Grand News Asia Close

ចំណេះដឹងទូទៅ៖ ខ្មែរយើងធ្លាប់ចាយកាក់តាំងពីសម័យនគរភ្នំ ភាគច្រើនសម្រាប់ការជួញដូរធំៗជាមួយបរទេស

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 292
ចំណេះដឹងទូទៅ៖ ខ្មែរយើងធ្លាប់ចាយកាក់តាំងពីសម័យនគរភ្នំ ភាគច្រើនសម្រាប់ការជួញដូរធំៗជាមួយបរទេស ចំណេះដឹងទូទៅ៖ ខ្មែរយើងធ្លាប់ចាយកាក់តាំងពីសម័យនគរភ្នំ ភាគច្រើនសម្រាប់ការជួញដូរធំៗជាមួយបរទេស

(ភ្នំពេញ)៖ រឿងមួយដែលបង្ហាញឱ្យឃើញជាក់ស្ដែងនៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ នោះគឺកាក់រូបព្រះអាទិត្យរះ ក៏ដូចជាកាក់ដែលចាយក្នុងសង្គមក្រិក-ហិណ្ឌូ និងកាក់មកពីចក្រភពរ៉ូម៉ាំងជាដើម ដែលធ្លាប់បានចរាចរណ៍ចាយវាយនៅក្នុងសង្គមខ្មែរតាំងពីសម័យអាណាចក្រភ្នំ ឬហ្វ៊ូណន នេះគឺមានន័យថា ជនជាតិខ្មែរចាយវាយកាក់តាំងពីដើមសម័យប្រវត្តិសាស្ត្ររបស់ខ្លួនមកម្ល៉េះ។

ជាការពិតណាស់ ប្រវត្តិសាស្ត្រដំបូងរបស់ប្រទេសកម្ពុជា គឺចាប់ផ្ដើមពីសម័យអាណាចក្រភ្នំ ដែលភាសាខ្មែរបុរាណហៅ វ្នំ ឬភាសាចិនហៅ ហ្វ៊ណន។ អាណាចក្រភ្នំនេះមានអត្ថិភាពចាប់ពីដើមគ្រិស្ដសករាជរហូតដល់គ្រិស្តសតវត្សទី៦ មានវិសាលភាពធំធេងនៅលើដែនដីអាស៊ីអាគ្នេយ៍ដែនគោក។ អ្នកបុរាណវិទ្យាបានឱ្យដឹងផ្សេងគ្នាផង និងស្របគ្នាផងថា អាណាចក្រភ្នំមានរាជធានីដំបូងនៅតំបន់អូរកែវ (ខេត្តក្រមួនស ដែនដីកម្ពុជាបច្ចុប្បន្ន) ក្រោយមកក៏បានផ្លាស់ប្ដូរមកនរវរនគរៈ ដែលនៅតំបន់អង្គរបុរី ខេត្តតាកែវបច្ចុប្បន្ន ហើយក្រោយមកទៀតក៏ផ្លាស់ទៅតាំងនៅវ្យាធបុរៈ ដែលនៅតំបន់បាភ្នំ ខេត្តព្រៃវែងបច្ចុប្បន្ន ប៉ុន្តែក្នុងពេលដែលរាជធានីវ្យាធបុរៈរងការវាយប្រហារពីកងទ័ពចេនឡា ព្រះរាជាចុងក្រោយរបស់អាណាចក្រភ្នំក៏បានរើរាជធានីទៅកាន់នរវរនគរៈ ឬអង្គរបុរីវិញ។

អាណាចក្រភ្នំ គឺជាចំណុចសំខាន់មួយនៅតាមផ្លូវពាណិជ្ជកម្មរវាងពីចិននិងឥណ្ឌា តាមរយៈភស្ដុតាងកំណាយដែលគេបានរកឃើញកាក់ប្រាក់បរទេសជាច្រើននៅអតីតរាជធានីអូរកែវ និងអង្គរបុរី ដូចជា កាក់រូបព្រះអាទិត្យរះ កាក់ក្រិក-ហិណ្ឌូ កាក់រ៉ូម៉ាំងជាដើម។

លោក ប្លែស គីលីយ៉ង់ (Blaise Kilian) សហប្រធានសារមន្ទីរ ស.ស.រ «កាក់រូបព្រះអាទិត្យរះ» គឺជាកាក់ប្រាក់ដែលគេរកឃើញថា «មានប្រើប្រាស់ដំបូងបង្អស់នៅក្នុងសង្គមខ្មែរ» ក៏ដូចជានៅក្នុងសង្គមផ្សេងទៀតនៃតំបន់អាស៊ីអាគ្នេយ៍នេះដែរ ប៉ុន្តែវាជាកាក់ដែលមានប្រភពមកពីរដ្ឋបុរីព្យូ ឬសង្គមព្យូ (Pyu city-states) នាប្រទេសភូមាបច្ចុប្បន្ន ហើយក៏មិនមានភស្ដុតាងណាបញ្ជាក់ថាមានផលិតនៅក្នុងសង្គខ្មែរដែរ។

លោក ប្លែស គីលីយ៉ង់ បានបន្តថា ភស្តុតាងកាក់រ៉ូម៉ាំងដែលរកឃើញនេះ មិនមែនមានន័យថា ពួករ៉ូម៉ាំងបានមកដល់ដែនដីខ្មែរនោះទេ ប៉ុន្តែគេអាចបញ្ជាក់ថា ពួកនេះបានមកធ្វើជំនួញផ្លូវសមុទ្រដល់ពិភពហិណ្ឌូ ឬដែនដីឥណ្ឌាបច្ចុប្បន្ន ដើម្បីទិញដូរផលិតផលធ្វើពីសូត្រ គ្រឿងទេសជាដើម ហើយពួកឈ្មួញឥណ្ឌានេះក៏បាននាំយកកាក់របស់រ៉ូម៉ាំងទាំងនោះមកចាយវាយទិញដូរទំនិញនៅដែនដីខ្មែរយើងបន្ត។ ការចាយវាយកាក់បរទេសសម្រាប់ទិញដូរនេះ គឺធ្វើឡើងសម្រាប់តែជំនួញធំៗប៉ុណ្ណោះ ពោលគឺមិនប្រើប្រាស់ទូទៅក្នុងសង្គមខ្មែរនោះឡើយ។

បើតាមលោក ប្លែស គីលីយ៉ង់ ថ្វីដ្បិតនៅសម័យអាណាចក្រភ្នំមានការប្រើប្រាស់កាក់យ៉ាងណាក្ដី ប៉ុន្តែមិនមែនចាយវាយទូទៅទូទាំងអាណាចក្រនោះ ភាគច្រើនគេប្រើប្រាស់សម្រាប់កិច្ចការជំនួញធំៗជាមួយឈ្មួញបរទេស ការធ្វើជាតង្វាយចំពោះសាសនដ្ឋាន។ និយាយឱ្យខ្លី៖ សង្គមហ្វ៊ូណនគឺបានស្គាល់កាក់ហើយ តែការប្រើប្រាស់គឺសម្រាប់កិច្ចការជំនួញធំៗ និងកម្មវត្ថុសំខាន់ៗ។

លោក គីលីយ៉ង់ បានបន្ថែមទៀតថា មកដល់សម័យចេនឡាន គេបានរកឃើញកាក់របស់ព្រះបាទស្រីឦសានវរ្ម័ន ដែលជាកាក់ដំបូងរបស់ខ្មែរមានអាយុកាលយូរជាងគេបំផុត ដោយម្ខាងមានបោះអក្សរ «ស្រីឦសានវម៌្ម» ដែលជាព្រះនាមរបស់ព្រះបាទស្រីឦសានវរ្ម័នទី១ និងម្ខាងទៀតមានបោះអក្សរ «ឦសានបុរៈ» ដែលជាឈ្មោះរាជធានីឦសានបុរៈ នាតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំបច្ចុប្បន្ន។

គួរជម្រាបថា នៅសារមន្ទីរ ស.ស.រ ក៏មានតាំងបង្ហាញកាក់រូបព្រះអាទិត្យរះ កាក់ក្រិក-ហិណ្ឌូ កាក់រ៉ូម៉ាំង ក៏ដូចជាកាក់ប្រាក់ រូបិយវត្ថុ លុយជាច្រើនទៀត ជាមួយនឹងការផ្ដល់នូវចំណេះដឹងល្អៗស៉ីជម្រៅពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ២,០០០ឆ្នាំរបស់កម្ពុជា ប្រវត្តិសេដ្ឋកិច្ចជាដើម។ សារមន្ទីរ ស.ស.រ មានទីតាំងស្ថិតនៅតាមបណ្ដយវិថីព្រះមហាក្សត្រីយានី កុសមៈ (ក្បែររមណីយដ្ឋានវត្តភ្នំ​)។ លោកអ្នកអាចចូលទស្សនាបានចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ (បិទនៅថ្ងៃចន្ទ)៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង