Grand News Asia Close

វិភាគអន្តរជាតិ៖ តើការបោះឆ្នោតតៃវ៉ាន់ អាចមានឥទ្ធិពលលើទំនាក់ទំនងអាមេរិក-ចិន យ៉ាងដូចម្ដេច?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 299
វិភាគអន្តរជាតិ៖ តើការបោះឆ្នោតតៃវ៉ាន់ អាចមានឥទ្ធិពលលើទំនាក់ទំនងអាមេរិក-ចិន យ៉ាងដូចម្ដេច? វិភាគអន្តរជាតិ៖ តើការបោះឆ្នោតតៃវ៉ាន់ អាចមានឥទ្ធិពលលើទំនាក់ទំនងអាមេរិក-ចិន យ៉ាងដូចម្ដេច?

(វ៉ាស៊ីនតោន)៖ តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតសកល នៅថ្ងៃសៅរ៍ ទី១៣ ខែមករា នាចុងសប្ដាហ៍នេះដើម្បីជ្រើសរើសមេដឹកនាំថ្មីជំនួសលោកស្រី សៃ អ៉ីងវិន រួមទាំងសមាជិកសភាថ្មី។ ការបោះឆ្នោតនេះមិនត្រឹមតែកំណត់ថាតើតៃវ៉ាន់នឹងត្រូវដើរក្រឡាអុកយ៉ាងណាទៀត នៅក្នុងទំនាក់ទំនងជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែវា ក៏កំពុងធ្វើតេស្ដលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានត្រឡប់មកភាពធូរស្រាលឡើងវិញបន្តិច ក្រោយជំនួបរវាងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី ស៊ី ជីនពីង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងរដ្ឋ California។

មានបេក្ខជនសំខាន់ៗ ៣រូប បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតៃវ៉ាន់ រួមមានលោក Lai Ching-te មកពីកាន់បក្សអំណាចគឺ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) លោក Hou You-ih មកពីគណបក្សប្រឆាំង Kuomintang និងបេក្ខជនម្នាក់ទៀត គឺលោក Ko Wen-je ​មកពីគណបក្ស ប្រជាជនតៃវ៉ាន់​ (TPP)។ ទាំងលោក Hou You-ih និងលោក Ko Wen-je សុទ្ធតែមានគោលនយោបាយមិត្តភាពជាមួយចិន បើទោះជាពួកគេបដិសេធសំណើ បង្រួបបង្រួមជាតិជាមួយប៉េកាំងក៏ដោយ។ តាមការស្ទង់មតិ លោក Lai Ching-te ទទួលបានសំឡេងគាំទ្រនំាមុខលោក Hou You-ih ចន្លោះពី៣ ដល់១១ភាគរយ។ ប៉ុន្តែ អ្នកឈ្នះ ឬចាញ់គឺត្រូវកំណត់នៅថ្ងៃបោះឆ្នោត ហើយណាមួយជាប្រពៃណី ប្រជាជនតៃវ៉ាន់ ក៏មិនដែលបោះឆ្នោតគណបក្សមួយកាន់អំណាចដឹកនាំពួកគេ ៣អាណត្តិជាប់ៗគ្នានោះដែរ។ ខាងក្រោមនេះគឺជាផលវិបាកមួយចំនួនដែលអាចកើតចេញពីការបោះឆ្នោតសកលតៃវ៉ាន នៅថ្ងៃសោរ៍ចុងសប្ដាហ៍នេះ៖

* បើលោក Lai ឈ្នះ ចិនក្ដៅស្លឹកត្រចៀក
ប្រសិនបើ​លោក Lai Ching-te ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនៅតៃវ៉ាន់ ចិនត្រូវបានគេរំពឹងថានឹងធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ អាចមានទម្រង់ប្រហាក់ប្រហែលគ្នាទៅនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្នុងនោះមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងមីស៊ីលហោះរលងតៃវ៉ាន់ ដូចដែលប៉េកាំង បានធ្វើ ជាការសងសឹកទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក នៅកោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២។

«PRC (សាធារណរដ្ឋប្រជាមានិតចិន) អាចនឹងប្រើប្រាស់ការបញ្ចេញប្រតិកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាសារបញ្ជូនទៅកាន់ ប្រជាជនតៃវ៉ាន់ថាប៉េកាំងមិនពេញចិត្តទាល់តែសោះចំពោះការជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ»។ នេះជាការយល់ឃើញរបស់លោក Douglas Paal ជាអតីតនាយកវិទ្យាស្ថាន American Institute in Taiwan នៃក្រសួងការបរទេសអាមេរិក មានមូលដ្ឋានក្នុងទីក្រុងតៃប៉ិ។ ក្នុងពេលបច្ចុប្បន្ន ចិនបាន និងកំពុង បញ្ជូននាវាចម្បាំង យន្ដហោះចម្បាំង និងបាឡុងឱ្យធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ជាបណ្ដើរៗរួចទៅហើយ រីឯក្រសួងការពារជាតិតៃវ៉ាន់បានចាត់ទុកសកម្មភាព បែបនេះជាសង្រ្គាមចិត្តសាស្ត្រដោយមានគោលដៅលើអ្នកបោះឆ្នោតតៃវ៉ាន់។ លោក Lai ត្រូវបានចិនចាត់ទុកថាជាបន្លានៅក្នុងភ្នែក បន្ទាប់ពីរូបលោកហ៊ានប្រកាស ត្រង់ៗកាលពីឆ្នាំ២០២៣ថា «តៃវ៉ាន់គឺជាប្រទេសមានអធិបតេយ្យ និងឯករាជ្យ» រួចស្រេចទៅហើយ។

* បើលោក Hou You-ih ជាអ្នកឈ្នះ ការកំញើញទប់ស្កាត់អាចស្ថិតក្នុងហានិភ័យ
ជ័យជម្នះសម្រាប់លោក Hou You-ih មកពីគណបក្សប្រឆាំង Kuomintang អាចនឹងបង្កើតចេញជារដ្ឋាភិបាលដំបូងបំផុតមួយរបស់តៃវ៉ាន់ ក្នុងរយៈពេលច្រើនជាង មួយទសវត្សរ៍មកនេះ ដែលមានទំនោរទន់ភ្លន់ជាមួយចិន ដើម្បីបន្ធូរបន្ថយអរិភាពនឹងគ្នា។ គោលនយោបាយរបស់លោក Hou គឺផ្តោតលើកំញើញ កិច្ចសន្ទនា និងការបន្ធូរបន្ថយភាពតានតឹង ដែលលោកផ្ទាល់បានសន្យានៅក្នុងអត្ថបទវិភាគមួយរបស់កាសែតអាមេរិក Foreign Affairs ចេញផ្សាយកាលពី ខែកញ្ញា ឆ្នាំ២០២៣ ថានឹងអនុវត្តតាម ក្រោមគោលការណ៍អន្តរទំនាក់ទំនងឈរលើមូលដ្ឋានស្មើភាព សុច្ឆន្ទៈ និងសេចក្ដីថ្លៃថ្នូរ។

ក៏ប៉ុន្តែ អតីតមន្ត្រីយោធាអាមេរិកបាននិយាយថាគោលនយោបាយរបស់លោក Hou នឹងមិនអាចធ្វើឱ្យចិនទន់ចិត្ត ឬត្រូវបង្អង់ដៃក្នុងកិច្ចប្រឹងប្រែងយកតៃវ៉ាន់ ឱ្យមក ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ចិនបានឡើយ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលមួយដឹកនាំដោយគណបក្ស Kuomintang នឹងមិនសូវមានភាពប្រាកដប្រជា និងបើកចំហចំពោះកិច្ចពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការយោធារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកទេ ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រកំញើញទប់ស្កាត់ ដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលរបស់លោកស្រី សៃ ប្រឹងប្រែងអភិវឌ្ឍជាច្រើនឆ្នាំមកនេះ។ នេះបើតាមលោក Mark Montgomery ជាអតីតនាយក ទីបញ្ជាការកងទ័ពអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក។

ទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយ ចំពោះគោលនយោបាយរបស់គណបក្ស Kuomintang ឬក៏សំណើធ្វើឱ្យទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ មានភាពធូរស្រាលរបស់លោក Hou ទេ។ ប៉ុន្តែ រដ្ឋាភិបាលចិនបានបញ្ជូនសារគាំទ្រដោយប្រយោលជាច្រើន ក្នុងនោះដូចជាការទទួលស្វាគមន៍ក្រុមប្រតិភូជាន់ខ្ពស់ នៃគណបក្ស Kuomintang ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីប៉ុន្មានខែថ្មីៗនេះ។ ជ័យជម្នះរបស់គណបក្សប្រឆាំងតៃវ៉ាន់មួយនេះក៏អាចនឹងបង្កើតជា ភាពរកាំរកូសមួយចំនួនរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកដែរ ក្នុងករណី Kuomintang ព្យាយាមបញ្ចុះបញ្ចូលចិន តាមរយៈការបន្ថយកិច្ចសហប្រតិបត្តិការរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដើម្បីទទួលបានសម្បទានមកវិញពីប៉េកាំង។

