Grand News Asia Close

ពាណិជ្ជកម្មរវាងចិន-រុស្ស៊ី ងាកពីការប្រើប្រាក់ដុល្លារអាមេរិកមកប្រើប្រាក់យ័នរបស់ចិន

ដោយ៖ គង់ វឌ្ឍនា ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ បច្ចេកវិទ្យា 877
ពាណិជ្ជកម្មរវាងចិន-រុស្ស៊ី ងាកពីការប្រើប្រាក់ដុល្លារអាមេរិកមកប្រើប្រាក់យ័នរបស់ចិន រូបភាពពី BBC

ប្រទេសចិនបានបង្កើនការប្រើប្រាស់ប្រាក់យ័នដើម្បីទិញទំនិញរបស់រុស្ស៊ីក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយស្ទើរតែទាំងអស់នៃការទិញប្រេង ធ្យូងថ្ម និងលោហៈមួយចំនួនពីប្រទេសជិតខាងរបស់ខ្លួនឥឡូវនេះបានទូទាត់ជារូបិយប័ណ្ណចិនជំនួសឱ្យប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះថា ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រាក់យ័នដើម្បីទូទាត់ថ្លៃពាណិជ្ជកម្មទំនិញបន្ទាប់ពីកើតមានសង្រ្គាមអ៊ុយក្រែននេះមានតម្លៃប្រហែល ៨៨ ពាន់លានដុល្លារ។ កត្តានេះបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើអន្តរជាតូនីយកម្មរូបិយប័ណ្ណរបស់ខ្លួន ទោះបីជាការគ្រប់គ្រងមូលធនយ៉ាងតឹងរ៉ឹងត្រូវបានរំពឹងថានឹងដាក់កម្រិតតួនាទីសកលរបស់រូបិយប័ណ្ណនេះនៅក្នុងរយៈពេលខ្លីក៏ដោយ។

ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងខែមីនាឆ្នាំនេះ ប្រាក់យ័នបានក្លាយជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតសម្រាប់ប្រតិបត្តិការឆ្លងព្រំដែននៅក្នុងប្រទេសចិន ដោយវ៉ាដាច់ប្រាក់ដុល្លារអាមេរិកជាលើកដំបូង ទោះបីជាចំណែករបស់រូបិយប័ណ្ណនេះនៅក្នុងរូបិយប័ណ្ណទូទាត់សកលនៅមានកម្រិតទាបត្រឹម ២,៥ភាគរយក៏ដោយ ដែលបើយោងតាម SWIFT ប្រាក់ដុល្លារមាន ៣៩,៤ភាគរយ ហើយប្រាក់អឺរ៉ូមាន ៣៥,៨ភាគរយ។

លោក Chi Lo អ្នកយុទ្ធសាស្រ្តវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុន BNP Paribas Asset Management ក្នុងទីក្រុងហុងកុងព្យាករថានឹងមានការប្រើប្រាស់ប្រាក់យ័នកាន់តែច្រើនក្នុងរយៈពេលវែង ខណៈដែលប្រទេសជាច្រើនទៀតចូលរួមជាមួយ «ប្លុករូបិយ័ណ្ណយ័ន» ដើម្បីកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ប្រាក់ដុល្លារ «ជាពិសេសបន្ទាប់ពីពួកគេបានឃើញអ្វីដែលបានកើតមានឡើងដោយសារការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី»។

លោកបានបន្តថា៖ «នេះគឺជាការអភិវឌ្ឍរយៈពេលវែងខ្លាំងដែលអាចមានរយៈពេល មួយ ពីរ ឬសូម្បីតែបីទសវត្សរ៍ខាងមុខក៏ដោយ»។ លោកបន្ថេមថា៖ «សម្រាប់ពេលនេះ និងសម្រាប់ប៉ុន្មានឆ្នាំខាងមុខនេះ ខ្ញុំគិតថា ប្រាក់យ័ននឹងត្រូវបានប្រើជាចម្បងសម្រាប់ពាណិជ្ជកម្មទំនិញ និងថាមពល»៕

Fresh News

អត្ថបទទាក់ទង