Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ្វីដែលអ៊ុយក្រែន កំពុងត្រូវការបំផុត? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 354
វិភាគអន្តរជាតិ៖ តើអ្វីដែលអ៊ុយក្រែន កំពុងត្រូវការបំផុត?  វិភាគអន្តរជាតិ៖ តើអ្វីដែលអ៊ុយក្រែន កំពុងត្រូវការបំផុត? 

FN (វ៉ាស៊ីនតោន)៖ ការបះបោរមិនបានសម្រេចរបស់ទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលបង្កឱ្យមានភាពចលាចលដ៏ធំមួយក្នុងអំណាចដឹកនាំរបស់ លោក ពូទីន កាលពីសប្ដាហ៍មុន ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចជាច្រើនយល់ថាជាឱកាសមួយសម្រាប់អ៊ុយក្រែន។ ភ្លាមៗ គេមិនទាន់អាចដឹងនៅឡើយទេថាតើការបះបោរ នេះនឹងជះឥទ្ធិពលកម្រិតណាលើអនាគតរបស់លោក ពូទីន និងសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ បើវាមិនអាចបង្កការខាតបង់ធ្ងន់ធ្ងរដល់ ឬធ្វើឱ្យខ្សែការពារកងកម្លាំងរុស្ស៉ី នៅសមរភូមិមានការប្រែប្រួលទេ នោះទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងវិលត្រឡប់ទៅរកស្ថានភាពដ៏លំបាកមួយសាជាថ្មីនៅក្នុងសង្រ្គាមអ៊ុយក្រែន។

អស់រយៈពេលជាច្រើនខែមកហើយ ដែលបណ្ដាមេដឹកនាំលោកខាងលិច នាំគ្នាជជែកដេញដោលថាតើគួរផ្ដល់អាវុធទំនើបៗបន្ថែមសម្រាប់អ៊ុយក្រែន ដូចជាមីស៊ីល ATACMS, មីស៊ីលគ្រូស Storm Shadow យន្ដហោះចម្បាំង F-16 និងអាវុធទំនើបៗផ្សេងទៀត ដែរឬក៏យ៉ាងណា។ អាវុធទំនើបៗទាំងនេះ ច្បាស់ណាស់ពិតជាអាច ជួយអ៊ុយក្រែនបានយ៉ាងសម្បើម។ ប៉ុន្តែ ជោគជ័យនៅក្នុងសង្រ្គាមសព្វថ្ងៃ នៅតែត្រូវពឹងផ្អែកលើ «ភាពសម្បូរបែបនៃប្រព័ន្ធអាវុធចំនួន ២» នោះគឺ «គ្រាប់កាំភ្លើងធំ និងប្រព័ន្ធខែលការពារប្រឆាំងមីស៊ីល»។

ប្រសិនបើអ៊ុយក្រែន មិនអាចយកឈ្នះភ្លាមៗនៅក្នុងសង្រ្គាមនេះ តាមរយៈការដួលរលំណាមួយរបស់រុស្ស៉ី ឬក៏ជោគជ័យនៅលើសមរភូមិជាក់ស្ដែងទេ អ៊ុយក្រែន នឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ ក្នុងករណីមិនអាចបំពេញទាន់ពេលវេលានូវស្ដុកអាវុធដ៏សំខាន់ទាំង២នេះបានទេនោះ។ សង្រ្គាមនៅអ៊ុយក្រែនគឺជាសង្គ្រាមដែលប្រើ កាំភ្លើងធំជាអាវុធចម្បង ដោយសារតែទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែមានយោធាជំនាញប្រើកាំភ្លើងធំដែលជាមរតករួមគ្នាបន្សល់ទុកពីអតីតសហភាពសូវៀត។ ដូច្នេះ ប្រសិនបើអ៊ុយក្រែនមិនអាចស្វែងរក ឬទទួលបានកាំភ្លើងធំ និងគ្រាប់កាំភ្លើងធំ ជាពិសេសគឺគ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រគ្រប់គ្រាន់ទេ កងកម្លាំងអ៊ុយក្រែនអាចនឹង ចាញ់ប្រៀបកម្លាំងយោធារុស្ស៉ីនៅសមរភូមិ។ ស្ថានការណ៍បែបនេះក៏ធ្លាប់បានកើតឡើងលើអ៊ុយក្រែនផងដែរ កាលពីពាក់កណ្ដាលឆ្នាំ២០២២ ជាពេលដែលកងកម្លាំង អ៊ុយក្រែនរងការបាញ់ផ្លោងគ្រាប់កាំភ្លើងធំយ៉ាងសន្ធាប់ពីកងកម្លាំងរុស្ស៉ី។

