Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិនជាអ្នកប្រមូលផលពីការវាយប្រហារ ក្នុងតំបន់សមុទ្រក្រហម ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 260
វិភាគអន្តរជាតិ៖ តើចិនជាអ្នកប្រមូលផលពីការវាយប្រហារ ក្នុងតំបន់សមុទ្រក្រហម ឬ? វិភាគអន្តរជាតិ៖ តើចិនជាអ្នកប្រមូលផលពីការវាយប្រហារ ក្នុងតំបន់សមុទ្រក្រហម ឬ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលចិន នៅជុំវិញពិភពលោក។ ប៉ុន្តែ ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣មក ពោល ជាពេលដែលក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ចាប់ផ្ដើមបើកការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ក្រុមមន្ត្រីអាមេរិក បានបញ្ចុះបញ្ចូលឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អំឡុងកិច្ចប្រជុំចាយពេលជាង១២ម៉ោង ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមករាកន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសាកល្បងបញ្ចុះបញ្ចូលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថាឥទ្ធិពលរបស់ចិនគួរតែត្រូវបានប្រើ ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សសៃឈាមដ៏សំខាន់មួយ នៃពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែ ចិនមានការយល់ឃើញផ្សេងពីនេះ ដោយមិនចង់ដំឡើងសាច់ដុំអ្វីនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ហើយថែមទាំងចង់ឃើញសហរដ្ឋអាមេរិក ជាប់ផុងដកខ្លួនមិនរួចក្នុងជម្លោះទៀតផង និងក្ដាប់ឱកាសនេះពង្រឹង សាមគ្គីភាពជាមួយពិភពអារ៉ាប់។

សន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចិន។ ក្នុងឆ្នាំ២០២១ នៅពេលកប៉ាល់ដឹកទូរកុងតឺន័រមួយជាប់គាំងនៅព្រែកជីកស៊ុយអេ រយៈពេល៦ថ្ងៃ ក្បែរច្រកចូលទៅកាន់តំបន់សមុទ្រក្រហម ក្រសួងពាណិជ្ជកម្មចិនបានវាយតម្លៃថា ៦០ភាគរយនៃការនាំចេញទំនិញរបស់ចិនទៅកាន់តំបន់អឺរ៉ុប ធ្វើឡើងតាមសមុទ្រក្រហម នេះឯង។ ក្រុមហ៊ូទីបានអះអាងថាការវាយប្រហាររបស់ពួកគេរាប់សិបលើកកន្លងមកនេះ មានគោលដៅលើកប៉ាល់ដឹកទំនិញដែលមានជាប់ពាក់ព័ន្ធនឹងបណ្ដាប្រទេសគាំទ្រ អ៉ីស្រាអែល នៅក្នុងសង្រ្គាមហ្កាហ្សាតែប៉ុណ្ណោះ។ ប៉ុន្តែការវាយប្រហារនេះនៅតែអាចបង្កការគំរាមកំហែងដល់គេឯងគ្រប់គ្នា។

តួយ៉ាង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ កប៉ាល់ដឹកកុងតឺន័ររបស់ក្រុមហ៊ុន OOCL ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងទីក្រុងហុងកុង ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន COSCO ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់រដ្ឋចិន បានរងការវាយប្រហារដោយរ៉ុក្កែតមួយគ្រាប់បាញ់ពីយន្ដហោះដ្រូន។ នៅពេលនោះដែរ មានការលើកឡើងថាក្រុមហ៊ូទី មិនបានដឹងពីការធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងកប៉ាល់នេះទេ ដែលពីមុនធ្លាប់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយរបស់អ៉ីស្រាអែល ហើយរហូតដល់ថ្ងៃទី១៩ ខែមករា ទើបក្រុមហ៊ូទីប្រកាសថាកប៉ាល់របស់ចិន និងរុស្ស៉ី អាចធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហមដោយរីករាយ។ ប៉ុន្តែ ការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ចិនមួយភាគធំ គឺមាន ទំនាក់ទំនងជាមួយកប៉ាល់ដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសដទៃ និងបច្ចុប្បន្នភាគច្រើននៃកប៉ាល់ទាំងនេះកំពុងធ្វើដំណើរតាមផ្លូវវៀងនៅច្រកសមុទ្រ Cape of Good Hope។ តាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុន Spire Global នៅមុនខែធ្នូកន្លងទៅ ៩៩ភាគរយនៃកប៉ាល់ដឹកកុងតឺន័រដែលធ្វើដំណើររវាងចិន និងអ៉ឺរ៉ុប គឺត្រូវធ្វើដំណើរកាត់តាម ព្រែកជីកស៊ុយអេ។ តែគិតត្រឹមសប្ដាហ៍ទី២ ក្នុងខែមករា តួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំង។

ការធ្វើដំណើរតាមច្រកសមុទ្រ Cape ដែលត្រូវប្រើពេល ២សប្ដាហ៍បន្ថែមពីលើរយៈពេលធ្វើដំណើរជាធម្មតា មុនពេលសង្រ្គាមហ្កាហ្សាផ្ទុះឡើង អាចជួយកាត់បន្ថយថ្លៃធានារ៉ាប់រង ដែលកំពុងត្រូវបានទាមទារដំឡើងតម្លៃដោយក្រុមហ៊ុនធានារ៉ាប់រង សម្រាប់ការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ប៉ុន្តែ ការធ្វើដំណើរតាមច្រកសមុទ្រ Cape ក៏ធ្វើឱ្យតម្លៃដឹកជញ្ជូន ឡើងថ្លៃផងដែរ ការណ៍នេះបានធ្វើឱ្យការដឹកជញ្ជូនទំនិញរបស់ចិនទៅកាន់អ៉ឺរ៉ុបឡើងថ្លៃទ្វេដង ចាប់តាំងពីចុងឆ្នាំ២០២៣មក។ តែទោះជាបែបនេះក្ដី រដ្ឋាភិបាលចិនសុខចិត្ត ជ្រើសរើសឈរនៅម្ខាង។ ចិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេសតែមួយគត់ នៅក្នុងប្រទេសជីប៊ូទី (Djibouti) ហើយកងទ័ពជើងទឹកចិនទៀតសោត ក៏មិនសូវចេញមុខចេញមាត់ នោះដែរ។ ចិនបានសម្រេចចិត្តមិនចូលរួមក្នុងក្រុមចម្រុះយោធាមួយដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Operation Prosperity Guardian ដែលត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទីក្នុងតំបន់សមុទ្រក្រហម នោះទេ។ តែក្នុងពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថាចិនបានបញ្ជូននាវាចម្បាំងឱ្យធ្វើដំណើរអម កប៉ាល់ដឹកទំនិញរបស់ខ្លួនក្នុងតំបន់សមុទ្រ Aden ជាប់សមុទ្រក្រហម។ ចិនកន្លងមកក៏មានបទពិសោធលើបេសកកម្មនេះដែរ ដោយចាប់តាំងពីឆ្នាំ២០០៩មក នាវាចម្បាំងចិនបាន ជួយការពារកប៉ាល់ដឹកទំនិញក្នុងឈូងសមុទ្រ Aden ពីការវាយប្រហារដោយចោរសមុទ្រស៊ូម៉ាលី។

សហរដ្ឋអាមេរិកជឿជាក់ថាអ៉ីរ៉ង់កំពុងលើកទឹកចិត្តដល់ក្រុមហ៊ូទី ហើយថាចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេហេរ៉ង់ អាចបញ្ចុះបញ្ចូលអ៉ីរ៉ង់ឱ្យជួយបញ្ឈប់ការវាយប្រហារ ក្នុងតំបន់សមុទ្រក្រហម។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ លោក Sullivan ក៏បានលើកឡើងពីបញ្ហានេះអំឡុងជំនួបជាមួយលោក Wang Yi ក្នុងទីក្រុងបាងកកដែរ។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Reuters វិញ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថាក្នុងជំនួបជាច្រើនកាលពីពេលថ្មីៗនេះ ទាំងនៅក្នុងទីក្រុងប៉េកាំង និងទីក្រុងតេហេរ៉ង់ ក្រុមមន្ត្រីចិនបានស្នើឱ្យសមភាគីអ៉ីរ៉ង់របស់ពួកគេគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ូទី។ មិនតែប៉ុណ្ណោះ មន្ត្រីអ៉ីរ៉ង់ម្នាក់ថែមទាំងនិយាយទៀតថាតាមរយៈការស្នើសុំនេះ ចិនចង់បញ្ជូនសារថា «ប្រសិនបើផលប្រយោជន៍របស់យើងរងការខូចខាត នោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយតេហេរ៉ង់»។ ចំណែកឯ ក្រុមមន្ត្រីអាមេរិកក៏បានទទួលស្គាល់ដែរថា ចិនបានបញ្ជាក់ប្រាប់ថាខ្លួនបានជជែកជាមួយអ៉ីរ៉ង់ ពាក់ព័ន្ធនឹងការវាយប្រហារក្នុងតំបន់សមុទ្រក្រហម ប៉ុន្តែនៅចាំមើលលទ្ធផលសិន មុននឹងធ្វើការអត្ថាធិប្បាយណាមួយ។

