Grand News Asia Close

វិភាគអន្តរជាតិ៖ តើការស្លាប់របស់បងទី៣ ក្រុមហាម៉ាស មានន័យយ៉ាងណាចំពោះសង្រ្គាមហ្កាហ្សា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 825
វិភាគអន្តរជាតិ៖ តើការស្លាប់របស់បងទី៣ ក្រុមហាម៉ាស មានន័យយ៉ាងណាចំពោះសង្រ្គាមហ្កាហ្សា? វិភាគអន្តរជាតិ៖ តើការស្លាប់របស់បងទី៣ ក្រុមហាម៉ាស មានន័យយ៉ាងណាចំពោះសង្រ្គាមហ្កាហ្សា?

(វ៉ាស៊ីនតោន)៖ លោក Marwan Issa ដែលជាមេបញ្ជាការរង នៃអង្គភាពយោធាមួយរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងត្រូវបានអ៉ីស្រាអែលចាត់ទុកជាមេគំនិតនៅពីក្រោយ ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើភាគខាងត្បូងអ៉ីស្រាអែល ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បញ្ជាក់ថាបានស្លាប់ហើយ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស មួយរបស់យោធាអ៉ីស្រាអែលកាលពីជាងមួយសប្ដាហ៍មុន។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានពីការស្លាប់របស់លោក Issa កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា បន្ទាប់ពីអ្នកនាំពាក្យ យោធាអ៉ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃទី១១ ខែមីនាថាយន្ដហោះចម្បាំងអ៉ីស្រាអែលបានបើកការវាយប្រហារដោយកំណត់គោលដៅលើលោក Issa និងមន្ត្រីជាន់ខ្ពស់ដទៃ ទៀតរបស់ក្រុមហាម៉ាស នៅក្នុងផ្លូវរូងក្រោមដីមួយកន្លែង ស្ថិតនៅភាគកណ្ដាលតំបន់ហ្កាហ្សា។ ការស្លាប់របស់លោក Issa ដែលស្ថិតនៅក្នុងចំណោមមេដឹកនាំហាម៉ាសដែល អ៉ីស្រាអែលកំពុងតាមប្រមាញ់ បានធ្វើឱ្យរូបលោកក្លាយជាមេដឹកនាំជាន់ខ្ពស់បំផុតមួយរបស់ហាម៉ាសដែលត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។

ក្រុមមន្ត្រីអ៉ីស្រាអែលវិញ ក៏បានចាត់ទុកផងដែរថាការវាយប្រហារតាមផ្លូវអាកាសសម្លាប់លោក Issa គឺជារបកគំហើញមួយនៃយុទ្ធនាការរបស់ពួកគេ ក្នុងការតាមសម្លាប់ផ្ដាច់ពូជមេដឹកនាំ ហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថាការស្លាប់របស់មេហាម៉ាសរូបនេះនឹងមិនបង្កផលប៉ះពាល់ធ្ងរធ្ងរដល់រចនាសម្ព័ន្ធដឹកនាំរបស់ហាម៉ាសនោះទេ។ អ៉ីស្រាអែល កន្លងមក ធ្លាប់បានសម្លាប់មេដឹកនាំនយោបាយ និងយោធាហាម៉ាសជាច្រើននាក់ តែហាម៉ាសតែងតែអាចរកបានមនុស្សថ្មីមកជំនួសជានិច្ច។ ដូច្នេះថាតើការស្លាប់របស់ Marwan Issa មានន័យយ៉ាងណាចំពោះក្រុមហាម៉ាស និងសង្រ្គាមហ្កាហ្សា?

* តើ Marwan Issa មានតួនាទីអ្វីនៅក្នុងក្រុមហាម៉ាស?
លោក Marwan Issa កើតនៅតំបន់ Bureij ភាគកណ្ដាលនៃតំបន់ហ្កាហ្សា ក្នុងឆ្នាំ១៩៦៥ តែគ្រួសាររបស់លោកមានដើមកំណើតមកពីតំបន់មួយស្ថិតនៅក្នុងទីក្រុង Ashkelon របស់អ៉ីស្រាអែលសព្វថ្ងៃ។ លោកបានកាន់តំណែងជាមេបញ្ជាការរងរបស់លោក Mohammed Deif ដែលជាមេបញ្ជាការកងពលតូច Al-Qassam ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយ ជារឿយៗលោកត្រូវបានចាត់ទុកថាជាបងទី៣ របស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ លោក Issa បានកាន់តំណែងជាមេបញ្ជាការរងនេះ ក្រោយការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់ ហាម៉ាសម្នាក់ទៀតឈ្មោះ Ahmed al-Jabari។ លោក Issa មានមុខតំណែងទាំងក្នុងក្រុមប្រឹក្សាយោធា និងការិយាល័យនយោបាយក្រុមហាម៉ាស ដែលគ្រប់គ្រងលោក Yahya Sinwar ជាមេដឹកនាំជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាសនៅហ្កាហ្សា។

ក្រុមអ្នកវិភាគប៉ាឡេស្ទីន និងអតីតមន្ត្រីសន្តិសុខអ៉ីស្រាអែល បានចាត់ទុកលោក Issa ជាអ្នកយុទ្ធសាស្ត្រម្នាក់ដែលបានដើរតួនាទីយ៉ាងសំខាន់ប្រៀបដូចជាខ្សែចងភ្ជាប់រវាងមេដឹកនាំយោធា និងនយោបាយក្រុមហាម៉ាស។ តាមលោក Salah al-Din al-Awawdeh ជាអ្នកវិភាគប៉ាឡេស្ទីនមា្នក់មានទំនាក់ទំនងជិតស្និទ្ធនឹងហាម៉ាស មុខតំណែងរបស់លោក Issa ក្នុងក្រុមហាម៉ាស គឺជាមុខតំណែងខ្សែត្រៀមជួរមុខនៃកងពលតូច Al-Qassam។ ដោយឡែក អតីតប្រមុខចារកម្មយោធាអ៉ីស្រាអែល លោក Tamir Hayman បាននិយាយថាលោក Issa ប្រៀបដូចជា រដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការរង និងជាអ្នកយុទ្ធសាស្ត្រផងរបស់ហាម៉ាស។

* តើលោកជាមនុស្សបែបណា?
លោក Issa គឺជាសមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសដែលមិនសូវមានគេស្គាល់ច្រើនទេ ដ្បិតលោកមិនសូវចេញមុខចេញមាត់ ហើយកម្របង្ហាញខ្លួនជាសាធារណៈបំផុត។ លោក Gerhard Conrad ជាអតីតមន្ត្រីចារកម្មអាល្លឺម៉ង់ម្នាក់ ដែលបានជួបលោក Issa កាលពីជាងមួយទសវត្សរ៍មុន បានចាត់ទុកមេដឹកនាំហាម៉ាសរូបនេះជាមនុស្សម៉ឺងម៉ាត់ និងស្ងៀមស្ងាត់។ «គាត់ (លោក Issa) មិនមែនជាមនុស្សពូកែនិយាយទេ តែគាត់ដឹងថាអ្វីត្រូវនិយាយ ហើយគាត់ជាមនុស្សចូលចិត្តនិយាយត្រង់»។ នេះជាការបញ្ជាក់របស់លោក Conrad នៅក្នុងបទសម្ភាសន៍មួយ។

