Grand News Asia Close

ប្រាក់​រៀលជា​រូបិយវត្ថុ ដែល ​មាន​ប្រវត្តិ​ដ៏​សម្បូរបែប

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 435
ប្រាក់​រៀលជា​រូបិយវត្ថុ ដែល ​មាន​ប្រវត្តិ​ដ៏​សម្បូរបែប ប្រាក់​រៀលជា​រូបិយវត្ថុ ដែល ​មាន​ប្រវត្តិ​ដ៏​សម្បូរបែប

ថ្វី​ត្បិត​តែ​មិន​មាន​ភស្ដុតាង​ច្បាស់​លាស់​ថាកម្ពុជា​មិន​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​សម្រាប់​ចរាចរ​ក្នុង​សេដ្ឋកិច្ចរហូត​ដល់​ពេល​ដែល​ទទួល​បាន​ឯករាជ្យ​ពី​បារាំង ​នៅ​ឆ្នាំ​១៩៥៣ ប៉ុន្តែ ប្រាក់​កាស​ត្រូវ​បាន​ប្រើប្រាស់​ជាង ២០០០​ឆ្នាំ គឺ​មុន​យុគសម័យ​រីកចម្រើន​នៃ​អាណាចក្រ​អង្គរ​ ក្នុង​សតវត្សរ៍​ទី​៩ ទៅ​ទៀត។​

​ប្រាក់​កាស​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​កំណាយ​ជា​ច្រើន ហើយ​បុរាណ​វិទូ​ជឿ​ជាក់​ថា មាន​ប្រាក់​កាស​បែប​នេះ​ច្រើន​ទៀត​ដែល​នៅ​មិន​ទាន់​គាស់​កកាយយោង​ទៅ​តាម​ការ​ពិពណ៌នា​អំពី​ប្រាក់​កាស​នៅ​លើ​វត្ថុ​នានា​ដែល​បន្សល់​ទុក​ពី​សម័យ​នគរ​ភ្នំ(ឬ​ហៅ​ថា សម័យ​ហ្វូណន)នា​សតវត្សរ៍​ទី​១ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អាណាចក្រ​ដំបូង​គេ​បង្អស់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់។ពួក​គេ​អះអាង​ថាអាណាចក្រ​មុន​សម័យ​អង្គរ​ នេះ និង​ក្រោយ​មក​ជា​នគរ​ចេនឡា ធ្លាប់​បាន​ប្រើប្រាស់​រូបិយវត្ថុ និង​ប្រហែល​ជា​បាន​ផលិត​ប្រាក់​កាស​ខ្លួន​ឯងដែល​ស្រដៀង​ទៅ​នឹង​ប្រាក់​កាស​ដែល​បាន​បោះផ្សាយ​នៅ​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់។

​ប្រាក់​កាស​ដែល​បាន​រក​ឃើញ​ពី​កំណាយ​នា​ពេល​កន្លង​មក​មាន​ច្រើន​ប្រភេទ ដោយ​ធ្វើ​អំពី​លោហធាតុ ដូច​ជា ទង់ដែង សំណ ប្រាក់ និង​មាស ហើយ​មាន​ឆ្លាក់​រូប​ទេវតា និង​សត្វ ដែល​មាន​លក្ខណៈ​ជា​អ​រូបិយ និង​រូបិយ ក៏​ដូច​ជា​រូប​ព្រះអាទិត្យ​រះ និង​និមិត្តសញ្ញា​សាសនា​ហិណ្ឌូ។ ប្រាក់​កាស​ទាំង​នេះ​ក៏​បង្ហាញ​អំពី​អំណាច ភាព​បើក​ចំហ និង​ភាព​ទំនើប​នៃ​អាណាចក្រ​ដ៏​ធំ ដែល​បាន​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ចិន និង​ឥណ្ឌា និង​ប្រទេស​ផ្សេង​ទៀត។ ប្រាក់​កាស​ពី​ចក្រភព​រ៉ូមុាំង ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​បុរាណ​ដ្ឋាន​មួយ​ចំនួន ដែល​បង្ហាញ​ថា ជំនួញ​ជួញដូរ​ត្រូវ​បាន​ពង្រីក​ដល់​តំបន់​អឺរ៉ុប។

​ចន្លោះ​ឆ្នាំ​១៨៦៣-​១៩៥៣ ដែល​កម្ពុជា ​ស្ថិត​នៅ​​ក្រោម​អាណានិគម​បារាំង បារាំង​បាន​ដាក់​ឲ្យ​ប្រើប្រាស់ប្រព័ន្ធ​រូបិយវត្ថុ ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើប្រាស់​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ ដែល​ស្ថិត​នៅក្រោម​អាណានិគម​បារាំង​ផង​ដែរ។ ប្រទេស​ទាំង​បី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​ឥណ្ឌូចិន ប្រើប្រាស់​រូបិយវត្ថុ​ដូច​គ្នា​ ហើយ​បោះផ្សាយ​ដោយ​ធនាគារ​ឥណ្ឌូចិន (ធនាគារ​ពាណិជ្ជ​បារាំង ​ដែល​ទទួល​បាន​សិទ្ធិ​ពិសេស​ផ្ដាច់​មុខ ក្នុង​ការ​បោះផ្សាយ​ក្រដាស​ប្រាក់​សម្រាប់​ឥណ្ឌូចិន (Banque de l’Indochine)។ តម្លៃ​នៃ​រូបិយប័ណ្ណ​ទាំង​នេះ ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​រូបិយប័ណ្ណ​បារាំង និង​មាន​តម្លៃ​ដូច​គ្នា​ក្នុង​ចំណោម​ប្រទេស​ក្រោម​អាណានិគម​ទាំង​បី។

​លុះ​មក​ដល់​ក្រោយ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ទាមទារ​បាន​ឯករាជ្យ​ពេញ​លេញ​នៅ​ថ្ងៃ​ទី​៩ខែ​វិច្ឆិកាឆ្នាំ​១៩៥៣និង​ក្រោយ​ការ​ចាប់​បដិសន្ធិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ខែ​ធ្នូ ឆ្នាំ​១៩៥៤ ទើប​ព្រះរាជាណាចក្រ​កម្ពុជា ​ចាប់​ផ្ដើម​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល នៅ​ខែ​កញ្ញា ឆ្នាំ​១៩៥៥។ កម្ពុជា ​អាច​កំណត់​ដោយ​ខ្លួន​ឯង​នូវ​តម្លៃ​រូបិយវត្ថុ​ជាតិ បរិមាណ​រូបិយវត្ថុ​ត្រូវ​បោះផ្សាយ បុរេប្រទាន​រូបិយវត្ថុ​ជូន​រដ្ឋាភិបាល ព្រម​ទាំង​គោល​នយោបាយ​ពាណិជ្ជកម្ម និង​ពន្ធគយ។​

​ប្រាក់​រៀល​បាន​បន្ត​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​១៩៧៥ ប៉ុន្តែ​ឈាន​ដល់​របប ប៉ុល ពត សម័យ​នោះ​បាន​លុប​បំបាត់​ការ​ចាយ​ប្រាក់ ទម្លាក់​គ្រាប់​បែក​លើ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា ជម្លៀស​ប្រជាជន​ចេញ​ពី​រាជធានី​ភ្នំពេញ និង​ក្រុង​ដទៃ​ទៀត (ក្នុង​របប ប៉ុល ពត រូបិយវត្ថុ​ក៏​ត្រូវ​បាន​ផលិត​ផង​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ទេ)។

​បន្ទាប់​ពី​របប ប៉ុល ពត ត្រូវ​បាន​ផ្ដួលរំលំ​នៅ​ឆ្នាំ​១៩៧៩ ប្រាក់​រៀល​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ឡើង​វិញ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៨០។ នៅ​ឆ្នាំ​១៩៩២ ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហ​ប្រជាជាតិ នៅ​កម្ពុជា(អ៊ុនតាក់)បាន​នាំ​យក​ជំនួយ ​និង​កម្លាំង​សន្តិសុខ ព្រម​ទាំង​ចាក់​លុយ​ដុល្លារ​អាមេរិក យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​កម្ពុជា។ការ​ស្រាវជ្រាវ​បង្ហាញ​ថាក្នុង​អំឡុង​ឆ្នាំ​១៩៩១-​៩២ អ៊ុនតាក់​បាន​ចំណាយ​ប្រាក់​ប្រមាណ ១,៧​ប៊ីលាន​ដុល្លារ​អាមេរិក (៧៥​ភាគរយ​នៃ ផ.ស.ស. របស់​កម្ពុជា​ នា​ពេល​នោះ)។ការណ៍​នេះ​គឺ​ជា​ដើម​ចម ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ ៩០​ភាគរយ នៃ​ប្រាក់​បញ្ញើ​សរុប​នៅ​កម្ពុជា។​

​កង្វះ​ឯករាជ្យ​ភាព​បាន​ដាក់​កំហិត​លើ​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព។ទោះជា​យ៉ាង​នេះ​​ក្ដី ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក៏​មិន​អាច​ធ្វើ​បដិដុល្លារូបនីយកម្ម​សេដ្ឋកិច្ច​ភ្លាមៗ​ទាំង​តក់ក្រហល់​បាន​ទេព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​កំណើន ដូច​ជា​បង្ក​ដោយ​លំហូរ​ចេញ​នៃ​មូលធន​ជា​ដើម។ ក្នុង​ស្ថានភាព​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​និង​កំពុង​លើក​កម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ ដោយ​សន្សឹមៗ និង​តាម​យន្តការ​ទីផ្សារ។

​ក្រដាស​ប្រាក់​រៀល​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​លំដាប់ដោយ​មាន​រូបភាព​វីរបុរស​ខ្មែរនិង​ប្រជាជននិង​សកម្មភាព​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ជំរុញ​សាមគ្គីភាព។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល គួប​ផ្សំ​នឹង​ការ​បន្ត​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​របស់​ប្រជាជន​នៅ​តាម​ជនបទ។

​ក្រដាស​ប្រាក់​រៀល ដែល​មាន​តម្លៃ​ពី ៥០​រៀល ដល់ ១០០.០០០ (មួយ​សែន)រៀលក៏​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សំខាន់ៗ ក៏​ដូច​ជា​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។ជាក់ស្ដែងរូបភាព​នៃ​ស្នាមញញឹម​របស់​នារី​កសិករ​ដែល​កំពុង​ច្រូតស្រូវរំលេច​នៅ​លើ​ផ្នែក​ខាង​ក្រោយ​នៃ​ក្រដាស​ប្រាក់២.០០០​រៀលគឺ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នា​គ្រប់​សម័យ​កាល។នៅ​ផ្ទៃ​ខាង​មុខ មាន​រូប​ប្រាសាទ​ព្រះវិហារ ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ នៅ​ឆ្នាំ​២០០៨ បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​វប្បធម៌​ដ៏​រឹងមាំ​របស់​កម្ពុជា។

​ក្រដាស​ប្រាក់​រៀល​ថ្មី​មាន​គុណភាព​ល្អ និង​សុវត្ថិភាព​ខ្ពស់ ព្រោះ​ក្រដាស​ប្រាក់​រៀល​ថ្មី​នេះ​មាន​បង្កប់​លក្ខណៈ​ពិសេស ដូចជា បច្ចេកវិទ្យា Holograms រូប​បណ្ដុះ ខ្សែ​បង្កប់​សុវត្ថិភាព អក្សរពុម្ព​តូចៗ និង​សរសៃ​អំបោះ​ឆ្មារ​នៅ​ក្រដាស​ប្រាក់​រៀល​ចាប់ពី ១០.០០០​រៀល ឡើង​ទៅ។ នៅ​លើ​ក្រដាស​ប្រាក់ ១០០.០០០ (មួយ​សែន) រៀល មាន​បង្កប់​លក្ខណៈ​ពិសេស ៣៧​មុខ និង​នៅ​លើ​ក្រដាស ១០.០០០​រៀល ២០.០០០​រៀល និង ៥០.០០០​រៀល មាន​លក្ខណៈ​ពិសេស​បង្កប់​ជាង ៣០​មុខ។ ក្រដាស​ប្រាក់​ថ្មី​ទាំង​នេះ ក៏​មាន​លក្ខណៈ​ពិសេស​ជំនួយ​ដល់​អ្នក​ពិការភ្នែក​ផង​ដែរ។ ក្រដាស​ប្រាក់ ៥.០០០​រៀល ១០.០០០​រៀល ២០.០០០​រៀល និង ១០០.០០០​រៀល សុទ្ធ​តែ​មាន​តួ​អក្សរ​ប្រៃល៍ (Braille) សម្រាប់​អ្នក​ពិការភ្នែក​ស្ទាប ចំណែក​ក្រដាស​ប្រាក់​តម្លៃ​ទាប​ជាង​នេះ គឺ​បោះពុម្ព​ក្នុង​ទំហំ​ខុសៗ​គ្នា​ដើម្បី​ជួយ​ឲ្យ​ជន​ពិការភ្នែក​ស្រួល​ចំណាំ៕ ប្រភព៖ khmertimes

 

រូបិយវត្ថុស្ថិតក្នុងចរាចរណ៍

អត្ថបទទាក់ទង