Grand News Asia Close

បទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានសាទរពីសាធារណជននានា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 1035
បទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានសាទរពីសាធារណជននានា បទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានសាទរពីសាធារណជននានា

(ភ្នំពេញ)៖ បទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង ដែលបានដាក់ចេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នោះ ត្រូវបានសាទរយ៉ាងផុសផុលជាខ្លាំងដោយសាធារណជននានា មិនថាក្នុង និងក្រៅប្រទេស។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់ថា ក្នុងនាមជាអ្នកធ្វើការតាមសហគមន៍ គឺដឹងថា ប្រជាពលរដ្ឋប្រើគ្រឿងញៀនច្រើន មិនថាតាមទីវត្តអារាម ជ្រុងរបងសាលារៀន គុម្ពោតព្រៃ និងចេតិយ ជាដើម ដែលនេះទាន់និយាយពីទីប្រជុំជន ទីសាធារណៈ និងតាមក្លិបកម្សាន្តផង។

បញ្ហាគ្រឿងញៀន ធ្វើឲ្យស្រអាប់សង្គម ហើយសង្គមហាក់ហ៊ុមព័ទ្ធទៅដោយគ្រឿងញៀន ដូច្នេះ លោកបណ្ឌិត បានប្រកាសគាំទ្របទបញ្ជារបស់សម្តេចធិបតី យ៉ាងខ្លាំង។ លោកបណ្ឌិត មិនចង់ឃើញតែសារគាំទ្រពីគ្រប់មជ្ឈដ្ឋាននោះទេ តែត្រូវចូលរួមអនុវត្តជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវទទួលខុសត្រូវលើដែនសមត្ថកិច្ចខ្លួន។

អ្នកតាមដានបញ្ហាសង្គមរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគាំទ្រខ្លាំងក្លាណាស់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចេញវិធានការនេះ។ ខ្ញុំទទូចឲ្យអនុវត្តវិធានការនេះ ឲ្យបានជាដុំកំភួនតែម្តង មិនឲ្យត្រឹមតែចេញវិធានការគក្រឹកគក្រេងហើយ តែការអនុវត្តអត់បានជាផល។ ខ្ញុំចង់ឃើញអាជ្ញាធរដែនដី ទទួលខុសត្រូវលើដែនដីរបស់ខ្លួន អាជ្ញាធរទាំងអស់នោះ សមត្ថកិច្ចទាំងអស់នោះ មិនមែនចូលរួមតែនយោបាយទេ តែត្រូវចូលរួមជាក់ស្តែង»។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ អាជ្ញាធរ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០,០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣តោន។ រឹបអូសសារធាតុគីមីផ្សំបាន ១តោន និង៤៦៩គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀននិងសារធាតុពាក់ព័ន្ធជាង ៣៤៧តោន និង ១,២០៧គ្រាប់។

ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល សម្តេចធិបតី បានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

* ១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

* ២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

* ៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ។

ជាមួយគ្នានេះ លោក គង់ សុទ្ធារិទ្ធ ជាសិល្បករមួយរូប ក៏បានសម្តែងការគាំទ្រចំពោះវិធានការដ៏ម៉ឹងម៉ាត់ខាងលើ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «គ្រឿងញៀន បានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឲ្យមនុស្សបាត់បង់ស្មារតី កើតមានអំពើហិង្សា ឬអត្តឃាតផ្សេងៗ។ មានបញ្ហាច្រើន ដែលបង្កដោយសារគ្រឿងញៀន។ នេះជាយុទ្ធនាការដ៏ល្អ ខ្ញុំសូមគាំទ្រទាំងស្រុង»។

ស្របពេលជាមួយគ្នានេះ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra លោកឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ថា «ខ្ញុំមានការពេញចិត្តជាខ្លាំងចំពោះចំណាត់ការមួយនេះ និងសូមអំពាវនាវដល់យុវវ័យទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន, គ្រឿងញៀនបំផ្លាញខ្លួនអ្នក បំផ្លាញគ្រួសារ និងសង្គមជាតិ»។

ទន្ទឹមនេះ លោក ឯម សុផល ប្រធានសមាគមវប្បធម៌កម្ពុជាប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង បានលើកឡើងថា ការទប់ស្កាត់តែអ្នកប្រើប្រាស់គ្រឿងញៀននោះ គឺគ្រាន់តែដូចជាការវែកចកដដែលៗ នោះទេ។ អ្វីដែលសំខាន់ គឺត្រូវទប់ស្កាត់ការជួញដូរ និងការផ្គត់ផ្គង់គ្រឿងញៀន។

ទោះជាយ៉ាងនេះក្តី លោក ឯម សុផល បានថ្លែង ៣ចំណុច រួមមាន៖

*ទី១៖ សូមគាំទ្រចំពោះបទបញ្ជារបស់សម្ដេចមហាបវរធិបតីទាំងស្រុង។
*ទី២៖ សូមសំណូមពរឱ្យចាត់វិធានការលើកម្លាំងសមត្ថកិច្ចឲ្យខិតខំប្រឹងប្រែងស្វែងរកឲ្យឃើញ និងចាប់ឲ្យបានរាល់ការជួញដូរគ្រឿងញៀន។
* ទី៣៖ សូមចាត់វិធានការទៅលើអ្នកអន្តរាគមន៍ នៅពីក្រោយខ្នងនៃការជួញដូរគ្រឿងញៀន។

ចំណែកគណបក្សនយោបាយវិញ ទោះបីក្នុងនាមគណបក្សប្រឆាំង ក៏បានចេញញត្តិគាំទ្រវិធានការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាក់ស្តែង ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានបញ្ជាក់ក្នុងញត្តិគាំទ្ររបស់ខ្លួន យ៉ាងដូច្នេះថា «គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា ឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន បានបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដោយបានឃើញ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបើកយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀន យ៉ាងម៉ឺងម៉ាត់បំផុត។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញ នូវផែនការ ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩នេះ»។

ជាមួយគ្នានេះ គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា ដើម្បីលុបបំបាត់គ្រឿងញៀន និង លុបបំបាត់ការប្រើប្រាស់គ្រឿងញៀន មានតែការបោសសម្អាតឲ្យអស់ពីមន្ត្រីរាជការជាមុនសិន ទើបអ្វីៗនឹងក្លាយជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាជនទូទាំងប្រទេស។

ងាកលើបណ្តាញសង្គមវិញ ប្រជាពលរដ្ឋជាច្រើន ដែលបានដឹងពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានសាទរ និងសម្តែងក្តីត្រេកអរផងដែរ។

គណនី Facebook ឈ្មោះ អភិសិរីមង្គលាចារ្យ ឆេង សាវេង បានបញ្ជាក់យ៉ាងដូច្នេះថា «ល្អណាស់ សុំគាំទ្រ ១០០០%១០០០»។

ជាមួយគ្នានេះ គណនី Facebook ឈ្មោះ បានបញ្ជាក់ថា «គាំទ្រប្រសាសន៍សម្តេច ពិសេសត្រួតពិនិត្យ និងធ្វើតេស្តមន្ត្រីក្នុងអង្គភាពប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសនេះ ដើម្បីទទួលបានជោគជ័យ»។

កាលពីពេលថ្មីនេះ សម្តេចធិបតី ក៏បានដាក់ចេញ យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមជួរកងកម្លាំងប្រដាប់អាវុធផងដែរ ដោយទទួលបានប្រសិទ្ធភាពយ៉ាងខ្លាំង។ ជាមួយនឹងវិធានការម៉ឺងម៉ាត់នេះ មានកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌផងដែរ។

ទោះជាយ៉ាងនេះក្តី សម្រាប់ លោកបណ្ឌិត យង់ ពៅ, ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាល គួរតែបន្ថែមវិធានការ ដូចតទៅ៖

* ទី១៖ កម្ពុជាមានបទពិសោធន៍ ដោយសារកូវីដ ក្នុងការដាស់តឿនប្រជាពលរដ្ឋ តាមសារទូរសព្ទ ទូរទស្សន៍ វីដេអូខ្លីៗ និងតាមប្រព័ន្ធបណ្តាញសង្គម
* ទី២៖ សមត្ថកិច្ចដែនដី ត្រូវទទួលខុសត្រូវចំពោះដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងចាំបាច់ ដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដាក់កំហិតថា ខេត្តណាធ្វើមិនបានត្រូវដកចេញ
* ទី៣៖ វិស័យអប់រំ ត្រូវដើរតួនាទីសំខាន់ ដោយក្រើនរំឭកសិស្សនៅក្នុងថ្នាក់រៀនជាដើម៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង