Grand News Asia Close

សាកលវិទ្យាល័យជាតិអូស្ត្រាលី៖ ការពេញចិត្តរបស់ប្រជាជនអូស្ត្រាលី ចំពោះលទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះ នៅតាមពីក្រោយវៀតណាម និងកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 534
សាកលវិទ្យាល័យជាតិអូស្ត្រាលី៖ ការពេញចិត្តរបស់ប្រជាជនអូស្ត្រាលី ចំពោះលទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះ នៅតាមពីក្រោយវៀតណាម និងកម្ពុជា សាកលវិទ្យាល័យជាតិអូស្ត្រាលី៖ ការពេញចិត្តរបស់ប្រជាជនអូស្ត្រាលី ចំពោះលទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះ នៅតាមពីក្រោយវៀតណាម និងកម្ពុជា

(អូស្រ្តាលី)៖ លទ្ធផលនៃការស្ទង់មតិដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលចេញផ្សាយដោយសាកលវិទ្យាល័យជាតិអូស្ត្រាលីបង្ហាញថា ៧៧% នៃប្រជាជនអូស្ត្រាលីពេញចិត្ត ឬពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធិប្រជាធិបតេយ្យ បើធៀបនឹង ៨១% ក្នុងឆ្នាំ ២០០៨។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺថា ប្រជាជនអូស្ត្រាលីដែលពេញចិត្តនឹងនឹងប្រព័ន្ធនយោបាយរបស់ប្រទេសខ្លួនបច្ចុប្បន្នមានត្រឹមតែ ១៤.២% ប៉ុណ្ណោះបើធៀបនឹងជាង ១៥ ឆ្នាំមុន មានរហូតដល់ ២៣.៤%។

ប្រទេសអូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ៤ តាមពីក្រោយប្រទេសវៀតណាម កម្ពុជា និងតៃវ៉ាន់ ទាក់ទងនឹងការពេញចិត្តនឹងប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួន។

លោកសាស្ត្រាចារ្យ Nicholas Biddle ដែលជាសហស្រាវជ្រាវ និងនិពន្ធ នៃការសិក្សានេះបាននិយាយថា ខណៈដែលការពេញចិត្តជារួមរបស់ប្រជាជនអូស្ត្រាលី ចំពោះលទ្ធិប្រជាធិបតេយ្យបានធ្លាក់ចុះនោះ លទ្ធិប្រជាធិបតេយ្យជាទូទៅនៅតែរឹងមាំ។

លោកបានប្រាប់សារព័ត៌មាន SBS News របស់អូស្រ្តាលី យ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបង្ហាញថា យើងមិនគួរទទួលយករឿងនេះទេ» ។

ប្រជាជនដែលកើតនៅក្រៅប្រទេសកាន់តែច្រើន ពេញចិត្តនឹងលទ្ធិប្រជាធិបតេយ្យច្រើនជាងអ្នកដែលកើតនៅប្រទេសអូស្ត្រាលី។ ការអប់រំត្រូវបានគេរកឃើញថា ជាសូចនាករច្បាស់លាស់បំផុត សម្រាប់វាស់វែងការពេញចិត្តរបស់មនុស្សចំពោះប្រព័ន្ធនយោបាយ។

របាយ​ការណ៍​បាន​រក​ឃើញ​ថា​ ទំនុក​ចិត្ត​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​អ្នក​ដែល​មិន​បាន​បញ្ចប់​ការអប់រំរយៈពេល១២ឆ្នាំ ដោយ​មាន​តែ​ ៦៧.៥%​ ប៉ុណ្ណោះ​ដែល​និយាយ​ថា​ ពួកគេ​ពេញចិត្តធម្មតា ​ឬ​ពេញ​ចិត្ត​ខ្លាំង​។

ជនជាតិអូស្ត្រាលី ៤ នាក់ក្នុងចំណោម ៥ នាក់ដែលមានសញ្ញាប័ត្រពីសាកលវិទ្យាល័យបាននិយាយថា ពួកគេពេញចិត្ត ខណៈពេលដែលទំនុកចិត្តនេះបានធ្លាក់ចុះបន្តិចម្ដងៗ សម្រាប់អ្នកដែលមានសញ្ញាបត្រក្រោយឧត្តម។

លោក Biddle បាននិយាយថា «អ្វីដែលជាភាពខុសគ្នាខ្លាំងនោះគឺថា អ្នកដែលមានការអប់រំតិចតួច មិនសូវពេញចិត្តនឹងលទ្ធិប្រជាធិបតេយ្យ ជាងអ្នកដែលមានប្រាក់ចំណូលទាប»។

នៅឆ្នាំនេះ ទំនុកចិត្តរបស់ប្រជាជនអូស្ត្រាលីលើរដ្ឋាភិបាលបានធ្លាក់ចុះ ពីប្រហែល ៥១ % មកនៅត្រឹម ៤៨% នៅចន្លោះខែមករា និងខែមេសា មុនពេលធ្លាក់ចុះម្តងទៀត មកត្រឹមក្រោម ៤៤% នៅក្នុងខែសីហា។

កត្តារួមចំណែកដែលធ្វើឱ្យមានការធ្លាក់ចុះនេះ គឺជំងឺរាតត្បាតដែលបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើទំនុកចិត្ត ជាមួយនឹងការស្រាវជ្រាវដែលបានបញ្ចប់ដោយវិទ្យាស្ថាន Grattan បានរកឃើញថា អ្នកដែលមានប្រាក់ចំណូលទាបត្រូវបានរងផលប៉ះពាល់មិនសមាមាត្រ ក្នុងអំឡុងពេលជំងឺរាតត្បាត។

លោក Biddle បាននិយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺកូវីដ១៩ បាននាំឱ្យមានការចុះខ្សោយនៃទំនុកចិត្ត។

គួរបញ្ជាក់ថា ការរកឃើញនៃការសិក្សានេះ ត្រូវបានដកចេញពីការស្ទង់មតិរបស់សាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ការស្ទង់មតិបារ៉ូម៉ែត្រអាស៊ី និងការស្ទង់មតិ ANUPoll ដែលជាស៊េរីនៃការស្ទង់មតិចំនួនបី ដែលធ្វើឡើងដោយសាកលវិទ្យាល័យជាតិអូស្ត្រាលីជារៀងរាល់ឆ្នាំ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង