Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធបើកឱ្យដំណើរការជាផ្លូវការ នៃសាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 394

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, សមាជិក សមាជិការដ្ឋសភា និង រាជរដ្ឋាភិបាល
ឯកឧត្តម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា​
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ, បុគ្គលិកសិក្សា ​​និស្សិតទាំងអស់នៃសាកលវិទ្យាល័យ De Montfort cambodia​ អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) ។ នេះ គឺ​ជាសាកលវិទ្យាល័យ ទីមួយ ដែលមានស្តង់ដារប្រទេសអង់គ្លេស ដែល​បាន​បង្ហាញ​វត្តមាន​ជារូបវន្ត នៅក្នុងព្រះរាជាណា-ចក្រកម្ពុជា និង ជាសាខា ​របស់សាកលវិទ្យាល័យ​ De Montfort ដំបូង​ នៅតំបន់។

ខ្ញុំពិតជា​​មានមោទនភាពក្រៃលែង​ ដែល​សាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស យកប្រទេសកម្ពុជា ជាទីតាំង​វិនិយោគរយៈពេលវែង ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា, ស្ថាន​ទូត​ចក្រភព អង់គ្លេស ក្រោមការដឹកនាំរបស់ឯកឧត្តមឯកអគ្គរាជទូត Dominic Williams ក៏ដូចជា គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ​ ដែលបានខិតខំ​ធ្វើ​ការងារ​យ៉ាងច្រើន ទម្រំាឈានដល់​ការសម្ពោធជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីទទួល​បាន​គោលការណ៍ឯកភាព​ពី សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការនាំមកនូវការអប់រំកម្រិតឧត្តមសិក្សា ដែល​មាន​ស្តង់ដារខ្ពស់មកកាន់​ប្រទេសកម្ពុជា ។​

ក្នុងនាម​ជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស​​, ពេលវេលារបស់ខ្ញុំនៅប្រទេសអង់គ្លេស គឺជាអនុស្សាវរីយ៍មួយដ៏ល្អ និង ពេញចិត្តបំផុតមួយ​ នៅក្នុង​បទពិសោធសិក្សារៀនសូត្រ​របស់ខ្ញុំ​ ។ ដូច្នេះ, ខ្ញុំ​ពិតជាមានសេចក្តីរំភើប​ជាពិសេស ចំពោះវត្តមាន​នៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។ ​ខ្ញុំអាចមើលឃើញ​នូវអត្ថន័យ ៤​ យ៉ាង, ពីការចាប់បដិសន្ធិ​នៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា ។

ទី១- វត្តមាននេះ បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និង សមត្ថភាព របស់​និស្សិតខ្មែរថា ​អាចចូលរៀនបាន,​ ​ទទួលយក​ការអប់រំកម្រិតខ្ពស់​ និង មានសមត្ថភាពប្រកួតប្រជែង ក្នុងបរិការណ៍នៃ​ស្តង់ដារអប់រំ​កម្រិត​​អន្តរជាតិ ។ សាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយ​សារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យ​អប់រំ តាំងពីកម្រិត​មូលដ្ឋាន រហូតដល់កម្រិត​ឧត្តមសិក្សា ។ សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ក្នុងការពង្រឹងគុណភាព និង បង្កើនសក្តានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយ​​កម្ម ។ សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយ យុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាព- បុរេសកម្ម នៅក្នុង​ការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍ​សហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល ។

ទី២- នេះ ​គឺជា​ការ​ទទួលស្គាល់​ស្ថិរភាពនយោបាយ, ការ​រីកចម្រើន​សេដ្ឋកិច្ច និង សក្តានុពល​កំណើនតទៅអនាគតរបស់កម្ពុជា​, ជាពិសេស​​ គឺការវាយតម្លៃទៅលើ​អំណាច​​ចាយវាយ​ (consumption power) របស់ទីផ្សារ​​កម្ពុជា ដែល​មាន​បរិមាណ​កាន់តែរីកធំធាត់ឡើង​ ស្របតាម​ការអភិវឌ្ឍជឿនលឿន​នៃសេដ្ឋកិច្ចកម្ពុជា ។ ពិតណាស់ថា ការវិនិយោគលើសាកលវិទ្យាល័យ ត្រូវការទុនច្រើន, ជាពិសេស​ លើ​ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទន់ និង រឹង, ដូច្នេះ ការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃ​ដោយ​ប្រាកដប្រជា និង ប្រកបដោយ​​ភាពប្រុងប្រយ័ត្នខ្ពស់បំផុត។ ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង, ប៉ុន្តែ ការពិនិត្យ​លើ​លទ្ធភាព​នៃ​ការ​បន្តឈរជើងឱ្យ​បាន​យូរអង្វែង និង ធានានិរន្តរភាព​គ្រប់គ្រង គឺជាបញ្ហា​ដែល​សាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណា​ដោយ​ប្រយ័ត្នប្រយែង, ទម្រាំគេសុខចិត្ត​មក​បង្កើត​​សាខា ដែល​មានសំណង់អគារជារូបវន្តនៅក្រៅប្រទេស ។ ដូច្នេះ, ខ្ញុំ​គិតថា ការសម្រេច​ចិត្ត​របស់សាកលវិទ្យាល័យ ដោយជ្រើសរើសយក​ប្រទេសកម្ពុជា ជាទីតាំង​បង្កើតសាខាទីមួយ​របស់ខ្លួន​នៅ​តំបន់អាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ពី​ទំនុកចិត្តដ៏រឹងមាំ​ចំពោះ​បរិយាកាសវិនិយោគ​ និង អំណាចទីផ្សាររបស់​ប្រទេសកម្ពុជា ។

