Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 534
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
នៅក្នុងជំនួបនេះ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី ២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាននិងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានរំលេចនូវតួនាទីដ៏សំខាន់របស់កម្ពុជាជាពិសេស សម្ដេចតេជោ ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេឲ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោបានជួយឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយសូមបញ្ជាក់ថា ទីម័រឡេស្តេ នៅពេលនេះគឺជាសមាជិកអង្កេតការណ៍ របស់អាស៊ាន។ ហើយសម្ដេចតេជោកំពុងតែខិតខំជំរុញឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកពេញចិត្តរបស់អាស៊ាននៅឆ្នាំ២០២៥នេះ។
នៅក្នុងឱកាសនោះដែរ ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលបានស្វាគមន៍ចំពោះសម្ដេចនិងសហការី ក្នុងឱកាសនៃការទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាននៅពេលនេះ។
សម្ដេចតេជោបានរំលេចថានៅពេលដែលសម្ដេចបានធ្វើជាប្រធានអាស៊ាន៣ដងនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និង២០២២ សម្ដេច មិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ហើយនេះជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ានលើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេចក៏មិនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។
នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានរំលេចនូវព្រឹត្តិការណ៍២៦ឆ្នាំមុន នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលក្នុងពេលនោះកម្ពុជាបានចូលរួមចំណែក និងខិតខំប្រឹងប្រែងទម្រាំបានចូលជាសមាជិកអាស៊ាន។ ហើយនៅក្នុងចំណុចនេះសម្ដេចតេជោក៏បានប្រៀបធៀបទៅនឹងករណីទីម័រឡេស្តេ។ កម្ពុជាកាលពី២៦ឆ្នាំមុន នៅមុនពេលកម្ពុជាចូលជាសមាជិក អាស៊ាន និងទីម័រឡេស្តេបបច្ចុប្បន្នគឺស្ថានភាពរបស់ទីម័រឡេស្តេគឺប្រសើរជាងកម្ពុជាឆ្ងាយណាស់ ។ ហើយសម្ដេចសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះពីព្រោះវត្តមានរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងធ្វើឲ្យអាស៊ានពង្រីកខ្លួនកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានចែករំលែកនូវបញ្ហាដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្នគឺពិសេសគឺបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ ហើយសម្ដេចតេជោបានរំលេចថានាពេលបច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មកំពុងតែភ្ជាប់នឹងបញ្ហាឧបសគ្គនយោបាយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បណ្ដាលប្រទេសនានាលើសាកលលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។
សម្ដេចតេជោបានរំលេចបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀត ហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។ សម្ដេចតេជោក៏បានរំពឹងថា ក្នុងឆ្នាំនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានប្ដូរវេន នឹងអាចចូលរួមចំណែកដោះស្រាយនូវបញ្ហាទាំងអស់នេះបាន។
ជាចុងក្រោយនៃជំនួបនេះ ឯកឧត្តម កៅ គឹមហួន បានសម្ដែងនៅក្ដីត្រេកអរសារជាថ្មីហើយបញ្ជាក់ពីមោទនភាពដែល ឯកឧត្តមនិងសហការីបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នៅលេខាធិការដ្ឋានអាស៊ាន ហើយក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកនូវ សម្ដេចចំនុចសំខាន់ៗទាក់ទងទៅនឹងការងាររបស់សម្ដេចតេជោក្នុងពេលដែលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ហើយឯកឧត្តមក៏បានជូនពរ សម្ដេចតេជោ និងគណៈប្រតិភូ ឲ្យទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅពេលនេះ៕

អត្ថបទទាក់ទង