Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 344


CMF:

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!
ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ!

ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក ដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។

[ផ្ដើមសេចក្ដីអធិប្បាយ១]

ជិតមួយសប្ដាហ៍ហើយ ខ្ញុំឃើញកក្រើកហ្វេសប៊ុកពីការចូលរួមត្រៀមលក្ខណៈព្យុហយាត្រា។ ឃើញតាម TikTok តាមហ្វេសប៊ុកជាច្រើន។ ប៉ុន្តែ អ្វីដែលជាការកត់សំគាល់ គឺឃើញមានការចូលរួមគាំទ្រទៅដល់កងយោធពលខេមរភូមិន្ទ ការគាំទ្រទៅដល់យោធិន ពីសំណាក់មហាជន ជាពិសេសយុវជន។ នេះគឺជាមោទនភាពដែលយើងបានឃើញនូវការទទួលស្គាល់នូវគុណូបការៈ និងតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។

[ចប់សេចក្ដីអធិប្បាយ១]

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ កងពលតូចលេខ៧០ ខ្ញុំសូមអបអរសាទរចំពោះ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ កងទ័ពជើងគោក ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។ ខ្ញុំពិតជាត្រេកអរចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់កងពលតូចលេខ៧០ កងទ័ពជើងគោក ហើយខ្ញុំសូមកោតសរសើរដោយស្មោះចំពោះសមត្ថភាពក្នុងការក្តាប់ជាប់នូវតួនាទី និងភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

នៅក្នុងសារៈមន្ទីរដែលខ្ញុំបានទស្សនាអម្បាញ់មិញ ក៏បានឃើញនូវរូបភាពសង្ខេបនៃការកសាង ការចូលរួមរបស់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពល៧០ ក្នុងរយៈពេល ៣០ឆ្នាំនេះ នៅក្នុងដំណាក់កាលតាំងពីកម្ពុជាមិនទាន់មានសន្ដិភាពពេញលេញ ការឯកភាពជាតិពេញលេញ ដែលបានដើរតួនាទីក្នុងការចូលរួមជាប្រតិ​បត្តិករនៅក្នុងនយោបាយឈ្នះ-ឈ្នះ រហូតមកដល់ការកសាង និងអភិវឌ្ឍអង្គភាព និងចូលរួមនៅក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ព និងបម្រើប្រជាពលរដ្ឋ។

[ចប់សេចក្ដីអធិប្បាយ២]

ភាពរីកចម្រើន លូតលាស់ជាលំដាប់នៃកងទ័ពជើងគោកកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និង កម្លាំងមហាសាមគ្គីរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ ៧ មករា ១៩៧៩។ ឆ្លងកាត់រយៈពេល ៤៥ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ៤៥ឆ្នាំកន្លងទៅនេះ គឺជា៤៥ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជា៤៥ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ថ្ងៃ៧ មករា ជាចំណុចចាប់ផ្តើមនៃការកសាងឡើងវិញនូវរាល់សមិទ្ធផល គ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធិសេរីភាពប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសមិទ្ធផលដែលយើងទាំងអស់គ្នាកំពុងឃើញនាពេលនេះ។

កម្ពុជាពីមុន ដែលត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដែលគេភ័យខ្លាចគ្រប់គ្នា បានក្លាយជារដ្ឋអធិបតេយ្យ និង ឯករាជ្យ ដែលមានសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងមានព្រះមហាក្សត្រ ជាគោរពសក្ការៈ គ្រងជាម្លប់។ កម្ពុជា ដែលពីមុនធ្លាប់តែឯកោ ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធ និម្មាបនកម្មតំបន់ និងសកល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៃសកលលោក។

កត្តាសុខសន្តិភាព គឺជាបុព្វលក្ខខណ្ឌ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេស ការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈនេះ យើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(១) សន្តិភាពមានតម្លៃដូចគ្នាសម្រាប់មនុស្សគ្រប់វ័យ គ្រប់ជំនាន់ គ្រប់សាសនា

ខ្ញុំសូមយកឱកាសនេះ រំលេចបន្ថែមនូវកត្តាចំបាច់ក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសយើងឱ្យបានជាដាច់ខាត ព្រោះនេះគឺជាកត្តាសំខាន់។ សន្តិភាពប្រៀបដូចជាខ្យល់។ យើងមើលមិនឃើញ។ ប្រើប្រាស់ដោយមិនគិតលុយ។ នៅជុំវិញខ្លួនយើង មានតែខ្យល់ទេដែលមានតម្លៃធំបំផុត។ យើងដឹងតម្លៃខ្យល់នៅពេលណា? នៅពេលដែលខ្យល់នេះអវត្តមាន។ សន្តិភាពក៏ដូចគ្នា។ យើងអាចឮ យើងអាចស្ដាប់ អ្នកខ្លះរហូតដល់ធុញនៅក្នុងដំណាក់កាលដែលថា យើងបានសន្តិភាពជាង ២០ឆ្នាំ។ អវត្តមាននៃសង្រ្គាមនៅលើទឹកដី ប៉ុន្តែតម្លៃពិតប្រាកដរបស់វា គឺមានពេលដែលវាបាត់ទៅវិញ។ យើងអាចសួរសាក្សីរស់នៅកម្ពុជា មានឪពុកម្ដាយ ជីដូនជីតា អ្នកដែលមានជីវិតដែលបានឆ្លងកាត់នូវសង្រ្គាមថា តើសន្តិភាពមានតម្លៃយ៉ាងណា។ នៅពេលដែលបាត់(សន្តិភាព នោះទើប)បានយើងដឹង។ ពិតណាស់ មានជំនាន់ខុសគ្នា។ ជំនាន់ក្មេងកើតក្រោយ។ យុវជនដែលកើតក្រោយឆ្នាំ ១៩៩៨ ដែលយើងបានបញ្ចប់សង្រ្គាម អាច(មិនដឹង)មិនចាំ ប៉ុន្តែសម្រាប់មនុស្សគ្រប់វ័យ សម្រាប់មនុស្សគ្រប់ជំនាន់ មិនថាសាសនាណា មិនថារស់នៅទីណា មិនថាអ្នកក្រុង ឬអ្នកខេត្ត មិនថាកងទ័ពកងកម្លាំងប្រដាប់អាវុធ ឬស៊ីវិលនោះទេ សន្តិភាពគឺមានតម្លៃដូចគ្នា។ បើសិនជាយើងបាត់សន្តិភាព គឺជាការងារគ្រោះថ្នាក់។

(២) និស្សិតនិងទ័ពមួកខៀវកម្ពុជា៖ “ពេលនេះ ខ្ញុំយល់ហើយពីតម្លៃនៃសន្តិភាព”

និយាយដល់រឿងនេះ ខ្ញុំសូមលើករឿង២។ ខ្ញុំបានជួបជាមួយនឹងយុវជនជំនាន់ក្រោយ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងតំបន់ដែលមានការផ្ទុះសង្រ្គាម (និងសួរ)ថា តើសន្តិភាពមានតម្លៃតែសម្រាប់មនុស្សចាស់ ប្រជាជនខ្មែរយើង ថ្នាក់ដឹកនាំ ឪពុកម្ដាយ ជីដូនជីតា ដែលឆ្លងកាត់សង្រ្គាម និងដែលកើតមុនជំនាន់សន្តិភាពនោះឬ? មិន(ដូចនោះ)ទេ។ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោងប្រហែល ៤រសៀល ខ្ញុំបានទទួលព័ត៌មានថា និស្សិតយើងម្នាក់នៅអ៊ីស្រាអែល ត្រូវបានស្លាប់ដោយសារការប្រយុទ្ធគ្នានៅតំបន់ហ្គាស្សា។ ពេលនោះ ឯកឧត្តម សុខ ចិន្ដាសោភា, ឯកឧត្តម ឌិត ទីណា, ឯកឧត្តម ហង់ជួន ណារ៉ុន បានព្យាយាមភ្ជាប់ការទាក់ទងជាមួយនិស្សិតដែលកំពុងរស់នៅហ្គាស្សា អ៊ីស្រាអែល។ ខ្ញុំក៏បានភ្ជាប់ផ្ទាល់ជាមួយនិស្សិតយើងពីរនាក់ ក្នុងចំណោមបីនាក់ដែលនៅក្នុងតំបន់កំពុងប្រយុទ្ធគ្នា។ ក្នុងចំណោមបីនាក់នោះ ជាអកុសល ប្រហែលជាប៉ុន្មានម៉ោងមុន គឺនិស្សិតម្នាក់បានត្រូវគេបាញ់ស្លាប់នៅក្រៅទ្វារបន្ទប់ ព្រោះបីនាក់នៅក្នុងបន្ទប់ ដល់ពេលមានសភាពការណ៍(អាសន្នកើតឡើង) ម្នាក់គាត់ភ័យ ចេញទៅក្រៅ ក៏ត្រូវគេបាញ់ស្លាប់។ អញ្ចឹងនៅសល់ពីរនាក់នៅក្រាបក្នុងបន្ទប់។ ខ្ញុំបានទាក់ទងបន្ថែមជាមួយឯកឧត្តម សុខ ចិន្ដាសោភា, ឯកឧត្តម ឌិត ទីណា (និង)ជាមួយប្អូនម្នាក់ (ដែល)គាត់ក្រាបនៅទីនោះ។

(គាត់)ភ័យណាស់។ ពេលដែលនៅក្រៅបន្ទប់មានសម្លេងរថក្រោះបើកកាត់ញឹកញាប់។ បន្តិចទៅ ឃើញគេដើរគោះទ្វារតាមបន្ទប់ ដោយមិនដឹងថាខាងណាជាខាងណា។ គាត់បានប្រាប់ថា ស្គាល់តម្លៃសន្តិភាពហើយ។ នេះយុវជនដែលកើតក្រោយឆ្នាំ១៩៩៨។ ឪពុកម្ដាយនៅផ្ទះ ទោះបីជាកំពុងតែសប្បាយរីករាយនៅក្នុងប្រទេសដែលយើងអត់សង្រ្គាម ប៉ុន្តែកូនកំពុងនៅទីនោះ(តំបន់ហ្គាហ្សា)។ (ឪពុកម្ដាយ)ប៉ុន្មានរយនាក់កំពុងនៅទីនេះភ័យបារម្ភ​ ថាតើកូនខ្ញុំមានបញ្ហាឬទេ? ក្មួយខ្ញុំមានបញ្ហាឬទេ? មិត្តខ្ញុំទៅទីនោះមានបញ្ហាឬទេ? នេះគឺជាការពិត។ ត្រឡប់មកវិញ ក្រៅពីប្រជាជនស៊ីវិល និស្សិតរបស់យើងនៅទីនោះ ក៏មានកងទ័ពមួកខៀវរបស់យើងប្រហែល ២០០នាក់ ដែលកំពុងឈរជើងនៅភាគខាងត្បូងលីបង់។ ប្អូនម្នាក់ ជាទាហានរបស់យើងក្នុងកងអនុសេនាធំវិស្វកម្ម បានបង្ហោះសារពីឆ្នាំទៅថា “ខ្ញុំកំពុងតែបាយនៅក្នុងលេណដ្ឋាន នៅពេលដែលគ្រាប់ផ្លោងធ្លាក់មិនឆ្ងាយពីកន្លែង​ខ្ញុំ”។ នេះនាយទាហានដែលកើតជំនាន់យើងបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ។ គាត់បាននិយាយថា​ “ពេលនេះ ខ្ញុំយល់ហើយអំពីតម្លៃនៃសន្តិភាព” …។