នៅក្រោមការដឹកនំារបស់លោក ស៊ី ជីនពីង ចិនបាន និងកំពុងប្រឹងប្រែងបង្ហាញប្រាប់ពិភពលោកថាខ្លួនជាមហាអំណាចដ៏ធំមួយពោរពេញដោយមិត្តភាព ដែលអាចជួយជ្រោមជ្រែង សន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា និងនៅជុំវិញពិភពលោក។ ក្នុងឆ្នាំ២០២២ លោក ស៊ី ជីនពីង បានបញ្ចេញគំនិតផ្ដួចផ្ដើមសន្តិសុខសកល ឬ Global Security Initiative ​ហៅកាត់ថា GSI ដែលមានគោលដៅប្រមូលការគំាទ្រសម្រាប់ចិន ជាពិសេសនៅក្នុងចំណោមបណ្ដាប្រទេសដែលមានទំនោរស្អប់ ឬប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ នៅក្រោមគោលគំនិត GSI នេះដែរ ចិនប្រឆាំងនឹង «ផ្នត់គំនិតសង្រ្គាមត្រជាក់» និង«ការគិតគូតែពីសន្តិសុខខ្លួនឯង ដោយមិនខ្វល់ពីសន្តិសុខអ្នកដទៃ» ដែលជារឿយៗត្រូវបានចិនយកទៅបរិយាយពី នយោបាយរបស់សហរដ្ឋអាមេរិក។ GSI បានទទួលជោគជ័យដំបូងកាលពីខែមីនា ឆ្នាំមុនជាពេលដែលចិនបានប្រកាសពីការសម្រេចបាននូវកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូត ឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ក្រោយប្រទេសទាំង២ផ្ដាច់ទំនាក់ទំនងនឹងគ្នារយៈពេល៧ឆ្នាំ។ យ៉ាងណានេះក្ដី នៅក្នុងតំបន់សមុទ្រក្រហម ចិនមិនអាចរំពឹងថា GSI ជាដំបង វេទមន្តអាចដោះស្រាយបញ្ហាសព្វថ្ងៃបាននោះទេ ហើយចិននឹងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងនោះរួមមានទាំងឆន្ទៈរបស់ចិនខ្លួនឯងក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើអ៉ីរ៉ង់ ដែលជាអ្នកនាំចេញប្រេង ៩០ភាគរយទៅកាន់ទីផ្សារចិន។ ចិនស្វាគមន៍ចំពោះការផ្គត់ផ្គង់ថាមពលក្នុងតម្លៃថោកពីអ៉ីរ៉ង់ ដែលតំណាងឱ្យ១០ភាគរយនៃប្រេងដែលចិននាំចូល។ ណាមួយ ទាំងអ៉ីរ៉ង់ និងចិនមានសត្រូវរួមដូចគ្នាគឺសហរដ្ឋអាមេរិក។ ឧបសគ្គផ្សេងទៀត គឺថាទោះបីជាអ៉ីរ៉ង់ផ្ដល់អាវុធ និងព័ត៌មានសម្ងាត់ឱ្យក្រុមហ៊ូទីក៏ដោយ ក៏ឥទ្ធិពលរបស់អ៉ីរ៉ង់លើក្រុមហ៊ូទី ក៏មានដែនកំណត់ដែរ។ «ពួកគេខ្លាំងដោយសារអ៉ីរ៉ង់ តែអ៉ីរ៉ង់ក៏មិនអាចគ្រប់គ្រងពួកគេបានគ្រប់ពេលនោះដែរ។ នេះបើតាមលោកស្រី Dina Esfandiary ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Crisis Group។ ម្យ៉ាងវិញទៀត ចិនហាក់មិនសូវប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពក្នុងតំបន់ហ្កាហ្សាទេ ដ្បិតចិនដឹងថាឥទ្ធិពលរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ានៅមានកម្រិតឡើយ។

ជាការពិតណាស់ ចិនមានរឿងជាច្រើនត្រូវភ័យខ្លាចពីហានិភ័យនៃការផ្ទុះរាលដាលសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ដោយហេតុថាក្រុមហ៊ុនចិនជាច្រើនកំពុងរកស៊ីនៅទីនោះ ជាមួយ ការវិនិយោគជាង ២០ពាន់លានដុល្លារ ក្នុងបណ្ដាប្រទេសស្ថិតនៅជុំវិញសមុទ្រក្រហម តួយ៉ាងអេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមវិទ្យាស្ថាន American Enterprise Institute មាន មូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៅទៀត ៧០ភាគរយនៃប្រេងដែលចិនកំពុងប្រើប្រាស់ គឺមានជាងពាក់កណ្ដាលនាំចូលពីមជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន ចិននៅតែ មើលឃើញថាខ្លួនអាចបិទភ្នែកម្ខាង បើកភ្នែកម្ខាងចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី។ ក្រុមហ៊ុន COSCO បាននិយាយថាកប៉ាល់របស់ខ្លួនអាចនឹងធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Cape of Good Hope និងផ្អាកការដឹកទំនិញឆ្ពោះទៅអ៉ីស្រាអែល។ តែកប៉ាល់មួយចំនួនរបស់ក្រុមហ៊ុននេះបាន និងកំពុងបន្តធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ហើយព្យាយាមការពារខ្លួនពី ការវាយប្រហារពីសំណាក់ក្រុមហ៊ូទី តាមរយៈការបញ្ជាក់ឱ្យច្បាស់ៗពីទំនាក់ទំនងជាមួយចិន នៅក្នុងប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវតិ្ត។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Spire Global គិតត្រឹមកាលពីចុងខែមករាកន្លងទៅ មានកប៉ាល់ដឹកទំនិញជាង៣០គ្រឿង ក្នុងមួយថ្ងៃ ក្នុងតំបន់សមុទ្រក្រហម បានប្រើប្រាស់វិធីសាស្ត្របញ្ជាក់ អត្តសញ្ញាណមានទំនាក់ទំនងជាមួយចិន ដើម្បីគេចពីការវាយប្រហាររបស់ក្រុមហ៊ូទី៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង