Grand News Asia Close

អារ៉ាប៊ីសាអូឌីតស្នើឱ្យពង្រឹងសន្តិសុខដែនសមុទ្រ នៅតំបន់ឈូងសមុទ្រពែរ្ស ក្រោយស្តារទំនាក់ទំនងឡើងវិញជាមួយអ៉ីរ៉ង់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 883
អារ៉ាប៊ីសាអូឌីតស្នើឱ្យពង្រឹងសន្តិសុខដែនសមុទ្រ នៅតំបន់ឈូងសមុទ្រពែរ្ស ក្រោយស្តារទំនាក់ទំនងឡើងវិញជាមួយអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីតស្នើឱ្យពង្រឹងសន្តិសុខដែនសមុទ្រ នៅតំបន់ឈូងសមុទ្រពែរ្ស ក្រោយស្តារទំនាក់ទំនងឡើងវិញជាមួយអ៉ីរ៉ង់

 

(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានលើកឡើងថា ទីក្រុងរីយ៉ាដចង់បានការធ្វើឱ្យសន្តិសុខដែនសមុទ្រ កាន់តែមានភាពរឹងមាំជាងមុន នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស គឺជាផ្នែកមួយនៃការស្តារទំនាក់ទំនងឡើងវិញរបស់ខ្លួនជាមួយអ៉ីរ៉ង់ ដែលកន្លងមកជាគូបដិបក្ខនឹង​គ្នា ច្រើនឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីនហ្វាហាន (Faisal bin Farhan) ដែលជារដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងដូច្នេះថា «ខ្ញុំចង់គូសរំលេចអំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពាក់ព័ន្ធសន្តិសុខក្នុងតំបន់ ជាពិសេសគឺសន្តិសុខតាមដែនសមុទ្រ ហើយនិងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេស​ទាំងអស់ ដែលស្ថិតក្នុងតំបន់នេះដើម្បីធានាថា វាគ្មានវត្តមានអាវុធប្រល័យលោក»។ ក្រោយកិច្ចពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ដូឡោះហ៉ីយ៉ាន (Hossein Amirabdollahian) ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ ព្រះអង្គម្ចាស់ ហ្វៃសាល់ ក៏បានឱ្យដឹងផងដែរថា ព្រះមហាក្សត្រនិងរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត កំពុងតែទន្ទឹងរង់ចាំការបំពេញទស្សនកិច្ច របស់ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) ទៅកាន់ព្រះរាជាណាចក្រអារ៉ាប់មួយនេះ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៉ីរ៉ង់ កាលពីឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករបានចូលវាយប្រហារស្ថានទូតរបស់ខ្លួន នៅទីក្រុងតេហេរ៉ង់ ដើម្បីសងសឹកចំពោះ ការប្រហារជីវិតបុព្វជិតនិកាយស៉ីអ៉ីតល្បីឈ្មោះម្នាក់ ដោយទីក្រុងរីយ៉ាដ។ យ៉ាងណាមិញ កាលពីខែមីនា ឆ្នាំនេះ អារ៉ាប៊ីសាអូឌីតនិងអ៉ីរ៉ង់ បានព្រមព្រៀងគ្នាក្រោមការជួយសម្រុះសម្រួលរបស់ចិន ដើម្បីបញ្ចប់ជម្លោះការទូតនិងស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីអរិភាពរាប់ឆ្នាំ ដែលបានបង្កអស្ថិរភាពក្នុងតំបន់ រួមមានទាំងនៅតំបន់ឈូងសមុទ្រពែរ្សផ្ទាល់ ព្រមទាំងនៅយេម៉ែន ស៉ីរី និងលីបង់៕

អត្ថបទទាក់ទង