(៣) រាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់ប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសមានសង្រ្គាម

អំពី(ស្ថានភាព)និស្សិតរបស់យើង។ ក្រោយពីមួយឆ្នាំនៃការ(វាយប្រហារនៅអ៊ីស្រាអែល) ស្ថានភាព(តានតឹង)ក៏កំពុងកើតឡើងថែមទៀត។ យើងមិនមានផែនការជួលយន្តហោះដឹកនិស្សិតចេញមកនោះទេ ប៉ុន្តែ(រដ្ឋាភិបាលមិនបោះបង់ចោល)ការយកចិត្តទុកដាក់ជាមួយនិស្សិត ជាមួយប្រជាពលរដ្ឋយើង ដែលរស់នៅក្នុងតំបន់(សង្គ្រាម)នេះ។ ខ្ញុំសូមផ្ដាំព័ត៌មាននេះជូនទៅមាតាបិតាដែលមើល(ការផ្សាយបន្តផ្ទាល់)ថា ទោះបីជានៅប្រទេសយើងមានសន្តិភាព ក៏យើងមិនបានភ្លេចពីប្រជាពលរដ្ឋយើងដែលរស់ និងរងការប្រឈមនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ដោយសារសង្រ្គាមនោះទេ។ ខ្ញុំបានឱ្យផ្អាកការបញ្ជូននិស្សិតស្ម័គ្រចិត្តទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែល និងឱ្យក្រសួងការបរទេស ស្ថាប័នចារកិច្ច ឬក្រសួងកសិកម្ម ភ្ជាប់ទំនាក់ទំនងជាប្រចាំជាមួយនិស្សិតរបស់យើងដែលបច្ចុប្បន្នមាន ២២០នាក់នៅទីនោះ ហើយរាយការណ៍ឱ្យខ្ញុំជាប្រចាំ ព្រមទាំងត្រៀមផែនការមួយចំនួនបើចាំបាច់ ក្នុងករណីដែលមានសភាពការណ៍ខ្លាំង ជាពិសេស និស្សិតនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រ​ហម បានន័យថាតំបន់អាចប្រទាញប្រទង់ប្រយុទ្ធគ្នា។ មកដល់ពេលនេះ ក្នុងរយៈពេលដែលផ្ទុះថ្មីនេះ យើងមាន ២២០នាក់ដែលនៅក្នុងទីកន្លែងសុវត្ថិភាព។ ប៉ុន្តែ សភាពការណ៍អាចប្រែប្រួល។ យើងនៅបន្តតាមដាន។ កម្ពុជាសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងអាចបញ្ចប់ការប្រយុទ្ធគ្នា ហើយឈានទៅដល់ការចរចារកដំណោះស្រាយ និងមិនឱ្យសង្រ្គាមនេះរីកទៅជារឿងផ្សេង។

(៤) ចាំបាច់ថែរក្សាសុខសន្តិភាព ស្ថិរភាព ក្នុងប្រទេស ដើម្បីការងារ ការរស់នៅ កសាងសេដ្ឋកិច្ច

សម្រាប់កងទ័ពមួកខៀវរបស់យើងនៅទីនោះ ដែលមានចំនួន ១៨៤នាក់ មួយកងអនុសេនាធំវិស្វកម្ម និងពហុជំនាញ មានមុខជាក់ស្ដែង ១៧៧នាក់ ដោយសារ ៧នាក់ទៀត អ្នកខ្លះច្បាប់ អ្នកខ្លះជាប់បេសកកម្មផ្សេងៗ ដឹកនាំដោយវរសេនីយឯក សោម លានហី ជានាយទាហាននារីម្នាក់មានភាពអង់អាចក្លាហាន និងហ៊ានម្ចាស់ការ។ ខ្ញុំបានទូរស័ព្ទទាក់ទងជាមួយនឹងគាត់ បន្ថែមទៅលើអ្វីដែលឯកឧត្តម ទៀ សីហា, ឯកឧត្តម សុខចិន្ដាសោភា (បាន​ផ្តល់មកជាព័ត៌មាន)ដើម្បីតាមដាន និងឱ្យគាត់ប្រុងប្រយ័ត្ន។ ប៉ុន្មានអាទិត្យមុន មានការផ្លោងធ្លាក់មកក្បែររបង ហើយប៉ុន្មានថ្ងៃនេះ គឺផ្លោងនៅជុំវិញបន្ទាយរបស់យើង។ កិច្ចការទាំងអស់នេះបានបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្តិភាព។ ក្នុងសង្រ្គាម សូម្បីតែកងទ័ពមួកខៀវក៏ត្រូវរងការវាយប្រហារដែរ។ ប៉ុន្មានថ្ងៃនេះ ដូចជាមានកងទ័ពមួកខៀវ UNIFIL ៥នាក់របួស នៅភាគខាងត្បូងលីបង់។ នេះគឺជាស្ថានភាពជាក់ស្ដែង។ កងទ័ពរបស់យើងដែលបញ្ជូនទៅក្រៅប្រទេស ជាពិសេសក្នុងតំបន់សង្គ្រាម ក៏ធ្លាប់មានពលីជីវិត និងរងរបួសផងដែរ។ នេះបញ្ជាក់ពីភាពចាំបាច់ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព នៅក្នុងប្រទេសរបស់យើង ដើម្បីបានបន្តការងារ ការរស់នៅ របស់ប្រជាពលរដ្ឋ បន្តជីវភាព កសាងសេដ្ឋកិច្ច ជាជាងប្រយុទ្ធគ្នា បង្កហានិភ័យគ្រប់បែបយ៉ាង មិនត្រឹមតែសម្រាប់កងកម្លាំងប្រដាប់អាវុធទេ ប៉ុន្តែក៏សម្រាប់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ហេតុដូចនេះហើយ យើងត្រូវរួមគ្នា ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារឲ្យបាននូវសុខសន្តិភាព មិនថាក្នុងតម្លៃណាក៏ដោយ។ ដូចជាកុំឲ្យបាត់ខ្យល់(ដកដង្ហើម)។ វាជាគ្រោះថ្នាក់ធំ …។

(៥) បង្កើតសង្រ្គាមក៏កងទ័ពជាគន្លឹះ បញ្ចប់សង្រ្គាមក៏កងទ័ពជាគន្លឹះ និងថែរក្សាសន្តិភាពក៏មានតួនាទីរបស់កងទ័ព

ប្រវត្តិសាស្រ្តរបស់យើងបានបញ្ជាក់ពីតួនាទី និងការចូលរួមសកម្មភាពរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងទ័ពក្នុងដំណាក់កាលសង្រ្គាម និងក្រោយសង្គ្រាម និងដំណាក់កាលសន្តិភាព។ តាមប្រវត្តិសាស្រ្តបើយើងនិយាយពីទសវត្សរ៍ទី ៧០មកដល់ពេលនេះ កងទ័ពជាតួអង្គចូលរួមដ៏សំខាន់ក្នុងការផ្ដើមសង្រ្គាម។ បើសិនគ្មានកងទ័ពធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ក៏ប្រទេសយើងមិនបានធ្លាក់ទៅក្នុងភ្លើងសង្រ្គាមដែរ។ បើគ្មានកងទ័ពចូលរួមក្នុងនយោបាយឈ្នះឈ្នះ ជាប្រតិបត្តិករក្នុងនយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៨ ក៏យើងមិនអាចបញ្ចប់សង្រ្គាមបានដែរ។ មិនប្រាកដថាមេដឹកនាំនយោបាយឯកភាពគ្នា កងទ័ពឯកភាពគ្នានោះទេ។ នេះគឺជាសក្ខីភាពជាក់ស្ដែង។ អញ្ចឹង ការបង្កើតសង្រ្គាមក៏មានការចូលរួមពីកងទ័ពជាកត្តាគន្លឹះ ការបញ្ចប់សង្រ្គាមក៏មានការចូលរួមពីកងទ័ពជាកត្តាគន្លឹះដែរ។

មិនតែប៉ុណ្ណោះ ការថែរក្សាសន្តិភាព ក៏តួនាទីរបស់កងទ័ព។ បើសិនជាកងទ័ពគ្រប់ភាគី ដែលចូលរួមគ្នាពីឆ្នាំ១៩៩៨ គ្មានការទុកចិត្តគ្នា (យើងមិនអាចរកបាននិងរក្សាសន្តិភាពទេ)។ កាលនោះ ចូលមកឆ្នាំ១៩៩៨ យើងនៅរក្សាថាកងពលណាដឹកនាំដោយអតីតខ្មែរក្រហម ដូចកងពល ៥៣ នៅតែមានកម្លាំងប្រមូលផ្ដុំ។​ ពិតណាស់ មានធាតុផ្សំពីភាគីផ្សេងៗ ប៉ុន្តែនៅទីតាំងដដែល អាវុធគ្រាប់មួយចំនួនដែលឥឡូវយើងទើបនឹងរកឃើញ។ គេរាយការណ៍មកកន្លែងខ្លះដែលឈូសឆាយដោះមីនស្រាប់តែឃើញកាំភ្លើងគ្រាប់រាប់ពាន់គ្រាប់ដែលលាក់ទុកបម្រុង។ បើសិនជាមិនមានស្ថានភាព(ស្រុះ)ស្រួលនៅឆ្នាំ១៩៩៨ទេ ក្រោយពី(ការបង្រួមបង្រួម)នោះ អាចត្រឡប់ទៅប្រ​យុទ្ធវិញ។ មានលាក់ទុកតាំងពីមីន មានកាំភ្លើងថ្មើរជើង។ ដោយសារយើងចូលគ្នាយូរឆ្នាំ កន្លែងខ្លះភ្លេចកន្លែងបង្កប់នោះទៅទៀត។

(៦) សន្តិភាវូបនីយកម្ម នៃយុទ្ធសាស្រ្តត្រីកោណ ១៩៩៨-២០០៣ ពង្រឹងការទុកចិត្តគ្នារវាងគ្រប់ភាគី

នេះបញ្ជាក់ថា នៅពេលដែលយើងបានសន្តិភាពភ្លាមៗ នៅផុយស្រួយណាស់។ ហេតុនេះហើយបានជាយុទ្ធសាស្រ្តត្រីកោណដំណាក់កាលដំបូងនោះ ពី១៩៩៨ ដល់ ២០០៣ (មានមុំ)សន្តិភាវូបនីយកម្ម (ដើម្បី)ពង្រឹងការទុកចិត្តគ្នារវាងគ្រប់ភាគីទាំងអស់នៅកម្ពុជា កុំឲ្យត្រឡប់ទៅវាយគ្នាវិញ ជាកិច្ចការអាទិភាពធំ ដែលសម្ដេចតេជោបានដាក់ចេញ។ យើងបានជោគជ័យមែន។ មកដល់ម៉ោងនេះ យើងមានកងទ័ពមួយចំនួនកំ​ពុងតែបំពេញបេសកកម្មនៅតំបន់សង្រ្គាមឯក្រៅប្រទេស ប៉ុន្តែនៅក្នុងប្រទេស យើងមិនមានកងទ័ពបែកគ្នា យើងមិនមានតំបន់ដែលយើងប្រយុទ្ធគ្នាដូចពីមុនទៀតទេ។ នេះគឺជាសារៈសំខាន់នៃការចូលរួមនិងថែរក្សាសុខសន្តិភាពរបស់កងទ័ព។ កងទ័ពក៏បានដើរតួនាទីសំខាន់នៅក្នុងការធានា និងថែរក្សាចីរភាព និរន្តរភាព នៃសុខសន្តិភាពនេះ តាមរយៈនៃការទប់ស្កាត់នូវការប៉ុនប៉ងទាំងឡាយ ដែលអាចធ្វើឲ្យប្រទេសបែកបាក់ទៅវិញ។

(៧) ទាំងអស់គ្នាត្រូវមានស្មារតីជាតិនិយម និងស្នេហាជាតិ ប៉ុន្តែស្មារតីជាតិជ្រុលនិយមគឺគ្រោះថ្នាក់

ចុងក្រោយនេះគឺការចង់ជំរុញព្រឹត្តិការណ៍ថ្ងៃ១៨ សីហា ដុតដោយក្រុមជ្រុលនិយមមួយចំនួនតូច ចង់យកឱកាសនៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរឿងទឹកដី ពាក់ព័ន្ធនឹង CLV-DTA ដើម្បីឲ្យប្រទេសឆេះ។ ស្មារតីស្នេហាជាតិ ជាតិនិយម គឺជាកិច្ចការល្អ ដែលយើងត្រូវមានទាំងអស់គ្នា។ គ្មាននរណាក្បត់ជាតិទេ។ ទស្សនៈខុសគ្នា តែការបារម្ភអំពីជាតិ យើងគោរព។ កងទ័ពគឺជាអ្នកដែលចូលរួមការពារទឹកដី ថែរក្សាសុខសន្តិភាព។ ពេលខ្លះត្រូវគេជេរថាក្បត់ជាតិ។ យើងមានមហិច្ឆតា គឺមិនឲ្យភ្លើងសង្រ្គាមឆេះឡើយ … បើយើងទប់ចលនាថ្ងៃ ១៨ សីហា មិនជាប់ អាចធ្វើឲ្យបែកបាក់សាមគ្គី ឯកភាពជាតិឡើងវិញ ព្រោះតែមនុស្សមួយក្រុមតូច បានឆ្លៀត​ឱកាសបែបនេះ។ អញ្ចឹងយើងទាំងអស់គ្នាត្រូវតែមានស្មារតីជាតិនិយម និងស្នេហាជាតិ ប៉ុន្តែស្មារតីជាតិជ្រុលនិយម គឺគ្រោះថ្នាក់ ជាពិសេស ការប្រមូលគ្នា​ បំផុសគ្នា ត្រៀមក្នុងការធ្វើសកម្មភាពហិង្សាប្រឆាំងរដ្ឋអំណាច កងកម្លាំងប្រដាប់អាវុធ ត្រៀមសម្ភារៈ អាវុធ និងគ្រាប់បែក … មានទាំងត្រៀមដ្រូនអីទៀត។

(៨) អនុវត្តច្បាប់ម៉ឺងម៉ាត់ ថែរក្សាស្ថិរភាព សន្តិសុខជាតិ ធានាសេចក្ដីសុខជូនប្រជាពលរដ្ឋ

ការធ្វើផែនការបែបនេះ សមត្ថភាព លទ្ធភាពពិតយ៉ាងណា យើងមិនទាន់ដឹង … ចេតនានិងការ​កៀរគររៀបផែនការនេះ គឺបង្ហាញអំពីភាពជ្រុលនិយម ដែលកងកម្លាំងប្រដាប់អាវុធរបស់យើងបានចូលរួមទប់ស្កាត់មិនឲ្យប្រទេសយើងឆេះ ហើយអាចធានាស្ថិរភាព។ យើងអាចប្រារព្ធពិធីថ្ងៃនេះ យើងអាចសមក្នុងមួយអាទិត្យមុន បង្ហាញតាម Tiktok បាន ដោយមិនចាំបាច់ប្រើប្រាស់អាវុធគ្រាប់នៅក្នុងការទប់ស្កាត់ ឬឆេះនោះទេ … ខ្ញុំសូមយកឱកាសនេះ អរគុណណាស់ទៅដល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស កងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ កងនគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ពដែលបានចូលរួមអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីថែរក្សាស្ថិរភាព សន្តិសុខជាតិរបស់យើងមិនឲ្យបែកបាក់ មិនឲ្យឈានទៅដល់ការរង្គោះរង្គើ ដើម្បីធានានូវសេចក្ដីសុខ ស្ថិរភាព ជូនប្រជាពលរដ្ឋយើង អាចប្រកបរបរចិញ្ចឹមជីវិត ប្រារព្ធពិធីផ្សេងៗ ដើម្បីជួយសេដ្ឋកិច្ចជាតិយើងបន្ត។ ខ្ញុំសូមអរគុណណាស់ ហើយសូមបន្តនូវស្មារតីនូវការទទួលខុសត្រូវ និងការស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រយើងបន្តទៀត។

[ចប់សេចក្ដីអធិប្បាយ៣]

ក្នុងស្មារតី កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងពលតូចលេខ៧០ កងទ័ពជើងគោក និយាយដោយឡែក ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូន សម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការ សម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ពយើងបានអនុវត្ត រួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីន រំដោះដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាជននៅតាមជនបទ ជាដើម។

ជាងនេះ កងយោធពលខេមរភូមិន្ទ ត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាដ ពុំមានសន្តិសុខ​ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកប- ដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេស​ដែលបាននិង​​កំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែងដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់។​

[ផ្ដើ​មសេចក្ដីអធិប្បាយ៤]

(៩) ក្នុងពេល ៣០ឆ្នាំ កម្ពុជាវិវត្តពីអ្នកទទួលកងរក្សាសន្តិភាព ទៅជាអ្នកដែលបញ្ជូនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងដែលបំពេញភារកិច្ចនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិក្រៅប្រទេស។ កងទ័ពយើងមិនត្រឹមតែចូលរួមក្នុងការធានាសន្តិភាព ការជួយជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ជួយដល់ប្រជាពលរដ្ឋយើងនៅក្នុងពេលគ្រោះអាសន្ននោះទេ ប៉ុន្តែបានលើកកំពស់នូវកិត្យានុភាពប្រទេសលើឆាកអន្តរជាតិទៀតផង។ រាល់ពេលដែលខ្ញុំជួបជាមួយមេដឹកនាំបរទេស ខ្ញុំតែងតែលើកឡើងថា រយៈពេលប្រមាណ៣០ឆ្នាំមុន កម្ពុជាជាអ្នកទទួលនូវកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ (តែពេលនេះ) យើងបានក្លាយទៅជាអ្នកដែលបញ្ជូនកងទ័ពចេញទៅក្រៅ។ មកដល់ម៉ោងនេះ យើងបញ្ជូនជិត ១ម៉ឺននាក់ នៅក្នុង១០ប្រទេស តាំងពីឆ្នាំ ២០០៥មក។ បច្ចុប្បន្នយើងមាន ៦២៧នាក់ ស្រី១៣០នាក់ នៅ៤ប្រទេសដែលកំពុងបំពេញភារកិច្ច។

(១០) ការសម្របសម្រួលនិងដឹក​នាំកម្លាំងរក្សាសន្តិភាព ស្ថិតក្រោមក្រសួងការពារជាតិ

កិច្ចការនេះ ល្ងាចមិញក្រោយពីពិភាក្សាជាមួយឯកឧត្តម ទៀ សីហា ឯកឧត្តម សុខចិន្តាសោភា ខ្ញុំបានសម្រេចកែសម្រួលគណៈកម្មការជាតិកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលពីមុនដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងមានរដ្ឋលេខាធិការមួយឬពីរ ព្រមជាមួយក្រសួងការពារជាតិ។ ឥឡូវបេសកម្មនេះភាគច្រើនពាក់ព័ន្ធទៅនឹងការការពារជាតិ ​​ទៅនឹងកម្លាំងកងទ័ព (ដូចនេះ)បានសម្រេចឱ្យកែសម្រួល​ ដោយជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ធ្វើជាប្រធានវិញ គឺការសម្របសម្រួលនិងដឹក​នាំកម្លាំង PKO នៅក្រោមក្រសួងការពារជាតិតែម្ដង។ ក្រសួងការបរទេសចាត់រដ្ឋលេខាធិការជាអនុប្រ​ធានធ្វើការសម្របសម្រួល។ ពិតណាស់ យើងមានទំនាក់ទំនងការទូត សម្របសម្រួលជាមួយអង្គការស្ថាប័នអន្តរជាតិ ប៉ុន្តែតួនាទី​ធំជាស្នូលនៅតែជាកងទ័ព។ អញ្ចឹងគឺសមហេតុផល។ បានពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ដែលលោកធ្លាប់ជាប្រធានពីមុនមក។ កិច្ចការនេះសមនឹងយើងកែសម្រួលបែបនេះ ដើម្បីសម្រួលអោយមានប្រសិទ្ធភាព។

