតឡើងចន្លោះថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ខណៈការវាយប្រហារលើកទីពីរបានកើតឡើងចន្លោះថ្ងៃទី ៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ទាំងពីរនេះ មិនមែនជាការប៉ះប្រយុទ្ធដោយចៃដន្យនោះទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលបានគ្រោងទុករួចជាស្រេច។
ចំណុចសំខាន់ដែលគួរត្រូវបានបញ្ជាក់ គឺសកម្មភាពយោធារបស់ថៃមានលក្ខណៈលើសពីការប៉ះទង្គិចគ្នាតាមព្រំដែន និងបង្ហាញពីយុទ្ធសាស្ត្រវាយសង្គ្រប់ដ៏សាហាវ ដែលមានគោលបំណងច្បាស់លាស់ ដើម្បីដណ្តើមយកទឹកដីដោយប្រើប្រាស់ផែនទីខុសច្បាប់ ខ្នាត ១/៥០ ០០០ ដែលខ្លួនអះអាងថាជាផែនទី “ផ្លូវការ” របស់ខ្លួន ចំណែកឯទឹកដីដែលប្រជាជនភៀសសឹកកម្ពុជាមិនអាចចូលទៅរស់នៅវិញបាន ត្រូវបានថៃចាត់ទុកថាជាទឹកដីរបស់ខ្លួន។ ប៉ុន្តែ សម្រាប់កម្ពុជា តំបន់ដែលថៃឈ្លានពាន គឺកម្ពុជាបានកាន់កាប់រាប់សិបឆ្នាំមកហើយ ដោយសំអាងលើផែនទីស្របច្បាប់ខ្នាត ១/២០០ ០០០ ដែលបានទទួលស្គាល់និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។
ដូច្នេះការដែលប្រទេសថៃយកផែនទី(ចោរ) គូសជាឯកតោភាគីបែបនេះមកធ្វើជាមូលដ្ឋានច្បាប់នោះ គឺជាការបំផ្លាញស្ថានភាពច្បាប់ដែលមានស្រាប់ និងជាការបង្ហាញនូវចេតនាច្បាស់ក្នុងការកែប្រែខ្សែព្រំដែនដោយកម្លាំងយោធា។
តាំងពីមានការឈ្លានពានដោយយោធាថៃមកលើអធិបតេយ្យភាពកម្ពុជាមក ប្រមុខរដ្ឋាភិបាលកម្ពុជា ការទូត យោធា អ្នកនាំពាក្យ និងស្ថាប័នផ្លូវការរបស់រដ្ឋ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបដិសេធការកាន់កាប់ទឹកដីដោយប្រើកម្លាំងយោធា និងអាវុធធុនធ្ងន់ នឹងបានធ្វើសកម្មភាពជំទាស់តាមរយៈកំណត់ទូត និងលើឆាកអន្តរជាតិ ។ បើទោះបីសង្គ្រាម ឬការផ្ទុះអាវុធ បានស្ងប់ស្ងាត់ មិនមែនបានន័យថា ជាការព្រមព្រៀងកាត់ទឹកដីដើម្បីដូរយកសន្តិភាពនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ជាបន្តបន្ទាប់ និងថ្មីៗនេះ អ្នកនាំពាក្យកងទ័ពថៃ Winthai Suvaree បានអះអាងថា ប្រជាជន និងទាហានកម្ពុជា ដែលរស់នៅលើទឹកដីដែលថៃកំពុងដាក់បន្លារលួស និងដាក់ទូកុងតឺន័រ មិនមែនជាជនភៀសសឹកនោះទេ ប៉ុន្តែជាក្រុមដែលបាន “បំពានលើអធិបតេយ្យភាពរបស់ថៃ”។
ការអះអាងបែបនេះ មិនត្រឹមតែបំបាត់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លូវច្បាប់ និងនយោបាយ ដើម្បីធ្វើឲ្យការវាយដណ្តើមទឹកដីកម្ពុជាមើលទៅដូចជាការអនុវត្តសិទ្ធិការពារអធិបតេយ្យរបស់ខ្លួនទៅវិញ។ ប៉ុន្តែ ធាតុពិតខ្សែព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានកំណត់ដោយច្បាប់អន្តរជាតិ និងថៃក៏បានទទួលស្គាល់ខ្សែព្រំដែននោះផងដែរ ដោយផ្អែកលើផែនទីខ្នាត ១/២០០ ០០០ តាំងពីរដ្ឋាភិបាលជំនាន់មុនៗមកម៉្លេះ ។
ដូចនេះ ការវាយប្រហារលើកទីពីរនៅខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ថា វាជាសកម្មភាពបន្តនៃគម្រោងវាយដណ្តើមដើម្បីកាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏កងទ័ពថៃនៅតែរំលោភលើកិច្ចព្រមព្រៀងនោះ ដោយចាប់ផ្តើមវាយប្រហារឡើងវិញចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបំពេញគោលដៅយុទ្ធសាស្ត្រដែលខ្លួនចាត់ទុកថានៅសេសសល់។
ក្នុងដំណើរការបង្កើត “ស្ថានភាពថ្មី” កងទ័ពថៃបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននៅតំបន់ជម្លោះ។ សកម្មភាពទាំងនេះ មានគោលបំណងផ្លាស់ប្តូរស្ថានភាពដើមដែលមានស្រាប់ បំបាត់វត្តមានប្រជាពលរដ្ឋដើមកំណើតកម្ពុជា និងបង្កើតលក្ខខណ្ឌអនុញ្ញាតឲ្យថៃអាចគ្រប់គ្រងតំបន់នោះជាអចិន្ត្រៃយ៍បាន។ ចេតនារបស់ភាគីថៃគឺច្បាស់លាស់ណាស់ថា ទីតាំងទាំងនេះត្រូវតែស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន ព្រោះគោលដៅចម្បងគឺ “យកដីពីកម្ពុជាវិញ” ដែលចាត់ទុកជារបស់ខ្លួនដោយឯកតោភាគី។
ដោយឡែកពីការរៀបចំកម្លាំង កាលបរិច្ឆេទនៃការវាយប្រហារ និងសកម្មភាពយោធាលើដីជាក់ស្តែង គ្មានការសង្ស័យឡើយថា ថៃគឺជាភាគីដែលបានចាប់ផ្តើមសង្គ្រាម និងបានរៀបចំយុទ្ធសាស្ត្រទាំងនេះជាមុនរួចជាស្រេចហើយ។ សង្គ្រាមនេះ មិនមែនជាការប្រឈមមុខដោយការប៉ះទង្គិចប្រដាប់អាវុធធម្មតានៅតាមបណ្តោយព្រំដែននោះទេ ប៉ុន្តែជាគម្រោងយុទ្ធសាស្ត្រដែលមានគោលបំណងពង្រីកទឹកដី និងកែប្រែស្ថានភាពដើមដែលមានស្រាប់។ ក្នុងបរិការណ៍នេះ ការលើកឡើងពីពាក្យថា តើប្រទេសណាជាអ្នកបំផ្ទុះសង្គ្រាមមុន ?ចំលើយនឹងសំនួរនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ថៃជាអ្នកឈ្លានពាន គឺថៃជាអ្នកបំផ្ទុះសង្គ្រាមឈ្លានពាននេះ ។
និយាយជារួម សង្គ្រាមនៅព្រំដែនកម្ពុជា–ថៃ ក្នុងឆ្នាំ២០២៥ កន្លងមកនេះ គួរត្រូវបានយល់ឃើញថា ជាការប្រើកម្លាំងយោធាដើម្បីបំផ្លាញស្ថានភាពដើម និងបង្កើតស្ថានភាពថ្មីដោយឯកតោភាគី។ ការយល់ដឹងយ៉ាងច្បាស់លាស់អំពីលក្ខណៈនៃ «សង្គ្រាមដែលថៃបានរៀបគម្រោងទុកជាមុន» នេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដែលកម្ពុជាធ្វើការទាមទាររកយុត្តិធម៌ស្របតាមច្បាប់អន្តរជាតិ និងការបកស្រាយស្ថានការណ៍ឲ្យបានត្រឹមត្រូវចំពោះមុខសហគមន៍អន្តរជាតិ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