ដូចគ្នាដែរ ប្រសិនបើអ៊ុយក្រែន មិនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ នោះទីក្រុងកៀវក៏មិនអាចការពារប្រជាជន និងកងកម្លាំងរបស់ខ្លួនពីការបាញ់ផ្លោង មីស៊ីល ការវាយប្រហារដោយយន្ដហោះដ្រូន និងយន្ដហោះចម្បាំងពីសំណាក់រុស្ស៉ីនោះដែរ។ បើតាមក្រុមអ្នកវិភាគ លោក ពូទីន អាចនឹងកំពុងទន្ទឹងរង់ចាំឱកាស ល្អមកដល់ នោះគឺលោកចង់ឃើញថាតើអ៊ុយក្រែន និងសម្ព័ន្ធលោកខាងលិច តួយ៉ាងសហរដ្ឋអាមេរិកអាចទ្រាំទ្រនឹងសង្រ្គាមបានយូរប៉ុនណា? ជាពិសេសបើ ប្រធានាធិបតីអាមេរិកនៅក្រោយការបោះឆ្នោតឆ្នាំ២០២៤ ជាមនុស្សដែលប្រឆាំងនឹងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដូចជាលោក ដូណាល់ ត្រាំជាដើម។ ចំណុចនេះហើយគឺជារឿងសំខាន់ដែលអាចឱ្យគេយល់បានថាតើហេតុអ្វីបានជាលោក ពូទីន បន្តបើក ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ និងជាទីក្រុង ជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។

ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ដោយយន្ដហោះដ្រូន និងមីស៊ីលមិនមែនត្រឹមតែអាចសម្លាប់ប្រជាជនអ៊ុយក្រែន ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប៉ុណ្ណោះទេ តែវាក៏មានគោលដៅធ្វើឱ្យប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនចុះទន់ខ្សោយផងដែរ។ ធ្វើដូច្នេះបាន ទើបយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្ររុស្ស៉ី អាចមាន ឧត្តមភាពគ្រប់គ្រងដែនអាកាសក្នុងប្រទេសអ៊ុយក្រែន ដើម្បីគាំទ្រកងទ័ពថ្មើរជើងរុស្ស៉ី។ យន្ដហោះចម្បាំង F-16 និងយន្ដហោះចម្បាំងទំនើបដទៃទៀត ពិតជាអាច កាត់បន្ថយឧត្ដមភាពកងទ័ពអាកាសរុស្ស៉ី ប៉ុន្តែវាត្រូវចំណាយពេលយូរក្នុងការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន។

គួរបញ្ជាក់ថា ស្របពេលដែលសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប កំពុងសម្រុកផលិត និងស្វែររកគា្រប់កាំភ្លើងធំពីសម្ព័ន្ធមិត្តដទៃសម្រាប់ផ្ដល់អ៊ុយក្រែន ក្រុមមន្ត្រីនៃ មន្ទីរបញ្ចកោណ បានប្រាប់សភាទាំង២របស់សហរដ្ឋអាមេរិកថាទីក្រុងវ៉ាស៊ីនតោនមានស្ដុកគ្រប់គ្រាន់នូវ «គ្រាប់បែកចង្កោម» ដែលលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ទទូចសុំពីបណ្ដាមេដឹកនាំលោកខាងលិចក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុនកាលពីខែឧសភាកន្លងទៅ។ ការផ្ដល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ប្រឈមនឹងការជំទាស់យ៉ាងខ្លាំងនៅក្នុងចំណោមតំណាងរាស្ត្រនៃសភាទាំង២ របស់សហរដ្ឋអាមេរិក។ បណ្ដាប្រទេសច្រើនជាង ១០០ ក្នុងនោះភាគច្រើនជាសម្ព័ន្ធមិត្ត របស់អាមេរិក លើកលែងតែសហរដ្ឋអាមេរិកខ្លួនឯងចេញ បានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិមួយហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម។

តែទោះជាយ៉ាងណាក៏ដោយ បើសង្រ្គាមនៅអ៊ុយក្រែន អូសបន្លាយផុតរដូវក្ដៅនេះទៀត នោះអ្វីៗអាចនឹងប្រែប្រួលក៏ថាបាន។ សហរដ្ឋអាមេរិក ធ្លាប់បដិសេធយ៉ាងដាច់ អហង្ការចំពោះការបញ្ជូនយន្ដហោះចម្បាំង និងរថក្រោះប្រយុទ្ធឱ្យទីក្រុងកៀវ តែនៅទីបំផុតទៅអាវុធទាំងនេះត្រូវបានយល់ព្រមប្រគល់អ៊ុយក្រែន នៅក្នុងដំណាក់កាល សំខាន់មកដល់។ ក្នុងសង្រ្គាមមួយដែលមានការប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹង គួបផ្សំជាមួយភាពមិនច្បាស់លាស់នៃជ័យជម្នះរបស់អ៊ុយក្រែន វាគ្មានទៀតទេ «ជម្រើសងាយស្រួល» ដែលនៅសល់៕

អត្ថបទទាក់ទង