(១១) ករណីអាក្រក់បំផុត ត្រូវធានាសុវត្ថិភាពកងកម្លាំងនិងប្រជាពលរដ្ឋកម្ពុជានៅក្នុងតំបន់សង្គ្រាមជាការចាំបាច់

សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមដានសភាពការណ៍នៅលីបង់ឱ្យជាប់​។ ក្នុងដំ​ណាក់កាលដែលសភាពការណ៍ចាំបាច់ ត្រូវជម្លៀស​(ពលរដ្ឋ/កងទ័ពយើង ដោយ)​​អាយុជីវិតជាគោល។ ឯកសារទ្រព្យសម្បត្តិ សម្ភារៈទុកចោលនៅទីនោះ (បើ)ត្រូវការកម្ទេច ក៏កម្ទេចចោលចុះ។ ឆ្នាំទៅ ខ្ញុំបានចារឯកភាពនៅក្នុងការកម្ទេចសម្ភារៈរបស់យើងនៅម៉ាលី។ យើងត្រូវការដក(កងរក្សាសន្តិភាពរបស់យើង)។ ពេលដែលវាយគ្នាហើយកងទ័ពមួកខៀវក៏ត្រូវការវាយប្រហារដែរ​។ យើងមិនអាចស្ពាយរថយន្ត រថក្រោះយើងមកវិញទេ តែយើងក៏មិនអាចទុក។ ចាំបាច់ត្រូវសុំបទបញ្ជាដើម្បីកម្ទេចចោល។ ពិតណាស់ សម្ភារៈថ្លៃ ប៉ុន្តែគ្មានអ្វីថ្លៃជាងជីវិតរបស់កងកម្លាំងរបស់យើង។ ក្នុងករណីដែលលំបាកបំផុត អាក្រក់បំផុត ការធានានូវសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជាប្រជាពលរដ្ឋរបស់យើងនៅក្នុងតំបន់ដែលមានសង្គ្រាមនោះ គឺជាការងារចាំបាច់ធំបំផុតដែលត្រូវអនុវត្តឱ្យបានជាដាច់ខាត។

(១២) ប្រជាពលរដ្ឋកម្ពុជា ជាស៊ីវិលនិង/ឬកងទ័ព នៅទីកន្លែងណាក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល

មិនមែនថាយើងត្រូវរត់ចោលជួរនោះទេ។ ទោះបីជាមានការផ្លោងបែបនេះក៏ដោយ កងទ័ពយើងនៅតែរក្សាបទបញ្ជារបស់អង្គការសហប្រជាជាតិដដែល។ ប៉ុន្តែនៅក្នុងបទបញ្ជា ក៏មានការរៀបចំផែនការ។ យើងនឹងតាមដានការវិវឌ្ឍ។ សូម្បីតែអ៊ីស្រាអែល ក៏ដាក់គោលការណ៍ឱ្យកងទ័ព UN ដកចេញពីកន្លែងនោះ។ ប៉ុន្មានថ្ងៃមុន​ ក៏មានការបាញ់រហូតដល់កម្ទេចក្លោងទ្វារមេបញ្ជាការ​។ ប៉ុន្តែយ៉ាងណាក៏ដោយ ម៉ោងនេះត្រូវអោយកងកម្លាំងរបស់យើងអនុវត្តតាមបទបញ្ជា និងធានាយុទ្ធវិធីថែរក្សានិងត្រៀមសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវត្រៀមលក្ខណៈតាមបទបញ្ជារបស់ UN។ ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋកម្ពុជា មិនថាស៊ីវិល និង/ឬកងទ័ព នៅទីកន្លែងណាគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលរបស់យើង។ សូមបងប្អូននៅទីនោះក៏ដូចជាបងប្អូនឪពុកម្ដាយដែលនៅទីនេះ សូមមានភាពកក់ក្ដៅថារាជរដ្ឋាភិបាលមិនបានភ្លេចគាត់ទេ។ យើងតាមដានជាប់ជាប្រចាំ និងត្រៀមលក្ខណៈគ្រប់បែបយ៉ាង​ដើម្បីធានានូវសុវត្ថិភាពរបស់ពួកគាត់។

[ចប់សេចក្ដីអធិប្បាយ៤]

សមិទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងជាសក្ខីកម្ម សម្រាប់បញ្ជាក់ថា កងទ័ពយើងអាចធ្វើបាន។ ដូច្នេះ យើងត្រូ​វរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដើម្បីសម្រេចបានជូនជាតិមាតុភូមិ។

រាជរដ្ឋាភិបាល នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់ ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាពកងយោធពលខេមភូមិន្ទ​ដើម្បីការបំពេញភារកិច្ចរបស់កងទ័ព កាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាឱ្យបានប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កា។​

ស្របតាមបេសកកម្មការពារជាតិ កំណត់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដូចដែលខ្ញុំបានលើកឡើងមុននេះ ខ្ញុំសង្ឃឹមថា បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល នឹងយកចិត្តទុកដាក់នៅក្នុងការអនុវត្តតាមឱ្យបានគត់មត់។ ក្នុងន័យនេះ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទដូចខាងក្រោម៖

១- កងទ័ពត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធ-ពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិនិងប្រជាជន។

២- គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្រប ទៅនឹងតម្រូវការ ជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។​

៣- គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាព។ ជាពិសេស អង្គភាពទាំងអស់ ត្រូវពង្រឹងការបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(១៣) ការហ្វឹកហ្វឺនកងទ័ពគឺផ្ទេរចំនេះដឹង និងបទពិសោធន៍ ពីនាយទាហានជំនាន់ទីមួយ ទៅនាយទាហានជំនាន់ពីរ និងជំនាន់បី

នេះគឺជាចំណុចដែលខ្ញុំលើកហើយលើកទៀត ឲ្យយើងបានដឹងទាំងអស់គ្នា។ ការហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ទៅលើឯកសារ យកចិត្តទុកដាក់ទៅលើយោធាចារ្យ និងសាលាហ្វឹកហ្វឺន។ នេះគឺជាកត្តាចាំបាច់។ ខ្ញុំសូមឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គបញ្ជាការ ឯកឧត្តមមេបញ្ជាការគ្រប់ប្រភេទទ័ពយកចិត្តទុកដាក់នៅក្នុងការពង្រឹងសាលារបស់កងទ័ព មជ្ឈមណ្ឌលហ្វឹកហ្វឺន មជ្ឈមណ្ឌលបណ្តុះបណ្តាល។ នេះគឺជាកន្លែងដុសខាត់មនុស្សជាប់ជាប្រចាំ និងដែលត្រូវធ្វើការពង្រឹងជាប់ជាប្រចាំ។ មេរៀនត្រូវមានការធានា និងសង្គតភាពស្តង់ដារទាំងមូល ហើយមានទំនើបកម្ម បានន័យថាមាន update ធ្វើបច្ចុប្បន្នភាពឲ្យស្របទៅតាមស្ថានភាពប្រែប្រួល ជាពិសេសការប្រែប្រួលនៃបច្ចេកវិទ្យារបស់យើង។ វិធីសាស្ត្រស៊ើបការណ៍ ដែលពីមុនធ្លាប់តែថ្មើជើងស៊ើបការណ៍ក្នុងភូមិសាស្រ្ត ឥឡូវគឺប្រើ drone ជាភ្នែកនៅលើកំពស់រាប់រយម៉ែត្រ។ ការប្រើប្រាស់ភ្ជាប់ជាមួយនឹងយុទ្ធវិធីផ្សេងៗ ប្រភេទទ័ព នេះគឺជាការចាំបាច់នៅក្នុងការហ្វឹកហ្វឺន។ ការហ្វឹកហ្វឺនគឺធានាឱកាសសម្រាប់ការផ្ទេរចំនេះដឹងពីនាយទាហានជំនាន់មួយ ទៅនាយទាហានជំនាន់ពីរ និងជំនាន់បី តាមរយៈការចែករំលែកបទពិសោធន៍ជាយោធាចារ្យ ក៏ដូចជាការបង្គុំនូវចំណេះដឹងនិងការចងក្រងឯកសារថ្មីៗ។

(១៤) កងទ័ពហាត់ក្បាច់គុណមានផលប្រយោជន៍ ៣៖ បំពេញយុទ្ធវិធីចាំបាច់ សុខភាព អភិរក្សក្បាច់គុណ

ខ្ញុំក៏សូមអរគុណ ដែលបានឃើញការសំដែងក្បាច់គុណនៃកងយោធពលខេមរភូមិន្ទ។ ខ្ញុំសូមអរគុណបណ្តាអង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់នៅក្នុងការជំរុញការហ្វឹកហ្វឺននេះ។ ការហ្វឹកហ្វឺនក្បាច់គុណគឺជាការចាំ​បាច់។ គ្មានទ័ពណាមួយនៅលើពិភពលោកអត់ហាត់ក្បាច់គុណនោះទេ គ្រាន់តែថាហាត់ក្បាច់គុណមួយណាតែប៉ុណ្ណឹង។ ការប្រយុទ្ធមិនរំពឹងថាកាំភ្លើងមានគ្រាប់គ្រប់ពេលនោះទេ។ នេះគឺជាការចាំបាច់។ ការហាត់ក្បាច់គុណមានផលប្រយោជន៍៣។ ទី១ គឺបំពេញយុទ្ធវិធីចាំបាច់។ យុទ្ធវិធីប្រើប្រាស់អាវុធជំនាញផ្សេងៗ ទាំងជំនាញប្រយុទ្ធ និងជំនាញបំរើប្រយុទ្ធ សុទ្ធតែជំនាញដែលត្រូវចាំបាច់បំប៉ន។ ប៉ុន្តែ យុទ្ធវិធីប្រយុទ្ធនៅសមរភូមិប្រើប្រាស់អាវុធ ឬប្រើប្រាស់ដៃ ឬមួយក៏ប្រើប្រាស់អាវុធផ្សេងពីធម្មជាតិ ដូចជាដំបង ដូច​ជាអីនេះ គឺជាកិច្ចការសំខាន់សម្រាប់ការរស់។ អង់គ្លេសហៅ survival skill។ អស់គ្រាប់ អស់កាំភ្លើង អាចដោះស្រាយបញ្ហាបាន ដើម្បីការពារខ្លួន។ ទី២ គឺសុខភាព។ កីឡាដើម្បីសុខភាព។ ទី៣ គឺការចូលរួម និងអភិរក្សលើកស្ទួយក្បាច់គុណដែលបុព្វបុរសយើងបានបន្សល់ទុក ក្បាច់គុណល្បុក្កតោក្តី យុទ្ធក្រមខម គឺក្បាច់គុណប្រយុទ្ធ មិនមែនក្បាច់គុណសំដែងទេ។ ពេលដែលយើងរៀបចំចងក្រងក្បាច់គុណកងយោធនពលខេមរភូមិន្ទ យើងបានប្រមូលផ្តុំក្បាច់គុណ ៣ យុទ្ធគុណខម, ល្បុក្កតោ និងគុណខ្មែរ បញ្ចូលគ្នា …។

បងប្អូនខ្លះថា ក្បាច់គុណ(បុព្វបុរសទាំង)ហ្នឹងសម្រាប់សំដែង។ មិនដូចនោះទេ។ ក្បាច់គុណនេះ ដូនតាយើងបានប្រើប្រាស់សម្រាប់ប្រយុទ្ធលើសមរភូមិ មិនមែនសំរាប់សំដែងទេ គ្រាន់តែកន្លងទៅ ពេលខ្លះគេមានរៀបចំពេលសំដែង។ ប៉ុន្តែគឺជាក្បាច់គុណប្រយុទ្ធ ជាពិសេសគឺប្រយុទ្ធកៀកហ្នឹងតែម្តង។ ពីដើមអត់មានកាំភ្លើងទេ មានស្នា មានធ្នូ ប៉ុន្តែប្រយុទ្ធកៀកតែម្តងគឺប្រើដាវ ប្រើដំបង។ អញ្ចឹងបំរើទាំងយុទ្ធវិធី ទាំងសុខភាព ប៉ុន្តែថែមទាំងឲ្យកូនខ្មែរ កងទ័ពខ្មែរជំនាន់ក្រោយមានឱកាសចូលរួមដោយផ្ទាល់ក្នុងការអភិរក្ស និងជួយជំរុញការផ្សព្វផ្សាយ និងថែរក្សាលើកតម្កើងនូវក្បាច់គុណដែលបុព្វបុរសយើងបានបង្កើតឡើងនៅក្នុងសម័យសង្គ្រាមពីមុន មកប្រើប្រាស់ក្នុងសម័យនេះ។ ពីថ្ងៃទី ១៨ ដល់ ថ្ងៃ២០ តុលានេះ យើងនឹងមានការប្រកួតលើកដំបូងចំរុះគ្រប់ក្បាច់គុណ ឲ្យតែបុរាណខ្មែរចូលប្រកួតបាន។ មានកងទ័ពយើងចុះឈ្មោះជាង ២០០ នាក់ក្នុងចំណោមអ្នកប្រកួតជាង ៤០០ នាក់។

ដោយសារការប្រកួតមានរយៈពេល ៣ថ្ងៃ អ្នកដាក់ពាក្យមានច្រើនជាងហ្នឹង។ ប៉ុន្តែការប្រកួត ៣ថ្ងៃ យើងយកតែ ៤០០។ ក្នុងនោះក៏មានកងទ័ពយើងដែលបានចូលរួម។ សូមចូលរួមទាំងអស់គ្នា ហើយសុំឲ្យសាលាកងទ័ពនិងអង្គភាពទ័ពជំរុញការហ្វឹកហ្វឺនឲ្យបានទូទាំងកងទ័ព។ ខ្ញុំគិតថា មិនចាំបាច់តែក្នុងកងទ័ពទេ កងរាជអាវុធហត្ថក៏បានប្រើ កន្លងទៅកងនគរបាលជាតិក៏បានប្រើ ឃើញដាក់យុទ្ធគុណទាំងអស់ប្រើប្រាស់។ ខ្ញុំថាបើគង់តែហាត់ក្បាច់គុណដដែល គង់តែហាត់ក្បាច់ការពារខ្លួនដដែល ជួយជំរុញហ្វឹកហ្វឺនក្បាច់របស់ដូនតារបស់យើងតែម្តងទៅ ដើម្បីរួមគ្នាផ្សព្វផ្សាយបំផុស ហ្វឹកហ្វឺនឲ្យបានច្រើន។ យើងរួមគ្នា មិនត្រឹមតែការពារ បង្កើនសមត្ថភាព ប៉ុន្តែចូលរួមអភិរក្ស និងអភិវឌ្ឍន៍នូវអ្វីដែលកេរ្តិ៍ដំណែលដូនតារបស់យើង ជាពិសេសក្នុងក្បាច់គុណនេះផងដែរ។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៤ សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ សំភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះហានិភ័យជាយថាហេតុ ដោយតាំងនាមស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដីនៅក្នុងការពាក់ព័ន្ធ។

ទី៥ សូមយកចិត្តទុកដាក់លើការធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានានូវជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឲ្យបានកាន់តែល្អប្រសើរ។

[ផ្ដើមសេចក្ដីអធិប្បាយ៦]

(១៥) ធានាហិរញ្ញវត្ថុ ភស្ដុភារ បន្ដផ្គត់ផ្គង់គោលរបបទ័ពឲ្យទាន់ពេលនិងមានគុណភាព

កិច្ចការនេះសំខាន់។ ពាក្យខ្មែរថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។ ជីវភាពរស់នៅរបស់កងទ័ពត្រូវធ្វើឲ្យបានល្អប្រសើរ។ គោលនយោបាយ គោលការណ៍ គោលរបប ដែលក្រសួងការពារជាតិដាក់ចេញកន្លងទៅ ខ្ញុំសូមកោតសរសើរ ជូនឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការពារជាតិ អគ្គនាយកដ្ឋានភស្ដុភារហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នជំនាញកំរិតអគ្គ ឯកឧត្តមអគ្គមេបញ្ជាការនិងប្រភេទទ័ពគ្រប់បណ្ដាអង្គភាពទាំងអស់ ដែលយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ ការធានាហិរញ្ញវត្ថុ ភស្ដុភារ បានល្អគ្រប់គ្រាន់ ប៉ុន្ដែត្រូវបន្ដយកចិត្តទុកដាក់ឲ្យបានការបន្ដផ្គត់ផ្គង់គោលរបបឲ្យបានទាន់ពេលវេលា និងមានគុណភាព។ អង្ករត្រូវតាមឲ្យជាប់ មានគុណភាព ធ្វើយ៉ាងណាឲ្យបានសមរម្យ។ ទ័ពយើងនៅឈរជើងដាច់ស្រយាល នៅអូរអាល័យ អូរតាង៉ាវ ត្រូវធ្វើម៉េចកុំឲ្យដាច់។ ថ្ងៃមុនខាង UN រាយការណ៍មក។ សូម្បីទ័ព UN នៅកន្លែងខ្លះនៃលីបង់កំពុងដាច់បាយ ព្រោះផ្គត់ផ្គង់មិនបាន។ អញ្ចឹងប្រ​ព័ន្ធយើងរុញកំលាំងធានាមធ្យោបាយដឹកជញ្ជូនដែលត្រូវទៅ។

(អំពី)គុណភាពនៃសំភារៈបរិក្ខាទ័ព​ កិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ឲ្យយកចិត្ត​ទុក​ដាក់​មែនទែនទៅលើបរិក្ខាទ័ពពីក្បាលដល់ចុងជើង។ ត្រូវធានាគុណភាព។ បើមិនបានល្អជាងមុនកុំឲ្យថយជាងមុន។ កញ្ចប់ថវិកាយើងមិនថយទេ។ យើងទំលាក់ទៅឲ្យ ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិ។ ត្រូវធ្វើឲ្យបាន។ ថ្ងៃមុនមានការរាយការណ៍មករឿងស្បែកជើងកវែង។ ឲ្យពិនិត្យថាករណីមួយចំនួន ជួន​កាលទុកថែទាំបច្ចេកទេសយូរវាផុយ។ មើលអាពីមុនក្រណាត់ អាក្រោយដូចកៅស៊ូ ពាក់បានបន្ដិចដាច់ ឬយ៉ាងម៉េច។ ត្រូវប្ដូរភ្លាម។ ត្រូវមើលភ្លាមរឿងហ្នឹង។ កំលាំងត្រូវប្រើប្រាស់។ អ្នកដែលចុះទៅល្បាត ជាពិសេសនៅតំ​ប​ន់ដាច់ស្រយាល នៅភូមិភាគ៥ ភូមិភាគ១ អីនោះ ដើរតែ ៣ដង ដាច់ស្បែកជើង។ អត់កើតទេ។

អាវ ខោ មួក បរិក្ខារត្រូវធានាគុណភាព។ យើងធានាបានប្រសើរហើយ។ អញ្ចឹងសូមធ្វើម៉េចយើងបង្កើន​លទ្ធភាពធានាឲ្យបានជាប់ជាប្រចាំ ដើម្បីជាការយកចិត្តទុកដាក់ដល់កងទ័ព គឺសុខទុក្ខរបស់​បងប្អូន។ គិតនិងបង្កើនតាំង​ពីការស្លៀកពាក់ ពីក្បាលដល់ជើង ការហូបចុក ពីបៀវត្សរ៍ សុខភាព។ កិច្ចការនេះត្រូវធានាឲ្យបានល្អ។

(១៦) សោធននិងការវាយតម្លៃពិការភាព លក្ខខណ្ឌនិងការដាក់អោយយោធិនចូលនិវត្ដន៍

ទី៦ សោធន និងការងារវាយតម្លៃពិការភាព។ កិច្ចការងារនេះ ត្រូវធ្វើឲ្យមានសុក្រឹតភាព។ ពាក់ព័ន្ធនឹងកិច្ចការសោធន ដោយសារប៉ុន្មានឆ្នាំនេះ យើងមិនមានការរើសទ័ពថ្មីដោយទូលំទូលាយ ដោយសារបញ្ហាថវិកាជាតិ ក្រោយកូវីដ១៩ ដែលយើងត្រូវចំណាយលើបញ្ហាផ្សេងៗច្រើន ជាពិសេសចំណាយយសង្គមជួយប្រជាពលរដ្ឋ​លើរឿងសុខភាព កម្មវិធីគោលនយោបាយឧបត្ថម្ភធន ឧបត្ថម្ភសាច់ប្រាក់ជូនទៅស្ដ្រីមានផ្ទៃពោះ នៅពេលដែល​សេដ្ឋកិច្ចរបស់យើងមិនទាន់ងើបបានស្រួលបបួលចំណូលពន្ធរបស់យើងមានការបន្ធូរបន្ថយច្រើនដល់វិស័យ​ឯកជន អនុគ្រោះពន្ធច្រើន … យើងបានបន្ថយល្បឿនបង្កើនបន្ទុកបុគ្គលិកនៅក្នុងជួររដ្ឋាភិបាលទាំងកងកម្លាំងប្រដាប់អាវុធ ទាំងម​ន្ដ្រីរាជការស៊ីវិល ដោយរើសតែតាមការចាំបាច់ទេ។ បានន័យថា នៅក្នុងកងទ័ពរបស់យើង​អ្នកដែលចូលនិវត្ដច្រើនជាងអ្នកបំពេញមកវិញ។

ខ្ញុំសូ​មផ្ដល់គោលការណ៍ចំពោះយោធិន ដែលដាក់(ពាក្យសុំ)ចូលនិវត្ដន៍ សូមយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង​ ពលទាហាន ប្រភេទ២ ដែលបាត់បង់សមត្ថភាពការងារ។ ចំពោះយោធិនជំនាញ ជំនាញចាំបាច់ដែលគាត់នៅមានសុខភាពល្អសុំរក្សាទុក ព្រោះយើងកំពុងខ្វះនាយទាហានជំនាញច្រើន ដើម្បីបន្សាំនិងបណ្ដុះបណ្ដាល​អ្នកបន្ដវេនជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្មច្រើនជំនាញ។ ដោយឡែកយោធិនដែលដល់អាយុប៉ុន្ដែនៅក្មេង ស័ក្ដិមិនទាន់ឡើង យើងមិនអាចតម្លើងសក្ដិ ថែមប្រអប់នោះទេ ប៉ុន្ដែសុំឲ្យផ្អាកការបញ្ចូលនិវត្ដន៍សិន ចំពោះយោធិនដែលខ្លះមានអាយុ ៤០ ឆ្នាំ ឬ ៤៥ ឆ្នាំ។ លឺថាក្រសួងសេដ្ឋកិច្ចឲ្យ ២ ០០០ (នាក់) ត្រូវតែចូល(និវត្តន៍)។ មិនចំាបាច់ទេ។ យកតែ ១ ០០០ (នាក់) ក៏បានដែរ។

ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ​មានមកទេ? តាមមេក្រូនេះក៏អាចលឺដែរ។ មិនចំាបាច់ត្រូវផែនការទេ។ យើងគិតទៅ។ យើងមិនទាន់រើសថ្មី។ យោធិនរបស់យើង ជួន​កាល​មេ “គ” យ៉ាងច្រើនត្រឹមសក្ដិ ២ ឬ៣។ យើងឲ្យសក្ដិ ៤ ដល់អនុវរៈ ឬមួយកន្លែងខ្លះក៏ពិបាក តែគាត់នៅយូរដល់អាយុ។ ប៉ុន្ដែទុកទៅល្អជាង។ យោធិនទាំងអស់បានផ្សាំរួចទៅហើយ។ គាត់លែងរត់ហើយ។ រត់ច្រើនជាងគេ បោះបង់ច្រើនជាងគេគឺនាយទាហាន ពលទាហាន ថ្មី១ ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ ហ្នឹងឯង។ តែគាត់ចូល​១០ ឆ្នាំជាងហើយគាត់នៅផ្សាំកន្លែងហ្នឹង អាយុនៅពេញ បទពិសោធន៍នៅមាន។ សូមឲ្យខាងយោធសេវាខាងក្រសួងការពារជាតិពិភាក្សាគ្នាឡើងវិញ។ កុំបង្ខំនៅក្នុងដំណាក់កាលដែលយើងមិនអាចរើសទ័ព ឬបញ្ចូលទ័ពថ្មីច្រើន។ យោធិន នាយទាហាន នាយទាហានរង ពលទាហានរបស់យើងដែលនៅក្មេង ហើយមិនទាន់ដល់អាយុចូលនិវត្ដន៍ ហើយកំលាំងនៅមាំមួន នៅមានឆន្ទៈ។ បើគាត់ក្មេងមែន ហើយដើរសេរី សុំដោះដូរចុះ ប៉ុន្ដែបើនៅ(មានវិន័យ)សូមទុកឲ្យគាត់បំពេញភារកិច្ចតទៅទៀត ព្រោះយើងត្រូវការអ្នកទាំងអស់នឹងកំពុងពេញកំលាំង។

ថ្ងៃមុន ខ្ញុំធ្លាប់បានលើកកិច្ចការងារនេះដែរ។ ខ្ញុំថាខាងយោធសេវា និងខាងនីតិកម្មគួរពិនិត្យមើលពីលក្ខ​ខណ្ឌន្ដិកៈកងយោធពលខេមរភូមិន្ទយើងឡើងវិញ ពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្ដន៍ហ្នឹង។ ស័ក្ដិប្រអប់ វាមាន ប៉ុន្ដែពេលដែលចូលនិវត្តគួរទេ? តើយើងនៅរឹងតាមហ្នឹងដដែល វាចំណេញខាតស្អីខ្លះ? ឬមួយយើងតម្លើងអាយុដែលចូលនិវត្ត។ កន្លងទៅ យើងធ្លាប់គិត ប៉ុន្ដែអនុវត្ដមិនបានដោយសារបញ្ហាថវិកា គឺបូកឆ្នាំមិនឡើងបៀវត្ស៍ មិនឡើងស័ក្ដិ ប៉ុន្ដែបើឆ្នាំគាត់ឡើងដល់កំរិតមួយ យើងបង្កើនកាំ។ ពេលដែលថវិកាជាតិអាចបន្ធូរឡើងវិញមានកំណត់ យើងនឹងចាប់អនុវត្ដបែបនេះ។ អញ្ចឹង ពេលហ្នឹង អ្នកដែលចូលនិវត្ដន៍លែងលំបាកទៀតហើយ។ គាត់នៅចុះ គាត់ស្ម័គ្រចិត្តបាន … យើងតម្លើងអាយុចូលនិវត្ដបន្ដិចសំរាប់យោធិនស័ក្ដិទាបៗ។ គាត់​មិនឡើងមែន ប៉ុន្ដែដល់ឆ្នាំហួស យើងអាចគិតដល់កាំប្រាក់ខ្លះ។

ប៉ុន្ដែទៅមុខ ដោយសារបញ្ហាសំពាធថវិកា យើងមិនអាចអនុវត្ដបានដូចអ្វីដែលយើង(គិត) ព្រោះអាទិភាពសំខាន់គឺការថែរក្សាសុខុមាលភាព បំពេញថវិកា តម្លើង​ប្រាក់ខែ​ជូនមន្ដ្រីយោធា មន្ដ្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែលមានស្រាប់ អតីតយុទ្ធជនបូក។ អញ្ចឹងទៅពេលខាងមុខនេះជាទិសដៅ។ ទោះជាយ៉ាងណាខ្ញុំសូមឲ្យពិនិត្យឡើងវិញនូវលក្ខន្តិកៈរបស់យើង។ យើងធ្វើយូរឆ្នាំហើយ ហើយមិនមែនតែរឿងចូលនិវត្តន៍ហ្នឹងទេ អាចមានផ្នែកអីផ្សេងទៀតសូមពិនិត្យមើល។ ដូចជិត ៣០ ឆ្នាំហើយ ច្បាប់យើងលក្ខន្តិកៈរបស់យើង។ ៣០ ឆ្នាំហើយ។ អញ្ចឹងយើងពិនិត្យឲ្យទាន់សភាពការណ៍នៅពេលនេះ។ ​​ខ្ញុំមិនបញ្ជាក់ថាត្រូវតែកែទេ ប៉ុន្តែត្រូវធ្វើការវាយតម្លៃថា ត្រូវកែឬមិនកែ។ បើយើងមិនធ្វើសោះ បានន័យថាដឹងថាអត់កែហើយ។ អញ្ចឹងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ជាពិសេសយោធិនក្មេងៗដែលត្រូវដាក់ចូលនិវត្តន៍ …។

ទី២ ពាក់ព័ន្ធទៅនឹងវាយតម្លៃចូលពិការ។ សូមឲ្យពង្រឹងយន្តការនេះដើម្បីធានានូវតម្លាភាព ធានានូវភាពត្រឹមត្រូវសច្ចភាពដើម្បីយើងបង្កើននូវការវា​យតម្លៃឲ្យបានត្រឹមត្រូវ។ បើសិនជាយើងធ្វើមិនត្រឹមត្រូវ មិនត្រឹមតែមានបញ្ហាទៅដល់ថវិកាជាតិដែលចាយមិនចំគោលដៅ ប៉ុន្តែថែមទាំងមានបញ្ហាសតិអារម្មណ៍។ ពីដើមអាណត្តិនេះ ខ្ញុំបានលើក ហើយឯកឧត្តម ទៀ សីហា ក៏បានចាត់ចែងកិច្ចការនេះនៅក្នុងក្រសួងជាមួយឯកឧត្តមអគ្គបញ្ជាការ គឺយើងដូរនីតិវិធីក្នុងការវាយតម្លៃ។ ពីមុនយើងត្រង់ពីភូមិភាគឡើងទៅលើ។ ឥឡូវយើងពង្រឹងនីតិវិធីដោយឆ្លងកាត់​តាមការវាយតម្លៃជាដំណាក់ ឆ្លងកាត់គណៈកម្មការភូមិភាគ ឡើងទៅគណៈកម្មការជើងគោក ឡើងទៅគណៈកម្មការអគ្គបញ្ជាការ។

គណៈកម្មការក្រសួងវាយតម្លៃដើម្បីធានានូវសុក្រឹតភាព ធានានូវភាពច្បាស់លាស់បង្កើនប្រសិទ្ធភាព ជាពិសេសដើម្បីផ្តល់អត្ថប្រយោជន៍ដល់យោធិនពិការពិតប្រាកដដែលមានគុណបំណាច់នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ បានធ្វើរួចមកហើយ ក៏បានកែសម្រួល។ ខ្ញុំសូមអរគុណណាស់ ហើយសុំបន្តពង្រឹងនូវការអនុវត្តនូវយន្តការនេះឲ្យបានសុក្រឹត ដើម្បីយើងបង្កើតសហការជាមួយនឹងសុខាភិបាលរបស់យើង ធ្វើយ៉ាងណាដើម្បីធានាសុក្រឹតភាពនៅក្នុងការដាក់ចូលយោធិនពិការនៅក្នុងបច្ចុប្បន្ននិងទៅអនាគត។

(១៧) ចូលរួមគាំទ្រកងរាជអាវុធហត្ថនិងនគរបាលជាតិប្រយុទ្ធប្រឆាំងបទល្មើសធំៗ ប៉ះពាល់ដល់សន្តិសុខជាតិ

​ទី៧ កងយោធពលខេមរភូមិន្ទជាពិសេសកងទ័ពជើងគោក សូមត្រៀមលក្ខណៈដើម្បីចូលរួមគាំទ្រដល់កងរាជអាវុធហត្ថនិងនគរបាលជាតិដើម្បីប្រយុទ្ធប្រឆាំងដល់បទល្មើសធំៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិនៅពេលខាងមុខ។ ទី១ គឺបទល្មើសធនធានធម្មជាតិ, ទី២ ការជួញដូរគ្រឿងញៀនឆ្លងដែន និងទី៣ បទល្មើសឆបោកតាមអនឡាញ។ កិច្ចការនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។ មន្រ្តីអនុវត្ត ជាពិសេសកងកម្លាំងអនុវត្តច្បាប់ កងនគរ​បាលជាតិរបស់យើង កងកម្លាំងរាជអាវុធហត្ថបានបំពេញភារកិច្ចយ៉ាងល្អ ប៉ុន្តែស្ថានភាពនិងការប្រែប្រួល តម្រូវការយើងត្រូវបង្កើនកម្លាំង ព្រោះនេះជាហានិភ័យសម្រាប់សន្តិសុខជាតិ និងសន្តិសុខសង្គមរបស់ប្រជាពលរដ្ឋរបស់យើង។ យើងគ្មានសង្រ្គាមទៀតទេ យើងថែរក្សាបាននូវសុខសន្តិភាព ទប់ស្កា​ត់កុំឲ្យផែនការជ្រុលនិយម … ប៉ុន្តែពេលជាមួយគ្នា យើងក៏ត្រូវប្រឈមនឹងបញ្ហាហានិភ័យសន្តិសុខ បទល្មើសបំផ្លាញធនធាន ទន្ទ្រានធនធានធម្មជាតិព្រៃឈើ។

ការទប់ស្កាត់គ្រឿងញៀន និងការឈានចូលទៅដល់ការរៀបចំបង្កើនយុទ្ធនាការប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធ និងការឆបោកអនឡាញនៅពេលខាងមុខ ដែលទាមទារត្រូវបង្កើនកម្លាំង និងកងទ័ពជើងគោក ក៏ដូចជាកងទ័ពយោធពលខេមរភូមិន្ទដើម្បីត្រៀមចូលគាំទ្រកងកម្លាំងនគរបាលយុត្តិធម៌ដែលមានកងរាជអាវុធហត្ថ និងកងនគរបាលជាតិអនុវត្តយ៉ាងសកម្ម។ កិច្ចការនេះ យើងបានសាកល្បងរួចទៅហើយ។ រយៈពេល ៦ ខែមកនេះ កងកម្លាំងនៃកងទ័ពជើងគោកក៏បានចូលរួមបង្កើនសកម្មភាព។ ទោះបីជាមិនមាននៅក្នុងផែនការផ្លូវការក៏ដោយ។ នៅក្នុងការចូលរួមនៅក្នុងការគ្រប់គ្រងតំបន់ទន្រ្ទានការកាប់ព្រៃឈើ។ កន្លងទៅ យើងមានគណៈកម្មការដឹកនាំប្រយុទ្ធប្រឆាំងដោយឯកឧត្តម នាយឧត្តមសេនីយ សៅ សុខា ដែលធ្វើការងារយ៉ាងសកម្ម សហការជាមួយនឹងអាជ្ញាធរដែនដីជាមួយនឹងជំនាញបរិស្ថាន និងក្រសួងពាក់ព័ន្ធ ប៉ុន្តែកម្លាំងមានតិច។

បញ្ហាសំខាន់គឺការគ្រប់គ្រងទីតាំង។ សមរភូមិយើងវាយហើយ យើងដកមកវិញ គេចូលមកដដែល។ អញ្ចឹងបានកន្លងទៅកងទ័ពជើងគោក កម្លាំងរបស់យើងតាមបណ្តាយោធភូមិភាគទី១, ទី៤, ទី៥ បានសាកល្បងចូលជាន់យកតែម្តង។ ក្រោយពីសម្អាត យើងកាន់កាប់ទីតាំងដើម្បីកុំឲ្យវាមកវិញ។ មានប្រសិទ្ធភាព។ ការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រោះហានិភ័យទៅដល់ប្រទេសជាតិមិនមែនមានតែសង្រ្គាមប្រដាប់អាវុធនោះទេ មិនមែនមានតែការបំផ្លិចបំផ្លាញសន្តិភាព អសន្តិសុខនោះទេ។ ប៉ុន្តែការបំផ្លាញប្រទេសកម្ពុជាសន្តិសុខសង្គមតាមរយៈការបំផ្លាញធនធានធម្មជាតិ ការឆ្លងកាត់ព្រំដែនឧក្រឹដ្ឋកម្មឆ្លងកាត់ជាពិសេសគ្រឿងញៀននេះ។

នៅក្នុងពេលថ្មីៗនេះ យើងបានប្រើប្រាស់កម្លាំងយោធភូមិភាគទី១ ពង្រាយតាមព្រំដែនក៏មានប្រសិទ្ធភាពខ្ពស់ជួយទៅដល់កងកម្លាំងនគរបាល និងកងកម្លាំងអាវុធហត្ថ។ ប៉ុន្តែអ្វីដែលសំខាន់គឺ យើងគ្មានគោលការណ៍ពង្រាយជាផ្លូវការ។ អញ្ចឹងគឺត្រៀមដើម្បីរៀបចំផែនការសរុបបម្រើ។ យើងស្ទាក់ចាប់បានគ្រឿងញៀនដែលឆ្លងកាត់តាមទន្លេ កន្លែងខ្លះទន្លេឆ្លងកាត់តាមព្រំដែនរាប់រយគីឡូម៉ែត្រ។ កម្លាំងប៉ូលីសកម្លាំងអាវុធហត្ថរបស់យើងតិច កម្លាំងកងទ័ពរបស់យើងនៅ ប៉ុន្តែគ្មានបទបញ្ជាក្នុងការចូលរួម។ អញ្ចឹង ការងារនេះគឺចូលរួម។ មិនខុសពីបទបញ្ជា មិនខុសពីតួនាទីភារកិច្ចរបស់កងទ័ពដែលត្រូវចូលរួមក្នុងការថែរក្សាសន្តិសុខតាមព្រំដែននោះទេ។ យើងមានរួចហើយ។ ការប្រើប្រាស់កងទ័ពដើម្បីជួយទប់ស្កាត់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ គ្មានអ្វីដែលខុសច្បាប់នោះទេ។ យើងនឹងបង្កើនប្រសិទ្ធភាពលើការងារនេះ តាមរបៀបរៀបចំតម្លើងយន្តការប្រយុទ្ធប្រឆាំង។

កន្លងទៅឯកឧត្តឧបនាយករដ្ឋមន្ត្រី ស សុខា ក្រសួងមហាផ្ទៃក៏បានដើរតួនាទីសំខាន់ នៅក្នុងការចូលរួមដឹកនាំប្រយុទ្ធប្រឆាំងទៅលើការជួញដូរផ្សេងៗនៅក្នុងផ្ទៃប្រទេស ប៉ុន្តែកម្លាំងរបស់យើងនៅតិច។ ស្នងការនគរបាលរាជធានីខេត្តក៏បានធ្វើសកម្មភាព កងរាជអាវុធហត្ថ​ ក៏បានដើរតួនាទីចូលរួម ប៉ុន្តែជាកម្លាំងសរុប ព្រោះអានេះជាហានិភ័យសរុបសម្រាប់ជាតិយើងទាំងមូល។ ចាំបាច់ត្រូវត្រៀមលក្ខណៈ។ ខ្ញុំយល់ហើយខ្ញុំជឿជាក់ច្បាស់ថា ការបញ្ចេញកម្លាំងកងទ័ពមួយផ្នែកត្រៀមគាំទ្រប្រតិបត្តិការនេះ នឹងបង្ហាញមិនត្រឹមតែជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពពិតប្រាកដលើដី ដើម្បីទប់ស្កាត់នូវបញ្ហាសន្តិសុខទាំងអស់នេះ ដែលជាសត្រូវនៃអនាគតរបស់ប្រទេសជាតិរបស់យើង សម្រាប់កូនចៅយើង។

(១៨) គ្រប់គ្រងការចេញស្លាកលេខ ន.ប និង​ ខ.ម និងត្រៀមផ្លាស់ប្តូរក្បាលម៉ាស៊ីន “ម១”

ពាក់ព័ន្ធទៅនឹងកិច្ចការនេះដែរ រឿងសណ្តាប់ធ្នាប់សង្គម ខ្ញុំឃើញក្រសួងការពារជាតិ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសបានចេញគោលការណ៍ណែនាំ រឿងឡាន ន.ប, ខ.ម។ ថ្ងៃមុន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រ​សួងមហាផ្ទៃក៏បានចេញណែនាំរឿងស្លាកលេខ ន.ប។ សូមគ្រប់គ្រងឱ្យបានទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់។ ឃើញអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ចេញប្រកាសមួយថា ចាប់ពីពេលនេះទៅការប្រើប្រាស់ត្រូវឱ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ដែលត្រូវប្រើស្លាកលេខ ខ.ម។ អញ្ចឹងអ្នកផ្សេងជិះលេខខ្មៅទៅអត់អីទេ។ អត់មានអ្នកណាមកធ្វើឃាតទេ។ បើសិនជាមានហានិភ័យលេខឡានក៏ជួយមិនរួចដែរ។ តែផ្ទុយទៅវិញវាធ្វើឱ្យច្របូកច្របល់។ អ្នកបើកមិនពិតប្រាកដ ជួនកាលបើកសាហាវជាងអ្នកពិតប្រាកដ។ ដល់អញ្ចឹង អ្នកពិតប្រា​កដទៅខូចឈ្មោះ។ នេះគឺជាបញ្ហា។ សូមយកចិត្តទុកដាក់គ្រប់គ្រងលើកិច្ចការនេះ។ ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងអាវុធគ្រាប់តាមបណ្តាអង្គភាព។ ឃ្លាំងអាវុធគ្រាប់ សន្តិសុខរៀបចំឱ្យបានល្អ នេះគឺជាកិច្ចការសំខាន់។

ម្សិលម៉្ងៃនេះ ឃើញបង្ហោះតាម ហ្វេសប៊ុក មួយទៀត ជប់លៀងពេញក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម៉្ងៃ ប្រគល់ភារកិច្ចឱ្យមើលត្រួតពិនិត្យរឿងហ្នឹងឡើងវិញ។ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច? ឥឡូវតាមហ្វេកប៊ុកនេះ វាយ៉ាប់ មិនដឹងថាស្អីជាស្អីទេ។ ជួនកាល ១០ឆ្នាំមុន ក៏ចេញមកឥឡូវ។ ប៉ុន្តែឱ្យធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹងពន្ធធនាគាររបស់យើងនៅទូទាំងប្រទេស។ ម្សិលមិញ ឯកឧត្ត​ម ស សុខា ក៏បានរាយការណ៍មក។ ខ្ញុំឯកភាព។ ទី១ គឺពង្រឹង “ម១” នេះតាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ។ អញ្ចឹងក៏បានត្រៀម។ យើងត្រូវធ្វើយ៉ាងណាធានាការពង្រឹងសន្តិសុខ គ្រប់ទិដ្ឋ​ភាពទាំងអស់។ អញ្ចឹងរឿងសន្តិសុខជាតិ ទាំងមហាផ្ទៃ ទាំងការពារជាតិ ដើរតួនាទីសំខាន់ក្នុងការបំពេញភារកិច្ច។

(១៩) រៀបនីតិវិធីចុះបញ្ជីដីរដ្ឋ និងដីឯកជនឱ្យច្បាស់លាស់, ការបន្លំសុំឆ្វៀលដីក្នុងឧទ្យានជាតិត្រូវប្រឈមនឹងច្បាប់ និងបង្កើនការផ្សព្វផ្សាយពីជោគជ័យនៃការតាំងភូមិដ្ឋានលើដីសម្បទានសង្គមកិច្ច

ពាក់ព័ន្ធទៅនឹងបទល្មើសធម្មជាតិដែលខ្ញុំបាននិយាយមុននេះ។ ម្សិលមិញខ្ញុំស៊ីញ៉េឯកភាព ២។ លុបចោលការសុំឆ្វៀលដី។ បន្តិចៗ ឃើញសុំកាត់ឆ្វៀលដី។ ខ្ញុំតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី ៣០០គ្រួសារ សុំកាត់ ១០០០ឬ ២០០០ហិកតា យកទៅឱ្យប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ទៅឱ្យ ឯកឧត្តម សាយ សំអាល់ ឆែកមើល។ មកវិញអត់សោះ អត់ដឹងប្រជាពលរដ្ឋហ្នឹងនៅឯណា ហើយដែលអត់ហ្នឹង យកសុទ្ធតែដីក្នុងឧទ្យានជាតិ។ អត់ឱ្យ។ សូមឱ្យអ្នកដែលចង់ក្លែងលេងវិធីហ្នឹងប្រឈមជាមួយផ្លូវច្បាប់។ ហ្នឹងចូលបទបោកបញ្ឆោត។ ប្រជាជនដែលអត់ដីពិតប្រា​កដយើងរៀបចំយន្តការជូន។ តាំងពីកាន់តួនាទីមក តិចណាស់ដែលខ្ញុំបានអនុញ្ញាតឱ្យឆ្វៀល ដោយសារយើងកំពុងតែរៀបចំនីតិវិធីចុះបញ្ជីវាស់វែងឱ្យបានច្បាស់។ បើរវល់តែកាត់ចុះ កាត់ឡើងហ្នឹងអត់ដឹងទេ។ អ្នកវាស់ក៏វាស់ទៅ មកវិញកាត់ហើយបាត់។ អញ្ចឹងធ្វើមួយតង់សិន។ ចុះបញ្ជីឱ្យបានច្បាស់ ដីរដ្ឋ ដីឯកជន ដីកន្លែងណា។ ថ្ងៃក្រោយពេលដែលសុំ យើងមានវាស់វែងច្បាស់លាស់ កំណត់ច្បាស់លាស់ ចៀសវាង កន្ទេលធំបន្លំដេក។

មួយទៀត ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ យើងបានអនុវត្តគោលនយោបាយស្តីពីដីសម្បទាសង្គមកិច្ច អនុវត្តជាប្រចាំ។ ឥឡូវនេះយើងកំពុងធ្វើ License។ ថ្ងៃមុនខ្ញុំឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទៅស្រាវ​ជ្រាវមើលអ្នកដែលបានជោគជ័យ។ កន្លែងមួយនោះគឺមានទាំងភូមិទៀត ដែលពីមុនជាភូមិដីសម្បទាន ប្រ​ជាពលរដ្ឋអត់ដី តែឥឡូវគាត់រីក តែយើងខ្វះការផ្សព្វផ្សាយ។ ឃើញតែរឿងប្រជាពលរដ្ឋអត់ដីធ្លីត្រូវបណ្តេញ​ចេញ តែពេលដែលរដ្ឋឱ្យប្រជាពលរដ្ឋរាប់ពាន់ រាប់ម៉ឺន គ្រួសារ កាត់ដីរាប់ម៉ឺន រាប់សែនហិកតា ឱ្យប្រជាពលរដ្ឋទាំងដីសម្បទានសង្គមកិច្ច ដីអតីតយុទ្ធជន ដីផ្ទះឱ្យកងទ័ព យើងផ្សាយដែរ តែយើងនៅមានកំរិត។ គេថាអារឿងល្អផ្សាយមិនសូវមានអ្នកណាចាប់អារម្មណ៍ដូចរឿងអាក្រក់ទេ។

ដូចបងប្អូនសិល្បៈករយើងមួយចំនួនគាត់ថា បើគេជជែករឿងគ្រួសារ Share ដាច់ដៃ ដល់រឿងល្អៗ អត់មានអ្នកណា Share។ យើងមិនត្រូវតូចចិត្តត្រឹមនេះទេ យើងនៅបន្តធ្វើ និងបន្តផ្សព្វផ្សាយ រៀបចំដើម្បីឱ្យបានដឹង បំផុសឱ្យបានដឹង។ សូមអំពាវនាវប្រជាពលរដ្ឋរបស់យើង សុំកុំចាញ់បោក។ កន្លងទៅមើលករណីខ្លះ ប្រជាពលរដ្ឋត្រូវបានមេខ្យល់ដោះដូរជាមួយថវិកា។ អញ្ចឹងគឺសុំកុំទៅទន្ទ្រានដី។ យន្តការនេះបង្កើត និងផ្តល់ឱកាសឱ្យបងប្អូនដែលអត់ដីពិតប្រាកដ ដើម្បីយើងផ្តល់ យន្តការដែលមានស្រាប់។ យើងនឹងបង្កើតទៅជាគណៈកម្មាធិការជាតិ ដែលអនុវត្តពី ខែ មករា ទៅ ។​

ឥឡូវយើងកំពុងតែចុះសិក្សាទីតាំង រៀបចំនីតិវិធីដើម្បីបានទទួល ដើម្បីផ្តល់ឱ្យប្រជាជនដែលខ្វះដីពិតប្រាកដហើយជួយកសាងភូមិ/ឃុំ នៅក្នុងទីនោះឱ្យគាត់។ អញ្ចឹងសូមការគ្រប់គ្រង ការថែទាំសម្បត្តិធម្មជាតិ។ ពាក្យថា ដីរដ្ឋ គឺដីរួម។ រដ្ឋមិនមែនជាម្ចាស់របស់ដីរដ្ឋនោះទេ គ្រាន់ជាអ្នកថែរក្សា។ ដីនេះគឺជាដីរបស់ប្រជាជនមួយប្រ​ទេស។ អញ្ចឹងកាតព្វកិច្ចរបស់យើងត្រូវការពារ។ ប្រជាពលរដ្ឋអត់ដីពិតប្រាកដ យើងត្រូវដោះឱ្យគាត់ ប៉ុន្តែដោះនៅកម្រិតណាមួយ។ មិនអាចឱ្យអ្នកអត់ដី ឬមានហេតុផលថាអត់ដី ​ទៅកាប់ទន្ទ្រានដីរួមនោះទេ។ យើងត្រូវឆ្លើយតបជាមួយប្រជាពលរដ្ឋថា ហេតុដូចម្តេចបានជាការពារមិនកើត? ម៉េចបានអញ្ចេះបានអញ្ចុះ? អញ្ចឹងកាតព្វកិច្ចរបស់យើងត្រូវរួមគ្នា។ កងទ័ពរបស់យើងត្រូវត្រៀមខ្លួននៅក្នុងការចូលរួមថែរក្សា សណ្តាប់ធ្នាប់សង្គម ចូលរួមនូវការប្រយុទ្ធប្រឆាំងនូវហានិភ័យទៅលើសន្តិសុខសង្គម និងបទល្មើសផ្សេងៗ ដើម្បីឱ្យមានប្រសិទ្ធភាព។

[ចប់សេចក្តីអធិប្បាយ៦]

ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង កងពលតូចលេខ៧០ កងទ័ពជើងគោក ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សា សុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង។ ខ្ញុំសូមអរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក និងសូមជូនពរថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយទាហាន និងនាយទាហានរង ពលទាហាន ទូទាំង កងពលតូចលេខ៧០ កងទ័ពជើងគោក ក៏ដូចជា អង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូរណ៍ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។

ខ្ញុំសូម ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។

សម្រាប់ថ្ងៃនេះមាន យុវជនកាយរឹទ្ធកម្ពុជា, កាកបាទក្រហម, សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមនិស្សិតសាកលវិទ្យាល័យការពារជាតិ, សរុប៧០០នាក់ ម្នាក់ថវិកា២ម៉ឺនរៀល, គ្រូពេទ្យបុគ្គលិក៤៩នាក់ ​ម្នាក់ថវិកា១០ម៉ឺនរៀល, ជូនមន្ទីរពេទ្យមរតកតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាននី ហ៊ុនសែន ចោមចៅ ថវិកា១០លានរៀល, កងពលតូចលេខ៧០ ថវិកា៥០លានរៀល, កងកិត្តិយសត្រែទ័ពថវិកា៥លានរៀល, ក្រុមគ្រូពេទ្យប្រចាំអង្គពិធី៣លានរៀល៕​

អត្ថបទទាក់ទង