Grand News Asia Close

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 788
ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។

បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :

  1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
  2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
  3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។

បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : “ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ”។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រ ជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។

ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។
នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។
នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។
ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ​ទៅ​ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស​ក្នុង​ពិធី​បុណ្យនេះផងដែរ។
សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន[ត្រូវការអំណះអំណាង]​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។[ត្រូវការអំណះអំណាង]​ ​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕

បរាភវសូត្រ

បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ​) តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។ ឃ្លា​នេះ​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា​ ពួក​គេ​មិន​ហ៊ាន​ស្ដាប់​ធម៌​​បរាភវសូត្រ​ទេ​ ព្រោះ​ខ្លាច​វិនាស។
តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ការ​បោះបាយ​បិណ្ឌ

នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។
ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។ អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។

ប្រវត្តិពួកប្រេត និងជំនឿលើការបោះបាយបិណ្ឌ

ការ​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។

ប្រេត

អត្ថបទ​លម្អិត៖ ប្រេត
បើតាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

ប្រវត្តិពួកប្រេត និងជំនឿលើការបោះបាយបិណ្ឌ
ស្មូត៖ ប្រេតទួញយំប្រាប់កូនចៅ (មានវីដេអូ)

បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។

អត្ថបទទាក់ទង