វិភាគអន្តរជាតិ៖ តើ១ឆ្នាំដំបូងនៃអាណត្តិទី២របស់លោក ត្រាំ ផ្លាស់ប្ដូរពិភពលោកយ៉ាងណាខ្លះ?
#វិភាគអន្តរជាតិ
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានត្រឡប់មកដឹកនាំការិយាល័យពងក្រពើនៃសេតវិមានកាលពីមួយឆ្នាំមុន ក្នុងនាមជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនៅក្រោមពាក្យស្លោក «ធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត ឬ Make America Great Again»។ ក្នុងរយៈពេល ៣៦៥ថ្ងៃមកនេះ រដ្ឋបាលលោក ត្រាំ បានធ្វើការផ្លាស់ប្ដូរយ៉ាងសម្បើមនូវគោលនយោបាយសេដ្ឋកិច្ច ការទូត និងសង្គម ដែលបានផ្លាស់ប្ដូរទាំងសហរដ្ឋអាមេរិក និងពិភពលោក។ ដូច្នេះតើរយៈពេល១ឆ្នាំនៃអាណត្តិទី២របស់លោក ត្រាំ បានផ្លាស់ប្ដូរសហរដ្ឋអាមេរិក និងពិភពលោកយ៉ាងដូចម្ដេចខ្លះ?
* ស៊ីញេលើបទបញ្ជាប្រតិបត្តិចំនួន ២២៨
នៅថ្ងៃទី១នៃការត្រឡប់មកកាន់អំណាចសាជាថ្មីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ត្រាំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន២៦ ដែលនេះជាកំណត់ត្រាថ្មីមួយដែលបទបញ្ជាប្រតិបត្តិ ច្រើនបំផុតត្រូវបានចុះហត្ថលេខាក្នុងថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកម្នាក់។ បទបញ្ជាប្រតិបត្តិការជាបទបញ្ជាចេញដោយប្រធានាធិបតីអាមេរិក។ បទបញ្ជាទាំងនោះ ជាទូទៅ មានជាប់ពាក់ព័ន្ធនឹងការចាត់ចែងរបស់រដ្ឋាភិបាលសហព័ន្ធ ហើយមិនអាចលុបបំបាត់ច្បាប់សហព័ន្ធនោះទេ។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថាលោក ត្រាំ ជារឿយៗ តែងតែដើរហួសព្រំដែនដែល ច្បាប់បានកំណត់ រហូតឈានដល់ការតតាំងគ្នានៅឯតុលាការជុំវិញបទបញ្ជាប្រតិបត្តិជាច្រើនរបស់លោក។
ល្បឿនយ៉ាងលឿននៃការចេញបញ្ជាប្រតិបត្តិរបស់លោក ត្រាំ នៅតែបន្តពេញមួយឆ្នាំដំបូងនៃអាណត្តិទី២ដោយរូបលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិសរុប ២២៨ ពោលនេះជា ចំនួនច្រើនបំផុតធៀបទៅនឹងពេញមួយអាណត្តិទី១មានរយៈពេល៤ឆ្នាំរបស់លោកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដែលលោក ត្រាំបានចេញបទបញ្ជាប្រតិបត្តិ ២២០។
* បណ្ដេញមនុស្សយ៉ាងហោច ៦០៥ ០០០នាក់ចេញពីសហរដ្ឋអាមេរិក
តាមទិន្នន័យពីក្រសួងសន្តិសុខមាតុភូមិអាមេរិក រដ្ឋបាលលោក ត្រាំ ក្នុងអាណត្តិទី២ បានបណ្ដេញមនុស្សយ៉ាងហោច ៦០៥ ០០០នាក់ ចេញពីសហរដ្ឋអាមេរិក នៅក្រោមក្របខណ្ឌនៃការអនុវត្ត ប្រតិបត្តិការរបស់ក្រសួងសន្តិសុខមាតុភូមិ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខណៈមនុស្ស ១.៩លាននាក់បន្ថែមទៀតស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ១ឆ្នាំកន្លងមក មនុស្ស ១.៦លាននាក់កំពុងរស់នៅសហរដ្ឋអាមេរិកដោយបាត់បង់ឋានៈជាជនអន្តោប្រវេសន៍ស្របច្បាប់ ក្នុងនោះរួមមានទាំងអ្នកដែលរងផលប៉ះពាល់ពីការកាត់ផ្ដាច់ឋានៈទទួលបានការការពារ ជាបណ្ដោះអាសន្ន និងកម្មវិធីផ្ដល់ទិដ្ឋាការដល់សិស្សនិស្សិត និងអ្នកមានជំនាញខ្ពស់មួយចំនួន។ លើសពីនេះទៅទៀត នៅក្រោមបទបញ្ជារបស់លោក ត្រាំ មានមនុស្សយ៉ាងហោច ៦៦ ៨៨៦នាក់ ត្រូវបានឃុំខ្លួនដោយទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ឬសមាមាត្រនឹងមនុស្ស ៨២១នាក់ត្រូវបានចាប់ខ្លួនជារៀងរាល់ថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក។ កាលពីថ្ងៃ១៤ ខែមករា លោក ត្រាំ ក៏បានចេញបម្រាមហាមឃាត់ពលរដ្ឋមកពី៧៥ប្រទេស ពីការទទួលទិដ្ឋាការអន្តោប្រវេសន៍ផងដែរ។
* ប្រើប្រាស់ពន្ធគយជាអាវុធ
កាលពីឆ្នាំ២០២៥ ពាក្យដែលលោក ត្រាំ ចូលចិត្តនិយាយច្រើនជាងគេ គឺពន្ធគយដែលលោកផ្ទាល់បានប្រកាសដាក់អនុវត្តលើបណ្ដាប្រទេសនៅជុំវិញពិភពលោក មិនថាជាសម្ព័ន្ធមិត្ត ឬជាគូសត្រូវរបស់ សហរដ្ឋអាមេរិកឡើយ។ គិតជាមធ្យម ប្រទេសជាដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក ត្រូវជាប់ពន្ធគយ១០ភាគរយ ហើយឥណ្ឌាជាប់ពន្ធគយលើទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិក ខ្ពស់ជាងគេ គឺ៥០ភាគរយ។ បើតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ការដំឡើងពន្ធគយបានរកចំណូលឱ្យសហរដ្ឋអាមេរិកបាន ២៨៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ប៉ុន្តែ សាកលវិទ្យាល័យ Yale បានវាយតម្លៃថាការដំឡើងពន្ធគយក៏បានធ្វើឱ្យប្រជាជនអាមេរិកក្នុងមួយគ្រួសារត្រូវបង្កើនការចំណាយ១៥០០ដុល្លារបន្ថែម ដោយសារអតិផរណា ក្នុងឆ្នាំ២០២៥។
* កាត់បន្ថយបុគ្គលិកសហព័ន្ធ
ក្រសួងប្រសិទ្ធភាពការងារ DOGE ដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់កំពូលមហាសេដ្ឋី លោក Elon Musk ត្រូវបានបង្កើតឡើងដោយលោក ត្រាំ តាមរយៈបទបញ្ជាប្រតិបត្តិមួយ។ ក្រសួងថ្មីនេះ មានគោលដៅកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។ ក្នុងរយៈពេលត្រឹម១០ខែប៉ុណ្ណោះ DOGE បានបញ្ឈប់បុគ្គលិកសហព័ន្ធពីការងារយ៉ាងហោច ៣១៧ ០០០នាក់ បិទចោលទាំងអស់ នូវការិយាល័យភាពចម្រុះ សមធ៌ម បរិយាបន្ន ឬ 𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐪𝐮𝐢𝐭𝐲 𝐚𝐧𝐝 𝐈𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧 កាត់បន្ថយបុគ្គលិកក្នុងក្រសួងអប់រំ និងលុបចោលគម្រោងមួយផ្នែកធំដែលផ្ដល់មូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រហូតដល់ទីភ្នាក់ងារនេះត្រូវបញ្ឈប់ប្រតិបត្តិការ និងត្រូវបានបញ្ចូលទៅក្នុងក្រសួងការបរទេសអាមេរិក។
* ការទូតអន្តរជាតិ
ជាលើកទី២ ក្នុងអាណត្តិរបស់លោក លោក ត្រាំ បានជ្រើសរើសអារ៉ាប៊ីសាអូឌីតជាគោលដៅធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ក្រៅប្រទេស បន្ទាប់ពីលោកបានឈប់សំចតរយៈពេលខ្លី នៅអ៉ីតាលី និងបុរីវ៉ាកង់ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស។ មកទល់នឹងពេលនេះ លោក ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់១៣ប្រទេស ហើយលោកតែងតែលាយឡំ កិច្ចព្រមព្រៀងរកស៊ីជាមួយការទូតអន្តរជាតិ។ អំឡុងអាណត្តិទី១ លោក ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួន២៥ ដំណើរទស្សនកិច្ចរបស់លោកត្រូវបានរឹតត្បិតនៅចុងអាណត្តិនោះដោយសារ កូវីដ១៩។
* ទម្លាក់គ្រាប់បែកលើប្រទេសចំនួន៧
នៅពេលចាប់ផ្ដើមអាណត្តិទី២របស់លោក លោក ត្រាំ ធ្លាប់បានសន្យាថានឹងសា្ដរសន្តិភាពឡើងវិញតាមរយៈការបិទបញ្ចប់សង្រ្គាម ឬជម្លោះនៅជុំវិញពិភពលោក។ តែចាប់តាំងពីពេលនោះមក រដ្ឋបាលលោក ត្រាំ បានវាយប្រហារលើប្រទេសចំនួន៧ ហើយវ៉េណេស៊ុយអេឡាជាគោលដៅវាយប្រហារចុងក្រោយគេបំផុត។ តាមទិន្នន័យពីស្ថាប័នតាមដានជម្លោះប្រដាប់អាវុធ Armed Conflict Location and Event Data សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស និងដ្រូនយ៉ាងហោច ៦៥៨លើក នៅចន្លោះពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ ប្រទេសដែលសហរដ្ឋអាមេរិកបានវាយប្រហាររួមមានអ៉ីរ៉ាក់ សូម៉ាលី អ៉ីរ៉ង់ យេម៉ែន ស៊ីរី នីហ្សេរីយ៉ា និងវ៉េណេស៊ុយអេឡា។
លោក ត្រាំ តែងតែនិយាយជារឿយៗថាលោកបានបិទបញ្ចប់សង្រ្គាមចំនួន៨ ចាប់តាំងពីលោកឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០២៥ ប៉ុន្តែសង្រ្គាមជាច្រើនដែលលោកអះអាងថា បានដោះស្រាយរួចហើយនោះ នៅតែបន្តកើតមាននៅឡើយ។
* អាកាសធាតុ និងបរិស្ថាន
លោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការខួងយកប្រេង និងឧស្ម័នធម្មជាតិនៅឯតំបន់សមុទ្រលើក្រឡាផ្ទៃ ២.៥លានគីឡូម៉ែត្រក្រឡា ដែលនេះជាការគូសបញ្ជាក់ពីការបិទបញ្ចប់ការការពារ បរិស្ថាននៅកម្រិតសហព័ន្ធ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានលុបចោលគោលនយោបាយស្ដីពីអាកាសធាតុយ៉ាងហោច៣០សល់ពីសម័យរបស់លោក ចូ បៃដិន ក្នុងនោះរួមមានទាំងការចេញ បទបញ្ជាប្រតិបត្តិការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៕
-Fresh News-






