អសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថៃក្នុងការគ្រប់គ្រងការបែកបាក់ផ្ទៃក្នុង
Khmer Times:
ថ្ងៃទី 20/06/2025 :
អត្ថបទនេះសរសេរដោយ ច័ន្ទ គុណធានី ដែលជាអ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ មានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ទស្សនៈដែលបានលើកឡើងនៅទីនេះគឺជាទស្សនៈរបស់អ្នកនិពន្ធ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិងកំពុងតស៊ូដើម្បីគ្រប់គ្រងភាពមិនចុះសម្រុងគ្នា ទាំងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី ក៏ដូចជាជាមួយកងកម្លាំងប្រដាប់អាវុធថៃ។ លោកស្រីក៏ពុំមានសមត្ថភាពក្នុងការគ្រប់គ្រងចលនាជាតិនិយមជ្រុលនៅក្នុងប្រទេសថៃផងដែរ។
កាលពីចុងខែមីនា នាយករដ្ឋមន្ត្រីថៃ បានរួចផុតពីការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងរដ្ឋសភា ដោយបានយកឈ្នះលើការប្រជែងពីគណបក្សប្រឆាំង ដែលបានចោទប្រកាន់លោកស្រីថាជាអាយ៉ងរបស់ឪពុករបស់លោកស្រី គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នៅក្នុងការជជែកដេញដោលរយៈពេល ២ថ្ងៃ ក្រុមប្រឆាំងបានវាយប្រហារលើការគ្រប់គ្រងសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់លោកស្រីនាយករដ្ឋមន្ត្រី វ័យ ៣៨ ឆ្នាំ ក៏ដូចជាកង្វះបទពិសោធន៍របស់លោកស្រី។ សមាជិកសភាបានបោះឆ្នោតប្រឆាំងនឹងញត្តិសម្តែងការមិនទុកចិត្ត ដោយសំឡេង ៣១៩ ទល់នឹង ១៦២ ដោយមានសំឡេងអនុប្បវាទចំនួន ៧។
នៅខាងក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី ភាពតានតឹងបាននិងកំពុងឆាបឆេះ។ ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ និងឧបនាយករដ្ឋមន្ត្រី អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) នៃគណបក្សភូមិចៃថៃ (Bhumjaithai) ត្រូវបានគេមើលឃើញថាជាចំណងសម្ព័ន្ធភាពដែលសម្លឹងឃើញផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាការក្តាប់អំណាច។ ការមិនសប្បាយចិត្តដែលផ្ទុះឡើងនាពេលថ្មីៗនេះបានធ្វើឱ្យគ្រប់គ្នាងឿងឆ្ងល់ថា តើសម្ព័ន្ធភាពនេះអាចរក្សាបានរយៈពេលប៉ុន្មានទៀត? គណបក្សភូមិចៃថៃកំពុងប្រឈមមុខនឹងភាពតានតឹងជុំវិញការចោទប្រកាន់ពីការរៀបចំលទ្ធផលឆ្នោតទុកជាមុន នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ដែលធ្វើឱ្យស្ថិរភាពនៃសម្ព័ន្ធភាពគណបក្សកាន់តែលំបាកឡើង។ ជាងនេះទៅទៀត ការពិចារណាលើច្បាប់ថវិកាឆ្នាំ២០២៦ ក៏កំពុងមានភាពច្របូកច្របល់ផងដែរ។ ពីមុនមក មានពាក្យចចាមអារ៉ាមថា បក្សភូមិចៃថៃប្រហែលមិនគាំទ្រច្បាប់នេះទេ ហើយគំរាមរំលាយរដ្ឋសភា និងបញ្ចប់ចំណងសម្ព័ន្ធភាពរវាងគណបក្សភឿថៃ។
ភាគីទាំងពីរបានពិភាក្សាអំពីការរុះរើគណៈរដ្ឋមន្ត្រី ហើយនៅថ្ងៃទី១៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន បាននិយាយថា ក្រសួងមហាផ្ទៃនៅតែជាកូតារបស់គណបក្សភូមិចៃថៃ ដូចដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលបង្កើតរដ្ឋាភិបាលចម្រុះ។ នៅពេលសួរថាតើ គណបក្សភូមិចៃថៃបានត្រៀមខ្លួន ក្នុងការប្តូរទៅជាគណបក្សប្រឆាំងដែរឬទេ ប្រសិនបើខ្លួនបាត់បង់ការគ្រប់គ្រងលើក្រសួងមហាផ្ទៃនោះ លោក អានុទីន បានឆ្លើយឯកភាព។
កាលពីថ្ងៃទី១៩ ខែមិថុនា គណបក្សភូមិចៃថៃ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់ប្រទេសថៃ ប៉ុន្តែដោយសារតែហេតុផលផ្សេង នោះគឺការបែកធ្លាយសំឡេងនៃការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ភាពតានតឹងនៅព្រំដែនជាមួយប្រទេសកម្ពុជាត្រូវបានគេប្រើជាហេតុផលដ៏ងាយស្រួលសម្រាប់ការបំបែកចំណងសម្ព័ន្ធភាព ដែលផុយស្រួយរួចទៅហើយរបស់រដ្ឋាភិបាលចម្រុះថៃ។
ទាក់ទងនឹងភាពមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាលស៊ីវិល និងកងកម្លាំងប្រដាប់អាវុធថៃ នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដែលបែកធ្លាយថា កងទ័ពមិនគាំទ្រការដឹកនាំរបស់លោកស្រី ឬក៏ដល់ថ្នាក់ប្រឆាំងនឹងលោកស្រីតែម្តង។
ការមិនចុះសម្រុងគ្នារវាងពួកគេមិនមែនជារឿងថ្មីនោះទេ។
ទោះបីជាមានការអំពាវនាវឥតឈប់ឈររបស់ប្រទេសថៃឱ្យមានការចរចាក៏ដោយ ក៏ភាគីកម្ពុជាមានការពិបាកក្នុងការកំណត់ថា តើអ្នកណាជាអ្នកសម្រេចចុងក្រោយនៅក្នុងប្រទេសថៃ។ តើជារដ្ឋាភិបាលស៊ីវិល ឬក៏យោធា។ ការចរចាទ្វេភាគីទាក់ទិននឹងព្រំដែនត្រូវបានជាប់គាំងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយមិនមានការរីកចម្រើនអ្វីទាំងអស់។
យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រជាជនកម្ពុជា ៧៣,៨% ជឿថាទំនាស់ព្រំដែននេះបង្កដោយយោធាថៃ ហើយ ២៣,១% ជឿថាបង្កដោយពួកជាតិនិយមជ្រុល ហើយប្រជាជនកម្ពុជាយល់ថា រដ្ឋាភិបាលថៃមានអំណាចតិចតួចនៅក្នុងឥទ្ធិពលនៃការគ្រប់គ្រងរដ្ឋរបស់ថៃ។
យោធាថៃបានសម្រេចជាឯកតោភាគីបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្លាមៗនៅរសៀលថ្ងៃទី៧ ខែមិថុនា ដោយមិនបានផ្តល់ដំណឹងជាផ្លូវការដល់ភាគីកម្ពុជា។
នៅថ្ងៃទី៨ ខែមិថុនា ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង។
នៅកម្ពុជា អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ត្រូវពន្យល់សាធារណជនថា «ការសម្រួលកម្លាំងទ័ព» គឺខុសគ្នាពី «ការដកទ័ព»។ មជ្ឈដ្ឋានខ្មែរខ្លះបានរិះគន់រដ្ឋាភិបាលថាបានដកថយនៅចំពោះមុខការឈ្លានពានពីបរទេស។
នៅក្នុងការសន្ទនាតាមទូរស័ព្ទដែលបែកធ្លាយនោះ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខកចិត្តថា ការសម្រួលកម្លាំងទ័ពគឺដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា ប៉ុន្តែយោធាថៃនៅតែរក្សាការបិទព្រំដែនជាឯកតោភាគី។
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ និងងាយស្រួល។ ប្រសិនបើថៃជាអ្នកផ្តួចផ្តើមការបិទព្រំដែនជាឯកតោភាគី នោះថៃគួរតែដកការសម្រេចចិត្តជាឯកតោភាគីរបស់ខ្លួនចេញ។ សម្ដេចតេជោ ហ៊ុន សែន ថែមទាំងសុខចិត្តយក “ក្បាល” របស់ខ្លួនមកធានាថា កម្ពុជានឹងបើកច្រកព្រំដែនទាំងអស់ក្នុងរយៈពេល ៥ ម៉ោង ប្រសិនបើថៃប្រកាសដកការបិទព្រំដែនជាឯកតោភាគីរបស់ខ្លួន។ លោកបានបន្ថែមថា ត្រង់ចំណុចនេះគឺគ្មានការចាំបាច់មកចរចាជាមួយកម្ពុជានោះឡើយ។
ប្រសិនបើថៃជាអ្នកចង នោះថៃត្រូវស្រាយចំណងនោះដោយខ្លួនឯង។
អ្វីដែលស្តែងច្បាស់ពីការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី១៥ ខែមិថុនា គឺការណ៍ដែលនាយករដ្ឋមន្ត្រីថៃ គ្មានអំណាចទៅលើយោធា។ បើទោះជាទទួលបានសារច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន ក៏លោកស្រីមិនអាចបញ្ចេញឥទ្ធិពលណាមួយទៅលើយោធាបានដែរ ហើយប្រទេសថៃនៅតែរក្សាការបិទព្រំដែនជាឯកតោភាគីរបស់ខ្លួន។
តាមការសង្កេតរបស់កម្ពុជា សំណួរដែលពិបាក គឺការកំណត់ថា តើនាយករដ្ឋមន្ត្រី ផេថងថាន ពិតជាអសមត្ថភាពក្នុងការគ្រប់គ្រងកងទ័ព ឬក៏ជាទម្លាប់ដែលកងទ័ពមិនដែលស្តាប់បង្គាប់រដ្ឋាភិបាលស៊ីវិល ឬក៏ថា ទាំងរដ្ឋាភិបាល និងយោធាកំពុងដើរតួល្ខោន ធ្វើជាតួចិត្តល្អ និងតួចិត្តអាក្រក់ ដើម្បីបំភាន់នៅក្នុងការចរចាជាមួយកម្ពុជា?
ទោះជាបែបណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចចរចាបានដែរ នៅពេលដែលភាគីម្ខាងគ្មានអំណាចពេញលេញក្នុងការសម្រេចចិត្ត ឬក៏អនុវត្តតាមការសម្រេចចិត្តដែលបានព្រមព្រៀងគ្នានោះ។
ជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃនៅតែបន្តសម្រេចដោយយោធា ហើយក្នុងស្ថានការណ៍បច្ចុប្បន្ន ទំនុកចិត្តផ្ទៃក្នុងរបស់ពួកគេ បានខូចខាតធ្ងន់ធ្ងរពិបាកនឹងជួលជុលឡើងវិញ។
នាយករដ្ឋមន្ត្រីថៃមិនត្រឹមតែគ្មានសមត្ថភាពគ្រប់គ្រងកងទ័ពទេ។ លោកស្រីក៏អសមត្ថភាពក្នុងការគ្រប់គ្រងពួកជ្រុលនិយមថៃ ដូចជា សុនធិ លីមថុងគុល (Sondhi Limthongkul) ដែលជាសត្រូវរបស់កម្ពុជា ដែលដឹកនាំចលនាជ្រុលនិយមប្រឆាំងនឹងកម្ពុជា។ បុគ្គលដ៏ចម្រូងចម្រាសរូបនេះ ថែមទាំងបានអំពាវនាវឱ្យកងទ័ពចូលលុកលុយប្រាសាទអង្គរវត្ត ប៉ុន្តែ រដ្ឋាភិបាលថៃនៅតែមិនបានធ្វើអ្វីដើម្បីគ្រប់គ្រងចលនាជាតិនិយមជ្រុលបែបនេះ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីថៃបានបង្កើតក្រុមការងារមួយដើម្បីតាមដានហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន។ មានក្រុមជ្រុលនិយមដែលបានអំពាវនាវឱ្យរដ្ឋាភិបាលថៃគាំទ្រគណបក្សប្រឆាំងកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
ក៏មានការអំពាវនាវពីសំណាក់អ្នកជាតិនិយមជ្រុលថៃ ឱ្យទាមទារយកខេត្តកោះកុង ពីកម្ពុជាវិញផងដែរ ព្រោះបើតាមអ្នកនយោបាយជ្រុលនិយមរូបនេះ បារាំងបានដណ្តើមយកខេត្តនេះពីថៃ ហើយមានមនុស្សច្រើនណាស់ដែលអាចនិយាយភាសាថៃនៅក្នុងខេត្តកោះកុង។
ដរាបណាអ្នកជិតខាងមានផ្នត់គំនិតបែបនេះ គ្មានថ្ងៃដែលប្រទេសទាំងពីរអាចរួមរស់ដោយសុខសាន្តបានឡើយ។ ទោះជាយ៉ាងនេះក្តី គ្មាននរណាម្នាក់បានថ្កោលទោសចំពោះវោហាសាស្ត្រជ្រុលនិយមបែបនេះសោះឡើយនៅក្នុងសង្គមថៃ។ នេះគឺជាការទទួលស្គាល់ដោយស្ងប់ស្ងាត់ចំពោះនិន្នាការជាតិនិយមជ្រុល ហើយគេមើលឃើញថា ប្រជាប្រិយភាពរបស់បុគ្គលបែបនេះ នៅតែបន្តកើនឡើងជាលំដាប់នៅក្នុងនយោបាយថៃ ទោះបីជាពួកគេជាសត្រូវយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិ និងចំពោះប្រទេសកម្ពុជាក៏ដោយ។
ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់ក្នុងការអំពាវនាវឱ្យជៀសវាងនូវនិន្នាការជាតិនិយមជ្រុល ការរើសអើងជាតិសាសន៍ និងវោហាសាស្ត្រស្អប់ខ្ពើមជាតិសាសន៍។ ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យធ្លាក់ខ្លួនក្នុងនិន្នាការជ្រុលនិយម។ តាមពិតទៅ មកទល់ពេលនេះ គឺមិនដែលមានការយាយីពីពលរដ្ឋខ្មែរ ទៅលើជនជាតិថៃនៅកម្ពុជា អ្នកចរចាថៃដែលមកកម្ពុជា ក៏ដូចជាចំពោះស្ថានទូត និងក្រុមហ៊ុនថៃនោះទេ។
នាយករដ្ឋមន្ត្រី ផេថងថាន មិនអាចគ្រប់គ្រងសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលចម្រុះ យោធាថៃ និងចលនាជាតិនិយមជ្រុលក្នុងប្រទេសថៃបានទេ។ ក្នុងលក្ខខណ្ឌបែបនេះ កម្ពុជាមិនដឹងថានរណាគួរជាអ្នកសន្ទនា ដែលគួរឱ្យទុកចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែននោះទេ។
កម្ពុជាចង់ដោះស្រាយបញ្ហាប្រកបដោយលក្ខណៈច្បាស់លាស់ មិនមែនទោរទន់ទៅតាមបរិយាកាសនយោបាយក្នុងស្រុករបស់ថៃនោះទេ។ ការចរចាព្រំដែនគឺដើម្បីប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ហើយបញ្ហានេះមិនគួរក្លាយជាចំណាប់ខ្មាំងនៃឆាកល្ខោននយោបាយផ្ទៃក្នុងរបស់ប្រទេសថៃឡើយ។
ដោយសារតែហេតុនេះហើយ ទើបប្រជាជនកម្ពុជា ៩៩,៨% បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។