លោក Conrad បានបន្តថាលោកបានជួបលោក Issa និងមេដឹកនាំជាន់ខ្ពស់ហាម៉ាសជាច្រើននាក់ផ្សេងទៀត ប្រហែលជា១០ដង ចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ក្នុងទីក្រុងហ្កាហ្សា (Gaza City) ជាផ្នែកមួយកិច្ចប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងអ៉ីស្រាអែល និងហាម៉ាស។ តាមលោក Conrad លោក Issa គឺជាអ្នកគ្រប់គ្រងទិន្នន័យអ្នកទោស និងកាន់កាប់បញ្ជី ឈ្មោះអ្នកទោសទាំងអស់សម្រាប់កិច្ចចរចា។ តែទោះជាបែបនេះក្ដី លោក Conrad បានឱ្យដឹងថាលោក Issa នៅពេលនោះស្ថិតនៅក្រោមបង្គាប់អតីតមេបញ្ជាការរងកងពលតូច Al-Qassam គឺលោក al-Jabari ហើយរហូតទាល់តែលោក al-Jabari ត្រូវបានគេធ្វើឃាត ទើបអំណាចរបស់លោក Issa រីកធំឡើង។ តែលោកនៅតែលាក់ខ្លួនពីភ្នែកអ្នកដទៃដដែល។ អ្នកវិភាគដូចជាលោក Awawdeh បានចាត់ទុកលោក Issa ជាមនុស្សម្នាក់ចូលចិត្តសម្ងំលាក់ខ្លួន ឬជាទូទៅគេហៅលោកថា «បុរសស្រមោល»។ នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយកាលពីឆ្នាំ២០២១ លោក Issa បានលើកឡើងតួនាទីរបស់លោកក្នុងការចរចាដោយប្រយោលជាមួយអ៉ីស្រាអែល រហូតដល់សម្រេចបានការដោះលែងអ្នកទោសប៉ាឡេស្ទីន ១០០០នាក់ ជាថ្នូរនឹងការដោះលែង ទាហានអ៉ីស្រាអែលម្នាក់។

* តើការស្លាប់របស់លោក មានន័យយ៉ាងណាចំពោះក្រុមហាម៉ាស?
ដូចដែលបានរៀបរាប់ខាងលើ ក្រុមអ្នកជំនាញបានចាត់ទុកលោក Marwan Issa ជាមនុស្សជំនិតម្នាក់ដ៏សំខាន់របស់លោក Deif និងលោក Sinwar។ តែពួកគេយល់ថាការស្លាប់របស់លោក នឹងមិនគំរាមកំហែងដល់អាយុជីវិតរបស់ក្រុមហាម៉ាសទាំងមូល នោះឡើយ។ «នៅក្នុងក្រុមហាម៉ាសតែងតែមានមនុស្សជំនួសជានិច្ច ហើយខ្ញុំមិនគិតនោះទេថាការធ្វើឃាតសមាជិកណាមួយ នៃកងពលតូច Al-Qassam នឹងធ្វើឱ្យរាំងស្ទះដល់សកម្មភាពរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក Awawdeh។

ចំណែក លោក Michael Milshtein ជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់យោធាអ៉ីស្រាអែលវិញ និងជាអ្នកជំនាញម្នាក់លើកិច្ចការប៉ាឡេស្ទីន យល់ឃើញថាការស្លាប់របស់លោក Issa គឺជាការបាត់បង់មួយដ៏ធំសម្រាប់កងពលតូច Al-Qassam បើទោះជាលោកសារភាពថាវាមិនមែនជាទីបញ្ចប់នៃពិភពលោកសម្រាប់ក្រុមហាម៉ាសក៏ដោយ។ លោក Milshtein បន្ថែមថា «លោក Issa មានបទពិសោធន៍ជោគជាំ។ ដូច្នេះប្រាកដណាស់ ការស្លាប់របស់លោកជាការបាត់បង់ដ៏ធំមួយរបស់ក្រុមហាម៉ាស។ ប៉ុន្តែវាមិនមែនជាការបាត់បង់ដែលនាំទៅរកការដួលរលំក្រុមទាំងមូល នោះទេ ហើយក៏នឹងមិនបង្កផលប៉ះពាល់យូរអង្វែងនោះដែរ។ ពោលគឺប្រហែលជាមួយសប្ដាហ៍ ឬ ២សប្ដាហ៍ ក្រុមហាម៉ាសនឹងជម្នះរឿងមួយនេះបាន។ ម្យ៉ាងទៀត ទោះបីជាគំនិតយោបល់ របស់លោក Issa មានតម្លៃនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសក៏ពិតមែន តែការពិតលោកមិនមែនជាអ្នកបញ្ជាដោយផ្ទាល់លើក្រុមអ្នកប្រយុទ្ធហាម៉ាសទេ ដែលនេះមានន័យថាការស្លាប់ របស់លោកក៏នឹងមិនធ្វើឱ្យរារាំងស្ទះដល់ប្រតិបតិ្តការរបស់ហាម៉ាសនោះដែរ៕

 

អត្ថបទទាក់ទង