Grand News Asia Close

អ្នកវិភាគសេដ្ឋកិច្ច៖ តើកត្តាអ្វីខ្លះ ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ បច្ចេកវិទ្យា 341
អ្នកវិភាគសេដ្ឋកិច្ច៖ តើកត្តាអ្វីខ្លះ ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា? អ្នកវិភាគសេដ្ឋកិច្ច៖ តើកត្តាអ្វីខ្លះ ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា?

(ភ្នំពេញ)៖ បើយើងមើលនឹងភ្នែកដោយដុំៗ អត្រាភាពក្រីក្រកម្ពុជា ហាក់រងសម្ពាធពីក្រុមអ្នករិះគន់ ប៉ុន្តែបើយើងពិនិត្យមើលនយោបាយសេដ្ឋកិច្ចវិញ គឺពិភពលោកសរសើរកម្ពុជា ដែលកម្ពុជាមានល្បឿននៃការអភិវឌ្ឍលឿននិងសុខុមាលភាពពលរដ្ឋកម្ពុជាកាន់តែប្រសើរ។

បច្ចុប្បន្នចំនួនពលរដ្ឋជាច្រើនលាននាក់បានរួចចាកផុតពីភាពក្រីក្រ តាមរយៈនយោបាយសេដ្ឋកិច្ច និងការអភិវឌ្ឍចំទិសដៅដែលពលរដ្ឋកម្ពុជាត្រូវការ។
ជាក់ស្ដែង នៅចន្លោះពេល១០ឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាប្រមាណ ២លាននាក់បន្ថែមទៀតបានរួចចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្នអត្រាភាពក្រីក្រនៅទូទាំងប្រទេស មានកម្រិតត្រឹមតែ១១%ប៉ុណ្ណោះ បើធៀបនឹងប្រជាជនកម្ពុជាសរុប។

តួលេខនេះពិភពលោកកត់សម្គាល់ឃើញថា គោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន និងបង្កើតប្រាក់ចំណូលរបស់ប្រជាជនមានប្រសិទ្ធភាពពិតប្រាកដ ដែលពិភពលោកចាត់ទុកកម្ពុជា ជាគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់តំបន់និងពិភពលោក។

គិតត្រឹមឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ ប្រទេសកម្ពុជាសម្រេចបានផ្លែផ្កាដែលចេញមកពីដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលស្របទៅនឹងពិភពលោកចង់បាន។ ក្នុងនោះ ទីមួយ ល្បឿននៃកំណើនសេដ្ឋកិច្ចខ្ពស់នៅថ្នាក់តំបន់និងពិភពលោក ដែលសម្រេចបាន៧% ជាមធ្យមប្រចាំឆ្នាំ ទីពីរ អត្រាភាពក្រីក្រធ្លាក់ចុះពី ៤៧% មកត្រឹម១១%នាពេលបច្ចុប្បន្ន និងទីបី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងអស់ ដែលសម្រេចបានប្រមាណ ៧០%នៃទំហំសេដ្ឋកិច្ចសរុប។

ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា (World Bank Cambodia) លើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានល្បឿន នៃកំំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតមួយនៅលើសកលលោក ដែលបានបានជួយរុញស្ថានភាពអភិវឌ្ឍកម្ពុជារួចចាកផុតពីប្រទេសក្រីក្របំផុតមួយ នៅត្រឹមឆ្នាំ២០១៥។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោកប្រចាំឆ្នាំ២០២៣ បានបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមមានកម្រិត៧% បានជួយលើកស្ទួយប្រាក់ចំណូលពលរដ្ឋម្នាក់កើនឡើងប្រចាំឆ្នាំ៥.៤% បើគិតនៅរយៈពេល ១០ឆ្នាំចុងក្រោយ។

ភាពរីកចម្រើនសេដ្ឋកិច្ចនិងការបង្កើតការងារសេដ្ឋកិច្ចកម្ពុជា បានមកពីសកម្មភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយសកម្មភាពនេះ បានបង្កើតការងារដល់ប្រជាជនកម្ពុជា។ ជាក់ស្ដែងវិស័យនាំចេញ បានចូលរួមចំណែកបង្កើតការងារដែលមានប្រាក់ឈ្នួលជាង៣០% បើធៀបនឹងការងារទទួលបានប្រាក់ឈ្នួលសរុបរបស់កម្ពុជា។ ក្រៅពីនេះវិស័យកាត់ដេរនិងសម្លៀកបំពាក់ បង្កើតការងារប្រមាណ ១លាននាក់ និងវិស័យទេសចរណ៍ បង្កើតការងារ២លាននាក់នៅទូទាំងប្រទេស។ ការងារទាំងអស់នេះ បង្កើតឡើងដោយវិស័យឯកជន ដែលកំពុងប្រតិបត្តិការផលិត និងនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេសកម្ពុជា។

ការងារវិស័យឯកជនសរុបនៅប្រទេសកម្ពុជា មានចំនួន ៣លាន៨សែនកន្លែង ដែលទទួលបានប្រាក់ឈ្នួល ក្នុងនោះការងារជាមន្រ្តីរដ្ឋាភិបាលប្រមាណ ៤សែនកន្លែង។ ចំពោះវិស័យឯកជនក្នុងស្រុក បានបង្កើតការងារប្រមាណ ២លាន៣សែនកន្លែង និងវិស័យឯកជនបរទេស មានប្រមាណណ១លានកន្លែង។

កសិកម្មនិងការងារ បើយោងតាមឯកសារសង្ខេបរបស់ធនាគារពិភពលោក ការតាមដាន និងវាយតម្លៃលើភាពក្រីក្រ គឺបានរកឃើញថា មូលហេតុដែលប្រជាពលរដ្ឋជនបទ គេចផុតពីភាពក្រីក្របាន ដោយសារតែកត្តាសំខាន់៥ គឺទីមួយ តម្លៃអង្ករកើនឡើងខ្ពស់ ទីពីរ កំណើនផលិតកម្មស្រូវ ទីបី កំណើនប្រាក់ចំណូលរបរតូចតាច ទីបួន គឺកំណើនថ្លៃឈ្នួលពលកម្មជនបទ និងទីប្រាំ កំណើនការងារដែលមានប្រាក់បៀវត្សរ៍ នៅទីក្រុង ឬទីប្រជុំជន។ ដោយឡែកគោលនយោបាយឧត្ថម្ភសាច់ប្រាក់ពេលកូវីដ ឧបត្ថម្ភសាច់ប្រាក់ពេលអតិផរណា និងគ្រោះទឹកជំនន់ ក៏រួមចំណែកកាត់បន្ថយអត្រានៃភាពក្រីក្របច្ចុប្បន្នផងដែរ។

កត្តាទាំងប្រាំនេះ បានជួយឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលធ្វើឱ្យល្បឿននៃការកាត់បន្ថយភាពក្រីក្រ បានធ្លាក់ចុះច្រើនជាងពាក់កណ្ដាល ដែលតួលេខបច្ចុប្បន្ន អត្រាភាពក្រីក្រមានកម្រិត១១%។ ប៉ុន្តែធនាគារពិភពលោកបានក្រើនរំលឹកថា ប្រជាពលរដ្ឋនៅជនបទ ដែលរួចចាកផុតពីភាពក្រីក្រនោះ អាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ប្រសិនបើពួកគាត់បាត់បង់ចំណូលប្រមាណ ១២០០រៀល ក្នុងមួយថ្ងៃ ដែលអាចនឹងធ្វើឱ្យអត្រាភាពក្រីក្រឡើងរហូតដល់៤០%សាជាថ្មី។

យោងតាមតួលេខរបស់ធនាគារពិភពលោក ប្រជាពលរដ្ឋដែលនៅលើបន្ទាត់ភាពក្រីក្រតែបន្តិចមានចំនួនជាង ៣លាននាក់នៅទូទាំងប្រទេសកម្ពុជា។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ គឺទំនងជាត្រូវមានផែនការអភិវឌ្ឍមូលដ្ឋានដែលរឹងម៉ាំ ជាពិសេស គឺជួយកត្តាបីសំខាន់ជាអាទិភាព ទីមួយ៖ ការបន្តកសាង លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងពិពិធកម្មកសិកម្ម ទីពី៖ ការវិនិយោគធនធានមនុស្ស និងទីបី ការអនុវត្តប្រព័ន្ធគាំពារសង្គម។

បើផ្នែកលើតួលេខរបស់ធនាគារពិភពលោក វិស័យកសិកម្មនៅជនបទ បានជួយកាត់បន្ថយភាពក្រីក្រ និងជួយលើកស្ទួយជីវភាពប្រពលរដ្ឋ ដែលមានចំណែករហូតដល់ ៦០% បើធៀបនឹងការងារនៅទីក្រុង ដែលមានចំណែកប្រមាណតែ ៤% ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ដូច្នេះ ការពឹងលើវិស័យកសិកម្មតែមួយមុខ មិនអាចជួយលើកស្ទួយជីវភាពប្រជាបលរដ្ឋបានជាយូអង្វែងនោះទេ។ នៅក្នុងរយៈពេលមធ្យម និងវែង សកម្មភាពសេដ្ឋកិច្ចមិនមែនកសិកម្ម គឺជាមធ្យោបាយដ៏ចម្បងមួយ ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅប្រទេសកម្ពុជា៕

ដោយ៖ អាន ស៊ីថាវ

អត្ថបទទាក់ទង