Grand News Asia Close

វិភាគអន្តរជាតិ៖ សង្គ្រាមអ៉ីស្រាអែល-ហាម៉ាស លាតត្រដាងពីព្រំដែនឥទ្ធិពលអាមេរិក នៅមជ្ឈិមបូព៌ា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 251
វិភាគអន្តរជាតិ៖ សង្គ្រាមអ៉ីស្រាអែល-ហាម៉ាស លាតត្រដាងពីព្រំដែនឥទ្ធិពលអាមេរិក នៅមជ្ឈិមបូព៌ា វិភាគអន្តរជាតិ៖ សង្គ្រាមអ៉ីស្រាអែល-ហាម៉ាស លាតត្រដាងពីព្រំដែនឥទ្ធិពលអាមេរិក នៅមជ្ឈិមបូព៌ា

(វ៉ាស៊ីនតោន)៖ ពេលវេលាបានកន្លងផុត ៤ខែទៅហើយ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ចៀស ការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ ប៉ុន្តែ អ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក បែរជាមិនអើពើ នឹងការអំពាវនាវនេះទេ ហើយថែមទាំងបានប្រកាសពីផែនការពង្រីកសង្រ្គាមរបស់ខ្លួនចូលទៅក្នុងទីក្រុង Rafah ទៀតផង។

បើតាមក្រសួងសុខាភិបាលហ្កាហ្សា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ជនជាតិប៉ាឡេស្ទីនជាង ២៨,០០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលជាកុមារ និងស្ត្រីត្រូវបានសម្លាប់ នៅក្នុង ការវាយប្រហាររបស់អ៉ីស្រាអែល។ ការបន្តកើនឡើងចំនួនអ្នកស្លាប់នេះបាន និងកំពុងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពមួយដ៏ពិបាក ដោយត្រូវបន្តគំាទ្រអ៉ីស្រាអែលផង ទប់ស្កាត់កុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងផង និងត្រូវបានចោទប្រកាន់ថាមានស្ដង់ដារ២ផង ខណៈគំនិតប្រឆាំងអាមេរិកនៅក្នុងតំបន់ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ តួយ៉ាងដូចជានៅអ៉ីរ៉ាក់ជាដើម។

ជាការពិតណាស់ បណ្ដាប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ាដឹងយ៉ាងច្បាស់ថាចិន និងរុស្ស៉ីមិនអាចធ្វើជាអ្នកធានាការពារសន្តិសុខរបស់ពួកគេ ជំនួសសហរដ្ឋអាមេរិកបានឡើយ ហើយការកើនឡើងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសទាំង២ ក៏មិនមែនមានន័យថាចិន និងរុស្ស៉ី នឹងបញ្ជូនកងទ័ព ឬនាវាចម្បាំង មកការពារ ពួកគេនោះដែរ។ តែព្រមពេលជាមួយគ្នា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បាន និងកំពុងលាតត្រដាងឱ្យឃើញពីព្រំដែននៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈក្រុមមន្ត្រីក្នុង តំបន់មជ្ឈិមបូព៌ា បានបង្ហាញការខកចិត្តជាបន្តបន្ទាប់ដែលសហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជំរុញឱ្យអ៉ីស្រាអែលទទួលយកបទឈប់បាញ់បណ្ដោះអាសន្ន មួយ ​ដើម្បីជាការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែងសម្រាប់តំបន់ហ្កាហ្សា។

ក្រុមមន្ត្រីទាំងនោះក៏បានរិះគន់សហរដ្ឋអាមេរិកដែរ សម្រាប់ការផ្ដល់ជំនួយអាវុធ និងហិរញ្ញវត្ថុដល់អ៉ីស្រាអែល រួមទាំងប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើប្រតិបត្តិការវាយប្រហាររួមគ្នាជាមួយអង់គ្លេស លើក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ ពួកគេបានស្ដាប់ឮគ្រប់ពាក្យពេចន៍ដែលលោក Biden បាននិយាយគ្រប់ម៉ាត់ តែ ការធ្វើសកម្មភាពជាក់ស្ដែង បែរជាផ្ទុយពីអ្វីដែលលោកបាននិយាយទៅវិញ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល។ ជាឧទាហរណ៍៖ លោក Biden កាលពីពេលថ្មីៗនេះបានរិះគន់ធ្ងន់ៗ ដ៏កម្រថាការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ធ្វើឡើង «ជ្រុលហួសហេតុពេក»។ ក្នុងសុន្ទរកថាមួយចេញពីសេតវិមានកាលពីថ្ងៃទី៨ ខែកុម្ភៈ លោកបានពិព័ណ៌នាពី ស្ថានភាពក្នុងតំបន់ហ្កាហ្សាដោយនិយាយថា «មានប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនកំពុងអត់ឃ្លាន។ មានប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនកំពុងរងការឈឺចាប់ និងបាត់បង់អាយុជីវិត ហើយរឿងទាំងនេះត្រូវតែបញ្ឈប់»។ ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយសុន្ទរកថានេះ យោធាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីក្រុង Rafah ជាទីដែលជនភៀសខ្លួន ប៉ាឡេស្ទីនជាង ១លាននាក់កំពុងជ្រកកោន ដោយសម្លាប់មនុស្សជាច្រើននាក់។ ចំណែកឯ ការប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកបទឈប់បាញ់ បណ្ដោះអាសន្ន ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ក៏ហាក់បានចំណាយពេលយូរពេកណាស់ទៅហើយដែរ បើទោះជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើទស្សនកិច្ចជាច្រើនលើកទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ។

ក្រៅពីសង្រ្គាមនៅហ្កាហ្សា សហរដ្ឋអាមេរិកនៅមានរឿងជាច្រើនទៀតត្រូវព្រួយបារម្ភ។ ក្រុមមន្ត្រីអាមេរិកបានទម្លាក់ការទទួលខុសត្រូវលើចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់ថាជាអ្នកនៅពីក្រោយការវាយប្រហារលើមូលដ្ឋានទ័ពមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្ស៊កដានីកាលពីខែមករា ដែលបានសម្លាប់ទាហាន អាមេរិក ៣នាក់។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកមានកម្រិត ជាច្រើនលើកលើចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ក៏ដូចជាទប់ស្កាត់ ការវាយប្រហារដោយក្រុមហ៊ូទី នៅក្នុងតំបន់សមុទ្រក្រហម ដំណាលគ្នានឹងការប្រឹងបញ្ចៀសកុំឱ្យសង្រ្គាមក្នុងតំបន់ទាំងមូលផ្ទុះឡើង។ អ៉ីរ៉ាក់បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហាររបស់សហរដ្ឋអាមេរិក ជាមួយការព្រមានពីផលវិបាកធ្ងន់ធ្ងរដល់តំបន់ទាំងមូល និងអះអាងថាទឹកដីរបស់ខ្លួនមិនមែនជាកន្លែងសងសឹកគ្នាទៅវិញទៅមកនោះទេ។

ទោះជាមានការសងសឹក និងការព្រមានចាត់វិធានការបន្ថែមពីសំណាក់យោធាអាមេរិកក៏ដោយ ក៏ការរំខានដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់សមុទ្រក្រហមបង្កឡើង ដោយ ការវាយប្រហាររបស់ក្រុមហ៊ូទីលើកប៉ាល់ដឹកទំនិញនៅតែបន្តកើនឡើងដដែល។ ទំហំនៃការធ្វើពាណិជ្ជកម្មឆ្លងកាត់ដោយកប៉ាល់ដឹកទំនិញ នៅជុំវិញតំបន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកតូចមួយស្ថិតនៅចន្លោះប្រទេសយេម៉ែននៃឧបទ្វីបអារ៉ាប់ និងប្រទេសជីប៊ូទី និងអេរីត្រេ នៃតំបន់ស្នែងអាហ្វ្រិក បន្តធ្លាក់ចុះ ចាប់តាំងពីអាមេរិកដឹកនាំការវាយប្រហារ តាមផ្លូវអាកាសប្រឆាំងមូលដ្ឋានក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី១២ ខែមករាមក។ ផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានគេមើលឃើញជាក់ស្ដែង ដោយបើតាម ការវាយតម្លៃរបស់សារព័ត៌មាន Bloomberg អេហ្ស៉ីបបានខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារ ពីការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រែកជីកស៊ុយអេ មកទល់នឹងពេលនេះ។

មើលតាមស្ថានការណ៍ដូចបានរៀបរាប់ បច្ចុប្បន្នគួរតែជាពេលដែលសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមហ្កាហ្សាឱ្យបានឆាប់។ ប៉ុន្តែ អាមេរិកហាក់មិនមានឥទ្ធិពលក្នុងការបញ្ឈប់សង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានសោះ ហើយមិនតែប៉ុណ្ណោះ កំពូលមហាអំណាចយោធាលេខ១មួយនេះ ក៏មិនអាចកំញើញ ឬបញ្ឈប់ក្រុមប្រដាប់អាវុធដូចជាក្រុមហ៊ូទី មានមូលដ្ឋាន នៅយេម៉ែនដែលជាប្រទេសក្រីក្រមួយបានទៅទៀត។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែមានឆន្ទៈបញ្ចៀសសង្រ្គាមដោយផ្ទាល់ក៏ពិតមែន តែដរាបណាសង្រ្គាមហ្កាហ្សានៅតែអូសបន្លាយ គ្រោះថ្នាក់ និងភាពតានតឹងនៅតែមាន ដែលក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈឥទ្ធិពលអាមេរិកក្នុងតំបន់កំពុងថយចុះ រីឯអ៉ីរ៉ង់កំពុងតាំងខ្លួនឯងជាមហាអំណាច៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង