Grand News Asia Close

វិភាគអន្តរជាតិ៖ តំបន់អាស៊ី ក្នុងឆ្នាំ២០២៥

ដោយ៖ ម៉ម សុគន្ធ ​​ | ម្សិលមិញ ម៉ោង 8:26 am ទស្សនៈ-នយោបាយ 315
វិភាគអន្តរជាតិ៖ តំបន់អាស៊ី ក្នុងឆ្នាំ២០២៥ វិភាគអន្តរជាតិ៖ តំបន់អាស៊ី ក្នុងឆ្នាំ២០២៥

(វ៉ាស៊ីនតោន)៖ លទ្ធភាពនៃការផ្ទុះឡើងសាជាថ្មីនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ភាពតានតឹងនៅតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ព្រមទាំងសំណុំរឿងកូរ៉េខាងជើង ទំនងជានឹងគ្របដណ្ដប់ លើរបៀបវារៈនយោបាយនៅតំបន់អាស៊ី ក្នុងឆ្នាំ២០២៥ ហើយភាគច្រើននៃស្ថានការណ៍ទាំងនេះគឺនឹងអាស្រ័យទៅលើទំនាក់ទំនងរបស់តំបន់អាស៊ីជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ កាលពីអាណត្តិទី១របស់លោក ត្រាំ គោលនយោបាយ «America First ឬតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» បានធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកឈឺក្បាល និងធ្វើឱ្យប៉េកាំង រួមទាំងព្យុងយ៉ាងក្ដៅស្លឹកត្រចៀក មិនតិចនោះទេ។ ដូច្នេះតើតំបន់អាស៊ីក្នុងឆ្នាំ២០២៥ នឹងមានសភាពបែបណា?

* ទំនាក់ទំនងល្អូកល្អិនរវាងលោក ត្រាំ និងលោក ស៊ី ជីពីង នឹងកំណត់ពីអនាគត
ការស្ដារឡើងវិញដោយជោគជ័យនូវទំនាក់ទំនងមិត្តភាពរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ នឹងកំណត់បានថាតើការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងអាមេរិក និងចិន នឹងស្ថិត ក្នុងទិសដៅបែបណា នៅក្រោមអាណត្តិទី២របស់លោក ត្រាំ។ ការគំរាមកំហែងរបស់លោក ត្រាំ ថានឹងយកពន្ធយ៉ាងហោច ៦០ភាគរយលើទំនិញនាំចូលពីចិន គឺមិនបានរលាយបាត់ពីផ្នត់គំនិតរបស់ចិន នោះទេ។ Bloomberg Economics បានវាយតម្លៃថាការយកពន្ធបែបនេះអាចនឹងកាត់បន្ថយដល់ទៅ ៨៣ភាគរយនៃការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។ ដូច្នេះក្នុងពេលកំណើនសេដ្ឋកិច្ចមាន ភាពយឺតយ៉ាវ វិបត្តិអចលនទ្រព្យ និងការកើនឡើងចំនួនអ្នកគ្មានការងារធ្វើ លោក ស៊ី ជីនពីង អាចនឹងរកមធ្យោបាយកាត់បន្ថយហានិភ័យដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មថ្មីណាមួយ ហើយរំពឹងថា ជំនួបទល់មុខជាមួយលោក ត្រាំ គឺជាឱកាសល្អសម្រាប់ចិនដើម្បីស្វែងរកកិច្ចព្រមព្រៀង។ តែព្រមពេលជាមួយគ្នា វ៉ាស៊ីនតោននឹងនៅតែបន្តតាមសម្លឹងមិនដាក់ភ្នែកចំពោះការពង្រីកសកម្មភាពយោធា និងមហិច្ឆតារបស់ចិន ពេញមួយអាណត្តិទី២របស់លោក ត្រាំ។

* តៃវ៉ាន់នឹងប្រឹងប្រែងលួងលោមលោក ត្រាំ
រឿងមួយដែលលោក ស៊ី ជីនពីង មិនអាចដាក់នៅលើតុចរចាបាន នោះគឺតៃវ៉ាន់។ ចិនអះអាងថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថាការបង្រួបបង្រួមជាតិជារឿងចៀសមិនរួច។ ការបង្រួបបង្រួមជាមួយ តៃវ៉ាន់ជាផ្នែកនៃមហិច្ឆតារបស់លោក ស៊ី ជីនពីង ដែលចង់ប្រែក្លាយចិនទៅជាកំពូលមហាអំណាចពិភពលោកនៅឆ្នាំ២០៤៩។ សម្រាប់តៃប៉ិ មហិច្ឆតារបស់លោក ស៊ី ជីនពីង ជាការគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួន ស្របពេលយុវជនតៃវ៉ាន់មួយភាគធំ កំពុងកាត់ផ្ដាច់វប្បធម៌ និងអត្តសញ្ញាណពីចិនដីគោក។ ប៉េកាំងចាត់ទុកមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ជាក្រុមឧទ្ទាមទាមទារផ្ដាច់ទឹក ហើយការគាំទ្រណាមួយរបស់អាមេរិក ចំពោះឯករាជ្យភាពតៃវ៉ាន់ជា «បន្ទាត់ក្រហម»។ លោក Lai ធ្លាប់ទទួលបានការគាំទ្រ និងជំនួយយោធាពីសហរដ្ឋអាមេរិកយ៉ាងខ្លាំងពីរដ្ឋបាលលោកប្រធានាធិបតី ចូ​ បៃដិន។ តែនៅក្រោមអាណត្តិរបស់លោក ត្រំា អ្វីៗមិនអាចធានាបាននោះទេ។ តៃវ៉ាន់អាចនឹងត្រូវបំពាក់អាវុធដោយខ្លួនឯង តែក៏ត្រូវលេងល្បែងការទូតឱ្យមានប្រសិទ្ធភាពផងដែរ។

* ហ្វីលីពីន និងសហរដ្ឋអាមេរិក សម្ព័ន្ធភាពមួយស្ថិតក្នុងការសង្ស័យ
ដោយសារតែពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ហ្វីលីពីនក៏ងាយនឹងរងគ្រោះដែរ។ ពោលថាតើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅតែរឹងមាំ ក្រោមជំនាន់លោក ត្រាំ ឬក៏ចិនអាចមានសមត្ថភាពបំបែកបំបាក់? តាមលោកស្រី Susannah Patton ជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថាន Lowy Institute មានមូលដ្ឋាននៅអូស្ត្រាលី ជាមួយគោលនយោបាយ «America First» និងជាមនុស្សគិតលើផលចំណេញជាធំ លោក ត្រាំ អាចនឹងគិតក្នុងចិត្តថា «ថាតើលោក និងសហរដ្ឋអាមេរិកនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីការគាំទ្រហ្វីលីពីនតតាំងជាមួយចិន»។ កត្តានេះហើយដែលនឹងកំណត់ថាតើវ៉ាស៊ីនតោនអាចនឹងធ្វើអន្តរាគមន៍ ជួយហ្វីលីពីនដែរឬក៏អត់ នៅពេលម៉ានីលត្រូវការ? សេណារីយ៉ូបែបនេះមិនមែនជារឿងងាយស្រួលសម្រាប់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅក្នុងការតស៊ូប្រឆាំងនឹងចិនតែម្នាក់ឯងនៅឯ តំបន់សមុទ្រចិនខាងត្បូង ជាទីដែលនាវាឆ្មាំសមុទ្រហ្វីលីពីន តែងតែប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយនាវាឆ្មាំសមុទ្រចិនក្នុងឆ្នាំ២០២៤។

* កូរ៉េខាងជើង និងរុស្ស៉ី នឹងកាន់តែស្អិតល្មួត
គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ នឹងផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែន សង្រ្គាមនៅហ្កាហ្សា វិបត្តិនៅស៊ីរី និងកូរ៉េខាងជើង។ កូរ៉េខាងជើងទំនឹងជាក្លាយជាបញ្ហាដ៏ឈឺក្បាបំផុតមួយ នៅក្នុងតំបន់អាស៊ី សម្រាប់រដ្ឋបាលលោក ត្រាំ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាថានឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយឥលូវលោកមានបំណងពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី ដើម្បីជួយរូបលោក សម្រេចគោលដៅទាំងនោះ។ ជាថ្នូរត្រឡប់ទៅវិញ លោក គីម បានបញ្ជូនអាវុធ និងកងទ័ពទៅជួយរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានរំពឹងថានឹងកាន់តែរឹងមាំឡើង ខណៈលោក ពូទីន កំពុងត្រូវការកងទ័ពបន្ថែមតាមដែលលោកអាចទទួលបាន។

* វិបត្តិនយោបាយកូរ៉េខាងត្បូង ជាឱកាសល្អសម្រាប់ចិន
ការកើនឡើងទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៉ី កើតមានឡើងចំពេលសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូងកំពុងជាប់រវល់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ វិបត្តិនយោបាយរបស់កូរ៉េខាងត្បូង ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ខណៈការបោះឆ្នោតប្រធានាធិបតីត្រូវបានរំពឹងថានឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខ។ តាមក្រុមអ្នកវិភាគខ្លះ ប្រសិនបើការបោះឆ្នោតប្រធានាធិបតីពិតជាកើតឡើងមែន នោះកូរ៉េខាងត្បូងអាចនឹង មានប្រធានាធិបតីថ្មីម្នាក់ដែលមានទំនោរចង់មានទំនាក់ទំនងល្អជាមួយចិន ខ្លាំងជាងនៅក្រោមការដឹកនាំដោយប្រធានាធិបតី លោក Yoon Suk Yeol ដែលមានទំនោរងាកទៅរកសហរដ្ឋអាមេរិក។

នៅក្រោមរដ្ឋបាលលោក បៃដិន សហរដ្ឋអាមេរិកបានពង្រឹងវត្តមានរបស់ខ្លួនសាជាថ្មីនៅក្នុងតំបន់អាស៊ី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដែលធ្លាប់រកាំរកូសជាមួយអាមេរិក ក្រោមអាណត្តិទី១ របស់លោក ត្រាំ។ តែជាមួយការវិលត្រឡប់មកវិញនៃនយោបាយ America First និងការគំរាមដំឡើងពន្ធ ភាពមិនច្បាស់លាស់ និងការសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក កំពុងកើតឡើងសាជាថ្មីផងដែរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង