Grand News Asia Close

នាយករដ្ឋមន្ត្រីអូស្ត្រាលី ទទួលស្គាល់ថានឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិន ក្នុងឆ្នាំនេះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ អាស៊ាន | ASEAN 464
នាយករដ្ឋមន្ត្រីអូស្ត្រាលី ទទួលស្គាល់ថានឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិន ក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី ទទួលស្គាល់ថានឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិន ក្នុងឆ្នាំនេះ

(ហ្សាការតា)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញានេះបានទទួលស្គាល់ជាផ្លូវការ ថាលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅខាង ក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសរបស់លោក អាល់បានីស កើតមានឡើងចំពេលទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ ក្រោយមាន ទំនាស់នយោបាយឈានទៅដល់ការរឹតត្បិតលើការធ្វើពាណិជកម្ម ក្នុងនោះរួមមានការដាក់ទណ្ឌកម្មរបស់ចិន លើការនាំចូលទំនិញមួយចំនួនពីអូស្ត្រាលី នារយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោក អាល់បានីស បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំ…សូមបញ្ជាក់ពីការអញ្ជើញពីប្រធានាធិបតី ស៊ី (ជិនពីង)។ ខ្ញុំទទួលយក ការអញ្ជើញ ហើយនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ អាស្រ័យលើពេលវេលាដែលត្រូវបានឯកភាពគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចដំបូងបំផុតទៅកាន់ប្រទេសចិន របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ចាប់តាំងពីឆ្នាំ២០១៦មក។ លោក អាល់បានីស ក៏បានអរគុណទៅកាន់ប្រធានាធិបតីចិន សម្រាប់ការអញ្ជើញ ហើយនិយាយថាកិច្ចពិភាក្សារបស់លោកជាមួយលោក លី ឈាង ប្រព្រឹត្តទៅប្រកបដោយលក្ខណៈ ស្ថាបនា និងវិជ្ជមាន ក៏ដូចជាលើកឡើងផងដែរពីតម្រូវការចាំបាច់លើកិច្ចសន្ទនាបន្ថែម ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង៕

អត្ថបទទាក់ទង