Grand News Asia Close

វិភាគអន្តរជាតិ៖ តើព័ត៌មានក្លែងក្លាយលើអនឡាញ បង្កកុបកម្មប្រឆាំងជនអន្តោប្រវេសន៍នៅអង់គ្លេស ដោយរបៀបណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានអន្តរជាតិ 352
វិភាគអន្តរជាតិ៖ តើព័ត៌មានក្លែងក្លាយលើអនឡាញ បង្កកុបកម្មប្រឆាំងជនអន្តោប្រវេសន៍នៅអង់គ្លេស ដោយរបៀបណា? វិភាគអន្តរជាតិ៖ តើព័ត៌មានក្លែងក្លាយលើអនឡាញ បង្កកុបកម្មប្រឆាំងជនអន្តោប្រវេសន៍នៅអង់គ្លេស ដោយរបៀបណា?

(ឡុងដ៍)៖ ​ចក្រភពអង់គ្លេស បានប្រឈមមុខនឹងកុបកម្មដ៏អាក្រក់បំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេល១៣ឆ្នាំមកនេះ ខណៈរលកអំពើហិង្សាប្រឆាំងមូស្លីម (អ្នកកាន់សាសនាអ៉ីស្លាម) និងជនអន្តោប្រវេសន៍បានផ្ទុះឡើងនៅទូទាំងប្រទេស។ កុបកម្មលាយឡំជាមួយអំពើហិង្សា រហូតដល់ជំរុញឱ្យប៉ូលិសអង់គ្លេសទាញព្រនុង វាយបង្រ្កាប និងចាប់ខ្លួនកុបករជាច្រើននាក់ កើតមានឡើង បន្ទាប់ពីមានការចែករំលែកយ៉ាងផុលផុសនូវព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមអំពីករណី ចាក់សម្លាប់ក្មេងស្រី៣នាក់ និងមនុស្សមួយចំនួនទៀតរងរបួស នៅឯថ្នាក់រៀនរាំមួយកន្លែង ក្នុងទីក្រុង Southport។

ព័ត៌មានក្លែងក្លាយអំពីហេតុការណ៍ចាក់សម្លាប់មនុស្សកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ បាននិយាយថាជនសង្ស័យម្នាក់មានអាយុ១៧ឆ្នាំ ដែលដំបូងឡើយត្រូវបានប៉ូលិស លាក់បាំងអត្តសញ្ញាណ អនុលោមតាមច្បាប់ការពារអនីតិជន គឺជាជនអន្តោប្រវេសន៍មូស្លីម។ ព័ត៌មានក្លែងក្លាយនេះហើយបានបង្កទៅជាបាតុកម្មតវ៉ាដោយ ក្រុមបាតុករស្ដាំនិយមជ្រុល ដែលក្រោយមកបានរាលដាលកាន់តែធំក្លាយទៅជាកុបកម្មដ៏ហិង្សា ខណៈព្រមពេលជាមួយគ្នា បាតុកម្មប្រឆាំងនឹងការរើសអើងពូជសាសន៍ ក៏បានផ្ទុះឡើងទូទាំងចក្រភពអង់គ្លេសផងដែរ។ ដោយរងសម្ពាធពីសំណាក់បណ្ដាប្រព័ន្ធផ្សព្វផ្សាយ ចៅក្រមអង់គ្លេសម្នាក់បានបញ្ចេញអត្តសញ្ញាណជនសង្ស័យមាន ឈ្មោះថា Axel Rudakubana។ ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ជាច្រើនករណីពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត។ ប៉ុន្តែជនឈ្មោះ Rudakubana ត្រូវបានបញ្ជាក់ថាកើតនៅក្នុងទីក្រុង Cardiff ប្រទេស Wales ហើយមិនមែនជាជនមូស្លីមនោះទេ។