ទី៣- វត្តមាន​របស់សាកលវិទ្យាល័យ​ De Montfort នឹង​ក្លាយ​ជា​កាតាលីករ​ជំរុញ​ការប្រកួតប្រជែង​គុណភាពអប់រំកម្រិត​ឧត្តមសិក្សានៅកម្ពុជា និង ជា​ការបង្កើន​ជម្រើស​កាន់តែសំបូរបែប ដល់ទីផ្សារអប់រំ​ និង និស្សិតកម្ពុជា ។ វត្តមាន​នៃ​សាកលវិទ្យាល័យ De Montfort គឺជា​ ការ​ផ្តល់​តម្លៃបន្ថែមដល់គ្រឹះស្ថាន-អប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ​ ត្រូវ​បានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយ​របស់អង្គការសហប្រជាជាតិ, ជា​ដៃគូ​សហការ​ជាមួយ​នឹង​មជ្ឈមណ្ឌលអប់រំនានា​របស់អង្គការសហប្រជាជាតិ និង ដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និង ឧត្តមភាពសិក្សា ។

ទី៤- សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការ​ការពាររំហូរចេញ​នៃ​ធនធាន ខួរក្បាល​ (brain drain) តាមរយៈ​ ការ​ផ្តល់នូវការអប់រំ និង ការបង្កើតការងារនៅនឹងកន្លែងពោល ​គឺនៅក្នុងប្រទេសកម្ពុជា​ផ្ទាល់តែម្តង ។ ខ្ញុំ​ជឿជាក់ថា នេះ គឺជា​កាលានុវត្តភាពថ្មី សម្រាប់​និស្សិតយើង ក្នុងការ​ទទួលបានអត្ថប្រយោជន៍​យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។ ខ្ញុំដឹងថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្តល់ ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់​ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សា ទាំងរយៈពេលខ្លី និង វែង នៅ​ចក្រភពអង់គ្លេស ឬ នៅប្រទេសផ្សេងទៀត, ប៉ុន្តែ យ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមាន​ផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ​ ក៏នឹងរួមចំណែក​បណ្តុះវប្បធម៌ និង​ ការយល់ដឹង​ពី​បរិការណ៍​អន្តរជាតិ ទន្ទឹមគ្នានឹង​បរិការណ៍​ដោយឡែកនៃ​គុណតម្លៃ និង ការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ ។ នេះ គឺជា​ការរួមចំណែក​ដល់​ការ​រក្សា​ទំនាក់ទំនង ជាមួយ​នឹងប្រទេសកំណើត​របស់ខ្លួន ទាំងនៅក្នុងអំឡុងពេលសិក្សា និង ក្រោយ​ពេលបញ្ចប់ការសិក្សា​ ។​

ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ក្មួយៗនិសិ្សត និង អង្គពិធីទាំងមូល ជាទីមេត្រី!

រាជរដ្ឋាភិបាល​នីតិកាលទី ៧ នៃរដ្ឋសភា បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅ​ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាម​​ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ​។ យើង​មិន​អាច​ក្លាយជាប្រទេសអ្នកមាន​បានទេ ប្រសិន​បើ​ធនធានមនុស្សរបស់យើង ពុំ​មាន​ចំណេះដឹង និង សមត្ថភាព ជំនាញ​, ពុំ​អាចប្រកួតប្រជែងនៅលើ​ឆាកអន្តរជាតិ, ពុំ​មានសុខភាពល្អគ្រប់គ្រាន់​ និង ពុំ​មានសមត្ថភាពចូលរួម​កសាង​មូលដ្ឋាន​នៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែល​ផ្អែកលើចំណេះដឹង ។ ដូច្នេះ​ហើយ, ​ នេះមិនមែនជាការចៃដន្យនោះទេ ​ដែល​ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា» ពោល គឺយកកត្តា «មនុស្ស» ជាអាទិភាព​ខ្ពស់បំផុត ។

«មនុស្ស» គឺជាកត្តាស្នូល​នៃគោលនយោបាយរបស់យើង, ដូច្នេះ​ហើយ​ការអប់រំ និង ការ​បណ្តុះ-បណ្តាល​មូលធនមនុស្ស គឺជា​យុទ្ធសាស្ត្រ​វិនិយោគវែងឆ្ងាយរបស់​រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន ​សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែល​ផ្តោត​លើ​ជំនាញ និង ចំណេះដឹង, និង ដើម្បីធានា​ថា កម្ពុជា​នឹង​មិន​ធ្លាក់ចូលក្នុង​អន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរការដ៏​វែងឆ្ងាយរបស់យើង​ ឈាន​ឆ្ពោះទៅ​ឋានៈ​ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០​​ ។​

ដើម្បីឈានទៅដល់គោលដៅនេះ, ស្ថាប័នឧត្តមសិក្សា គឺជាដៃគូដ៏សំខាន់​មិន​អាចខ្វះបាន របស់រាជរដ្ឋាភិបាល បើ​និយាយជារួម; ហើយ​ស្ថាប័នឧត្តមសិក្សារបស់អង់គ្លេស ក៏មាន​តម្លៃបន្ថែមជាពិសេស​របស់ខ្លួន ទាក់ទងនឹង​ការ​ចូលរួម​ចែករំលែកបទពិសោធ​របស់អង់គ្លេស នៅក្នុងការកសាងសង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្មជឿនលឿន ដែល​ផ្អែកលើចំណេះដឹង និង ជំនាញ បើនិយាយដោយឡែក ។​

ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជា​ការ​ផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដែល​មានលក្ខណៈយូរអង្វែង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ចក្រ​ភពអង់គ្លេស​​ ។ ខ្ញុំ​ចង់លើកទឹកចិត្ត​ឱ្យ​សាកលវិទ្យាល័យ De Montfort សហការឱ្យ​បានជិតស្និទ្ធ​ជាមួយនឹងបណ្តាញ​ធុរកិច្ច​របស់​ចក្រភព-អង់គ្លេស ដើម្បីជំរុញ​ការ​ផ្សារភ្ជាប់​ការអប់រំ ជាមួយនឹងទីផ្សារការងារ ។ ខ្ញុំ​ក៏លើក​ទឹកចិត្តឱ្យសាកលវិទ្យា-ល័យសហការជាមួយ​ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួល​បាន​ការគាំទ្រផ្សេងៗ ទាក់ទងនឹង​ការ- ​បណ្តុះសហគ្រិនភាព ដើម្បី​ចូលរួម​បង្កើតការងារ​ជាក់ស្តែងនៅកម្ពុជា ជាមួយ​នឹង​គំនិតនវានុវត្តន៍ ដែលនិស្សិតរបស់យើង​ នឹងទទួលបាន​ពីឧត្តមភាព​នៃការសិក្សាពីសាកលវិទ្យាល័យ De Montfort ។ នៅថ្ងៃអនាគត, ខ្ញុំចង់ឃើញ​សាកលវិទ្យាល័យ De Montfort ក្លាយជា​ទីប្រមូលផ្តុំ​ (hub) និង ជាដែកឆក់ (magnet) នៃការ​វិនិយោគមកពី​ចក្រភពអង់គ្លេស​ ដែល​ជួយ​ផ្សារភ្ជាប់ទំនាក់ទំនងរវាង​ធនធានមនុស្ស​ និង អនាគត​អ្នកដឹកនាំ​ ដែលសាកលវិទ្យាល័យ​បាន​ខិតខំបណ្តុះបណ្តាល ជាមួយនឹង​តួអង្គ​ទីផ្សារ វិនិយោគិន និង ឧស្សាហកម្ម​អនាគតរបស់​ចក្រភពអង់គ្លេស​ ។

ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ក្មួយៗនិសិ្សត និង អង្គពិធីជាទីមេត្រី!

ព្រះរាជាណាចក្រកម្ពុជា និង ចក្រ​ភព​អង់គ្លេស មានទំនាក់ទំនងជា​ប្រពៃណីយូរអង្វែងផូរផង់ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា និង ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅ​ក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង អន្តរជាតិ ។​ ការបើកសាខាសាកល វិទ្យាល័យ De Montfort នៅកម្ពុជា គឺ​ជា​ការ​​ចូល​រួមចំណែក​ប្រកបដោយ​អត្ថន័យខ្លឹមសារ ដល់​ការ​លើកស្ទួយ​ទំនាក់ទំនងនេះ ឱ្យ​កាន់តែ​ខ្ពស់ថែម​មួយ​​កម្រិត​ទៀត ។ ខ្ញុំទន្ទឹងរង់ចាំ ដោយសេច​ក្តីសោមនស្ស​ ចំពោះ​ការរីកចម្រើន និង ការអភិវឌ្ឍរបស់សាកលវិទ្យាល័យ De Montfort នៅកម្ពុជា ជាមួយនឹង​ផ្លែផ្កានៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យ តាមរយៈ​ ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព, ទាំងចំណេះដឹងជំនាញ​ គុណធម៌ សីលធម៌ និង មនសិការ សេ្នហាជាតិ ជួយ​ចូលរួម​អភិវឌ្ឍសង្គមជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ថ្នាក់ដឹកនាំនៃសាកល វិទ្យាល័យ, គណៈ​គ្រប់​គ្រង, បុគ្គលិកសិក្សា, សាស្ត្រាចារ្យ និង និស្សិត, សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យក្នុងគ្រប់ការងាររៀងៗខ្លួន និង បានប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។

សូមអរគុណ!

អត្ថបទទាក់ទង