Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 268

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវ​​​​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី​នយោ​បាយ​ចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
កម្មវិធីនយោបាយទាំងពីរនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​, ទី២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រី​កសិកម្មនៅតាម​ឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍​កសិកម្ម​ទំនើប។
កសិកម្ម គឺជាវិស័យស្នូលមួយ ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀម​ទម្លាប់ និងវប្បធម៌នៃសង្គមខ្មែរ។ មកដល់ពេលបច្ចុប្បន្ន វិស័យកសិកម្ម បានរំដោះ​ប្រជា​ពលរដ្ឋខ្មែរពីគ្រោះទុរភិក្ស និងធានាបានសន្តិសុខស្បៀងក្នុងស្ថានភាព​លំបាក​នៃវិបត្តិកូវីដ១៩ ព្រមទាំងបានរក្សាអតិរេកស្រូវ (មានស្រូវលើសពីចំនួនត្រូវការ) អស់រយៈពេលជិត៣០ឆ្នាំមកហើយ។
បើទោះបីយ៉ាងណារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវ​រ​ធិប​តី ហ៊ុន ម៉ាណែត នៅតែកំណត់វិស័យកសិកម្មជានយោបាយអាទិភាព ដែលត្រូវ​យក​ចិត្តទុកដាក់ និង​អនុវត្តឱ្យបានល្អប្រសើរ។ ក្នុងចំណោមនយោបាយអាទិភាព ដែលត្រូវដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣នេះ មាននយោបាយពាក់ព័ន្ធវិស័យកសិកម្ម​ចំនួន​​ពីរ​ផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីកម្មវិធីនយោបាយទាំង៣ដូចខាងក្រោម៖
១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង​ថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​៖
កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង​ថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន គឺជាកម្មវិធីជាតិ​ដ៏សំខាន់​មួយក្នុងការរក្សា​ស្ថិរភាពតម្លៃកសិផល និងជួយដល់សេដ្ឋកិច្ច និងប្រព័ន្ធមុខរបរ​របស់គ្រួសារ​កសិ​ករ និងសន្តិសុខស្បៀង។
កម្មវិធីនយោបាយនេះ នឹងដាក់ចេញកញ្ចប់ថវិកាជាក់លាក់មួយ ដោយចាប់ផ្តើម​ពី​ចំនួន ១០០លានដុល្លារ ហើយនឹងវិភាជថវិកាបន្ថែមទៀត ប្រសិនបើមានតម្រូវការ​ចាំបាច់។
ក្រសួងបានបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីគោលនយោបាយនេះឱ្យទទួលជោគជ័យ ទាមទារឱ្យមានការចូលរួមពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធនានា។ បន្ថែមពីលើនេះ ត្រូវអនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយមួយចំនួនទៀត ដូចជាការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងគោលនយោបាយការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប និងគម្រោងអភិវឌ្ឍន៍នានាក្នុងការចូលរួមកសាងខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ។
២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់៖
កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ គឺជាកិច្ច​ខិត​ខំប្រឹង​ប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិត​ប្រជា​​ពលរដ្ឋនៅ​មូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយ​ដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល។
នៅកម្ពុជា មានឃុំដែលមានសកម្មភាពកសិកម្មចំនួន១,៥៥០។ ក្នុងនោះឃុំ​ភាគ​ច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករ​ប្រមាណ ២លានគ្រួសារ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០នាក់នៅទូទាំងប្រទេស។
តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រីនោះ នៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់ នៅឆ្នាំ២០២៥។
ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវបានរំពឹងថា នឹងជួយបំពេញបន្ថែម​នូវ​កង្វះ​ខាតធនធានមនុស្សផ្នែកកសិកម្មនៅ​មូលដ្ឋាន។ កម្មវិធីគោលនយោបាយនេះ ក៏ នឹងជួយជំរុញការអនុវត្តការងាររបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ខិតការផ្តល់សេវាកសិកម្មឱ្យដល់កសិករនៅ តាមមូលដ្ឋានតែម្តង។ លើសពីនេះមន្ត្រីកសិកម្មឃុំ-សង្កាត់ នឹងជួយទៅដល់ អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ឃុំ ក្នុងការអនុវត្តសកម្មភាពចាំបាច់ក្នុងការ ជួយដល់កសិករ និងសហគមន៍កសិករ ដោយផ្សារភ្ជាប់នឹងបណ្តាញខ្សែច្រវាក់ ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មកសិកម្ម កាត់បន្ថយ ថ្លៃដើមផលិតកម្ម និងមានភាពប្រកួតប្រជែងខ្ពស់ សំដៅលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករ។
៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៖
កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យ​នៃការ​អនុវត្តន៍ផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ដែលជា​ផ្នែក​មួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិ​កាល​ទី៧​នៃរដ្ឋសភា។
កម្មវិធីគោលនយោបាយនេះ មានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។
កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព។
សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា​ភិបាល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធី​នយោ​បាយ​អាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព​របស់ប្រជាពល​រដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ fresh news

អត្ថបទទាក់ទង