កម្ពុជា-ហ្វីលីពិន ចាប់ដៃគ្នាអភិវឌ្ឍន៍កសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម
(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ កម្ពុជា និងហ្វីលីពិន បានចាប់ដៃគ្នាអភិវឌ្ឍន៍លើវិស័យកសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម។ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ភាពជាដៃគូលើកិច្ចអភិវឌ្ឍន៍ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន។
ការចុះអនុស្សរណ:យោគយល់នេះ ត្រូវបានធ្វេីឡេីងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុម ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់ វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព៕