Grand News Asia Close

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង អំពាវនាវដល់លោក ពូទីន ថា សង្រ្គាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 322
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង អំពាវនាវដល់លោក ពូទីន ថា សង្រ្គាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់  ប្រធានាធិបតីអាហ្រ្វិកខាងត្បូង អំពាវនាវដល់លោក ពូទីន ថា សង្រ្គាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ 

(មូស្គូ)៖ ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង ដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ក្នុងផ្នែកនៃប្រតិភូមេដឹកនាំទ្វីបអាហ្រ្វិក ក្រោមគោលដៅជួយស្វែងរកសន្តិភាព រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ បានអំពាវនាវកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទៅកាន់សមភាគីរុស្ស៉ីរបស់លោកថា សង្រ្គាមបង្ហូរឈាម​នៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែបញ្ឈប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងសាំងភីតស្បឺគ (Saint Petersburg) ប្រធានាធិបតីអាហ្រ្វិកខាងត្បូង​ លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយយ៉ាងដូច្នេះថា «សង្រ្គាមនេះត្រូវតែបញ្ចប់ តាមរយៈកិច្ចចរចាដោយសន្តិវិធី និងមធ្យោបាយការទូត»។ មេដឹកនាំអាហ្រ្វិករូបនេះបានបន្ថែមថា គណៈប្រតិភូរបស់លោក ដែលរួមមានមេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ មកពីប្រទេសអាហ្រ្វិកមួយចំនួនទៀត ចង់ឱ្យ​សង្រ្គាមអ៊ុយក្រែនត្រូវបិទបញ្ចប់។

ប្រតិភូរបស់លោក Ramaphosa បានដាក់ចេញនូវសំណុំគោលការណ៍១០ចំណុច ដែលរួមមានទាំង ការបន្ធូរបន្ថយភាពតានតឹង ការទទួលស្គាល់ចំពោះ​អធិបតេយ្យប្រទេសនីមួយៗ ការធានាសន្តិសុខសម្រាប់ប្រទេសទាំងអស់ ការនាំចេញគ្រាប់ធញ្ញជាតិដោយគ្មានឧបសគ្គតាមសមុទ្រខ្មៅ ហើយនិង​ការបញ្ជូនឈ្លើយសឹកនិងកុមារ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ជាដើម។ យ៉ាងណាក្តី វិមានក្រឹមឡាំងបានចាត់ទុកថា គោលការណ៍ទាំងអស់នេះ គឺពិបាកក្នុងការអនុវត្តជាក់ស្តែង។ មុនមកដល់រុស្ស៉ី លោក Ramaphosa ក៏បានជួបប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរ ប៉ុន្តែ​លោក ហ្សេលេនស្គី បានច្រានចោលនូវលទ្ធភាពចរចាគ្នាជាមួយទីក្រុងមូស្គូ។

គួរបញ្ជាក់ថា បេសកកម្មជួយស្វែងរកសន្តិភាពរបស់តំបន់អាហ្រ្វិកខាងលើ រួមមានប្រធានាធិបតីមកពីអាហ្រ្វិកខាងត្បូង សេណេហ្កាល់ កូម័រ (Comoros) និងសំប៊ី (Zambie) ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីអ៊ូហ្កង់ដា អេហ្ស៉ីប និងកុងហ្គោ៕

អត្ថបទទាក់ទង