វិភាគអន្តរជាតិ៖ ផែនការសន្តិភាពថ្មីដែលអាមេរិក និងរុស្ស៉ី សរសេរឱ្យអ៊ុយក្រែន
(វ៉ាស៊ីនតោន)៖ ដំណើរការស្វែងរកសន្តិភាពបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានជាប់គាំងមួយផ្នែកធំ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ចប្រជុំកំពូលមួយនៅរដ្ឋ Alaska កាលពីខែសីហាកន្លងទៅ។ ប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពហាក់ដូចជាកំពុងមានសន្ទុះសាជាថ្មី។ តាមសារព័ត៌មានអាមេរិក Axios និង Politico សហរដ្ឋអាមេរិក និងរុស្ស៉ីបានធ្វើការជាសម្ងាត់ជាមួយគ្នាលើការសរសេរផែនការសន្តិភាព ២៨ចំណុចថ្មីមួយសម្រាប់អ៊ុយក្រែន ហើយក្រុមមន្ត្រីអាមេរិកថែមទាំងមានសុទិដ្ឋិនិយម ទៀតផងថាកិច្ចព្រមព្រៀងមួយអាចនឹងឈានដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ដោយឡែក កាសែតអាមេរិក New York Times បានរាយការណ៍ថានៅក្រោមផែនការថ្មីខាងលើ ទីក្រុងកៀវនឹងត្រូវតម្រូវឱ្យបោះបង់ចោលទឹកដី កាត់បន្ថយទំហំយោធាពាក់កណ្ដាល និងប្រភេទអាវុធមួយចំនួន។ ផែនការថ្មីនេះដែរដែលត្រូវបានព្រាងឡើងដោយមិនមានអ៊ុយក្រែនចូលរួម បានឆ្លុះបញ្ចាំងពីការទាមទារជ្រុលហួសរបស់វិមានក្រឹមឡាំងចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងកាលពីឆ្នាំ២០២២មក និងដែលត្រូវបានអ៊ុយក្រែនទាត់ចោល។ នេះជាកិច្ចប្រឹងប្រែងចុងក្រោយបំផុតមួយរបស់រដ្ឋបាលលោក ត្រាំ ដើម្បីស្ដារកិច្ចចរចាកំពុងជាប់គាំងឡើងវិញ។ តែអ្នកអត្ថាធិប្បាយអ៊ុយក្រែនខ្លះមើលឃើញថាវាជាការប៉ុនប៉ងមួយក្នុងការដាក់សម្ពាធឱ្យអ៊ុយក្រែនធ្វើសម្បទាន ក្នុងបរិបទរដ្ឋាភិបាលលោក ហ្សេលេនស្គី កំពុងចុះខ្សោយដោយសារ រឿងអាស្រូវពុករលួយដែលអាចនឹងបំបាក់ស្មារតីសម្ព័ន្ធមិត្តលោកខាងលិចពីការបន្តបញ្ជូនជំនួយទៅឱ្យអ៊ុយក្រែន។
អ៊ុយក្រែនក៏កំពុងរងសម្ពាធយ៉ាងខ្លាំងនៅលើសមរភូមិសង្រ្គាមផងដែរ ជាពិសេសក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនជាទីដែលកងទ័ពរុស្ស៉ីនៅតែបន្តភាពរីកចម្រើន។ សម្ពាធដែលរដ្ឋាភិបាលលោក ហ្សេលេនស្គី កំពុងប្រឈមនេះហើយ អាចជាហេតុផលមួយធ្វើឱ្យរដ្ឋបាលលោក ត្រាំ ជំរុញផែនការសន្តិភាពថ្មីមួយនេះឡើងដោយជឿថាមានឱកាសនឹងទទួលបានជោគជ័យ។
លោក Kostiantyn Yelisieiev ជាអតីតទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអ៊ុយក្រែន និងមានជំហរនយោបាយជំទាស់នឹងលោក ហ្សេលេនស្គី បាននិយាយថា «រឿងមួយដែលច្បាស់ នោះគឺជំហររបស់អ៊ុយក្រែននៅពេលនេះមិនមានភាពរឹងមាំនោះទេ ហើយវាមិនត្រឹមតែត្រូវបានមើលឃើញនៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែដៃគូរបស់យើងក្នុងនោះរួមមាន សហរដ្ឋអាមេរិក រួមទាំងសត្រូវឈ្លានពាន (រុស្ស៉ី) ក៏មើលឃើញដែរ»។ ខាងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេចំពោះសេចក្ដីលម្អិតនៃផែនការសន្តិភាពអ៊ុយក្រែននៅឡើយទេ។ នៅពេលត្រូវបាន សាកសួរដោយក្រុមអ្នកសារព័ត៌មានអំពីផែនការនោះ លោក Stephen Miller អ្នកនាំពាក្យសេតវិមានបានឆ្លើយថា «មិនមានព័ត៌មាន ឬសេចក្ដីប្រកាសណាមួយត្រូវធ្វើឡើងនោះទេ»។
សហរដ្ឋអាមេរិកកំពុងស្ដារកិច្ចប្រឹងប្រែងការទូតរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានកិច្ចប្រជុំជាច្រើនជាមួយក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន រួមទាំងកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន ដោយ នៅតែមិនអាចរកច្រកចេញបាននៅឡើយ។ រដ្ឋបាលលោក ត្រាំ បានដាក់សម្ពាធលើរុស្ស៉ី និងអ៊ុយក្រែនឱ្យសរសេរលក្ខខណ្ឌសម្រាប់ការផ្សះផ្សាមួយដែលអាចនឹងក្លាយជាមូលដ្ឋាននៃកិច្ចចរចា។ គណៈប្រតិភូមួយនៃមន្ត្រីយោធាជាន់ខ្ពស់អាមេរិកត្រូវបានរាយការណ៍ថាបានធ្វើដំណើរទៅដល់ទីក្រុងកៀវកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ដើម្បីជួបចរចាជាមួយក្រុមមន្ត្រីអ៊ុយក្រែនអំពីការបំបែក ភាពជាប់គាំង។ តាម Axios និង Politico ផែនការសន្តិភាពសម្ងាត់រវាងអាមេរិក និងរុស្ស៉ី បានលេចចេញពីរូបរាងឡើងចេញពីជំនួបរវាងលោក Steve Witkoff ជាបេសកជនពិសេសរបស់ លោក ត្រាំ និងសមភាគីរុស្ស៉ីរបស់លោក គឺលោក Kirill Dmitriev។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថារដ្ឋបាលលោក ត្រាំ បានជូនដំណឹងដល់អ៊ុយក្រែនអំពីកិច្ចចរចា តែអ៊ុយក្រែន មិនបានចូលរួមទេ ហើយថាអ៊ុយក្រែនមិនអាចទទួលយកបានឡើយតាមលក្ខខណ្ឌនៅក្នុងផែនការសន្តិភាពថ្មី។
នៅក្រោមផែនការសន្តិភាពថ្មីដែលសហរដ្ឋអាមេរិក និងរុស្ស៉ីសរសេរសម្រាប់អ៊ុយក្រែន ទីក្រុងកៀវត្រូវតម្រូវឱ្យបោះបង់ចោលទឹកដី Donbas ទាំងមូលទៅឱ្យរុស្ស៉ី ក្នុងនោះមានទាំងទឹកដីដែល កងទ័ពរុស្ស៉ីមិនទាន់វាយយកបាន។ DeepState ជាក្រុមមួយមានទំនាក់ទំនងជាមួយយោធាអ៊ុយក្រែនបាននិយាយថាផ្អែកលើកម្រិតរីកចម្រើនបច្ចុប្បន្ន កងទ័ពរុស្ស៉ីត្រូវចំំណាយពេល៤ឆ្នាំទៀតដើម្បី វាយដណ្ដើមយកតំបន់ Donbas ទាំងមូល។ គួរឱ្យភ្ញាក់ផ្អើលទៅទៀតនោះ ផែនការសន្តិភាពថ្មីនឹងតម្រូវឱ្យអ៊ុយក្រែនកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដល់ទៅពាក់កណ្ដាលពីចំនួនកងទ័ពបច្ចុប្បន្ន ព្រមទាំងទទួលស្គាល់តំបន់គ្រីមៀ និងទឹកដីអ៊ុយក្រែនដទៃទៀតដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ជាទឹកដីរបស់រុស្ស៉ី។ បន្ថែមពីលើនេះ រុស្ស៉ីក៏បានទាមទារដែរមិនឱ្យមានវត្តមានកងទ័ពបរទេសនៅលើ ទឹកដីដែលអ៊ុយក្រែនកំពុងគ្រប់គ្រងនោះទេ នៅបន្ទាប់ពីមានបទឈប់បាញ់។ ការទាមទារនេះជាការបដិសេធទៅនឹងសំណើរបស់បារាំង និងចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយកងទ័ព ដើម្បីធានា សន្តិភាពនៅអ៊ុយក្រែនក្រោយសង្រ្គាមបិទបញ្ចប់។ កាន់តែអស្ចារ្យទៅទៀតនោះ ផែនការសន្តិភាពថ្មីនឹងតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលអាវុធរយៈចម្ងាយឆ្ងាយមួយចំនួនទៀតផង ខណៈសព្វថ្ងៃ អ៊ុយក្រែនតែងតែដឹកនាំការវាយប្រហារដោយប្រើដ្រូនផលិតក្នុងស្រុកជាប្រចាំលើគោលដៅស្ថិតនៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងទីក្រុងមូស្គូ។
គួរបញ្ជាក់ថា រុស្ស៉ីបានឱ្យសញ្ញាថាខ្លួននឹងបន្តធ្វើសង្រ្គាមរហូតទាល់តែអ៊ុយក្រែនយល់ព្រមតាមធ្វើតាមលក្ខខណ្ឌដែលខ្លួនចង់បាន។ ទីក្រុងកៀវបាននិយាយថាការផ្ដល់សម្បទានដូចជាទឹកដី ប្រៀប បានដូចជាការផ្ដល់រង្វាន់ទៅឱ្យការឈ្លានពានរបស់រុស្ស៉ី ហើយទុកឱ្យអ៊ុយក្រែនទន់ខ្សោយ និងងាយរងគ្រោះ ជាមួយការអះអាងថារុស្ស៉ីអាចនឹងប្រើប្រាស់បទឈប់បាញ់ណាមួយ ដើម្បីប្រមូលផ្ដុំ កម្លាំងទ័ពសម្រាប់ការឈ្លានពានជាថ្មីនៅពេលអនាគត៕
-Fresh News-






