Grand News Asia Close

ធនាគារ UBS រំពឹងបញ្ចប់ការកាន់កាប់ធនាគារ Credit Suisse នៅសប្តាហ៍ក្រោយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ 475
ធនាគារ UBS រំពឹងបញ្ចប់ការកាន់កាប់ធនាគារ Credit Suisse នៅសប្តាហ៍ក្រោយ ធនាគារ UBS រំពឹងបញ្ចប់ការកាន់កាប់ធនាគារ Credit Suisse នៅសប្តាហ៍ក្រោយ

(ហ្ស៊ីរិច)៖ ធនាគារ UBS បានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនរំពឹងថានឹងបញ្ចប់ការកាន់កាប់ធនាគារ Credit Suisse យ៉ាងយូរនៅថ្ងៃទី១២ ខែមិថុនាខាងមុខ ដែលនឹងបង្កើតបានជាធនាគារស្វីសដ៏ធំមួយជាមួយនឹងតារាងតុល្យការចំនួន ១,៦ពាន់ពាន់លានដុល្លារបន្ទាប់ពីការជួយសង្គ្រោះដែលគាំទ្រដោយរដ្ឋាភិបាលស៊្វីសកាលពីដើមឆ្នាំនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារ UBS បានឱ្យដឹងថា ការបញ្ចប់ការកាន់កាប់នេះត្រូវមានរបាយការណ៍ចុះបញ្ជី ដែលគ្របដណ្តប់លើភាគហ៊ុនដែលត្រូវចែកចាយ ភាគហ៊ុនដែលត្រូវបានប្រកាសដោយគណៈកម្មការមូលបត្រអាមេរិក និងលក្ខខណ្ឌបិទបញ្ចប់ដែលនៅសល់ផ្សេងទៀត។

ធនាគារ UBS បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ធនាគារ UBS រំពឹងថានឹងបញ្ចប់ការទិញយកធនាគារ Credit Suisse យ៉ាងយូរនៅថ្ងៃទី១២ ខែមិថុនា។ នៅពេលនោះ ធនាគារ Credit Suisse Group AG នឹងត្រូវបានបញ្ចូលទៅក្នុងធនាគារ UBS Group AG»។

ធនាគារលេខ១ របស់ប្រទេសស៊្វីសនេះនៅថ្ងៃទី១៩ ខែមីនាបានយល់ព្រមបង់ប្រាក់ចំនួន ៣ ពាន់លានហ្វ្រង់ស៊្វីស (៣,៣៧ពាន់លានដុល្លារ) ហើយទទួលយកការខាតបង់ចំនួន ៥ពាន់លានហ្វ្រង់សម្រាប់ការទិញយកធនាគារជាគូប្រជែងរបស់ខ្លួននេះបន្ទាប់ពីបានដួលរលំដោយសារការបាត់បង់ទំនុកចិត្តពីអតិថិជន ដែលជំរុញឱ្យអាជ្ញាធរស៊្វីសចាត់វិធានការទប់ស្កាត់ដើម្បីកុំឱ្យមានវិបត្តិធនាគារកាន់តែទូលំទូលាយ។

ធនាគារ UBS បានបន្ថែមថា នៅពេលបញ្ចប់ការចូលកាន់កាប់នេះ ភាគហ៊ុនរបស់ធនាគារ Credit Suisse និងភាគហ៊ុនរបស់ធនាគារនេះនៅអាមេរិក ឬហៅថា American Depositary Shares (ADS) នឹងត្រូវលុបចេញពីផ្សារហ៊ុនស៊្វីស SIX Swiss Exchange (SIX) និងផ្សារហ៊ុន New York Stock Exchange (NYSE)។ ផ្សារហ៊ុន SIX បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ភាគហ៊ុនរបស់ធនាគារ Credit Suisse នឹងត្រូវលុបចេញពីផ្សារហ៊ុនរបស់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទទាក់ទង