តាមប៉ូលិសអង់គ្លេស កុបករជាង ៤០០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបង្កចលាចល និងអំពើហិង្សា ដែលបានផ្ទុះឡើងនៅតាមទីក្រុងជាច្រើនរបស់អង់គ្លេស រហូត ធ្លាយទៅដល់ទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង។ ក្រុមកុបករស្ដាំនិយមជ្រុលមួយចំនួន ត្រូវបានគេឃើញថាបានធ្វើសកម្មភាពវាយបំផ្លាញ និងចូលលួចរបស់របរ ក្នុងហាងទំនិញ ក៏ដូចជាវាយប៉ូលិស ព្រមទាំងប្រជាជនក្នុងតំបន់ ហើយថែមទាំងធ្វើស្ទីលអបអរតាមហ៊ីត្លែរទៀតផង។ ជាងនេះទៅទៀត ខណៈស្រែកច្រៀងថា «បណ្ដេញ ពួកគេ និងអ៉ីស្លាមចេញពីអង់គ្លេស» ក្រុមកុបករបានបំផ្លិចបំផ្លាញវិហារអ៉ីស្លាម បណ្ណាល័យមួយ និងបាញ់ថ្នាំពណ៌លើជញ្ជាំងផ្ទះមានអត្ថន័យរើសអើងពូជសាសន៍។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សា ដែលលោកផ្ទាល់ចាត់ទុកថាជាទង្វើឧក្រិដ្ឋ និងរើសអើងពូជសាសន៍របស់ ក្រុមស្ដាំនិយមជ្រុល។ តែលោក Starmer មិនបានចាត់ទុកការវាយប្រហារបស់ក្រុមកុបករជាទង្វើស្ពប់ខ្ពើមអ្នកកាន់សាសនាអ៉ីស្លាមនោះទេ អំឡុងថ្លែងសុន្ទរកថាតាម កញ្ចក់ទូរទស្សន៍។ «សូមទុកឱ្យខ្ញុំនិយាយទៅកាន់បណ្ដាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមធំៗ និងអ្នកប្រើប្រាស់ថា អំពើហិង្សាបង្កភាពវឹកវរ ច្បាស់ណាស់ ត្រូវតែលុប ចេញពីប្រព័ន្ធអនឡាញ ព្រោះវាក៏ជាបទឧក្រិដ្ឋមួយដែរ។ វាកើតឡើងលើបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកអ្នក ហើយច្បាប់ត្រូវប្រកាន់ខ្ជាប់នៅគ្រប់ទីកន្លែង»។ នេះជា ការគូសបញ្ជាក់របស់លោក Starmer។ ដូច្នេះថាតើបណ្ដាញទំនាក់ទំនងសង្គមបានចូលរួមចំណែកដុតបញ្ឆេះអំពើហិង្សា ដោយរបៀបណា?

ការបង្ហោះសារនៅលើ Facebook និងរូបភាពដែលត្រូវបានចែកចាយនៅលើបណ្ដាញ Telegram រួមទាំងបញ្ជីរាយនាមពូជសាសន៍ ស្ថិតនៅក្រោមគោលដៅវាយប្រហារ ត្រូវបានចែកចាយបន្តបន្ទាប់នៅលើ Whatsapp បានចូលរួមដុតបញ្ឆេះអំពើហិង្សានៅក្នុងទីក្រុង Southport។ ក្នុងនោះការបង្ហោះព័ត៌មានក្លែងក្លាយដែលថាជនសង្ស័យ គឺជាជនអន្តោប្រវេសន៍មូស្លីម មានអ្នកបានឃើញ ឬចូលមើលដល់ទៅ ១៥.៧លានដងនៅលើបណ្ដាញទំនាក់ទំនងសង្គម X, Facebook, Instagram និងបណ្ដាញ ទំនាក់ទំនងសង្គមដទៃទៀត។ នេះបើតាមទិន្នន័យវិភាគមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ បន្ថែមពីលើនេះ សារព័ត៌មានមួយក៏បានចេញផ្សាយព័ត៌មានគ្មាន មូលដ្ឋានច្បាស់លាស់ដែរថាជនសង្ស័យ បានមកដល់ចក្រភពអង់គ្លេសតាមទូកតូចមួយគ្រឿង មុននឹងសារព័ត៌មាននេះបានសូមទោសសម្រាប់ការផ្សាយព័ត៌មាន មិនពិតនេះ។

លោក Jacob Davey ជានាយកគោលនយោបាយ និងការស្រាវជ្រាវពាក់ព័ន្ធនឹងការប្រឆាំងការរើសអើងពូជសាសន៍ មកពីវិទ្យាស្ថាន Institute for Strategic Dialogue បាននិយាយថា «បណ្ដាញទំនាក់ទំនងសង្គមជាឧបករណ៍ដ៏សំខាន់មួយ ដែលក្រុមជ្រុលនិយមប្រើប្រាស់ដើម្បីដុតបញ្ឆេះអំពើហិង្សា»។ លោក Davey បានពន្យល់ទៀតថា បណ្ដាញទំនាក់ទំនងសង្គម អាចបង្កើតបរិយាកាសអំណោយផលដល់អំពើហិង្សា ឬបុគ្គលជ្រុលនិយមប្រើប្រាស់ដើម្បីបញ្ជា្របគំនិតជ្រុលនិយមរបស់ពួកគេទៅកាន់អ្នកគាំទ្រ ហើយលើកទឹកចិត្តឱ្យអ្នកគាំទ្ររបស់ពួកគេប្រព្រឹត្តទង្វើរើសអើងពូជសាសន៍ និងអំពើហិង្សា។ ជាឧទាហរណ៍ ក្នុងករណីនេះ ទាំងលោក Tommy Robinson ជាស្ថាបនិកអង្គការ ស្ដាំនិយមជ្រុល English Defense League និងលោក Nigel Farage ជាជនស្ដាំនិយមជ្រុលម្នាក់ប្រឆាំងនឹងជនអន្តោប្រវេសន៍ផ្កាប់មុខ និងដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រអង់គ្លេសក្នុងឆ្នាំ២០២៤នេះ បានចែករំលែកការសន្និដ្ឋានគ្មានមូលដ្ឋានថាប៉ូលិសអង់គ្លេសបានលាក់ទុកព័ត៌មានអំពីអត្តសញ្ញាណរបស់ជនសង្ស័យចាក់សម្លាប់មនុស្សក្នុងទីក្រុង Southport ជាជនមូស្លីម ឬជនអន្តោប្រវេសន៍រួចជាស្រេច ហើយទើបបញ្ចេញព័ត៌មានលម្អិតតាមក្រោយ។

បើតាមលោក Davey ប្រព័ន្ធណែនាំមាតិការ ឬ content recommendation systems នៅលើបណ្ដាញទំនាក់ទំនងសង្គមអាចធ្វើឱ្យព័ត៌មានមិនពិតរីកសាយ រហូតដល់ចំណុចបង្កភាពវឹកវរ។ ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះបានដាក់ចេញច្បាប់ថ្មីមួយមានឈ្មោះថា Online Safety Act 2023 ដែលទម្លាក់ការទទួលខុសត្រូវមួយចំនួនលើបណ្ដាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមឱ្យចូលរួមជួយធានាសុវត្ថិភាពអ្នកប្រើប្រាស់នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេ។

ក៏ប៉ុន្តែ មហាសេដ្ឋីអាមេរិក និងជាថៅកែក្រុមហ៊ុន X លោក Elon Musk បានបង្ហោះសារដ៏ចម្រូងចម្រាសនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ជាការឆ្លើយតបទៅនឹងសុន្ទរកថាជាវីដេអូមួយរបស់លោក Starmer ដែលទម្លាក់ការទទួលខុសត្រូវលើបណ្ដាញទំនាក់ទំនងសង្គមធំៗ ជុំវិញបរាជ័យក្នុងការទប់ស្កាត់ការបង្ហោះ និងចែករំលែកព័ត៌មាន មិនពិតអំពីការវាយប្រហារ។ នៅក្នុងសារដាច់ដោយឡែកមួយ លោក Elon Musk ថែមទាំងបានសរសេរទៀតផងថា «សង្រ្គាមស៊ីវិលជារឿងចៀសមិនរួចនៅចក្រភពអង់គ្លេស» ដោយធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសខឹងសម្បារ និងរិះគន់ភ្លាមៗ ហើយចាត់ទុកការអត្ថាធិប្បាយរបស់លោកជាទង្វើមិនអាចទទួលយកបាន៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង