ការផ្តល់ជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦)
ការផ្តល់ជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦)
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក និងកាតព្វកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល
ដូចការគ្រោងទុក ពិធីបញ្ចុះបឋមសិលាដើម្បីចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកបានប្រព្រឹត្តទៅជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទីតាំងនិងសិក្សារួចរាល់។ ការរៀបចំជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ ដោយគិតគូរទាំងសុវត្ថិភាព ទាំងបរិស្ថាន និងសុខុមាលភាព ទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ។
ក្រៅពីផ្តល់ជូនជម្រកបណ្តោះអាសន្ន រាជរដ្ឋាភិបាលក៏ផ្តល់ជូនបងប្អូនជនភៀសសឹកទាំងនោះនូវដំណោះស្រាយសមរម្យមួយទៅតាមស្ថានភាពជាក់ស្តែងដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសិទ្ធិប្រជាពលរដ្ឋដែលត្រូវបានរារាំងដោយកងកម្លាំងប្រដាប់អាវុធថៃមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ គិតមកទល់នឹងពេលនេះ នៅសល់ពលរដ្ឋភៀសសឹកចំនួនជាង៧ម៉ឺននាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ការផ្តល់ជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះមុខប្រជាពលរដ្ឋរួចហើយថា រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់សិទ្ធិទាមទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានោះឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារយ៉ាងសកម្មនិងម៉ឺងម៉ាត់បំផុតដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។
ជាក់ស្តែង រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន នានាជាសេនាធិការ បានតវ៉ាជំទាស់យ៉ាងខ្លាំងក្លានិងជាផ្លូវការនូវរាល់ការរំលោភបំពានទាំងឡាយមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ក៏ដូចជាការរារាំងជនស៊ីវិលមិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន។ ការតវ៉ាទាំងនេះ គឺជាភស្តុតាងបញ្ជាក់ពីការប្រើសិទ្ធិស្របច្បាប់របស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីក៏ដូចជាការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភបំពាន។ រាជរដ្ឋាភិបាលចាត់ទុកការការពារទឹកដីនិងប្រជាជនជាអាទិភាពខ្ព់សបំផុតរបស់ខ្លួន។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនាពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរដោយយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋភៀសសឹក ទាំងពលរដ្ឋភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញបាន ទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។
សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅលំនៅឋានវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយធានាសុវត្ថិភាពតាមរយៈការបោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមទីតាំងទាំងនោះ ក៏ដូចជាជួយសម្រួលជីវភាពរបស់ពួកគេតាមរយៈការដោះស្រាយតម្រូវការចាំបាច់នានាដែលពួកគេត្រូវការ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីសិក្សាអំពីផលប៉ះពាល់ឱ្យបានជាក់លាក់ដើម្បីចេញវិធានការអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលបានរងការខូចខាត មានជាអាទិ៍ សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម រាជរដ្ឋាភិបាលនឹងស្តារឡើងវិញឱ្យបានឆាប់បំផុតតាមស្ថានភាពជាក់ស្តែង នៅក្រោយពេលដែលក្រុមការងារចំពោះកិច្ចសិក្សារួចរាល់។ ទន្ទឹមនឹងនោះ ការការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាក៏ត្រូវបានធ្វើឡើងដំណាលគ្នានិងយ៉ាងម៉ឺងម៉ាត់បំផុត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕
សូមអរគុណ!





