[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) គោលបំណងការធ្វើវិមជ្ឈការនិងវិសហមជ្ឈការគឺបង្កើនប្រសិទ្ធភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ
សូមអរគុណ លោក ស៊ុន ពីង តំណាងអង្គការសម្ព័ន្ធភាពដៃគូរបស់រាជរដ្ឋាភិបាល ដែលជាតួអង្គមួយសំខាន់។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដៃគូ ទាំងដៃគូអភិវឌ្ឍន៍បរទេស ក៏ដូចជាដៃអភិវឌ្ឍក្នុងប្រទេស មានដូចជាអង្គការសង្គមស៊ីវិលចូលរួមក្នុងការគិត ដោះស្រាយ ពិភាក្សារកដំណោះស្រាយបន្ថែមទៀត ដើម្បីធានាឲ្យបានការបំរើប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសនៅមូលដ្ឋាន ដែលជាគោលការណ៍និងគោលបំណងសំខាន់នៃការធ្វើវិមជ្ឈការនិងវិសហមជ្ឈការ ដែលមានគោលដៅបង្កើនប្រសិទ្ធភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ យើងឈានទៅដល់ការបញ្ចប់ការចូលរួមមតិយោបល់ និងឈានទៅល់ការបូកសរុបចុងក្រោយតែម្ដង។ នៅក្នុងន័យនេះមុននឹងការចាប់ផ្ដើម ខ្ញុំសូមទាញចំណាប់អារម្មណ៍ឯកឧត្តមលោកជំទាវអស់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន ចំថ្ងៃ ១៨ មីនា ១៩៧០ មានព្រឹត្ដិការណ៍សំខាន់មួយក្នុងប្រវត្ដិសាស្ដ្រ ដែលបានជំរុញប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។
(២) ជាមួយដៃគូអភិវឌ្ឍជាតិនិងអន្ដរជាតិ រួមគ្នាពង្រឹងលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយចីរភាពនិងបរិយាបន្ន
នោះជាថ្ងៃនៃ(ការ)ចាប់ផ្ដើមភាពមិនច្បាស់លាស់នៃអនាគតរបស់ប្រទេសជាតិ។ ថ្ងៃនេះ ៥៥ឆ្នំាក្រោយ យើងអង្គុយនៅទីនេះ ក្នុងសុខសន្ដិភាព ជជែកគ្នាពី(ការរិះរកវិធី)រួមគ្នាយ៉ាងម៉េចទៀត ដើម្បីបំរើប្រជាជនឲ្យកាន់តែល្អ។ ថ្ងៃនេះ គឺជាថ្ងៃនៃការពិភាក្សា។ ប្រសិនបើយើងប្រៀបធៀប ថ្ងៃដូចគ្នា ៥៥ឆ្នាំមុន( ១៨ មីនា ១៩៧០) និង៥៥ឆ្នាំក្រោយ គឺខុសគ្នាស្រលះ។ យើងកំពុងតែ(ដឹក)នាំប្រទេសប្រកបដោយភាពជឿជាក់ ច្បាស់លាស់ ក្នុងសុខសន្ដិភាព (និង)អបអរសាទរសមិទ្ធផលដែលយើងបានធ្វើរួមគ្នារវាងកម្ពុជានិងដៃគូអភិវឌ្ឍជាតិ និងអន្ដរជាតិ ជាពិសេសជាមួយប្រជាពលរដ្ឋ ដោយរួមគ្នាកសាងប្រទេសតាមបែបបទវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
[បញ្ចប់សេចក្ដីអធិប្បាយ ១]
បន្ទាប់ពីការស្តាប់របាយការណ៍ និងបទអន្តរាគមន៍ទាំង៥នេះ ខ្ញុំកត់សម្គាល់ឃើញថា យើងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៃការអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្អែកទៅលើបរិបទនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាក់ស្តែងរបស់កម្ពុជា និងដោយមានផែនការច្បាស់លាស់ មានដំណាក់កាល មានការសម្របសម្រួល ការពិគ្រោះយោបល់ និងការឯកភាពគ្នាក្នុងចំណោមក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើអភិក្រម “ធ្វើផង រៀនសូត្រដកស្រង់បទពិសោធផង និងកែលម្អផង”។ បើទោះបីជាការកែទម្រង់នេះ មានការវិវឌ្ឍជាបន្តបន្ទាប់តាមដំណាក់កាល ក៏យើងនៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ សំដៅបន្តជំរុញ និងពង្រឹងដំណើរការនៃការកែទម្រង់នេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយហានិភ័យដែលអាចកើតឡើងជាយថាហេតុ។
ចំពោះបញ្ហាប្រឈម និងសំណូមពរដែលត្រូវដោះស្រាយដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង-ស្ថាប័ន ដែលបានឯកភាពគ្នាតាមរយៈវេទិកានៅថ្នាក់ក្រោមជាតិ និងកិច្ចប្រជុំ គ.ជ.អ.ប., ខ្ញុំសូមផ្តល់គោលការណ៍ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំឱ្យមានផែនការ និងវិធានការដោះស្រាយបញ្ហាប្រឈមទាំងនោះឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ហើយ គ.ជ.អ.ប. ត្រូវសម្របសម្រួល គាំទ្រ តាមដាន ត្រួតពិនិត្យ និងបូកសរុបនូវលទ្ធផលនៃការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល ជារៀងរាល់ឆ្នាំ និងតាមករណីចាំបាច់។ ទន្ទឹមនេះ យើងនឹងរួមគ្នាត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលនៃការដោះស្រាយបញ្ហាប្រឈម និងសំណូមពរទាំងនេះនៅវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលខាងមុខ។
ចំពោះបញ្ហាប្រឈមដែលនៅសេសសល់ ខ្ញុំសូមផ្ដល់គោលការណ៍ណែនាំជាគន្លឹះមួយចំនួនដូចខាងក្រោម៖
ទី១. ខ្ញុំគាំទ្រទាំងស្រុងចំពោះការស្នើសុំឱ្យមានការពិនិត្យឡើងវិញ ដើម្បីពង្រឹង និងកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព (Unified Administration) ដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីធានាឱ្យក្រុមប្រឹក្សាអាចម្ចាស់ការលើការគ្រប់គ្រងមុខងារ ធនធាន និងមានសមត្ថភាពដឹកនាំសម្របសម្រួលសកម្មភាពផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ ក្នុងដែនដីរបស់ខ្លួន សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា-ពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការពិតណាស់ ផ្អែកតាមការវិវឌ្ឍយ៉ាងឆាប់រហ័សទាំងផ្នែកសេដ្ឋកិច្ច នគរូបនីយកម្ម បច្ចេកវិទ្យាព័ត៌មាន ការបំផ្លាស់ទីរបស់ប្រជាជនមកកាន់តំបន់ទីប្រជុំជន ការកើនឡើងនូវ តម្រូវការសេវាសង្គម និងសម្ពាធនៃវិបត្តិជាសាកល បានតម្រូវឱ្យរាជរដ្ឋាភិបាលចាំបាច់ត្រូវពិនិត្យ និងកែលម្អស្ថាប័នរដ្ឋបាលសាធារណៈទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ចំពោះការកែលម្អស្ថាប័នសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានផ្តល់ជាផែនទីបង្ហាញផ្លូវនៅក្នុងកម្មវិធីជាតិដំណាក់កាលទី២រួចហើយ គឺយើងត្រូវបន្តរៀបចំរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖
- ទី១ រដ្ឋបាលខេត្ត៖ ត្រូវរៀបចំក្លាយជារដ្ឋបាលដែលមានចរិតលក្ខណៈជារដ្ឋបាលតំបន់ ផ្អែកតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដែលត្រូវមានមុខងារ និងតួនាទីសំខាន់ពាក់ព័ន្ធនឹង៖ (១) ការបំពេញតួនាទីជាតំណាងរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់ការអនុវត្តច្បាប់ និងសិទ្ធិមនុស្ស (២) ការគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ (៣) ការត្រួតពិនិត្យនីត្យានុកូលភាពលើការបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ និង (៤) ការអនុវត្តគម្រោងក្នុងវិស័យសាធារណៈធំៗមួយចំនួនដែលមានលក្ខណៈបច្ចេកទេសខ្ពស់ មានវិសាលភាពអន្តរក្រុង ស្រុក ហើយដែលរដ្ឋបាលក្រុង ស្រុកពុំមានលទ្ធភាពអនុវត្តបាន។
- ទី២ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់៖ ត្រូវបន្តពង្រឹងឱ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានជួរមុខ ដែលមានមុខងារ និងតួនាទីសំខាន់ក្នុងការផ្តល់សេវាជាមូលដ្ឋាន និងចាំបាច់ ជូនប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមមូលដ្ឋាននីមួយៗ។ រដ្ឋបាលមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ទាំងនេះ ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធ មុខងារ និងប្រព័ន្ធគ្រប់គ្រងដែលមានលក្ខណៈពិសេសផ្សេងៗគ្នា ស្របតាមទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលសេដ្ឋកិច្ច និងស្ថានភាពជាក់លាក់ រវាងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ជនបទ។
- ចំពោះរដ្ឋបាលរាជធានីភ្នំពេញ៖ ត្រូវរៀបចំឱ្យក្លាយទៅជារដ្ឋបាលដែលមានលក្ខណៈពិសេសដោយឡែក ដែលមានលក្ខណៈខុសពីរដ្ឋបាលខេត្ត ដែលអាចធានាដោះស្រាយបញ្ហាប្រឈមដែលកើតឡើងដោយសារកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ (បច្ចុប្បន្នមានប្រជាជនប្រមាណជាង២លាននាក់) បញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការកកស្ទះចរាចរណ៍ បញ្ហាសំរាមសំណល់រឹង និងរាវ ការបំពុលបរិស្ថាន ក៏ដូចជា បញ្ហាពាក់ព័ន្ធនឹងការបង្កើតក្រុងរណបនៅតាមតំបន់ជាយក្រុងជាដើម។
ក្នុងស្មារតីនេះ ដោយស្របតាម កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមយន្តការ គ.ជ.អ.ប. ពន្លឿនការសិក្សាជម្រើសនានា ដើម្បីកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យក្លាយជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន (Metropolitan) និងស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។
ខ្ញុំសូមឱ្យមានការគិតគូរគ្រប់ជ្រុងជ្រោយលើម៉ូដែលនៃរដ្ឋបាលដែនដី សម្រាប់ខេត្តដែលមានសារៈសំខាន់ធំធេងមកលើសង្គម-សេដ្ឋកិច្ចជាតិទាំងមូល (តួយ៉ាងដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ) ដែលកំពុងវិវត្តឥតឈប់ឈរជារៀងរាល់ថ្ងៃ។ យើងចាំបាច់ត្រូវធានាថា ខេត្តដែលជាប៉ូលសេដ្ឋកិច្ចជាតិ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលឯកភាពមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុត ហើយមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលក្ខណៈពិសេសរបស់ខេត្តនីមួយៗ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៣) រៀបចំនិងកែលម្អម៉ូដែលរដ្ឋបាលដែនដី ឱ្យស្របតាមតម្រូវការ សមត្ថភាពធនធានមនុស្ស
លោកអភិបាលស្រុកកំពង់ត្របែក ក៏លើក(ពីម៉ូដែលនៃរដ្ឋបាលដែនដី)។ សូម្បី តែស្រុកក៏យើងមានលក្ខណៈខុសគ្នាដែរ។ ស្រុកខ្លះ ដូចជាកំពង់ត្របែកមួយ ធំជាងខេត្តកែបទៅហើយ។ អញ្ចឹង បើយើងរៀបចំចំនួននិងការគ្រប់គ្រង(ដូចគ្នា) គឺមិនអាចឆ្លើយតបបានទេ។ ត្រូវពិនិត្យមើលលទ្ធភាព។ យើងក៏មិនអាចធ្វើបានទាំងអស់ក្នុងពេលតែមួយដែរ។ ហេតុដូច្នេះ យើងអាចធ្វើជាជំហាន ដោយយកខេត្ត(មាន)សក្ដានុពល ជាពិសេសខេត្តធំ ដូចជារាជធានីភ្នំពេញ។ យើងមាន(ប្រជាជន) ១៧លាននាក់ តែគ្រាន់តែនៅរាជធានីភ្នំពេញ មានជាង ១០% នៃប្រជាពលរដ្ឋសរុប។ អញ្ចឹង ការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាជនក៏ត្រូវមានច្រើន។ មួយទៀត យើងមើលឃើញថានៅរាជធានីភ្នំពេញ យើងមានធនធានមនុស្ស មានសក្ដានុពលច្រើនជាងនៅតាមបណ្ដាខេត្តផ្សេងៗ។
ដោយហេតុនេះ (ចាំបាច់ត្រូវការ)ការរៀបចំកែលម្អ ឱ្យស្របតាមស្ថានភាពនៃតម្រូវការ នៃសេវា ក៏ដូចជាសមត្ថភាពក្នុងការកសាងធនធានមនុស្សនៅទីនេះ និងទីរួមខេត្តមួយចំនួន ពិសេសខេត្តដែលមានសក្ដានុពលសំខាន់ៗ។ អាចថា យើងគិតគូរពីការជំរុញជាជំហាន ដោយមិនរង់ចាំ(ធ្វើ)ទាំងអស់(តែម្តងទេ) ព្រោះពេលខ្លះ ស្ថានភាពនៅខេត្តខ្លះមិនទាន់អំណោយផល ។ យើងកុំចាំថាអ្នកមានសមត្ថភាព … វាជារូបមន្តមួយ ជា model មួយសម្រាប់យើងយកទៅអនុវត្តនៅខេត្តផ្សេងៗ។ អញ្ចឹង សូមឱ្យមានការគិតគូរលើកិច្ចការនេះ។ យើងក៏បានចែងនៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍនេះនៅក្នុងដំណាក់កាលទី២ ផែនការឆ្នាំ២០២១-២០៣០ រួចហើយ។
[ចប់សេចក្ដីអធិប្បាយ២]
ការគិតគូរអំពីការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិដូចដែលខ្ញុំបានគូសបញ្ជាក់ខាងលើនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ដោយហេតុថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ដែលនៅកៀកជិតប្រជាពលរដ្ឋ ជាអ្នកប្រែក្លាយគោលនយោបាយថ្នាក់ជាតិឱ្យទៅជាលទ្ធផលជាក់ស្តែងនៅថ្នាក់ក្រោមជាតិ ជាអ្នកដឹងសុខទុក្ខ ដឹងការលំបាក និងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយក៏ជាអ្នកដែលអាចធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ចំគោលដៅ និងមានប្រសិទ្ធភាព។ ម៉្យាងវិញទៀត រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗមានក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ ដូច្នេះ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋលើការដោះស្រាយបញ្ហាប្រឈមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អាស្រ័យហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងស្របទៅតាមចរិតលក្ខណៈនៃរដ្ឋបាលនីមួយៗ និងទទួលបានមុខងារ ធនធាន សមត្ថភាព ព្រមទាំងសិទ្ធិអំណាចក្នុងកម្រិតសមស្រប ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងន័យនេះ ខ្ញុំសូមឱ្យ គ.ជ.អ.ប.បន្តដឹកនាំសម្របសម្រួលរៀបចំការសិក្សាលើជម្រើសសម្រាប់ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដូចបានគូសបញ្ជាក់ពីខាងដើម ដើម្បីរាជរដ្ឋាភិបាលបន្តរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តរយៈពេលមធ្យមទៅរយៈពេលវែង សម្រាប់ពង្រឹងស្ថាប័នសាធារណៈទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពធន់ ខ្លាំង រឹងមាំ វៃឆ្លាត និងស្អាតស្អំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
ទី២ គឺពាក់ព័ន្ធនឹងការខ្វះខាតចំនួនបុគ្គលិក និងខ្វះបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈជាក់លាក់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅរដ្ឋបាលក្រុងស្រុក ដូចដែលលោកអភិបាលស្រុកកំពង់ត្របែកបានលើក។ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលបានបិទការជ្រើសរើសជាទូទៅ លើកលែងតែមន្រ្តីសុខាភិបាល មន្រ្តីអប់រំ ដូចជាគ្រូបង្រៀន និងមន្រ្តីកសិកម្ម។ ដើម្បីពង្រឹងស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ រាជរដ្ឋាភិបាលមានតម្រូវការចាំបាច់នៅក្នុងការពិនិត្យ និងរៀបចំក្របខ័ណ្ឌបុគ្គលិក ដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈ ស្របតាមរចនាសម្ព័ន្ធមុខងារនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ […]
នៅក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហាខ្វះបុគ្គលិកជំនាញជាក់លាក់ បម្រើការងារនៅរដ្ឋបាលក្នុងស្រុក។ ខ្ញុំសូមឱ្យក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ គ.ជ.អ.ប រៀបចំគោលការណ៍ និងនីតិវិធី ព្រមទាំងផ្ដល់ការណែនាំ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការវិភាគ និងកំណត់បានច្បាស់លាស់នូវចំនួនមុខតំណែងវិជ្ជាជីវៈ ដែលត្រូវការពិតប្រាកដសម្រាប់ការអនុវត្តនៅតាមរដ្ឋបាលក្រុងស្រុកនីមួយៗ ដែលត្រូវរៀបចំផែនការស្ដីអំពីតម្រូវការបុគ្គលិក រៀបចំឱ្យច្បាស់លាស់ ដើម្បីស្នើសុំពិនិត្យ សម្រេចពីរដ្ឋាភិបាល តាមនីតិវិធីបទដ្ឋានគតិយុត្តជាធរមាន។ […]
ផ្អែកលើផែនការតម្រូវការបុគ្គលិកនេះ ខ្ញុំសូមឱ្យក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលការណ៍ និងនីតិវិធី ដើម្បីអនុវត្តវិធានការចាំបាច់ពីរនៅក្នុងការគិតគូរ៖
វិធានការទី១ គឺសិក្សាលទ្ធភាពផ្ដល់គោលនយោបាយលើទឹកចិត្ត និងផ្ដល់ឱកាសតាមការស្ម័គ្រចិត្តក្នុងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈពីមន្ទីរ ក្រសួងស្ថាប័ន ឱ្យទៅនៅបម្រើការតាមរដ្ឋបាលក្រុងស្រុក។ បានន័យថា ពីថ្នាក់ជាតិទៅក្រោមជាតិ ក្នុងករណីដែលមាន។
វិធានការទី២ គឺផ្ដល់ការណែនាំដល់ការគាំទ្រដល់រដ្ឋបាលក្រុងស្រុក ក្នុងការជម្រើសរើសបុគ្គលិក ផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបំពេញមុខតំណែងវិជ្ជាជីវៈ ដែលត្រូវការចាំបាច់ ឈរលើគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌” និងគោលការណ៍ “រើសឲ្យចំ បំពេញឲ្យត្រូវ រក្សាឲ្យនៅ”។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៤) ការគ្រប់គ្រងនិងជ្រើសរើសបុគ្គលិក ត្រូវធានាប្រសិទ្ធភាពការងារ ព្រមទាំងបរិមាណនិងគុណភាពគ្រប់គ្រងមន្រ្តី
យើងចង់ធ្វើកិច្ចការនេះឲ្យធានាលទ្ធភាពថវិកា។ លោកស្រី នេត ឆាយា ចៅសង្កាត់សុខដុមបានស្នើសុំថាបង្កើនថវិកាទៅឲ្យមូលដ្ឋានឲ្យច្រើន។ កិច្ចការនេះ យើងបានធ្វើជាជំហានៗ តែការបង្កើនតែទំហំថវិកាមិនគ្រប់គ្រាន់ទេ។ យើងត្រូវធ្វើម៉េចឲ្យការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋានមានប្រសិទ្ធភាព។ ការគ្រប់គ្រងបន្ទុកបុគ្គលិកនេះត្រូវតែធ្វើឲ្យបានត្រឹមត្រូវ។ បើយើងចាយច្រើនលើបន្ទុកបុគ្គលិក បានន័យថាលុយសម្រាប់វិនិយោគលើផ្នែកផ្សេងៗនឹងកាន់តែថយ។ ដោយហេតុនេះ ការគ្រប់គ្រង ការជ្រើសរើស ត្រូវ ទី១ ធ្វើឱ្យមានប្រសិទ្ធភាពការងារ ដោយធានាគណនេយ្យភាព តម្លាភាព និងសិទ្ធិក្នុងការធ្វើការងារ និងទី២ ធានាបរិមាណ និងគុណភាពក្នុងការគ្រប់គ្រងមន្រ្តី ដោយផ្អែកលើសមត្ថភាពរបស់មន្រ្តី បានន័យថាមានចំនួនមន្រ្តីសមល្មម និងធ្វើការមានប្រសិទ្ធភាពខ្ពស់។
(៥) ចំនួនបុគ្គលិកសមស្រប ថវិការីកធំ នាំដល់ការបំប៉នលើកទឹកចិត្តមន្រ្តី និងការវិនិយោគកាន់តែប្រសិទ្ធភាព
អញ្ចឹង បើមានគ្នាច្រើន ថវិកាប៉ុន្មានក៏យកចែកគ្នាបានតិច។ បើយើងមានមន្រ្តីសមល្មម សមនឹងទំហំការងារ ថវិកាដែលយើងទម្លាក់ឲ្យនោះ អាចចូលទៅដល់ការពង្រឹងមន្រ្តីដែលមានស្រាប់ បូកនឹងថវិកាសល់សម្រាប់ការវិនិយោគទូទៅ។ នេះជាកិច្ចការកែទម្រង់រដ្ឋបាល និងកែទម្រង់មុខងារសាធារណៈក្នុងអាណត្តិនេះ … ដោយត្រូវធ្វើការវាយតម្លៃ ពិនិត្យនិងវិភាគមុខងារឡើងវិញ ដើម្បីធ្វើឲ្យក្រសួង/ស្ថាប័នថ្នាក់ជាតិ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិដើរទៅមុខទៀត។ បើសិនជាថវិកាយើងកាន់តែកើន តែមនុស្សកាន់តែប៉ោងដែរ ដោយចែកតែ(នឹងចំនួនធំនោះ ក៏នៅតែទទួលបានទំហំ)តែដដែល។ ប៉ុន្តែ បើចំនួនសមស្រប ថវិកាប៉ោង វានឹងនាំដល់ការលើកទឹកចិត្តមន្រ្តី ការបំប៉ន ក៏ដូចជាការធានាការវិនិយោគកាន់តែមានប្រសិទ្ធភាព។ នេះគឺជាគោលការណ៍ដែលត្រូវធ្វើ។
(៦) ការបំពេញចំនួនមន្រ្តីត្រូវពនិត្យក្នុងរដ្ឋបាលថាកន្លែងណាលើសឬកន្លែងណាខ្វះ និងការគ្រប់គ្រងនិងផ្ទេរមន្រ្តី
ខ្ញុំសូមឲ្យពិនិត្យមន្រ្តីកិច្ចសន្យា គឺសុំឲ្យមាននិយាមច្បាស់លាស់។ កន្លងទៅ យើងប្រគល់សិទ្ធិដល់ខេត្ត ឲ្យក្រសួង/ស្ថាប័នរើសមន្រ្តីកិច្ចសន្យា។ តែសូមឲ្យមាននិយាមត្រួតពិនិត្យច្បាស់លាស់។ មិនអាចថាបានល្អឥតខ្ចោះទេ តែរើសចូលមកហើយ ត្រូវមានវិធានក្នុងការបណ្ដុះបណ្ដាល ពង្រឹង និងប្រគល់ភារកិច្ចឲ្យចំគោលដៅ។ ក្នុងការបំពេញចំនួនមន្រ្តីនេះ ទី១ ត្រូវមើលឲ្យអស់លទ្ធភាពក្នុងរដ្ឋបាលជាមុនថា តើមានកន្លែងលើស ឬកន្លែងខ្វះទេ។ ការបំពេញគ្នាទៅវិញទៅមកយ៉ាងណា។ ទី២ ការគ្រប់គ្រងមន្រ្តីក្នុងការផ្ទេរ។ នេះជាបញ្ហាប្រឈម។ ជួនកាល យើងទម្លាក់ការផ្ទេរផ្ទូរ តាមផែនការប្រចាំឆ្នាំពីថ្នាក់ជាតិ ពីក្រសួង ធ្វើផែនការរួមទៅឲ្យរដ្ឋបាល។ ឧទាហរណ៍ ទៅដល់ក្រសួងអប់រំ គ្រូខ្វះប៉ុណ្ណេះ។ យើងទម្លាក់ហើយ ៥ឆ្នាំ។ យើងថានឹងបំពេញ១០០%។ តែឆ្នាំនេះយើងបំពេញ២០% ទៅតាមគោលដៅ។ ស្រាប់តែទៅដល់បានតែមួយឆ្នាំក្នុង ២០% នេះ ផ្ទេរទៅកន្លែងផ្សេងអស់៣០% បាត់។ នេះគឺជាបញ្ហាចោទ។
(៧) ការខ្វះគ្រូជាបញ្ហាប្រឈម ការបំពេញគ្រូក៏ត្រូវមានចីរភាព “រើសឲ្យចំ បំពេញឲ្យត្រូវ រក្សាឲ្យនៅ”
សូមឲ្យមានការទទួលខុសត្រូវ និងការគ្រប់គ្រងឲ្យបានច្បាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជាបុគ្គលិកពេទ្យនៅតាមមណ្ឌលសុខភាព និងគ្រូបង្រៀន។ កន្លងទៅ ក៏មានការណែនាំស្តីពីការគ្រប់គ្រង ការធ្វើឲ្យហ្មត់ចត់ផ្ទេរផ្ទូរ បើមិនអញ្ចឹងទេយើងនឹងប្រឈមនឹងបញ្ហា។ ក្នុងមុខជំនាញផ្សេងៗ ក៏មានការប៉ះពាល់ដែរ ប៉ុន្តែសម្រាប់ពេទ្យតាមមណ្ឌលសុខភាព និងគ្រូបង្រៀនគឺប៉ះពាល់មនុស្សច្រើន។ បើសាលាយើងខ្វះគ្រូ គុណភាពនៃការអប់រំសម្រាប់សិស្សរាប់រយរាប់ពាន់នាក់ក្នុងមួយឆ្នាំៗនឹងមានបញ្ហា។ ពេទ្យក៏ដូចគ្នាដែរ។ បើមណ្ឌលសុខភាពខ្វះពេទ្យ ទោះបីយើងដំឡើងថ្នាំឲ្យល្អៗ ដំឡើងកញ្ចប់ថវិកាដល់មណ្ឌលសុខភាព ក៏អត់មានពេទ្យគ្រប់សម្រាប់ទទួល។ អញ្ចឹង ខ្ញុំសូមឲ្យពិនិត្យនិងមានការបំពេញបន្ថែម។ តែការជ្រើសរើសមន្រ្តីកិច្ចសន្យាសុំឲ្យមាននិយាម។ យើងធានានូវគុណភាពនៅទីនោះ។ នេះសុទ្ធតែជាកង្វល់ដែលថ្នាក់ក្រោមជាតិបានលើកឡើង។
អម្បាញ់មិញបានស្ដាប់ឮផ្ទាល់ទាំងអស់គ្នា ទាំងលោកស្រីចៅសង្កាត់ ក៏ដូចជាលោកអភិបាលស្រុកបាននិយាយហើយថាខ្វះមន្រ្តីខ្វះគ្រូ។ ការខ្វះនេះជាបញ្ហាប្រឈម ប៉ុន្តែការបំពេញទៅវិញ ក៏ត្រូវឲ្យមានចីរភាពផងដែរ។ បើមិនអញ្ចឹងទេ គឺ(មានបញ្ហា)ពាក់ព័ន្ធនឹងការគ្រប់គ្រង។ សូមឲ្យក្រសួងមុខងារសាធារណៈ មហាផ្ទៃ និងក្រសួង/ស្ថាប័នពាក់ព័ន្ធធ្វើការងារនេះ។ យើងធ្វើយ៉ាងណា “រើសឲ្យចំ បំពេញឲ្យត្រូវ រក្សាឲ្យនៅ”។ គន្លឹះមួយនេះក្រោយគេគឺរក្សាឲ្យនៅ។ ឧទាហរណ៍ថា បើសិនជាបំពេញ១០០% ស្រាប់តែ ១ឆ្នាំ ២ឆ្នាំ បាត់អស់៣០% ព្រោះបានសុំផ្ទេរចេញ ជាពិសេស ការផ្ទេរនោះបានទៅកើន ទៅគរនៅកន្លែងដែលលើសស្រា។ប់ នេះជាបញ្ហា។ ខ្ញុំសុំឲ្យសហការគ្នាធ្វើការ។ រាជរដ្ឋាភិបាលនឹងខិតខំរៀបចំការលើកទឹកចិត្ត ដោះស្រាយបញ្ហាជីវភាពរស់នៅមួយចំនួន សម្រាប់អ្នកដែលទៅបំពេញភារកិច្ចនៅខាងក្រៅ។
(៨) ទីស្តីការគណរដ្ឋមន្ត្រីគិតគូរលើកទឹកចិត្តមន្ត្រី/គ្រូកិច្ចសន្យា ដោយការជូនមេដាយ
ក្នុងការងារបំពេញគ្រូនោះ ខ្ញុំសូមជំរាបពីអ្វីដែលលោក យ៉ាវ សារិន បានលើកឡើង ទាក់ទងនឹងការបំពេញគ្រូកិច្ចសន្យា។ ទី១ ការលើកទឹកចិត្តរបស់មន្រ្តី។ លឺថា មន្រ្តីកិច្ចសន្យាមិនអាចមានលទ្ធភាពទទួលមេដាយទេ ទទួលបានត្រឹមតែលិខិតសរសើរ។ ករណីនេះ ឯកឧត្ដម វង្សី វិស្សុត គួរតែរៀបចំ។ ខ្ញុំថាមិនមានអីលំបាក ព្រោះឥឡូវនេះ សូម្បីតែជនស៊ីវិលដែលចូលរួមក្នុងការងារសង្គមក៏បានមេដាយដែរ។ អញ្ចឹងមន្រ្តីកិច្ចសន្យា និងគ្រូកិច្ចសន្យា ក៏គួរតែត្រូវបានផ្ដល់មេដាយឲ្យ ព្រោះជាការបង្រៀនកូនសិស្សនេះជួយសង្គមខ្លាំងណាស់។ សប្បុរសជនបានបរិច្ចាគនូវធនធានថវិកាផ្ទាល់ខ្លួនស្ម័គ្រចិត្តកសាង(ប្រទេស) យើងក៏ផ្ដល់មេដាយឲ្យបាន។ គ្រូធ្វើការងារតាមកាតព្វកិច្ចខុសពីគ្រូមានក្របខ័ណ្ឌតែត្រង់គាត់មិនមានក្របខ័ណ្ឌ តែការចូលរួមជួយបង្រៀនគឺដូចតែគ្នា។ ខ្ញុំសូមឲ្យគោលការណ៍ទៅខាងទីស្ដីការគណៈរដ្ឋមន្រ្តីសិក្សាទាំងមន្រ្តីកិច្ចសន្យាទាំងគ្រូកិច្ចសន្យា ឲ្យបានទទួលមេដាយសម្រាប់ការចូលរួមក្នុងការកសាង អភិវឌ្ឍប្រទេសជាតិផង។ រៀបចំឲ្យមានលក្ខខណ្ឌណាមួយសម្រាប់ជូនគាត់ទៅ។
(៩) គ្រូកិច្ចសន្យាដែលបង្រៀនបានរយៈពេលកំណត់មួយ ត្រូវរៀនវគ្គគរុកោសល្យបំប៉ន ដើម្បីបំពេញក្របខណ្ឌ
ទី២ ការបំពេញក្របខ័ណ្ឌជូនគ្រូកិច្ចសន្យា។ នៅបិទសន្និបាតរបស់ក្រសួងអប់រំ ខ្ញុំបានផ្ដល់គោលការណ៍នេះ។ ចុះទៅតាមមូលដ្ឋាន ខ្ញុំបានជួបគ្រូច្រើន ជាពិសេសនៅតំបន់ដាច់ស្រយាល។ គាត់ស្ម័គ្រចិត្តបង្រៀនរាប់ឆ្នាំ។ យើងត្រូវមានកាតព្វកិច្ច២។ កាតព្វកិច្ចមួយ គឺផ្ដល់ឱកាស(បំរើការងារ)សម្រាប់គ្រូដែលគាត់ស្ម័គ្រចិត្ត។ ប៉ុន្តែ កាតព្វកិច្ចមួយទៀតជារយៈពេលវែងគឺការធានាគុណភាពអប់រំ។ យើងមិនអាចឈិនឆៃបានទេ។ គាត់ត្រូវមានគុណវុឌ្ឍិមួយចំនួន។ ខ្ញុំឱ្យគិតគូរអញ្ចេះ។ បើគ្រូធម្មតាសិក្សាគរុកោសល្យតាមរូបមន្ត១២+៤ គឺប្រឡង(មធ្យមសិក្សាទុតិយភូមិ)ហើយ ចូលរៀនគរុកោសល្យ ៤ឆ្នាំ សម្រាប់លោក/អ្នកគ្រូស្ម័គ្រចិត្តឬកិច្ចសន្យា ដែលបាន(បង្រៀន) ៣ឆ្នាំឡើងលើ មានគុណវុឌ្ឍិត្រឹមត្រូវមួយចំនួន មាននិយាមច្បាស់លាស់ … យើងបើកថ្នាក់អោយគាត់។ បើគាត់បង្រៀនបាន ៣ឆ្នាំហើយ មានលក្ខណៈសម្បត្តិគាត់គ្រប់គ្រាន់ហើយ បន្ទាប់ពីបំពេញបានតាមលក្ខខណ្ឌក្នុងការជ្រើសរើសមួយចំនួនហើយ ការទៅរៀនបំប៉ននេះ អាចកាត់អោយខ្លីមកត្រឹម ២ឆ្នាំ គឺពាក់កណ្ដាល(រយៈពេលពេញ)ទៅ ដើម្បីអោយពេលរៀនចប់ នឹងអាចបញ្ចូលក្របខណ្ឌបាន ព្រោះគាត់នៅទីនោះហើយ តែមិនអាចថាជា(ករណី)ទូទៅក្នុងទូទាំងប្រទេសទេ … (លើកលែងតែមាន) មួយដងមួយកាល ដែលជាការចំបាច់ត្រូវលើកទឹកចិត្ត …។
(១០) ករណីគ្រូកិច្ចសន្យាបានក្របខណ្ឌហើយផ្ទេរចេញ នឹងធ្វើឱ្យកន្លែងខ្វះគ្រូនៅតែខ្វះដដែល
កាលពីពេលមុន សម្ដេចតេជោក៏បានបញ្ចូល ខ្ញុំក៏បានបញ្ចូលមួយចំនួន។ ប៉ុន្តែ ជាទូទៅសម្រាប់ទូទាំងប្រទេស (យើងត្រូវមាននិយាមជាគោលការណ៍) … ព្រោះមានគ្រូកិច្ចសន្យាច្រើននៅទូទាំងប្រទេស។ អញ្ចឹង យើងបើកច្រកមួយជូនគាត់។ កិច្ចការនេះ ដូចជាលោកអភិបាលស្រុកបានលើក គឺសម្រាប់តែអ្នកដែល(បានបង្រៀន)លើសពី ៣ឆ្នាំ ព្រោះគាត់អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានឆន្ទៈ … ប៉ុន្តែសុំបញ្ជាក់ឱ្យច្បាស់ ប្រយ័ត្នបានក្របខណ្ឌហើយផ្ទេរចេញបាត់។ គាត់នៅទីនោះស្រាប់ តែបានក្របខណ្ឌគាត់ទៅកន្លែងផ្សេង។ កន្លែងនោះនៅតែខ្វះដដែល។ យើងលើកទឹកចិត្តអ្នកដែលមានមូលដ្ឋាននៅ(ហ្នឹងសាលាដែលខ្វះគ្រូ) … ពិសេស(តំបន់)ដាច់ស្រយាល។ អាចថាគាត់មានផ្ទះមានគ្រួសារនៅទីនោះហើយ។ គាត់បង្រៀន ៣ទៅ ៥ឆ្នាំហើយ។ យើងអនុញ្ញាតឱ្យគាត់ចូលតាមរបៀប Fast track។ Fast track នេះមិនមែនអោយរួច(ពីលក្ខខណ្ឌទាំងអស់)ទេ … គឺមានការបំប៉ន។ ឥឡូវវគ្គ ៤ឆ្នាំនេះ គឺពេលវេលាខ្លះគឺចំណាយទៅលើបង្រៀនគរុកោសល្យគ្រូ។ ដយសារគាត់បានបង្រៀន ៣ឬ ៤ឆ្នាំហើយ មេរៀនហ្នឹងកាត់បន្ថយតែម្ដងទៅ។ គាត់ចេះបង្រៀនរួចហើយ។ ខ្ញុំបានផ្ដល់គោលការណ៍នេះកាលពីបិទសន្និបាតក្រសួងអប់រំខែមុន ព្រោះស្ថានភាពជាក់ស្ដែងអញ្ចឹង។
(១១) ធ្វើកិច្ចសន្យាគ្រូកំរិតមធ្យមសិក្សាចូលនិវត្តន៍រយៈពេលខ្លីមិនអចិន្ត្រៃយ៍នៅកន្លែងខ្វះគ្រូ ទំរាំមានគ្រូថ្មីបំពេញ
ខ្ញុំក៏បានផ្ដល់គោលការណ៍អនុញ្ញាតឱ្យពិចារណានៅកន្លែងដែលខ្វះខ្លាំង ជាពិសេសគ្រូមធ្យមសិក្សា។ នៅក្នុងការធ្វើកុងត្រាឬមួយកិច្ចសន្យាជាមួយលោក/អ្នកគ្រូដែលជំនាញ ហើយចូលនិវត្តន៍។ ឧទាហរណ៍ គ្រូជំនាញជីវៈវិទ្យា គណិតវិទ្យា នៅកន្លែងហ្នឹងខ្វះគ្រូ។ យើងបំពេញគ្រូថ្មីទៅអត់ទាន់ដល់។ ពិបាករើស។ អញ្ចឹង យើងគួរតែបើកច្រកសម្រាប់រយៈពេលខ្លីមួយឆ្នាំ ឬ២ឆ្នាំ ប៉ុន្តែមិនមែនជាអចិន្ត្រៃយ៍ទេ។ ទម្រាំដល់ពេលយើងអាចដោះបាន។ មានការលើកឡើងដែលបារម្ភថា បើយើងអោយអញ្ចឹងខ្លាចគ្រូថ្មីៗ អត់ឱកាស។ ខ្ញុំថាអត់ទេ គឺអោយឱកាសទៅវិញទេ។ បានន័យថាគ្រូថ្មីៗ នៅតំបន់ប្រជុំជន អត់លំបាករកទេ។ នៅរាជធានីភ្នំពេញមានតែលើស តែនៅជាយក្រុងអាចខ្វះ តែងាយស្រួលរ។ក អាចគ្រូដែលមានបរិញ្ញាបត្រទៅបង្រៀនបានក្មេងៗ។ ប៉ុន្តែនៅឆ្ងាយពិបាក។ កន្លែងខ្លះចង់បង្កើតវិទ្យាល័យប៉ុន្តែបង្កើតអត់រួច។ មានលុយមានដីធ្វើសាលា។ ប៉ុន្តែអត់គ្រូ។ នេះជាបញ្ហាចោទ។ យើងអោយពិនិត្យលទ្ធភាព។ ត្រូវមាននិយាមនិងការកំណត់ច្បាស់លាស់របស់ក្រសួង រហូតដល់យើងមានគ្រូក្មេងទៅជំនួស។ នេះជាកិច្ចការសំខាន់។ បើមិនអញ្ចឹងទេ ឧទាហរណ៍ថាមួយសាលាមានគ្នា ២នាក់បង្រៀនជីវៈវិទ្យាថ្នាក់ទី១១។ គ្រូម្នាក់ចូលនិវត្តន៍ យើងមានជម្រើសអី? បើគ្រូថ្មីអត់ទៅដល់។ យើងមានតែជម្រើសគួបថ្នាក់។ គួបថ្នាក់កើនចំនួនពីសិស្ស ៤០នាក់ទៅ ៨០នាក់ វាពិបាក។ អញ្ចឹង យើងសុខចិត្តបើកច្រកពិចារណា។ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលលើកិច្ចការនេះ។ ដោះស្រាយចំពោះមុខ។
(១២) កន្លែងខ្វះគ្រូ ត្រូវចាត់ចែងគ្រូថ្មីជាអាទិភាព បើមិនទាន់មានគ្រូថ្មី ត្រូវដោះស្រាយតាមវិធីរកគ្រូកិច្ចសន្យា
ជាទ្រឹស្ដី រយៈពេលវែងត្រូវតែផ្ដល់ឱកាសអ្នកចូលនិវត្តន៍ និងអ្នកដែលផ្ដល់ឱកាសត្រូវចូល។ ហ្នឹងបើយើងមានចំនួន(គ្រូ)គ្រប់សម្រាប់វិលជុំ។ ប៉ុន្ដែចំពោះមុខ យើងត្រូវផ្អែកទៅលើតថភាពជាក់ស្ដែង ឬមួយរើសគុណភាពអប់រំដែលសិស្សត្រូវគួបថ្នាក់ លោកគ្រូម្នាក់ត្រូវបង្រៀន ៨០នាក់ ឬមួយជាបណ្ដោះអាសន្ន ជួលគ្រូ(ដែលចូលនិវត្តន៍) ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ យើងបំពេញតែកន្លែងដែលខ្វះពិតប្រាកដ។ បើកន្លែងដែលមានគ្រូថ្មីត្រូវទៅ(បាន) ត្រូវចាត់ចែងគាត់ជាអាទិភាព។ បើថាអត់តែម្ដង (យើងត្រូវតែដោះស្រាយតាមវិធីជួលគ្រូកិច្ចសន្យា)។ជាពិសេសនៅខេត្តមួយចំនួន កន្លែងខ្លះយើងចង់បង្កើតវិទ្យាល័យជួនកាលសិស្សធ្វើដំណើរ ៣០គីឡូដីឬ ២០គីឡូដី(ដើម្បីបានទៅរៀន) ហើយកន្លែងខ្លះ សិស្សត្រូវបោះបង់(ការសិក្សា)។ បើសិនជាបង្កើត(សាលា) ត្រូវតែមានគ្រូ។ ជួនកាលគ្រូដែលបង្រៀននៅភ្នំពេញក៏ដោយ បើគាត់ចូលនិវត្តន៍ តែគាត់នៅសុខភាពល្អ មានគុណវុឌ្ឍិល្អ មានជំនាញ ចូលនិវត្តន៍នៅភ្នំពេញ គាត់ទៅរស់នៅកំពង់ត្របែក(ជា)ឧទាហរណ៍។ យើងអាចកុងត្រាគាត់។ ជួនកាលគ្រូមាន ២នាក់ហើយ ប៉ុន្តែឆ្នាំនេះ សិស្សកើន ១០០នាក់ទៀត អញ្ចឹងយើងរកគ្រូពីខេត្តអត់បាន ពីភ្នំពេញទៅអត់ទាន់បាន អាចយើងពិនិត្យលទ្ធភាពនេះជាគោលការណ៍។
(១៣) សូមពិនិត្យរូបមន្តណាមួយបើកអោយមានការផ្ទេរផ្ទូរខ្លះ ហើយធានាមិនឱ្យខ្វះបរិមាណគ្រូ
យើងផ្ដល់អាទិភាពលើ ២វិស័យគឺអប់រំ (និងសុខាភិបាល)។ (ក្នុងវិស័យអប់រំ គឺ)សម្រាប់តែគ្រូទេ។ មិនសំរាប់បុគ្គលិកសិក្សាទេ។ មណ្ឌលសុខភាពខ្លះ មានវេជ្ជបណ្ឌិតចូលនិវត្តន៍ពីភ្នំពញ។ គាត់ទៅនៅខេត្ត ជិតមន្ទីពេទ្យហ្នឹង។ គាត់អាចស្ម័គ្រចិត្ត ឬមួយជូនជាកុងត្រាតែម្ដង។ សូមអោយពិនិត្យមើលលក្ខខណ្ឌហ្នឹង។ កង្វះរបស់យើងត្រូវការដោះស្រាយ។ បើយើងបំពេញជាគំហុក លទ្ធភាពទៅអត់រួចទេ។ នៅទូទាំងប្រទេស យើងខ្វះគ្រូច្រើន ខ្វះពេទ្យច្រើន តែយើងបំពេញជាជំហាន។ ក្នុងការបំពេញ សូមបំពេញអោយត្រូវ ហើយធ្វើម៉េចសូមរក្សាអោយហ្នឹង។ ការផ្ទេរសូមអោយពិនិត្យមើលនៅក្នុងការរៀបចំរូបមន្តណាមួយ ព្រោះមកដល់ពេលនេះយើងបិទមួយរយៈ តែទៅមុខ យករូបមន្តណាមួយ ផ្ទេរកម្រិតណាមួយ ដែលអាចធានាបរិមាណ និងអាចបើកបានខ្លះ។ កន្លងទៅដូច EDC យកមួយទល់នឹងមួយ។ បើចង់ដូរពីខេត្តនេះទៅខេត្តនោះ ទាល់តែរកអ្នកនៅខេត្តនោះដូរមកវិញ កុំអោយបាត់។ យើងអាចមើលរូបមន្តណាមួយដើម្បីបើកច្រកខ្លះ។ គ្រូភាគច្រើនសើ្នសុំមកតាមប្ដីឬប្រពន្ធ/សហព័ទ្ធ … បើអ្នកពីភ្នំពេញទៅខេត្ត យើងលើកទឹកចិត្តជូន។ ទៅកន្លែងដែលខ្វះ។ ក្នុងការបំពញមន្ត្រី សូមខិតខំប្រើប្រាស់អោយអស់លទ្ធភាព ព្រោះការបណ្ដុះបណ្ដាលធនធានមនុស្សពិបាក។ សម្រាប់គ្រូបឋម គ្រូមត្តេយ្យងាយជាង យើងអាចរកបាន ប៉ុន្តែនៅទីជនបទក៏លំបាក ព្រោះមិនសូវមានគុណវុឌ្ឍិខ្ពស់ ដូចករណីគ្រូវិទ្យាល័យដែរ។ ទាក់ទងការបំពេញមន្រ្តីនេះ ខ្ញុំសូមលើកមក(ជូនជាគោលការណ៍ប៉ុណ្ណោះ)តាមលោក យ៉ាវ សារិន បានលើកសំណើនេះ។
(១៤) បើមិនអាចបំពេញការិយាល័យជំនាញគ្រប់នៅថ្នាក់ស្រុក សូមឲ្យមានការិយាល័យជំនាញក្រសួង/ស្ថាប័នសំខាន់ៗ
ពាក់ព័ន្ធរឿងមន្រ្តីនៅរដ្ឋបាលស្រុក ក៏ឃើញថាមានលំនាំស្រដៀងគ្នាហ្នឹង។ ខ្ញុំគិតថា យើងមិនអាចបំពេញ ព្រោះស្រុកជាតួអង្គសំខាន់ ជាសេនាធិការឲ្យមន្ទីរ ហើយការិយាល័យជំនាញយើងមាន ១៤នៅទីនោះ។ បើមិនអាចបំពេញការិយាល័យជំនាញគ្រប់ទាំងអស់ ខ្ញុំសូមឲ្យយកការិយាល័យជំនាញសម្រាប់ក្រសួងស្ថាប័នសំខាន់ ដូចជាកសិកម្ម អប់រំ សុខាភិបាល ជាជំហានមួយ។ សូមឲ្យពិចារណាលើករណីហ្នឹង ព្រោះយើងបំពេញជាគំហុកអត់បានទេ។ យើងអត់មានគ្រប់។ អញ្ចឹង យកអ្នកដែលមានតួនាទីនៅក្នុងហ្នឹងដែលពាក់ព័ន្ធ។ ឥឡូវយើងបំពេញមន្រ្តីកសិកម្មតាមឃុំ។ អ្នកណាដែលដឹកនាំជំនាញផ្ទាល់? ការិយាល័យស្រុកទៅជួយមើលឲ្យយើង បូកជាមួយមន្ទីរ ខ្សែបណ្តោយមកក្រសួង និងទៅអភិបាលខេត្ត ខ្សែទទឹង។ អញ្ចឹង ខ្ញុំសូមឲ្យពិនិត្យមើល។ ខ្ញុំឯកភាពទៅលើការពិនិត្យពង្រឹងសមត្ថភាព និងតួនាទីរបស់ស្រុកជាសេនាធិការជំនាញជួរមុខ ព្រោះ(កិច្ចការនេះនៅថ្នាក)ឃុំ ពិបាក(នឹងចាត់ចែង)។ យើងមានការជ្រើសរើសតាមរយៈការបោះឆ្នោតផ្សេងៗ។ ប៉ុន្តែ មន្រ្តីថ្នាក់ស្រុក យើងអាចចាត់ចែងបំប៉ន បំពេញ ជាពិសេសសូមឲ្យពិនិត្យមើលការិយាល័យជំនាញជាជំហានៗ។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ទី៣ ចំពោះសំណើបង្កើនធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ខ្ញុំសូមគូសបញ្ជាក់ថា មកដល់ពេលនេះធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើនជាបន្តបន្ទាប់ និងបានកំពុងគិតគូរយន្តការក្នុងការធានាធនធានហិរញ្ញវត្ថុបន្ថែមទៀតជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការបង្កើតនូវមូលនិធិភាតរភាពជាដើម ដែលជាប្រភពចំណូលបន្ថែមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ អាស្រ័យហេតុនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលគោលការណ៍ និងក្របខណ្ឌគតិយុត្តិដែលមានស្រាប់ និងត្រូវរៀបចំនីតិវិធីដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។ ចំពោះការស្នើសុំឲ្យមានប្រាក់សោធននិវត្តន៍សម្រាប់ ទី១ សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រាក់លំហែមាតុភាពសម្រាប់សមាជិកក្រុមប្រឹក្សាជាស្រ្តីនិងការបង្កើនប្រាក់ឧបត្ថម្ភដល់ថ្នាក់ដឹកនាំភូមិ។ […]
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៥) បន្ថែមធនធានហិរញ្ញវត្ថុជូនសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ, ថ្នាក់ដឹកនាំភូមិ និងសមាជិកក្រុមប្រឹក្សាជាស្រ្តី
រឿង(បង្កើនធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ)នេះមាន ៣គោលដៅ។ target group ទី១ គឺសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាទូទៅយើងអត់មានប្រាក់សោធន អត់មានគោលការណ៍សោធនសម្រាប់មន្រ្តីនយោបាយទេ។ សូម្បីតែរដ្ឋលេខាធិការគឺមន្រ្តីមុខងារសាធារណៈ ប៉ុន្តែខ្ញុំបានជជែកជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ហើយក្រសួងក៏បានគិតគូរមួយជំហានដែរពីក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោត ៣អាណត្តិឡើង។ អញ្ចឹងទាល់តែខំប្រឹងបម្រើប្រជាពលរដ្ឋ។
ចំពោះ (target group ទី២) ការបង្កើនប្រាក់ឧបត្ថម្ភដល់ថ្នាក់ដឹកនាំភូមិ យើងបានធ្វើការងារបន្តបន្ទាប់ហើយ។ ប្រាក់ឧបត្ថម្ភនេះបានកើន។ ឥឡូវឡើងដល់ជាង ៤០ម៉ឺនរៀល។ ប៉ុន្តែក៏នៅមានកម្រិតនៅឡើយ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យកំពុងគិតគូរតម្លើងរឿងទាំងនេះ តាមលទ្ធភាពថវិកាដែលបានកំណត់ក្នុងកម្រិតណាមួយ។ ខាងមុខនេះ យើងឈានទៅដល់ការដំឡើងប្រាក់ឧបត្ថម្ភបន្ថែមទៀត។ យើងមានក្រុមប្រឹក្សា យើងមានភូមិ អនុប្រធានភូមិ សមាជិកភូមិ មាន ៣ នាក់។ កន្លងទៅនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានចេញអនុក្រឹត្យមួយពង្រីកនូវវិសាលភាព ផ្តល់ ប.ស.ស។ កាលនោះមានជូនទៅដល់ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ដែលពីមុនមេភូមិ អនុភូមិ និងសមាជិកភូមិ បានត្រឹមទទួលប័ណ្ណសមធម៌។ អញ្ចឹងបានដំឡើងទៅ ប.ស.ស ពង្រីកវិសាលភាពនេះ ជូនដល់មេភូមិ អនុភូមិ និងសមាជិកភូមិរួចហើយឆ្នាំទៅ។
ឆ្នាំនេះ យើងនឹងគិតគូរពិចារណាទៀត។ សូមឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងមហាផ្ទៃ មុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិគាំពារសង្គមជាដើម សិក្សាឲ្យបានល្អិតល្អន់ទាំងលើលទ្ធភាព ទាំងក្របខណ្ឌពេល និងជម្រើសនានាសំរាប់ការផ្តល់ប្រាក់សោធន ឬប្រាក់ឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោតលើសពី ៣ អាណត្តិឡើងទៅ ក៏ដូចជាបង្កើនប្រាក់ឧបត្ថម្ភដល់ថ្នាក់ដឹកនាំភូមិ។ អញ្ចឹង ជាគោលការណ៍ខ្ញុំបានឯកភាព គ្រាន់តែឲ្យសិក្សាលំអិតថាដំឡើងពេលណា ដំឡើងទំហំណា ជាជំហានៗជូនតួអង្គសំខាន់ដែលនៅជួរមុខនេះ។
