Grand News Asia Close

(វីដេអូ) លទ្ធផលនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ទំព័រវីដេអូ ព័ត៌មានជាតិ 813

(ប៉េកាំង, ចិន)៖ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេច​មហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានរៀបចំពិធីទទួលបដិ​សណ្ឋា​រកិច្ចជាផ្លូវការនៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងមហោឡារិកនៅមហាវិមានប្រជាជន​ចិន ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក លី ឈាង នាយក​រដ្ឋ​មន្ត្រីចិន។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី​ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។

ក្នុងជំនួបជាលើកទី២ បន្ទាប់ពីការជួបគ្នាលើកទី១ នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ីនោះ លោក លី ឈាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងវាយតម្លៃ​ខ្ពស់​ចំពោះសម្តេចធិបតី ដែលបានកំណត់យកប្រទេសចិន ជាប្រទេស​ទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្ដេចធិបតី ចូលកាន់​តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

លោកនាយករដ្ឋមន្ត្រី លី ឈាង បានគូសបញ្ជាក់អំពីសារៈ​សំខាន់នៃ​ចំណង​​មិត្តភាពកម្ពុជា-ចិន និងអំពីអត្ថប្រយោជន៍ជាច្រើន​ដែលប្រជាជាតិ​ទាំងពីរទទួលបាន ជាពិសេសនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី​ចិន​ ដែលបានអនុញ្ញាតឱ្យសម្ដេចធិបតី និងគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ​ រហូតដល់ទៅពីរដងនៅក្នុងខែកញ្ញា​នេះ​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកាយវិការ​ដ៏ប្រពៃ​នេះ និងបានអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់​ក្តៅ និងភាតរភាពខ្ពស់ ចំពោះសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ចាប់​តាំង​​ពីពេលមកដល់ប្រទេសចិន។

សម្តេចធិបតី ក៏បានអរគុណ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រជាជន និងប្រទេសចិន ដែលតែងតែផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ និងទទួល​ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរយាងមកដល់ និងការគង់នៅ​របស់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។

ជាមួយនឹងការវាយតម្លៃ និងការថ្លែងអំណរគុណ, សម្ដេចធិបតី ក៏បាន​គូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីផ្ទាល់ថា កម្ពុជាបន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនមួយយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិន នៅ​ក្នុង​ក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួច​ផ្តើម​នានារបស់ចិន។

សម្ដេចធិបតី បានប្រកាសគាំទ្រចំពោះការរៀបចំវេទិកាគំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់ និងផ្លូវលើកទី៣ និងបានបញ្ជាក់ពីការអញ្ជើញចូលរួមរបស់ សម្ដេច​ធិប​តី នាខែតុលាខាងមុខផងដែរ។ បន្ថែមពីលើនេះ កម្ពុជាត្រៀម​ខ្លួន​ជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និង​ខិត​ខំស្វែងរកនូវគម្រោងថ្មីៗបន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផល​ប្រយោជន៍​​ជូនប្រជាជនទាំងពីរឱ្យបានកាន់តែប្រសើរ។

ជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំនោះ លោកនាយក​រដ្ឋ​មន្ត្រី លី ឈាង និងសម្ដេចធិបតី បានធ្វើជាសាក្សីលើការចុះអនុស្សរ​ណៈ​នៃការ​យោគយល់គ្នាចំនួន១៥ ដែលក្នុងនោះមាន ឯកសារស្តីផែន​ការ​សកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគ​សម័យ​ថ្មី ឆ្នាំ២០២៤-២០២៨ ផងដែរ។

ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក នៅ​ក្នុង​ក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍​ជូនប្រជាជននៃប្រទេសទាំងពីរ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាល សម្ដេចធិបតី បានស្នើឱ្យ​សម​ភាគីចិន ពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងការលើកទឹកចិត្តផ្នែកវិនិយោគ ការ​អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញ​វិស័យ​ទេសចរណ៍។

លោកនាយករដ្ឋមន្ត្រី លី ឈាង បានអរគុណចំពោះការស្នើរបស់ សម្ដេច​ធិប​តី និងរីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផល​នូវ​គម្រោងទាំងនេះ។

ជាមួយនឹងស្មារតី និងការប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាង​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រសើរឡើង, ប្រមុខរដ្ឋាភិបាល​ទាំង​ពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្ត​គាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និង​សកលលោក។

មុននឹងបញ្ចប់ជំនួបពិភាក្សានោះ លោកនាយករដ្ឋមន្រ្តី លី ឈាង បាន​បញ្ជាក់​ជូនសម្ដេចធិបតីជាថ្មីថា ចិនបន្តគាំទ្រ និងសហការជា​មួយ​កម្ពុជា​លើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង