ឈ្វេងយល់អំពីសករាជដែលខ្មែរកំពុងប្រើ
តើសករាជមានន័យដូចម្ដេច?
យោងតាមវចនានុក្រមខ្មែរ សម្ដេចជួន ណាត សករាជ ថ្នាក់ពាក្យជានាម (សំស្ក្រឹត ឝក “កាល សម័យ យុគ…” រាជន៑ ឬ រាជ “ស្ដេច”) ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមុនតរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់ ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ (ម. ព. ពុទ្ធសករាជផង) ។
ពាក្យថា សករាជ ( ឬ ស័ក ) នេះកើតឡើងអំពីជនមួយពួក ហៅថាពួក តាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា។ កាលពុទ្ធសករាជ ៦២១ ឆ្នាំ ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ( ឝក ) ឬ សាលិវាហនៈ ( ឝាលិវាហន) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក ( ឝក ) ឬ សករាជ ( ឝក– ) ដែលចំណេរតមកហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១។ ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣ (ម. ព. ស័ក ផង) ។
តើខ្មែរយើងសព្វថ្ងៃប្រើសករាជអ្វីខ្លះ?
បើតាមសង្កេតជាក់ស្ដែង ខ្មែរយើងប្រើប្រព័ន្ធប្រក្រតីទិន ២ គឺ ចន្ទគតិខ្មែរ យកខែមិគសិរជាខែទីមួយ និងសុរិយគតិសកល (Gregorian Calendar) យកខែមករាជាខែទី១ ដោយឡែកក្នុងកម្មពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គេប្រើចន្ទោសូរិយគតិសកៈតាមពួកឥណ្ឌា (សកសំវត្សរ៍, Shaka Samvat) យកខែចេត្រជាខែទីមួយ ត្រូវតាមមេសរាសី ហើយពិធីកម្មបែបពុទ្ធសាសនាគេប្រើចន្ទគតិពុទ្ធសាសនា ដោយយកខែវិសាខ ឬពិសាខ (Vaisakhs, Baisakh) ជាខែទី១ ដូចពួកនេប៉ាល់ ទីបេ ដែរ។
ប៉ុន្តែសព្វថ្ងៃគេឃើញប្រើជាផ្លូវការ ដូចជាចុះបញ្ជីកាលបរិច្ឆេទជាដើម តែ២ប្រព័ន្ធប្រក្រតីទិននោះទេ គឺចន្ទគតិខ្មែរ និងសុរិយគតិសកល។ ឧ. ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំ ថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ អង្គារ ទី៩ ខែមេសា ឆ្នាំ ២០២៤។
ដូច្នេះសករាជដែលប្រើជាទូទៅនៅព្រះរាជាណាចក្រកម្ពុជាមានពីរ គឺពុទ្ធសករាជ និងគ្រិស្តសករាជ (កុំអានថា គ្រឹស ឬគ្រឹះ -សករាជ ត្រូវអានថា គ្រិស ឲ្យត្រូវតាមសំនៀងដើម Christ Era) យើងយូរៗម្ដង ឬទាល់តែមានកម្មវិធីសាសនា ការបន់ស្រន់ ឬពិធីមង្គលធំៗ ទើបគេរំលេចនូវមហាសករាជ និងចុល្លសករាជ។
តើស័ក ឬសកៈ ឬសករាជមានសាវតារយ៉ាងណាខ្លះ?
តាមពិតពាក្យ សកៈ ឬសករាជ ពុំមានន័យថា ឆ្នាំទេ ពាក្យមានន័យថាឆ្នាំតាមភាសាសំស្ក្រឹត គឺសំវត្សរ៍ ឬ វត្សរ៍។ រឿងរ៉ាវមានសេចក្ដីដូច្នេះ៖
បើតាមឯកសារដែលនិយាយទាក់ទងនឹងសករាជ ឬ (Saka Era) wisdomlib.org និង Britannica.com ជាដើមបញ្ជាក់ថា នៅពុទ្ធសករាជ ៦២១ ត្រូវនឹងគ្រិស្តសករាជ ៧៨ នាភាគខាងជើងនៃប្រទេសឥណ្ឌា ស្ដេចសាលីវាហានៈ នៃឧត្តរនគរ មានដើមកំណើតនៅអយោធ្យាបានច្បាំងឈ្នះ និងធ្វើគុតស្ដេចវិក្រំទិត្យា នៃឧជ្ជេននគរ និងពង្រីកអំណាចគ្រប់គ្រងរបស់ទ្រង់ស្ទើរតែពេញឥណ្ឌូស្ថាន (ប្រទេសឥណ្ឌា)។ នៅពេលដែលទ្រង់បានសញ្ជ័យលើស្ដេចវិក្រំទិត្យាដែលជាស្ដេចមហាអំណាចហើយនោះ ព្រះបាទសាលិវាហនៈ បានតាំងយុគសម័យ និងរាជវង្សរបស់ទ្រង់ថា សកៈ តាមព្រះនាមទ្រង់ឡើង គឺនៅពុទ្ធសករាជ ៦២១ ត្រូវនឹងគ្រិស្តសករាជ ៧៨ នោះឯង។ ទ្រង់ក៏បានរៀបចំកែសម្រួលប្រក្រតីទិន វិក្រំសំវត្សរ៍ (Vikram Samvat) និងផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ទូទាំងរាជាណាចក្ររបស់ព្រះអង្គ គឺស័ក ឬសកៈ។
ចំណែកឯកខ្មែរយើងក៏ទទួលឥទ្ធិពលឥណ្ឌាតាមរយៈព្រាហ្មណ៍បុរោហិត ដោយបានប្រើប្រាស់ប្រក្រតីទិនសកៈនេះរហូតតរៀងមក។ នៅពេលខ្មែរយើងបង្កើតឲ្យមានសករាជមួយទៀត សករាជដែលធ្លាប់ប្រើមកហើយ ក៏ហៅថា មហាសករាជ ឯសករាជកើតក្រោយក៏ហៅថា ចុល្លសករាជ ដើម្បីកុំឲ្យច្រឡំគ្នា។
និយាយអំពីចុល្លសករាជវិញ ហាក់បីដូចជាចម្រូងចម្រាសគ្នាច្រើន ព្រោះថាប្រវត្តិសាស្ត្រខ្មែរពឹងពាក់ច្រើនទៅលើកំណត់ត្រាពង្សាវតារផ្សេងៗ ច្រើនតែជារឿងដំណាលនិទាន ក្រៅពីនោះមានគំនូរចម្លាក់លើជញ្ជាំងប្រាសាទ និងសិលាចារឹក។
យោងតាមវចនានុក្រមខ្មែរសម្ដេច ជួន ណាត់ កាលដែលតាំងចុល្លសករាជនៅថ្ងៃចន្ទ ១២ កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ១១៨៣។ សេចក្ដីម្យ៉ាងទៀតថា ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣។
ការលើកឡើងនៅក្នុងវចនានុក្រមខ្មែរខាងលើ ទំនងយោងទៅតាមពង្សាវតារវត្តទឹកវិល។
យើងមិនដឹងច្បាស់ថា សម្ដេចព្រះបទុមសុរិយវង្ស ជាព្រះរាជាអង្គណាទេ។ តែតាមសៀវភៅ ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទានលោកបណ្ឌិត្យសភាចារ្យ រស់ ចន្ទ្រាបុត្រលើកឡើងថា ព្រះបាទបទុមសុរិយវង្ស (សំស្ក្រឹត: បទ្មសូយ៌្យវំឝ) (គ.ស. ៦០៦-៧២៩) រជ្ជកាល (គ.ស. ៦២១-៧២៩) កាលនោះ ព្រះបទុមសុរិយវង្សទើបតែបានព្រះជន្ម ១៦ វស្សា។ ព្រះអង្គត្រូវឡើងគ្រប់គ្រងរាជសម្បត្តិបន្តពីព្រះបិតា នៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស ១១៦៥ ត្រូវជាគ.ស ៦២១ ក្រោយដែលមានពិធីអភិសេកយ៉ាងអធិកអធម។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី១១។ ព្រះអង្គមានឫទ្ធានុភាព តេជៈបារមី កម្លាំងកំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញដឹងឮយល់អស់គ្រប់កិច្ចការ គ្រប់ព្រឹត្តិការណ៍ ដែលកើតមានឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរ ក៏ដូចជាក្រៅនគរ។ ព្រះអង្គសោយរាជសម្បត្ដិក្នុងប្រទេសកម្ពុជាបាន ១០៩ ឆ្នាំ។ ព្រះបទុមសុរិយវង្សបានចូលទិវង្គតនៅឆ្នាំម្សាញ់ ព.ស ១២៧៣ ត្រូវជាគ.ស ៧២៩ ក្នុងព្រះជន្ម ១២៤ វស្សា។
បើគណនាតាមឆ្នាំពុទ្ធសករាជ ១១៨៣ វាត្រូវនឹងឆ្នាំ ៦៤០ នៃគ្រិស្តសករាជ។ នៅអំឡុងឆ្នាំ៦៤០ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២។ ឯកសារប្រវត្តិសាស្ត្រខ្មែរនានាបានលើកឡើងស្រដៀងគ្នាថា ភាពវឹកវរចលាចលដែលកើតឡើងក្នុងពេលដែលព្រះបាទឥស្សណៈវរ្ម័នសោយទិវង្គត ត្រូវបានវាយបង្ក្រាបយ៉ាងឆាប់រហ័ស ដោយកម្លាំងដ៏ខ្លាំងក្លារបស់ព្រះបាទភវវរ្ម័នទី២ ដែលមានកងទ័ព និងនាម៉ឺនមន្ត្រីមានភក្តីភាពយ៉ាងម៉ឺងម៉ាត់ចំពោះព្រះអង្គ។ សិលាចារិកនៅហាន់ជ័យ បានរំឭកនូវការពង្រឹងអំណាចអធិរាជរបស់ព្រះអង្គ។ ព្រះអង្គទ្រង់បានសាងទីកន្លែងសក្ការបូជា ឬប្រាសាទជាច្រើន។ តាមគេប៉ាន់ស្មាន សិលាចារិកភ្នំបាយ៉ង់ សិលាចារិកភ្នំព្រះវិហារ កំពង់ឆ្នាំង ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។ ព្រះបាទភវវរ្ម័នទី២ ទ្រង់គ្រងរាជ្យពីឆ្នាំ៦៣៩ ដល់ឆ្នាំ៦៥៥ នៃគ្រិស្តសករាជ។
ត្រង់ចំណុចនេះ ហាក់ដូចជាសមហេតុផលដែរ ដែលថា បន្ទាប់ពីបង្ក្រាបចលនាបះបោរឲ្យរាបទាប មានសន្តិភាព និងរៀបចំនគរឡើងវិញ ព្រះបាទភវវរ្ម័នទី២ ឡើងគ្រងរាជនៅពុទ្ធសករាជ ១១៨៣ ដែលត្រូវនឹងគ្រិស្តសករាជ ៦៣៩ ឬ ៦៤០ នេះឯង ដែលព្រះអង្គទ្រង់កំណត់តាំងចុល្លសករាជឡើង។ ហើយព្រះអង្គសោយរាជ្យដល់ឆ្នាំ ៦៥៥ គឺរយៈពេល ១៥ ឆ្នាំ ព្រះរាជបុត្រព្រះអង្គ ព្រះបាទជ័យវរម៌្មទី១ ឡើងសោយរាជបន្ត។ គេមិនបានដឹងថា ព្រះបាទភវវរ្ម័នទី២សោយទិវង្គតនៅពេលណានោះទេ។
ចំណែកឯពុទ្ធសករាជ និងគ្រិស្តសករាជ ខ្ញុំសូមមិនលើកយកមកបរិយាយទេ ព្រោះលោកអ្នកគង់ឈ្វេងយល់បានដោយងាយខ្លួនឯង។
ឥឡូវយើងទៅមើលពីប្រវត្តិនៃការប្រើប្រាស់សករាជវិញ។
បើតាមឯកសារលោកសាស្ត្រាចារ្យ ហ៊ុន ឈុនតេង សករាជដែលប្រើដំបូងគេគឺ “ឝក” ត្រូវនឹងបច្ចុប្បន្នថា “មហាសករាជ”។ កាលបរិច្ឆេទដែលចាស់ជាងគេមាននៅក្នុងសិលាចារឹកទួលវត្តគំនូរ(K.600) ស្រុកអង្គរបុរី ខេត្តតាកែវ។ សិលាចារឹក ដែលមានសេចក្ដីថា “ឆ្នាំ៥៣៣សកៈ (មហាសករាជ) ១៣កើត” ។ បើតាមទិន្នន័យសិលាចារឹកខ្មែរនៅក្នុងសម័យមុនអង្គរ និងសម័យអង្គរ ខ្មែរប្រើសករាជតែមួយគត់គឺ “ឝក” ដែលត្រូវគ្នានឹងពាក្យ “មហាសករាជ” ពេលបច្ចុប្បន្ន។ បើទោះបីជាខ្មែរធ្លាប់កាន់ពុទ្ធសាសនាថេរវាទ ដូចនៅក្នុងរជ្ជកាល ព្រះបាទស្រីន្ទ្រវរម៌្មក៏ដោយ ក៏ខ្មែរនៅតែប្រើមហាសករាជ រហូតដល់សម័យលង្វែក។
បើយើងមើលការចាប់ផ្ដើមគិតឆ្នាំជាពុទ្ធសករាជវិញ គឺយើងឃើញមានប្រើព្រមគ្នា ជាមួយកាលបរិច្ឆេទចុល្លសករាជ ដែលមានក្នុងសិលាចារឹកវត្តរំលក(K.27) នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលបរិច្ឆេទជាឆ្មាំពុទ្ធសករាជនោះ ចារជាភាសាបាលីសុទ្ធថា មានសេចក្ដីសម្រួលថា “ចាប់តាំងពីថ្ងៃដែលព្រះសិរីសាក្យមុនី ព្រះសព្វញ្ញូពុទ្ធដ៏មានយស ទ្រង់យាងចូលបរិនិព្វាន បានអតិកន្តារកន្លងទៅចំនួនពីរពាន់មួយរយម្ភៃប្រាំបួនឆ្នាំ បួនខែ និងបួន ថ្ងៃ […] ។ បើរាប់តាមឆ្នាំព.ស. ២១២៩ គឺត្រូវនឹងឆ្នាំគ.ស. ១៥៨៦ ចុងសម័យលង្វែក។
ចំណែកឯការប្រើប្រាស់ពុទ្ធសករាជក្នុងសិលាចារឹកភាសាខ្មែរវិញ យើងឃើញ ដំបូងគេតាមរយៈសិលាចារឹកវត្តតាឡោក (K.746) ដូចមានសេចក្ដីប្រែសម្រួលថា […] ព្រះពុទ្ធសករាជបានពីរ(ពាន)បួនរយវស្សា […] ។ ឆ្នាំ ២៤០០ ព.ស. បើរាប់ទៅត្រូវនឹងឆ្នាំ ១៨៥៧ គ.ស. ចុងរជ្ជកាលព្រះបាទហរិរក្សរាមាអង្គដួង។
ចំណែកឯចុល្លសករាជ វិញឃើញមានចារដំបូងក្នុងសិលាចារឹកវត្តរំលក នៅក្នុងផ្នែកភាសាខ្មែរដូចមានសេចក្តីប្រែសម្រួលថា “រីឯកាលពីពេលសាងសង់វត្តអារាមនេះនៅឆ្នាំកុរ (ចុល្ល) សករាជ ៩៤៩ នៅគ្រាសឹកសង្គ្រាមរបស់ព្រះនរេស្ស …” ។ បើតាមឆ្នាំចុល្លសករាជ ៩៥៩ គឺត្រូវនឹងឆ្នាំគ្រិស្តសករាជ ១៥៨៩ ចុងសម័យលង្វែក។
ប្រភព៖ Troryorng
អត្ថបទ៖ ឈិន ធារ៉ាត់