មេដឹកនាំកំពូលអ៉ីរ៉ង់៖ លោកខាងលិច មិនអាចបញ្ឈប់យើងបានឡើយ បើយើងចង់ផលិតអាវុធនុយក្លេអ៊ែរ
(ឌូបៃ)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលី ខាមីណៃ (Ayatollah Ali Khamenei) បាននិយាយថាលោកខាងលិចមិនអាចបញ្ឈប់អ៉ីរ៉ង់ ពីការផលិត អាវុធនុយក្លេអ៊ែរបាននោះទេ ប្រសិនបើទីក្រុងតេហេរ៉ង់ជ្រើសរើសយកការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ខណៈភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរ ហាក់មិនមានភាព ធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសុន្ទរកថាមួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ខាមីណៃ បានគូសបញ្ជាក់ដូច្នេះថា «ការនិយាយពីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ គឺជារឿងកុហក ហើយពួកគេ (លោកខាងលិច) ក៏ដឹងច្បាស់ពីរឿងនេះដែរ។ យើងមិនចង់បានអាវុធនុយក្លេអ៊ែរឡើយ ឈរលើ គោលជំហរសាសនារបស់យើង។ ប៉ុន្តែ ពួកគេក៏មិនអាចបញ្ឈប់យើងបាននោះដែរ»។
គួរបញ្ជាក់ថា បើតាមលោក ខាមីណៃ អ៉ីរ៉ង់មិនមានបញ្ហាអ្វីទេ ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយលោកខាងលិច ប៉ុន្តែរឿងបែបនេះអាចធ្វើទៅបាន លុះត្រាតែ ហេដ្ឋារចនាសម្ព័ន្ធនៃឧស្សាហកម្មនុយក្លេអ៊ែររបស់អ៉ីរ៉ង់ មិនរងការខូចខាត ឬគ្មាននរណាមកប៉ះពាល់៕