* តើសហរដ្ឋអាមេរិកមានបេក្ខជនមេដឹកនាំតៃវ៉ាន់ជាទីពេញចិត្តទេ?
រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថាទីក្រុងវ៉ាស៊ីនតោនមិនបានឈរនៅខាងភាគីណាមួយទេ នៅក្នុងការបោះឆ្នោតសកលតៃវ៉ាន់ ហើយថាទោះជា នរណាក្លាយជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ក៏ដោយ ក៏គោលនយោបាយរបស់អាមេរិកចំពោះតៃវ៉ាន់នឹងនៅតែដដែល។ ក៏ប៉ុន្តែ ទោះមិននិយាយ ក៏គេអាចដឹងថា សហរដ្ឋអាមេរិកមានបេក្ខជនដែលខ្លួនពេញចិត្តដែរ។ នៅត្រង់ចំណុចនេះ លោក Lai Ching-te ត្រូវបានគេមើលឃើញថាកំពុងព្យាយាមធ្វើការធានាមួយដល់ ទីក្រុងវ៉ាស៊ីនតោនថាលោកនឹងក្លាយជាមេដឹកនាំតៃវ៉ាន់ដែលនឹងរក្សាស្ថានភាពដើមនៅតៃវ៉ាន់ ដូចគ្នាទៅនឹងលោកស្រី សៃ អ៉ីងវិនដែរ។ បន្ថែមពីលើនេះ ការតែងតាំង អតីតអ្នកតំណាងតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim ជាមេដឹកនាំរងរបស់លោក វាបានបញ្ជាក់រួចទៅហើយពីការប៉ុនប៉ងរបស់លោក Lai ដើម្បីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។

ដូច្នេះសម្រាប់សហរដ្ឋអាមេរិក លោក Hou You-ih អាចនឹងជាបញ្ហាប្រឈមមួយ។ តែទោះជាយ៉ាងណាក៏ដោយ គេមិនប្រាកដនោះទេថានៅពេលអនុវត្តជាក់ស្ដែង តើគោលនយោបាយត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ របស់លោក Hou នឹងមានទម្រង់បែបណា?

* «យុទ្ធសាស្ត្រមិនច្បាស់លាស់» របស់សហរដ្ឋអាមេរិក
ការបង្កើនយុទ្ធសាស្ត្រសម្លុតគំរាមរបស់ចិនចំពោះតៃវ៉ាន់ អាចនឹងជំរុញឱ្យមានការអំពាវនាវសាជាថ្មីឱ្យសហរដ្ឋអាមេរិក បោះបង់ចោល «យុទ្ធសាស្ត្រមិនច្បាស់លាស់» ដែលជាគោលនយោបាយមួយពាក់ព័ន្ធនឹងឆន្ទៈរបស់សហរដ្ឋអាមេរិកដើម្បីការពារតៃវ៉ាន់។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានបដិសេធ បញ្ជាក់ច្បាស់ៗថាតើខ្លួននឹងធ្វើបែបណា ប្រសិនបើតៃវ៉ាន់រងការវាយប្រហារពីចិន។ ចាប់តាំងពីឆ្នាំ២០២១មកទល់នឹងបច្ចុប្បន្ន លោក បៃដិន ធ្លាប់បានលើកឡើង ៤លើក ក្នុងឱកាសផ្សេងៗគ្នាថាកងទ័ពអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។ ប៉ុន្តែ សេតវិមានតែងតែចេញមុខ បញ្ជាក់បន្ថែមលើការលើកឡើងរបស់លោក បៃដិន ដោយសង្កត់ធ្ងន់ថាគោលនយោបាយអាមេរិកចំពោះតៃវ៉ាន់ មិនមានការប្រែប្រួលទេ។

គួរបញ្ជាក់ថា ការរក្សាយុទ្ធសាស្ត្រមិនច្បាស់លាស់ គឺមានការខ្វែងគំនិតគ្នាច្រើន។​ តួយ៉ាងអតីតមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បោះចោលគោលនយោបាយនេះ ដ្បិតពួកគេយល់ថាក្នុងពេលដែលលោក ស៊ី ជីនពីង កំពុងបង្កើនការសម្លុតគំរាម សហរដ្ឋអាមេរិកចាំបាច់ត្រូវតែប្រកាន់ជំហរឱ្យ កាន់តែច្បាស់ចំពោះតៃវ៉ាន់៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង