វិភាគអន្តរជាតិ៖ តើលោក ត្រាំ នឹងដោះដូរតៃវ៉ាន់ជាមួយ TikTok និងពន្ធគយ ឬ?
(វ៉ាស៊ីនតោន)៖ នៅក្រោមអាណត្តិទី២របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងត្រូវបានកំណត់ដោយកត្តាសំខាន់ចំនួន៣ រួមមាន TikTok ពន្ធ និងតៃវ៉ាន់។ ដូច្នេះហើយ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីទេដែលចិនបានដាក់សម្ពាធសាជាថ្មីលើសហរដ្ឋអាមេរិក ឱ្យផ្លាស់ប្ដូរ «ឃ្លាប្រយោគមួយ» មានអាយុកាលរាប់ទសវត្សរ៍មកនេះដែលបញ្ជាក់ពីគោលជំហរបស់វ៉ាស៊ីនតោន ចំពោះឯករាជ្យភាពរបស់តៃវ៉ាន់។ តាមក្រុមអ្នកជំនាញ ការផ្លាស់ប្ដូរភ្លាមៗណាមួយនៅក្នុងគោលនយោបាយអាមេរិកចំពោះតៃវ៉ាន់ទំនងជានឹងមិនកើតឡើងនោះទេ ពីព្រោះបើសហរដ្ឋអាមេរិកព្រមធ្វើតាមអ្វីដែលចិន ចង់បាន នោះអាចនឹងមានផលវិបាកជាច្រើនកើតឡើង។
និយាយជារួម ការដោះដូរឋានៈរបស់តៃវ៉ាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាមួយ TikTok និងពន្ធ វាប្រៀបបានដូចជាការបំផ្លាញឧត្តមភាពរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាផលប្រយោជន៍ និងការរកស៊ី របស់បណ្ដាក្រុមហ៊ុនអាមេរិកនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត ទំនាក់ទំនងសន្តិសុខក៏នឹងត្រូវរងផលប៉ះពាល់ផងដែរ ដោយសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់អាស៊ី តួយ៉ាងជប៉ុន និងកូរ៉េខាងត្បូង មុខជាជំទាស់នឹងសកម្មភាព បែបនេះ។ សម្រាប់បណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ពួកគេនឹងចាត់ទុកទីក្រុងវ៉ាស៊ីនតោនជាដៃគូមិនអាចទុកចិត្តបាន ហើយអាចនឹងជំរុញឱ្យប្រទេសខ្លះកាន់តែខិតជិតទៅរកចិន។ ចំពោះតៃវ៉ាន់ ពាក្យពេចន៍ ឬឃ្លាប្រយោគរបស់សហរដ្ឋអាមេរិកមិនមែនមានន័យសំខាន់ត្រឹមតែអត្ថន័យប៉ុណ្ណោះទេ តែវាមានជាប់ពាក់ព័ន្ធនឹងការរស់រានរបស់ពួកគេ។ ទំនាក់ទំនងត្រីកោណរវាងអាមេរិក ចិន និងតៃវ៉ាន់ មានភាពមិនច្បាស់លាស់ជានិច្ច ហើយការប្រើប្រាស់ភាសា ឬពាក្យពេចន៍តែងតែបង្កឱ្យមានភាពតានតឹង។
កាលពីដើមឆ្នាំ២០២៥នេះ ក្រសួងការបរទេសអាមេរិកបានលុបចោលឃ្លាប្រយោគ «សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់» ចេញពីគេហទំព័ររបស់ខ្លួនដោយបង្កឱ្យមានការព្រួយបារម្ភនៅប៉េកាំងថាសេតវិមាន អាចនឹងកាន់តែជិតទៅរកតៃវ៉ាន់។ ចិនបានប្រឆាំងជំទាស់ដូចដែលខ្លួនធ្លាប់បានជំទាស់ទៅនឹងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែលបានលុបចោលប្រយោគនេះដែរកាលពីឆ្នាំ២០២២ ហើយក្រោយមក បានដំឡើងប្រយោគនេះវិញ។ សព្វថ្ងៃ តៃវ៉ាន់ជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយ៦០ភាគរយនៃបន្ទះឈីបរបស់ពិភពលោក និង៩០ភាគរយនៃបន្ទះឈីបទំនើបៗចុងក្រោយបំផុត ត្រូវបានផលិតនៅតៃវ៉ាន់។ ដូច្នេះការបោះបង់ចោលតៃវ៉ាន់ គឺប្រៀបដូចជាការប្រគល់រោងចក្រឧស្សហកម្មបន្ទះឈីបដ៏សំខាន់មួយទៅឱ្យចិនដូច្នោះដែរ។
សម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តៃវ៉ាន់មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះចិន មិនមែនគ្រាន់តែជារឿងបន្ទះឈីបនោះទេ។ ទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ដែលមានប្រជាជនជាង ២៣លាននាក់ ជាផ្នែកមួយ នៃទឹកដីរបស់ចិន ហើយលោក ស៊ី ជីនពីងបានចាត់ទុកថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់គឺជាផ្នែកមួយនៃមរកតដែលលោកចង់បន្សល់ទុក។ ក្រុមមន្ត្រីអាមេរិក និងតៃវ៉ាន់បានព្រមានថា២០២៧ អាចនឹងក្លាយជាឆ្នាំដែល ចិនប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ បើទោះជាកងទ័ពរំដោះប្រជាជនចិន PLA នៅតែមានចន្លោះប្រហោងខាងសមត្ថភាពយោធាសំខាន់ៗមួយចំនួនក៏ដោយ។ ក៏ប៉ុន្តែ ចន្លោះប្រហោងនោះកំពុងត្រូវបានបំពេញ គួរឱ្យកត់សម្គាល់។ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ចិនបានបង្កើនការធ្វើទំនើបកម្មយោធាកាន់តែរីកចម្រើនទៅមុខជាមួយការកំណត់គោលដៅចង់ក្លាយជាយោធាលំដាប់ពិភពលោកនៅឆ្នាំ២០៤៩។
ការវិភាគថ្មីៗនេះចេញផ្សាយដោយវិទ្យាស្ថាន Royal United Services Institute មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយថារុស្ស៉ីកំពុងលក់បច្ចេកវិទ្យាដែលអាចជួយចិនក្នុងការត្រៀមលក្ខណៈបើកការវាយប្រហារ តាមផ្លូវអាកាសលើតៃវ៉ាន់។ ដោយឡែក ទូរទស្សន៍អូស្ត្រាលី ABC ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកក៏បានឱ្យដឹងដែរថាចិនកំពុងពង្រីកការផលិតយានឆ្លងសមុទ្រ ទុកសម្រាប់ ដឹកកងទ័ព និងសព្វាវុធឆ្លងច្រកសមុទ្រតៃវ៉ាន់។ លើសពីនេះទៅទៀត បើតាមកាសែតអាមេរិក Washington Post ក្រៅពីរងសម្ពាធពីចិន តៃវ៉ាន់ក៏កំពុងរងសម្ពាធពីសហរដ្ឋអាមេរិកដែរ។ លោក ត្រាំ បានបដិសេធ អនុម័តកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៤០០លានដុល្លារសម្រាប់តៃវ៉ាន់ ដ្បិតរូបលោកកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ រដ្ឋបាលលោក ត្រាំ ថែមទាំងបានទាត់ចោលសំណើរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដើម្បីឈប់សំចតក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាមេរិកឡាទីនទៀតផង ជាហេតុបង្ខំឱ្យលោក Lai លុបចោលគម្រោងធ្វើទស្សនកិច្ចនេះ។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍តៃវ៉ាន់ សង្ស័យថាការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ គឺដោយសារតែលោកកំពុងខ្នះខ្នែងស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង។
គួរបញ្ជាក់ថា ខុសពីអតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលទទួលបានការគាំទ្រពីលោក ត្រាំ កាលពីអាណត្តិទី១ លោក Lai មិនទាន់អាចកសាងទំនាក់ទំនងរឹងមាំជាមួយលោក លោក ត្រាំ បាននៅឡើយទេ។ កាលពីឆ្នាំ២០១៦ លោកស្រី Tsai បានបើកកិច្ចសន្ទនាតាមទូរស័ព្ទភ្លាមៗជាមួយលោក ត្រាំ បន្ទាប់ពីលោក ត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ នៅក្នុងស្រុកវិញ លោក Lai កំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះដើម្បី យកចិត្តលោក ត្រាំ មេដឹកនាំតៃវ៉ាន់រូបនេះបានស្នើសុំបង្កើនកញ្ចប់ថវិកាយោធាឆ្នាំ២០២៦ ដោយបង្កើនដល់ ៣.៣២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP។ ក៏ប៉ុន្តែការអនុម័តកញ្ចប់ថវិកាជាតិត្រូវឆ្លងកាត់ការយល់ព្រមពី សភាជាមុនសិន ជាទីដែលក្រុមគណបក្សប្រឆាំងតៃវ៉ាន់កំពុងក្ដាប់សំឡេងភាគច្រើន គួបផ្សំនឹងអត្រាគាំទ្ររបស់លោក Lai បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយចាប់តាំងពីឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់កាលពី ឆ្នាំ២០២៤។ លោក ត្រាំ និងលោក ស៊ី ជីនពីងត្រូវបានគេរំពឹងថានឹងជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងខែតុលានេះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញយល់ថាលោក Lai នៅតែមានសន្លឹកបៀរដ៏សំខាន់មួយនៅក្នុងដៃ នោះគឺឧស្សាហកម្មផលិតឈីប ដូច្នេះសម្រាប់តៃវ៉ាន់ មិនធ្វើអ្វីសោះមិនមែនជាជម្រើសល្អនោះទេ៕
-Fresh News-






