ឥណ្ឌូណេស៉ីប្រកាសថា អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងបង្អស់ នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំនេះ
(ហ្សាការតា)៖ ឥណ្ឌូណេស៉ីនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង ខណៈវានឹងជាសមយុទ្ធយោធាពហុភាគីថ្មីចុងក្រោយគេ ក្នុងគ្រាដែលភាពតានតឹងក៏ដូចជាភាពមិនច្បាស់លាស់ កំពុងតែកើនឡើងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។
ការសម្រេចចិត្តប្រារព្ធសមយុទ្ធខាងលើ ត្រូវបានធ្វើឡើងកំលុងកិច្ចប្រជុំមួយរវាងមេបញ្ជាការយោធា នៃប្រទេសសមាជិកអាស៊ានទាំង១០ នៅឯប្រទេសឥណ្ឌូណេស៉ី ដែលឆ្នាំនេះមានតួនាទីជាប្រធានប្តូរវេន។ ឥណ្ឌូណេស៉ីនឹងធ្វើម្ចាស់ផ្ទះរៀបចំសមយុទ្ធយោធានោះ នៅសមុទ្រណាទូណាខាងជើង (North Natuna Sea) ដែលជាដែនទឹកនៅចុងភាគខាងត្បូង នៃតំបន់សមុទ្រចិនខាងត្បូង។
មេបញ្ជាការយោធាឥណ្ឌូណេស៉ី លោក យ៊ូដូ ម៉ាហ្គោណូ (Yudo Margono) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមយុទ្ធយោធារួម នឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ ហើយនឹងមិនមានរួមបញ្ចូលការហ្វឹកហាត់ណាមួយ ដែលផ្តោតលើប្រតិបត្តិការប្រយុទ្ធឡើយ។ បើយោងតាម លោក ម៉ាហ្គោណូ គោលដៅនៃការធ្វើលំហាត់យោធានេះ គឺដើម្បីពង្រឹងមជ្ឈភាពអាស៊ាន។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺជាតំបន់ដែលប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម ហ្វីលីពីន និងម៉ាឡេស៉ី ជាដើម មានបញ្ហាវិវាទជាមួយប្រទេសចិន ខណៈអាស៊ានបាននិងកំពុងបន្តព្យាយាមជំរុញឱ្យ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយទីក្រុងប៉េកាំង ដែលមានការរង់ចាំជាយូរមកហើយនោះ អាចឆ្ពោះទៅសម្រេចបានជាស្ថាពរ។ ដោយឡែក សាមគ្គីភាពរបស់អាស៊ានក៏កំពុងប្រឈមនឹងការធ្វើតេស្តសាកល្បងផងដែរ ចំពោះមុខការប្រកួតប្រជែងឥទ្ធិពលគ្នា រវាងសហរដ្ឋអាមេរិកនិងចិន នៅអាស៉ី-ប៉ាស៉ីហ្វិក៕