Grand News Asia Close

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកទេសចរចិនមកកម្ពុជា ហើយកុំព្រួយបារម្ភលើបញ្ហាសន្ដិសុខ និងសុវត្ថិភាព

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កិច្ចសម្ភាសន៍ ព័ត៌មានជាតិ 241
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកទេសចរចិនមកកម្ពុជា ហើយកុំព្រួយបារម្ភលើបញ្ហាសន្ដិសុខ និងសុវត្ថិភាព ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកទេសចរចិនមកកម្ពុជា ហើយកុំព្រួយបារម្ភលើបញ្ហាសន្ដិសុខ និងសុវត្ថិភាព

(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់​ចិន​ក្នុង​កម្មវិធី «Leader Talk» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារអំពាវ​នាវដល់​​ភ្ញៀវទេសចរចិន អញ្ជើញមកកម្សាន្ដនៅប្រទេសកម្ពុជា គ្រាដែលកម្ពុជាត្រៀមខ្លួនជាស្រេច​ដើម្បី​ទទួលទេសចរចិន។

ក្នុងកិច្ចសម្ភាសអំឡុងពេលអញ្ជើញចូលរួមក្នុវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍អំពាវនាវដល់អ្នកទេសចរចិន កុំព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ សុវត្ថិភាព ពោលកម្ពុជាមាន​សន្ដិ​សុខ និងសុវត្ថិភាពល្អ មិនដូចអ្វីដែលជាការលើកឡើងរបស់មតិមួយចំនួននោះទេ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជូនសាររបស់ខ្ញុំ ទៅកាន់ប្រជា​ជន​ចិន សូមអញ្ជើញទៅទស្សនានៅប្រទេសកម្ពុជា យើងនឹងផ្ដល់គ្រប់ឱកាស។ ប្រទេសកម្ពុជា ជា​ប្រទេស​​អច្ឆរិយៈ ទេសចរដែលទៅកាន់ប្រទេសកម្ពុជា និយាយថា ប្រជាពលរដ្ឋកម្ពុជា ជាពលរដ្ឋដែលមាន​សន្ដានចិត្តល្អ រាក់ទាក់ ប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចិន​ជាមិត្ត សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីដែលប្រទេសយើងអាចផ្ដល់ជូន មានប្រជាជនយើង មានវប្បធម៌យើង»។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាប្រភព​ដ៏សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច។ សម្ដេចគូសបញ្ជាក់ថា កម្ពុជាធ្លាប់មានទេសចរណ៍ជាច្រើនមកពីប្រទេសចិន មុនកូវីដ១៩មានចំនួន ២.៣លាននាក់ ហើយពេលនេះ រំពឹងថា នឹងមានចំនួនកើនឡើងវិញផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងទេសចរណ៍ បានដាក់ចេញកម្មវិធីដ៏ទាក់ទាញ​សម្រាប់ទេសចរណ៍ឡើងវិញ ពិសេសមកពីប្រទេសចិន។

ដោយឡែកសម្រាប់បញ្ហាសន្ដិសុខ និងសុវត្ថិភាពវិញ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កន្លងទៅមានព័ត៌មានដែលបានធ្វើឱ្យប្រជាជនចិន មានការបារម្ភ មានការយល់ឃើញពីសន្ដិសុខក្នុង​ប្រទេសកម្ពុជា។ កម្ពុជាទទួលស្គាល់បញ្ហានេះ គ្មានប្រទេសណាដែលគ្មានបទឧក្រិដ្ឋនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា បទល្មើស ឬសកម្មភាពឧក្រិដ្ឋទាំងនោះ មិនអាចយកមក​ធ្វើជាតំណាងប្រទេសកម្ពុជាទាំងមូលបានទេ។ ក្រៅពីមានបញ្ហាតូចតាច ប្រទេសកម្ពុជាមានសន្ដិភាព មានសន្ដិសុខ៕ អត្ថបទ៖ Fresh News

អត្ថបទទាក់ទង