Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីគុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ចឱ្យរស់រវើក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1826
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីគុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ចឱ្យរស់រវើក សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីគុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ចឱ្យរស់រវើក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីគុយបា បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីសម្តែងការគួរសម និងស្វាគមន៍សម្តេចធិបតី ក្លាយជា​នាយក​រដ្ឋមន្ត្រីកម្ពុជា និងជជែកលើការពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​រវាង​ប្រទេសទាំងពីរឱ្យកាន់តែរស់រវើក។
ជំនួបដែលធ្វើឡើងនាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីគុយបា បានសម្តែងការ​អប​អរសាទរជូនចំពោះសម្តេចធិបតី ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ឱ្យ​ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួល​បានជ័យជម្នះក្នុងការបោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិ​ការ​ល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងអំពីការបន្តគាំ​ទ្រ​គ្នា​ទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ លោកប្រធានាធិបតី ក៏បានរំឭក​នូវអនុស្សាវរីយ៍​ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសគុយបា កាល​ពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកជាឆ្នាំដ៏សំខាន់​នៃការលើកកម្ពស់​ទំនាក់​ទំនង​រវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យ​ជាច្រើន ដូចជាកសិកម្ម, សុខាភិបាល, អប់រំ និងកីឡាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទ, ការ​អបអរសាទរ និងបានជម្រាបជូនលោកប្រធានាធិបតីផងដែរ នូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ បន្ថែមលើ​ទំនាក់​ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចធិបតី បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភ និងការ​គាំទ្រ​របស់គុយបា ក្នុងអំឡុងពេលកម្ពុជា ជួបប្រទះការលំបាកបំផុត ជាពិសេស​នៅក្រោយថ្ងៃ​រំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់​ទំនង​ប្រកប​ដោយសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ច​សហ​ប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែមក្នុង​វិស័យ​សក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀប​ចំកិច្ច​ពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេល​ឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងជំនួបសំណេះសំណាលនេះ លោកប្រធានាធិបតីគុយបា បានអញ្ជើញសម្តេចធិបតី ធ្វើទស្សន​​កិច្ចផ្លូវការនៅគុយបា ក្នុងពេលសមស្របណាមួយ។ ជាការឆ្លើយតប​នឹងការអញ្ជើញនេះ សម្តេចធិបតី បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា គុយបា ជាប្រទេសដែលសម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយសម្តេចធិបតី នឹងកំណ​ត់ពេលវេលាសមស្របណាមួយក្នុងពេលឆាប់ខាងមុខ៕

អត្ថបទទាក់ទង