ក្រុមប្រឆាំងក្បត់ជាតិ បង្កើតការញុះញង់ជុំវិញបញ្ហាព្រំដែន និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គឺដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
រហូតមកដល់ពេលនេះ, តាមរយៈភស្តុតាងនិងការវាយតម្លៃគ្រប់ជ្រុងជ្រោយបានបង្ហាញយ៉ាងច្បាស់ថា ក្រុមប្រឆាំងក្បត់ជាតិដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់រួមនឹងបរិវារនៅក្រៅប្រទេសនិងវិទ្យុបរទេសជាខេមរភាសា បានបង្កើតការញុះញង់បញ្ហាព្រំដែន បញ្ហានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV) ដើម្បីដុតបញ្ឆេះកំហឹង ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ស្របពេលដែលសម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេស និងបានគំរាមកំហែងវិលត្រឡប់មកដឹកនាំផ្តួលរំលំរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បានគំរាមកំហែងនិងធ្វើជាបន្តបន្ទាប់នៅខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានកាត់ទោសពីបទល្មើស «ឧបឃាត» រួចទៅហើយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសបានធ្វើសកម្មភាពទាំងងងើល បំភ័ន្តសាធារណមតិ និងអូសទាញបុគ្គលមួយចំនួននៅក្នុងប្រទេសដែលមិនបានពិចារណាវែងឆ្ងាយចូលរួមសកម្មភាពខុសច្បាប់ ដែលអាចប្រឈមចំពោះមុខច្បាប់។ ការញុះញង់ បញ្ឆេះកំហឹងជាតិសាសន៍ និងគំនិតជ្រុលនិយ បំភ្លៃ បំផ្លើស បំភ័ន្ត និងបំភ័យពលរដ្ឋនៅក្នុងស្រុកអំពីការបាត់បង់ទឹកដី ៤ ខេត្តរួមមានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែងទៅ វៀតណាមជាអ្វីដែលពួកក្បត់ជាតិបានបង្កើតឡើង។ ពួកគេបានបំភ្លៃការពិតនិងបំភ័ន្តពលរដ្ឋខុសពីអ្វីដែលបានកើតឡើងពិតប្រាកដ ហើយអ្នកដែលបំភ្លៃនោះ មិនដែលបានចុះទៅកាន់តំបន់ព្រំដែនផ្ទាល់ផង ហើយការពិតនៅតែជាការពិត ខ្មែរនៅតែរក្សាបាននូវបូរណភាពទឹកដីរបស់ខ្លួន។
រយៈពេល ២៥ ឆ្នាំមកនេះនិងបន្តទៅអនាគត, កម្ពុជារក្សាបាននូវបូរណភាពទឹកដី, មាការបោះបង្គោលកំណត់បន្ទាត់ព្រំដែនយ៉ាងច្បាស់លាស់រវាងប្រទេសទាំង ៣, បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង, មានការអភិវឌ្ឍនៅនឹងកន្លែង, ពលរដ្ឋខ្មែរកាន់តែមានចំនួនច្រើនទៅរស់នៅនិងបានប្រកបរបបចិញ្ចឹមជីវិតនៅតាមបណ្តោយព្រំដែន ហើយការចេញចូលរបស់ប្រជាជននៃប្រទេសទាំង ៣ ត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ដោយរនាំងច្បាប់។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោងសហប្រតិបត្តិការ CLV និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនព្រមទាំងអ្នកសិក្សាស្រាវជ្រាវ និងប្រជាពលរដ្ឋនៅទីតាំងផ្ទាល់បានបញ្ជាក់ថាគម្រោង CLV មិនបានធ្វើឱ្យបាត់បង់ទឹកដី អធិបតេយ្យភាពជាតិនិងបូរណភាពដែនដីឡើយ ហើយគ្មានប្រទេសណាត្រូវកាត់ដីឱ្យប្រទេសណាមួយឡើយ។
ប៉ុន្តែហេតុអ្វីបានជាក្រុមប្រឆាំងក្បត់ជាតិខិតខំបំភ្លៃខុសពីការពិត បើអ្វីៗត្រូវបានធានានិងបានបញ្ជាក់រួចទៅហើយនោះ? គោលបំណងធំរបស់ពួកគេគឺឆ្លៀតឱកាសនៃព្រឹត្តិការណ៍ផ្តួលរំលំរបបដឹកនាំនៅប្រទេសស្រីលង្កាដើម្បីញុះញង់ដុតកំហឹងប្រជាពលរដ្ឋជាពិសេសក្រុមប្រឆាំងពួកគេដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ជនក្បត់ជាតិ ៣ ជំនាន់។ នេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយក៏មិនមែនជាការបង្ហាញពីការព្រួយបារម្ភពិតប្រាកដទេ ប៉ុន្តែជាកលល្បិចរបស់ជនក្បត់ជាតិនិងចៅហ្វាយនាយបរទេសរបស់ពួកគេក្នុងការដុតបំផ្លាញសន្តិភាពប្រទេសកម្ពុជា, បំបែកបំបាក់សាមគ្គីភាពជាតិ និងបំផ្លាញជាតិដើម្បីផលប្រយោជន៍បក្ខពួកខ្លួននិងចៅហ្វាយនាយពួកគេ។ នេះជាសន្តានៃជនក្បត់ជាតិ ៣ ជំនាន់។
ចំពោះមុខនេះ, ដើម្បីការពារឱ្យបាននូវសុខសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍជាតិ ទោះក្នុងតម្លៃណាក៏ដោយ ចាំបាច់ណាស់កម្លាំងសមត្ថកិច្ចត្រូវចាត់វិធានការច្បាប់ដើម្បីបង្ការនិងទប់ស្កាត់កម្លាំងជ្រុលនិយមក្រោមខ្សែញាក់របស់ជនក្បត់ជាតិ ៣ ជំនាន់។ ពលរដ្ឋខ្មែរគាំទ្រការអនុវត្តច្បាប់ហ្មឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ចប្រឆាំងក្រុមជនក្បត់ជាតិពីបទឧបឃាតដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសូមកុំបន្តចាញ់បោកការញូះញង់របស់ក្រុមប្រឆាំង និងសូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលបានធានាអះអាងចំពោះមុខប្រជាជាតិនិងប្រជាជនកម្ពុជា«មិនឱ្យបាត់បង់ទឹកដីកម្ពុជាមួយមិល្លិម៉ែត្រណាឡើយ»៕
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤
ដោយចៅចាក់ស្មុក