Grand News Asia Close

ប្រវត្តិប្រាសាទកោះកែរអតីតរាជធានីបុរាណរបស់ខ្មែរ!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 403
ប្រវត្តិប្រាសាទកោះកែរអតីតរាជធានីបុរាណរបស់ខ្មែរ! ប្រវត្តិប្រាសាទកោះកែរអតីតរាជធានីបុរាណរបស់ខ្មែរ!

+.ទីតាំងភូមិសាស្រ្ត

ប្រាសាទកោះកេរ្តិ៍ ឬកោះកែរ (ធោកគគ្យិ៍រ)មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និង ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។

+.ឈ្មោះដើមនៃប្រាសាកោះកែរ

ប្រាសាទកោះកែរនេះ ពីដើមមានឈ្មោះថា គគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកែរ មានទំហំផ្ទៃដី១៦គុណ១៦គីឡូម៉ែត្រ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកែរក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃមាននូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ អតីតទីតាំងរាជធានីរបស់ខ្មែរនេះ គឺមានអាយុកាលជាង១០០០ឆ្នាំមកហើយ។

+.ប្រវត្តិប្រាសាទកោះកែរ

ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គព្រះនាម«ត្រីភូវនេស្វរៈ» ដែលសិលាចារិក ជាភាសាខ្មែរថា«កម្រតែងដ៏រាជា» ដែលជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ នៅក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤ ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យបានយាងចេញពីរាជធានីយសោធរបុរៈ គឺអង្គរ ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោកគគ៌្យរ ជាកោះកែរសព្វថ្ងៃ។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគត ត រាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។

ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះបាទជ័យវរ្ម័នទី៤មានបញ្ហា ទំនាស់រាជបល្ល័ង្គ ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១(៨៨៩ដល់៩១០)គឺព្រះបាទ ហស៌វរ្ម័នទី១(៩១០ដល់៩២៣( និងព្រះបាទ៌ឥសានវរ្ម័នទី២ (៩២៣ដល់៩២៨) ពេលដែលបិតាសោយទីវង្គត។

នៅពេលដែលទៅដល់ទីកន្លែងថ្មី គឺប្រាសាទកោះកែរ ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ ដើម្បីឧទ្ទិសដល់បុព្វការីជន និងប្រាសាទប្រាង្គ៧ថ្នាក់សម្រាប់រាជ្យ និងឧទ្ទិសដល់អទិទេព ត្រីភូវនេស្វរៈ គឺព្រះឥសូរ កសាងរហាលឬបារាយណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។ បើតាមសិលាចារឹកប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ៩២៨។

+.សំណង់ស្ថាបត្យកម្មរបស់ប្រាសាទកោះកែរ

ប្រាសាទកោះកែរមានលក្ខណៈ ជាប្រាសាទភ្នំ ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយបែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយមានកំពស់ ៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤គុណ៤ម៉ែត្រ។ គេរកឃើញសំណង់ប្រាសាទនៅកោះកែរមានចំនួនជាង ៧០ ប្រាសាទ រាប់ទាំងទីទួលបុរាណ។

យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ កសាងក្នុងចន្លោះឆ្នាំ៩២១ដល់៩២៨ បន្ទាប់មកគឺប្រាសាទថ្មភក់ ប្រហែលជាចាប់ផ្តើមកសាងនៅឆ្នាំ ៩២៨ និងប្រាសាទថ្មបាយក្រៀម កសាងរវាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១។ នៅក្នុងឆ្នាំ ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប សម្រាប់រាជ្យ និងប្រាសាទមេបុណ្យខាងកើត សម្រាប់បុព្វការីជន។

បើទោះបីជាកោះកែរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង ២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះគណេស និងទេពដ៏ទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលឹង្គដែលមានទំហំធំៗ។

+.មូលហេតុនៃការបាក់បែកប្រាសាទកោះកែរ

បន្ទាប់ពីឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកែរ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកែរ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង​៣០ឆ្នាំ គឺពីឆ្នាំ១៩៧០ ដល់១៩៩៨។ រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។ ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកែរ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកែរ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។ បច្ចុប្បន្ន តំបន់អភិរក្ស ប្រាសាទកោះកែរ បានគ្រប​ដណ្តប់​លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឱ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកែរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក៕ដោយ៖ថា ចាន់ធី

+.ឯកសារយោង អត្ថបទផ្សេងទៀត

-រដ្ឋបាលខេត្តព្រះវិហារ


បេតិកភណ្ឌពិភពលោក

 

អត្ថបទទាក់ទង