ចំណេះដឹងទូទៅ៖ ស្វែងយល់ពីសង្គមខ្មែរសម័យបុរេប្រវត្តិ
(ភ្នំពេញ)៖ អ្នកប្រាជ្ញាបស្ចិមប្រទេសបានស្រាវជ្រាវឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្ត្រ មានក្រុមមនុស្សជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើង ចូលមកតាំងទីលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនោះមានពួកអូស្កូឡូស៊ីត ពួកមេឡាណេស្យាង និងឥណ្ឌូណេស្យាង ហើយបានបញ្ជាក់ឱ្យយើងដឹងថា អម្បូរខ្មែរ-មន គឺជាពួកកាត់ផ្សំគ្នារវាងពួកឥណ្ឌូណេស្យាងនិងពួកមេឡាណេស្យាង ហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិន ជ្រោយមាឡាយូ រហូត់ដល់ព្រំប្រទល់ប្រទេសឥណ្ឌា។
ចំពោះជនអម្បូរខ្មែរ-មននេះទៀតសោត ក៏បានឆ្លងកាត់សម័យបុរេប្រវត្តិដូចជនជាតិដើមដទៃទៀតដែរ ខណៈសម័យបុរេប្រវត្តិសាស្ត្រខ្មែរមាន៤យុគ៖ យុគថ្មបំបែក យុគថ្មរំលីង និងយុគលោហៈ។
ក. យុគថ្មបំបែក
យុគនេះមានអត្ថិភាពចាប់ពី៦០០ពាន់ដល់១២០ពាន់ឆ្នាំមុនគ្រិស្តសករាជ។ នៅក្នុងសម័យនោះ មនុស្សប្រើថ្ម ក្រួសធំៗមានទំហំប៉ុនកដៃ កជើង ធ្វើជាអាវុធ ឬគ្រឿងឧបករណ៍ប្រើប្រាស់ ដោយបំបែកឱ្យមានមុខមុតដូចជាពូថៅ ឬពន្លាកជាដើម។ នៅលើទឹកដីកម្ពុជា តាមដងទន្លេមេគង្គម្តុំភូមិស្បូវ ឬភូមិឫស្សី ក្នុងឆ្នាំ១៩៦៣ លោក អេតម៉ុងសូរ៉ាំ បានជួបប្រទះឃើញគ្រឿងឧបករណ៍ផ្សេងៗដែលមានអាយុប្រហែលចន្លោះ៦០០ពាន់ឆ្នាំ ទៅ៥០០ពាន់ឆ្នាំមុនគ្រិស្តសករាជ។ ដោយសម្អាងលើអាវុធ ឬឧបករណ៍ក្នុងសម័យនោះដែលធ្វើពីថ្មក្រួសបំបែក គេក៏ឱ្យឈ្មោះថា «អរិយធម៌ថ្មបំបែក»។ ឧស្សាហកម្មថ្មបំបែកខ្មែរ ក៏គេរកឃើញនៅទឹកដីកម្ពុជាក្រោមផងដែរ។ ក្នុងសម័យនោះដែរ មនុស្សចេះចាំងថ្មធ្វើស្នាប់ដៃ ធ្វើអាវុធ បំបែកជាថ្មតូចៗ ធ្វើជាខ្នោសសម្រាប់កោសស្បែកសត្វ ឬរចនាគ្រឿងឧបករណ៍ផ្សេងៗ។ គេប្រទះឃើញពូថៅថ្មមានរូបរាងជាត្រីកោណ រាងចតុកោណ ឬចតុកោណកែង ដែលមានលក្ខណៈល្អប្រណិត។ ការរកឃើញឧបករណ៍ព្រមទាំងឆ្អឹងសត្វ
ដែលនៅជាមួយនឹងឆ្អឹងខ្មោចមនុស្សបញ្ជាក់ឱ្យឃើញថា មនុស្សចេះគោរពសែនព្រេនទៅឱ្យអ្នកដែលបានចែកឋានទៅហើយ។ គួរបញ្ជាក់ថា មនុស្សនៅចុងយុគថ្មបំបែកនេះនៅពុំទាន់ចេះរំលីងថ្ម ត្បាញ ចិញ្ចឹមសត្វ ដាំដើមឈើ និងធ្វើស្រែនៅឡើយទេ។
* យុគថ្មបំបែកក្លាយ
យុគនេះក្លាយមានអត្ថិភាពចាប់ពី១២ពាន់ឆ្នាំដល់៨ពាន់ឆ្នាំមុនគ្រិស្តសករាជ។ អរិយធម៌នេះមានដើមកំណើតចេញពីអរិយធម៌មុន។ នៅតាមគុហាភ្នំខ្លះក្នុងស្រទាប់ផែនដី គេជួបប្រទះសម្ភារៈប្រើប្រាស់ធ្វើអំពីថ្មនៅលាយឡំជាមួយឆ្អឹងមនុស្ស។ លក្ខណៈរបស់វាមិនខុសពីសម័យមុនទេ គ្រាន់តែមានរូបរាងប្រសើរជាងមុន។ គប្បីបញ្ជាក់ថា ឆ្អឹងលលាដ៍ក្បាលមនុស្សដែលគេរកឃើញមានលក្ខណៈមិនខុសពីពួកខ្មែរលើ ឬខ្មែរយើងសព្វថ្ងៃនេះទេ។ ពួកមនុស្សទាំងអស់នោះជាបុព្វបុរសរបស់ជនជាតិខ្មែរសព្វថ្ងៃនេះ។ នៅចុងយុគថ្មបំបែកក្លាយនេះ ជនជាតិខ្មែរដើមឬខ្មែរ-មនចេះបរិភោគធញ្ញជាតិព្រៃ ហើយចាប់ផ្តើមចេះធ្វើឆ្នាំង ចាន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដោយប្រើដីដុត តែភាជន៍ដីទាំងអស់នោះពុំទាន់មានគុណភាពល្អនៅឡើយទេ។
ខ. យុគថ្មរំលីង
យុគថ្មរំលីងមានអត្ថិភាពចាប់ពី៨ពាន់ឆ្នាំដល់២ពាន់ឆ្នាំមុនគ្រិស្តសករាជ។ នៅក្នុងកំឡុងពេលយុគនេះ អ្នកបុរាណប្រវត្តិចាត់ទុកជាយុគបដិវត្តន៍ផ្នែកសេដ្ឋកិច្ច មានបម្លាស់ប្តូរគ្រប់វិស័យផ្នែកជំនឿ និងផ្នែកសង្គមកិច្ច។ មនុស្សចេះដាំរុក្ខជាតិ ដូចជាស្រូវ ពោតជាដើម។ គេចេះរស់នៅដោយធ្វើកសិកម្ម និងចិញ្ចឹមសត្វដើម្បីយកសាច់និងពងសម្រាប់ធ្វើម្ហូបអាហារ។ ក្រៅពីនេះ គេចេះបូជាសពដោយកប់ក្នុងផ្នូរនូវគ្រឿងអលង្ការ ឬឧបករណ៍គ្រប់បែបយ៉ាង។ សំណល់វប្បធម៌បានឱ្យព័ត៌មានថា យុគថ្មរំលីង គេចូលចិត្តសង់ផ្ទះខ្ពស់ពីដី ហើយរស់នៅជាភូមិស្រុក។ អ្នកខ្លះទៀតក៏រស់នៅក្នុងរូងភ្នំ ឬខ្ពង់រាបដែរ។ មនុស្សសម័យនោះចេះត្បាញសំពត់ប៉ឹង ចេះធ្វើគ្រឿងលម្អកាយ ដូចជាទងកាវឬត្រសាល់ធ្វើអំពីភ្លុក ខ្យង ឈើ ឆ្អឹង ថ្ម និងដីដុត។ នេះជាការវិវត្តមួយដ៏ធំផ្នែកបច្ចេកទេសរំលីងថ្មរបស់ខ្មែរដើម។ ក្នុងផ្នែកជំនឿ គេសង្កេតឃើញមានការគោរពបូជាចំពោះបុព្វបុរស។ ការសិក្សាឧបករណ៍ធ្វើអំពីលោហធាតុចុងយុគនេះអាចឱ្យយើងដឹងថា ខ្មែរដើមចេះប្រើប្រាស់លោហៈ ដូចជា កណ្ដៀវ លំពែង កងដៃ កងជើង ធ្វើអំពីសំរឹទ្ធ ឬស្ពាន់។ គេបានរកឃើញពណ៌ ហើយបានយកមកផាត់លើភាជន៍ដី ដើម្បីឱ្យមានពណ៌ប្រណិត។
គ. យុគលោហៈ
យុគលោហៈមានអត្ថិភាពចាប់ពី២ពាន់ដល់១០០ឆ្នាំមុនគ្រិស្តសករាជ។ ក្នុងយុគនេះប្រដាប់ប្រដាដែលគេប្រើប្រាស់ភាគច្រើនធ្វើអំពីដែក ស្ពាន់ សំរឹទ្ធ ទង់ដែង សំណរ និងដីភក់ឬដីឥដ្ឋមកធ្វើជាត្រា ហើយនៅមុខត្រាគេឆ្លាក់ជារូបឬក្បាច់ក្បូរផ្សេងៗ រួចគេយកទៅប្រថាប់នៅលើសំពត់ជាលម្អ។ គេក៏បានប្រទះឃើញផ្នូរធំៗដែលសង់អំពីផ្ទាំងថ្មសម្រាប់បញ្ចុះសព យុគចុងក្រោយនេះជាយុគមួយជឿនលឿនបំផុត ហើយការរស់នៅក៏មិនខុសគ្នាប៉ុន្មានពីជីវភាពមនុស្សខ្មែរសព្វថ្ងៃនៅតាមជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា ដែលពុំទាន់មានទំនាក់ទំនងជាមួយពួកអឺរ៉ុប។
ខាងដើមសម័យបុរេប្រវត្តិនេះ គ្មានអរិយធម៌ វប្បធម៌ជាតិសាសន៍ណាចូលមកលាយឡំឡើយ អ្វីៗដែលខ្មែរចេះដឹងធ្វើកើតក្នុងសម័យនោះគឺជាគំនិតខ្មែរ ជារបស់ខ្មែរ ជាស្នាដៃខ្មែរ គឺជាខេមរនិយមសុទ្ធសាធដូចជាវប្បធម៌ អរិយធម៌និងភាសាជាដើម សុទ្ធតែកើតចេញមកពីប្រភពខ្មែរ-មននោះឯង។ មនុស្សជំនាន់ដើមមានជំនឿទៅលើអ្នកតាព្រៃភ្នំ និងទីកន្លែងសម្រាប់គោរពបូជាដែលស្ថិតនៅលើទីខ្ពស់មានទីទួលនិងកំពូលភ្នំជាដើម។ ជំនឿបែបនេះហើយដែលបង្កើតឱ្យមានទស្សនៈក្នុងការកសាងប្រាសាទភ្នំ គឺជាប្រាសាទតំណាងភ្នំ ឯលិង្គតម្កល់ក្នុងប្រាសាទភ្នំ គឺជាតួអង្គអ្នកតានេះឯង។ ជំនឿមួយផ្សេងទៀតរបស់អ្នកស្រុកដើម គឺការគោរពព្រះធរណី ព្រោះដីជាមូលដ្ឋានផ្តល់ស្រូវអង្ករជាអាហារដ៏សំខាន់។ ជំនឿនេះគេឃើញមានរំឭកឡើងក្នុងពីធីច្រត់ព្រះនង្គ័ល ការចាប់បើករដូវធ្វើស្រែចម្ការហើយពិធីនេះ គេធ្វើនៅថ្ងៃ៤រោច ខែពិសាខ៕
ប្រភព៖ សៀវភៅជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុក របស់រាជបណ្ឌិត្យសភាកម្ពុជា
ដោយៈ Fresh News