អំពី(target group ទី៣) ប្រាក់លំហែមាតុភាពសម្រាប់សមាជិកក្រុមប្រឹក្សាជាស្រ្តី ខ្ញុំបានជជែកជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យហើយ លទ្ធភាពយើងទៅរួច។ សូមផ្តល់ជូនតែម្តង។ សង្ឃឹមថា អាចចាត់អនុវត្តក្នុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ទៅ។ ឥឡូវយើងបានផ្តល់គោលការណ៍នេះច្រើន ដល់កម្មករ/ការិនី មន្រ្តីរាជការ។ អញ្ចឹង សម្រាប់សមាជិកក្រុមប្រឹក្សាជាស្ត្រី (មិនដឹងប៉ុន្មាននាក់នៅសល់អាចមានកូនបន្តទៀត)។ ប៉ុន្តែ ទោះជាយ៉ាងណា នឹងបានអត្ថប្រយោជន៍នេះ។ ថ្ងៃមុនខ្ញុំមើល(ព័ត៌មានមួយស្ត្រី)អាយុ ៨០ជាងនៅមានកូននៅឡើយទេ។ នៅប្រទេសណាទេ …។
[ចប់សេចក្តីអធិប្បាយ ៤ ]
ទី៤ ពាក់ព័ន្ធទៅនឹងការរៀបចំផែនការ រៀបចំដែនដី និងប្លង់គោលប្រើដីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ខ្ញុំសូមឯកភាពនឹងគាំទ្រទាំងស្រុង។ ការរៀបចំឱ្យមានផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី គឺជាកិច្ចការដែលចាំបាច់ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំឱ្យមានដើម្បីធានាទៅដល់ការលើកកម្ពស់ការរៀបចំនគរូបនីយកម្ម និងការអភិវឌ្ឍតាមវិស័យនានា ដោយធានាការប្រើប្រាស់ធនធាន និងសក្តានុពលដែលមាននៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយនិរន្តរភាព សុវត្ថិភាព បរិយាបន្ន ប្រកបដោយសោភ័ណភាព ផាសុកភាព របៀបរៀបរយ និងមានភាពទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស។
ក្នុងន័យនេះខ្ញុំសូមឱ្យគណៈកម្មាធិការអន្តរក្រសួង ដែលដឹកនាំដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ត្រូវពន្លឿនកិច្ចការ ដំណើរការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ឱ្យបានកាន់តែឆាប់នៅក្នុងបណ្តាឆ្នាំខាងមុខនេះ។ ទន្ទឹមគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវម្ចាស់ការ និងចូលរួមក្នុងដំណើរការរៀបចំផែនការ រៀបចំដែនដី និងប្លង់ប្រើប្រាស់ដីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅក្នុងការពង្រឹងការដឹកនាំ សម្របសម្រួលការរៀបចំនគរូបនីយកម្ម និងការអភិវឌ្ឍតាមវិស័យនានា ដោយផ្អែកតាមផែនការ ការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីដែលបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ខ្ញុំសូមជំរុញឱ្យមានការបែងចែកមុខងារឱ្យបានច្បាស់លាស់ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ ជលផល និងធនធានធម្មជាតិផ្សេងទៀត។
អាស្រ័យហេតុនេះខ្ញុំសូមឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធក្រោមការសម្របសម្រួលរបស់ គ.ជ.អ.ប ត្រូវពិភាក្សាពិគ្រោះយោបល់ ក្នុងការរៀបចំបែងចែកមុខងារ និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិស្របតាមគោលការណ៍ និងលក្ខខណ្ឌនានា ដែលបានកំណត់ដោយច្បាប់ជាធរមាន។
ទន្ទឹមគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈយន្តការដែលស្រាប់ ដែលនោះគឺយន្តការគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ ត្រូវបន្តពង្រឹងជាការចាត់តាំង ចាត់វិធានការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តការងារជាប្រចាំ។
ក្រៅពីគោលការណ៍ណែនាំគន្លឹះទាំង ៤ ខាងលើ ខ្ញុំនឹងផ្តល់អនុសាសន៍បន្ថែមទៅលើ ៣ចំណុចសំខាន់ មួយចំនួនទៀតដោយពង្រឹងការអនុវត្ត ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរ ដូចខាងក្រោម៖
ទី១ ភាពចាំបាច់នៃការពង្រឹងសហការ គាំទ្រទៅវិញទៅមករវាងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការកែទម្រង់ស្នូលផ្នែកអភិបាលកិច្ចដែលមានលក្ខណៈអន្តរវិស័យ ដែលចាំបាច់ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយការកែទម្រង់ស្នូលដទៃទៀត រួមមានជាអាទិ៍៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងការកែទម្រង់តាមវិស័យ។ ក្នុងន័យនេះភាពជោគជ័យនៃការកែទម្រង់ទាំងនេះ គឺអាស្រ័យលើការរៀបចំ និងការអនុវត្ត ប្រកបដោយភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាវិញទៅមករវាងកម្មវិធី នៃការកែទម្រង់ស្នូលទាំងនេះ។
ខ្ញុំសូមលើកឡើងនូវភាពចាំបាច់មួយចំនួន ដែលតម្រូវឱ្យមានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នានៃការកែទម្រង់ទាំងនេះដូចតទៅ៖
- ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផ្តោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌។ ករណីនេះទោះបីជារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំស្របតាមគោលការណ៍ ដែលបានកំណត់ក៏ដោយ ក៏រដ្ឋបាលថ្នាក់ក្រោមនៅតែពុំទាន់អាចមានលទ្ធភាព និងសមត្ថភាព ក្នុងការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយប្រសិទ្ធភាពបានឡើយ។ ប្រសិនបើប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រព័ន្ធហិរញ្ញវត្ថុតាមបែបវិមជ្ឈការពុំត្រូវបានរៀបចំ និងអភិវឌ្ឍឱ្យបានស្របគ្នាទៅនឹងការវិវត្តន៍ទៅនឹងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ មានន័យថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែមានរចនាសម្ព័ន្ធមុខងារ និងប្រព័ន្ធគ្រប់គ្រងការងារ ប៉ុន្តែពុំមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុសមស្រប សម្រាប់ការអនុវត្តមុខងារ និងតួនាទីក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបានឡើយ។
- ទោះបីជារចនាសម្ព័ន្ធមុខងារ ប្រព័ន្ធគ្រប់គ្រងការងារ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំដាក់ឱ្យអនុវត្តក៏ដោយ ក៏ប៉ុន្តែប្រសិនបើការផ្តល់សេវាសាធារណៈ បញ្ហាសន្តិសុខសង្គម អំពើពុករលួយ ការប្រើប្រាស់ធនធានសាធារណៈមិនត្រឹមត្រូវ ហើយការដោះស្រាយបណ្តឹងតវ៉ា និងវិវាទនៅមូលដ្ឋានទាំងក្នុងទាំងក្រៅប្រព័ន្ធតុលា ពុំទាន់បានធ្វើឱ្យប្រសើរនោះទេ យើងក៏ពុំអាចធ្វើឱ្យប្រជាជនមានជំនឿជឿជាក់ លើប្រព័ន្ធគ្រប់គ្រងសាធារណៈទាំងនៅថ្នាក់ជាតិ និងក្រោមជាតិបានពេញលេញឡើយ។
អាស្រ័យហេតុនេះការរៀបចំ និងអនុវត្តកម្មវិធីកែទម្រង់ស្នូលទាំងនេះចាំបាច់ត្រូវតែមានភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នា ដើម្បីធានាបាននូវការសម្រេចបាននូវគោលដៅរួមគ្នារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ការកែទម្រង់តាមវិស័យក៏នឹងត្រូវគាំទ្រ និងសម្របសម្រួលជួយដល់ការកែទម្រង់ស្នូលទាំងនេះ ដើម្បីធានាដល់ការកែទម្រង់ស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យ មានភាពស៊ីសង្វាក់ និងប្រឡាក់ក្រឡាគ្នាលើគ្រប់វិស័យ និងគ្រប់ស្ថាប័នស្របតាមអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។
ទី២ ការពង្រឹងការគាំទ្រដល់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារដែលបានផ្ទេរ។ ពាក់ព័ន្ធនឹងការងារនេះ ខ្ញុំសូមរំលឹកថា ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាលក្ខខណ្ឌចាំបាច់នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្ទេរមុខងារក្នុងវិស័យសំខាន់ៗមួយចំនួនទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការផ្ទេរមុខងារក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលផងដែរ។
ផ្អែកតាមគោលការណ៍នៃការផ្ទេរមុខងារ និងការកំណត់ក្នុងច្បាប់ ទោះបីជាមុខងារ និងធនធានត្រូវផ្ទេរទៅឲ្យថ្នាក់ក្រោមជាតិក៏ដោយ ក៏ក្រសួងស្ថាប័ននៅតែមានការទទួលខុសត្រូវ ចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា អំពីប្រសិទ្ធភាពនៃការអនុវត្តមុខងារ ដែលស្ថិតនៅក្នុងវិស័យនៃការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។ អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន ត្រូវមានកាតព្វកិច្ចរៀបចំគោលនយោបាយ គោលការណ៍ បទដ្ឋាន បច្ចេកទេស នីតិវិធីស្តង់ដារ ព្រមទាំងផ្តល់ការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តមុខងារ ដែលបានផ្ទេរទាំងនោះឲ្យមានគុណភាព និងប្រសិទ្ធភាព គណនេយ្យភាព ស្របតាមស្តង់ដារអតិបរិមាដែលបានកំណត់។
នៅក្នុងន័យនេះ ខ្ញុំសូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តការផ្តោតយកចិត្តទុកដាក់ឲ្យបានច្រើនបន្ថែមទៀត ចំពោះកិច្ចការដ៏មានសារៈសំខាន់នេះ។
ទី៣ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ ត្រូវពង្រឹងការទទួលខុសត្រូវ ប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តមុខងារ និងប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវ ស្របតាមលក្ខខណ្ឌគោលការណ៍និតីវិធី និងស្តង់ដារដែលបានកំណត់។ នៅពេលដែលរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ មានសមត្ថភាព និងការទទួលខុសត្រូវក្នុងភាពម្ចាស់ការបានល្អប្រសើរ រដ្ឋបាលនឹងបន្តផ្ទេរសិទ្ធិអំណាចមុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនបន្ថែមទៀត ទៅឲ្យថ្នាក់រដ្ឋបាលក្រោមជាតិ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ ដើរតួនាទីជាប្រតិបត្តិករលើការផ្តល់សេវាជាមូលដ្ឋាន និងចាំបាច់នានាដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខ្លួន។
ជាមួយគ្នានេះ ខ្ញុំក៏សូមរំលឹកដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌថា ការផ្ទេរអំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការផ្ទេរផងដែរនូវការទទួលខុសត្រូវ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានការទទួលខុសត្រូវនៅមុខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងចំពោះមុខរាជរដ្ឋាភិបាល។ ក្នុងន័យនេះ សិទ្ធិអំណាចកាន់តែធំ ការទទួលខុសត្រូវក៏កាន់តែធំផងដែរ។
ទី៤ ដើម្បីធានាភាពប្រាកដនិយមនិងប្រសិទ្ធភាពខ្ពស់ក្នុងការបន្តអនុវត្តកម្មវិធីជាតិ សម្រាប់ការបន្តអភិវឌ្ឍការវិវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ខ្ញុំស្នើសុំឲ្យ គ.ជ.អ.ប ពិចារណាអំពីវិធីសាស្ត្រក្នុងការអនុវត្តកិច្ចការកែទម្រង់ខ្លះដែលមានភាពស្មុគស្មាញ ដោយរៀបចំជាគម្រោងអនុវត្តសាកល្បង pilot project ដោយផ្អែកលើបទពិសោធន៍ និងជោគជ័យនៃគម្រោងសាកល្បងនេះ ការកែទម្រង់អាចពង្រីកវិសាលភាពទៅកាន់ទូទាំងប្រទេស។
ជាចុងក្រោយនេះ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីទៀតថា រាជរដ្ឋាភិបាលនិតីកាលទី ៧ នៃរដ្ឋសភា នៅតែតម្កល់ការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការជំរុញ និងការពង្រឹងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាឲ្យរដ្ឋបាលមូលដ្ឋានកាន់តែមានសមត្ថភាព និងភាពជាម្ចាស់រឹងមាំខ្លាំង វៃឆ្លាត ស្អាតស្អំ ហើយកាន់តែមានគំនិតផ្តួចផ្តើមថ្មីៗ និងមានការទទួលខុសត្រូវចំពោះប្រជាជន សំដៅធ្វើឲ្យជីវភាពរស់នៅឲ្យកាន់តែទទួលបាននូវគុណភាព សុខុមាលភាព និងផាសុកភាពល្អប្រសើរឡើង។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលផ្នែកឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តឲ្យបានសម្រេចនូវជោគជ័យ និងចក្ខុវិស័យ គោលដៅ គោលបំណង និងកម្មវិធីកែទម្រង់នេះ។ ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ នៅពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកាអង្គវេទិកាទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