Grand News Asia Close

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 183
ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​ជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហ​គ្រាស​​ចំនួន២៩ ក្នុងខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបព្រឹក​ស្អែកនេះ មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។

លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនោះ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស។ បច្ចុប្បន្នរោងចក្រ សហគ្រាសតាមបណ្តាខេត្ត បានកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករ និយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់នៅឆ្នាំ១៩៩៧ មកដល់ចំនួន ១៧,៧២៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១.៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១,៣៣៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបចំនួន ៨២២,២៣៥នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២.៦ពាន់លានដុល្លារ។

បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៧៧ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ១៥ម៉ឺន ២ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួល​សរុបជាង ៤៦៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់​ដេរមាន​ចំនួន១៦៦ ផ្តល់ការងារជូន​កម្មករ និយោជិតសរុបប្រមាណ ១៣ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤០៨លាន​ដុល្លារក្នុង​មួយឆ្នាំ។

នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់​រាជរដ្ឋា​ភិបាល​ ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយ​បង្កើតរាជ​រដ្ឋា​ភិ​បា​លនីតិកាល​ថ្មី​ហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់​យក​​​កម្ម​ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែក​វាយ​នភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូបជាជំនួបសាធារណៈ​លើក​ដំបូង​ និងមានជំនួបជាបន្តបន្ទាប់ទៀត។

ជំនួបថ្ងៃស្អែកនេះ គឺជាលើកទី៨ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះ​សំណាល​ជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីខែ​សីហា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត៧លើករួចមកហើយ ដោយ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់, លើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់, លើកទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មាន​កម្មករ និយោជិតចូលរួម ១៨,១០៤នាក់, លើកទី៥ ធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុង​ទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ ដោយមានកម្មករនិយោជិតចូលរួមចំនួន ១៨,០៩៩នាក់, លើកទី៦ ធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានកម្មករ និយោជិតចូលរួម ១២,០៦០នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងលើកទី៧ ធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានកម្មករ និយោជិត ចូលរួមចំនួន​​១៨,០២៨នាក់ នៅភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងជំនួបកន្លងទៅ សម្តេចធិបតី បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេស​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេស ការងារអាទិភាព ៦ សម្រាប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៣នេះរួមមាន៖

១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ការងារនេះ បានចេញលទ្ធផលរួចហើយ ដោយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតសម្រេចយកតួលេខ២០២ដុល្លារ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារអាមេរិកទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។ តាមរយៈការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើជួយធ្វើឱ្យជីវភាពរបស់កម្មករ និយោជិត ក្រុមគ្រួសារកាន់តែល្អប្រសើរ។

២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដលកម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។

៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន៤ទៀតផងដែរ ដែលក្នុងនោះរួមមាន៖

១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។

២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។

៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួនផងដែរ។

ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងខែកញ្ញាកន្លងទៅនេះ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានប្រកាសដំឡើងថែមទៀត នៅឆ្នាំ២០២៤ ដែលមានចំនួនទាបបំផុត ២០៤ដុល្លារក្នុង១ខែ ពោលគឺកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ទោះបីជា ពិភពលោក ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ៕ អត្ថបទ៖ Fresh News

អត្ថបទទាក់ទង