Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 670

សម្រង់ប្រសាស ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសចំនួន ១៨,០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ,
នាព្រឹកថ្ងៃអង្គារ ទី២៩ សីហា ២០២៣


CMF:

សូមគោរពឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា
អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ
ឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្ដិយស បងប្អូនកម្មករ និយោជិក ទាំងអស់ជាទីរាប់អាន

ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានជួបបងប្អូនកម្មករ និយោជិតនៅទីនេះ។ ដំបូង ខ្ញុំសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំប្រទេសជាងបីទសវត្សរ៍ កសាងប្រទេសតាំងពីបែកបាក់ បាតដៃទទេ រហូតដល់យើងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លទ្ធផលដែលបងប្អូនទាំងអស់គ្នា ១៨ ០០០ នាក់ បានមកអង្គុយនៅទីនេះ មានអាជីពនឹងនរ ការថែទាំ បៀវត្សរ៍ ហើយអ្នកជាច្រើនដែលរំពឹងលើបងប្អូន មាន​ឪពុកម្ដាយកូន ដែលយើងអាចជួយ(នៅក្នុង)បន្ទុក ក៏ជាលទ្ធផលនៃការងារ និងការសំរេចបាន​ដែលសម្ដេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្ដិមុនៗបានដឹកនាំ។

(១) សមិទ្ធផលសំរេចបាន ៤ ទសវត្សរ៍បន្តបន្ទាប់គ្នា

ថ្ងៃនេះ ខ្ញុំនិងឯកឧត្តម ហេង សួរ សូមថ្លែងអំណរគុណនិងដឹងគុណដល់សម្ដេចតេជោដែលខិតខំដឹកនាំ ប្រ​ទេសមកដល់ពេលនេះ។​ ខ្ញុំក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំក្រសួងការងារដែលបានដឹកនាំកន្លង​មក (និង)ដែលថ្ងៃនេះ មានឯកឧត្តម អ៊ិត សំហេង លោកបានមកចូលរួម។ ពីមុនមានឯកឧត្តម វង សូត្រ ហើយឯកឧត្តម អ៊ិត សំហេង ក៏បានធ្វើការងារនេះបន្ដ។ សមិទ្ធផលដែលយើងមានថ្ងៃនេះ មិនមែនកើតឡើងតែមួយថ្ងៃទេ។ សមិទ្ធផលនេះគឺ(សំរេចបាន)បន្ដបន្ទាប់ ៤ ទសវត្សរ៍ជាង។ វាផ្តើមពីការបែកបាក់គ្នា ពីការបញ្ចប់សង្គ្រាមមួយដ៏លំបាក  ពីការរំដោះប្រជាជនពីរណ្ដៅនៃជ្រោះមរណៈ និងមកដល់ម៉ោងនេះ យើងអង្គុយនៅកន្លែងទីវាលនេះ។ ពិតណាស់ជាកន្លែងមិនទាន់មានរោងចក្រ មិនទាន់មានអីមែន ប៉ុន្ដែបើយើងមើលជុំវិញ(ទីនេះបាន)ប្រែក្លាយពីដីមួយដែលគេបោះចោល ក្រោយមកទៅជាវាលស្រែ ឥឡូវក្លាយជារោងចក្រដែលផ្ដល់ការងារនិងបៀវត្សរាប់សិប​លានដុល្លារទៅក្នុងហោប៉ៅប្រជាពលរដ្ឋ …។

សម្ដេចតេជោ ត្រូវចុះ(ជួបកម្មករ)១០ កម្មវិធីទៀតក្រោយបោះឆ្នោត។ ពីមុនលោកបានខិតខំក្នុងការចុះ(ជួប) ប៉ុន្ដែដោយពេលវេលាកំណត់ យើងត្រូវឃោសនាបោះឆ្នោត ដែលមានបំរាមការចុះជួប ដូច្នេះយើងគោរពតាមច្បាប់ គ.ជ.ប។ ទោះជាយ៉ាងណាក៏ដោយ ​អ្វីដែលបានចាប់ផ្ដើមហើយ រាជរដ្ឋាភិបាលអាណត្ដិថ្មីដែលមានថ្នាក់ដឹកនាំថ្មីជាច្រើននាក់ នឹងរួមគ្នាបន្ដថែរក្សានូវសមិទ្ធផលដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដឹកនាំក្នុង ៤០ ឆ្នាំនេះ បានបន្សល់ទុកនិងខិតខំពង្រីកបន្ថែមទៀត។ នេះការប្ដេជ្ញាចិត្តរបស់យើង។

(២) កន្លែងជួបកម្មករ/ការិនីទ្រង់ទ្រាយធំមុនបោះឆ្នោត និងវេទិកាទី១ ជួបក្នុងនាមជានាយករដ្ឋមន្ត្រី

ខ្ញុំជួបបងប្អូននៅទីនេះ ដូចជាមានអារម្មណ៍ភ័យបន្ដិចដែរ។ មានអនុស្សាវរីយ៍ពីទីនេះ។ មិនដឹងថាជាការចៃដន្យឬ​និស្ស័យ។ កន្លែងនេះ ខ្ញុំបានជួបបងប្អូនកម្មករ/ការិនីដែលមានទ្រង់ទ្រាយធំជិត ២ ម៉ឺននាក់ ហើយជាកន្លែងចុងក្រោយដែលជួបកម្មករ/ការិនីមុនបោះឆ្នោត។ ឥឡូវជាកន្លែងទី១ ដែលខ្ញុំចាប់ផ្ដើមវេទិកាជួប​ប្រជាពលរដ្ឋនៅក្នុងតួនាទីជានាយករដ្ឋមន្ដ្រី។ ខ្ញុំគិតថា កន្លែងនេះមានអ្វីពិសេស។ ជួបបងប្អូនកម្មករ/ការិនី(នៅទីនេះ)ជាករណីពិសេស ឬប្រហែលជានិស្ស័យច្រើនជាងចៃដន្យ។ (អ្វីដែលធ្វើអោយ)ខ្ញុំចាំជាងគេ កន្លែងនេះមិនត្រឹមតែ(ជាទីជួប)មនុស្ស​ច្រើនទេ តែខ្ញុំចាំ(ហេតុការណ៍)ពីរទៀត។ ខ្ញុំចាំ(បានថា មាន)ប្អូនម្នាក់អង្គុយកន្លែងហ្នឹង និងនិយាយថា “បងអើយខ្ញុំគេងអត់លក់សោះ ដឹងតែមកជួបបងឯង។ ដល់មួយសន្ទុះមកគាត់ថា “បងអើយ ខ្ញុំយល់សប្ដិឃើញបងឯង”។ ខ្ញុំថា “ចុមគេងមិនលក់តែយល់សប្ដិ”។ សង្ស័យអារ​ម្មណ៍របស់គាត់។ អ្នកខ្លះគេងអត់ស្កប់ ក៏គិតថាខ្លួនគេងអត់លក់ ប៉ុន្តែយល់សប្តិ។

(៣) ក្តីស្រឡាញ់ ភាពកក់ក្តៅ ផ្តល់ថាមពលឲ្យបន្តដឹកនាំនិងកសាងសមិទ្ធផលជូនជាតិ

ទី២ នេះជាកន្លែងដែលបាន(ទទួល)ស្នាមថើបច្រើនជាងគេបំផុត (កាលពី)ថ្ងៃទី២៥ ខែមិថុនា (២០២៣)។ អម្បាញ់មិញ(នេះ)ក៏បាន(ការថើប)ប៉ុន្មានដែរ។ (ជាការ)ប៉ូវកម្លាំងហ្មង … មានអ្នកខ្លះគាត់ថា “យី! ហ៊ុន ម៉ាណែត អីក៏មិនហ៊ានដែរ អត់ហ៊ាន live ព្រោះខ្លាច”។​ ខ្ញុំថា “ជួបជាមួយកម្មករ/ការិនី ប្រជាពលរដ្ឋទូទាំងប្រទេស បងប្អូនយើង ខ្ញុំមានទៅខ្លាចអីរឿង live។ ប៉ុន្តែរឿង live នេះ វាមានពេលវេលានិងទីកន្លែង។ ការ live នេះ (កន្លងទៅ)យើងទុកជូនសម្តេចនាយករដ្ឋមន្ត្រី ព្រោះបើគ្រប់គ្នា live មិនដឹងអ្នកណា(ជាអ្នកណា) … ថ្ងៃនេះប្រហែលជា​សម្តេច លោកមើលដែរហើយ។ កាលមុនខ្ញុំធ្លាប់រអ៊ូថា “ពុកទៅណា បានស្នាមក្រែមជាប់ថ្ពាល់។ ទុកឲ្យខ្ញុំស្លាជាប់ថ្ពាល់។ ថ្ងៃនេះខ្ញុំបានក្រែមជាប់ថ្ពាល់ដែរហើយ”។ និយាយរួម (នេះ)គឺ(ជា)ថាមពល(នៃ)សេចក្តីស្រឡាញ់(របស់ប្រជាពលរដ្ឋ)។ អរគុណណាស់ បងប្អូនទាំងអស់។ អម្បាញ់មិញ បានជួបប្អូនស្រីដែល (កាលពី)ថ្ងៃហែ(ក្បួន)ឃោសនា (បាន)ទៅជួបគ្នានៅ(ផ្លូវ)វេងស្រេង។ អត់បានថើបទេថ្ងៃហ្នឹង ព្រោះខ្ញុំនៅលើឡាន។ បងប្អូនថា “បងៗសុំថើបមួយ។ ថើបម៉េច អោនអត់ដល់ទេ ធ្លាក់ពីលើឡាន”។ តែទោះជាយ៉ាងណា ក្តីស្រឡាញ់ ភាពកក់ក្តៅនេះបានផ្តល់ថាមពលសម្រាប់រូបខ្ញុំ បន្តដឹកនាំ បន្តកសាងនូវសមិទ្ធផលជូនបងប្អូនទាំងអស់

(៤) អរគុណនិងប្តេជ្ញាចិត្តបន្តកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ

ការជួបជុំថ្ងៃនេះ (មាន)គោលបំណង ២។ គោលបំណងទី១ គឺអរគុណ(ប្រជាពលរដ្ឋ បងប្អូនកម្មករ/ការិនី) គោលបំណងមួយទៀតគឺបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការបន្តការកសាងសមិទ្ធផលជូនបងប្អូនប្រជាពលរដ្ឋ … បងប្អូននៅក្នុងវិស័យការងារ កម្មករ និយោជិត យើងនៅទីនេះ ក៏ដូចជាក្រុមគ្រួសារ​។ រាជរដ្ឋាភិបាលយើងធ្វើដើម្បីអ្វី? ធ្វើការដើម្បីបំរើប្រទេសជាតិ ហើយប្រទេសជាតិមានអ្វីជាមូលដ្ឋាន? គឺប្រជាជន។ ដើម្បីឲ្យប្រទេសជាតិរឹងមាំ ប្រទេសជាតិរីកចម្រើន ប្រទេសជាតិរក្សាបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង ត្រូវតែថែរក្សាប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរឹងមាំ​។ កិច្ចការស្នូលមួយគឺការបង្កើតការងារ និងបង្កើតនូវអាជីពដើម្បីឲ្យគាត់អាចមានចំណូលខ្លួនឯង។ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ៤០ ឆ្នាំជាង ហើយនឹងបន្តធ្វើទៅទៀត។

អញ្ចឹងទី១ អរគុណណាស់ចំពោះបងប្អូនកម្មករ និយោជិតទាំងអស់នៅទីនេះ ហើយក៏មានខាងនិយោជកក៏ដូចជាខាងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នានៅក្នុងការខិតខំបំពេញភារកិច្ចរៀងៗខ្លួន កសាងខ្លួន កសាងនូវសមិទ្ធផលដែលខ្លួនបានធ្វើ ចូលរួមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងគ្រប់វិស័យឧស្សាហកម្មទាំងអស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិយើងបានទាំងអស់គ្នា។ បងប្អូនបានដើរតួនាទីសំខាន់ណាស់។ នៅក្នុងប្រ​ទេសមួយ គ្មានអ្នកណាមានអាជីពដូចគ្នាទេ។ មិនអាចថាមានអ្នកណាក៏ជាថៅកែ មិនអាចមានអ្នកណាក៏ជាអ្នកគ្រប់គ្រង មិនអាចមានអ្នកណាក៏ជាមន្ត្រីរាជការនោះទេ។ យើងមានបងប្អូនដែល(ធ្វើការ)នៅក្នុងវិស័យច្រើន ជាកម្លាំងពលកម្មក្តី ជាអ្នកគ្រប់គ្រងក្តី នៅក្នុងវិស័យធនាគារក្តី គឺនៅក្នុងគ្រប់វិស័យ ជាជាងភ្លើង ជាងសំណង់ ជាអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក់ដូរតូចតាច ជាមន្ត្រីរាជការ (ឬ)អ្នកធ្វើការនៅក្នុងអង្គការសង្គមស៊ីវិល។

(៤) អាជីព​ដែលសុច្ចរិត ដែលថ្លៃថ្នូរ ជាកម្លាំងរឹងមាំសម្រាប់ជាតិ

អាជីព​ដែលសុច្ចរិត ដែលថ្លៃថ្នូរ ជាកម្លាំងរឹងមាំសម្រាប់ជាតិរបស់យើង។ ហេតុនេះ យើងត្រូវជួយគ្រប់វិស័យទាំងអស់។ តិចទៀត ខ្ញុំនឹងនិយាយអំពីគោលនយោបាយដែលយើងនឹងដាក់ចេញ ហើយជំរុញដើម្បីធ្វើឲ្យ(សំរេចបានជា)ផលលាភបានកាន់តែច្រើន។ ខ្ញុំសូមអរគុណចំពោះបងប្អូនដែលបានចូលរួមជាពលរដ្ឋល្អ ជាសសរទ្រូងរបស់ប្រទេសជាតិ ហើយជាពិសេសបានចូលរួមនៅក្នុងការពង្រឹងវិស័យឧស្សាហកម្ម នៅក្នុងសេដ្ឋកិច្ចយើង(ដែលកំពុងមានការ)រីកចម្រើននេះ និងដែលបានចែកផលលាភជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ខ្ញុំក៏សូមអរគុណផងដែរជូនដល់បងប្អូនដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតកន្លងទៅនេះ ដែល ផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដើម្បីបន្តអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលបង្កើតសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋ។

(៥) គោលនយោបាយបក្សប្រជាជន ទទួលបានការគាំទ្រ ត្រូវដាក់ចេញជាសកម្មភាពបម្រើប្រជាជន

រាជរដ្ឋាភិបាលគឺជាយន្តការ ជាមធ្យោបាយ (និង)សំខាន់(ជាងទៀត)ជាខួរក្បាល។ គណបក្សនីមួយៗឃោសនា ពីចេញគោលនយោបាយរបស់គេរៀងៗខ្លួន។ គណបក្សប្រជាជនក៏មិនខុសគ្នាដែរ។ គណបក្សប្រជាជនមានគោលនយោបាយរបស់ខ្លួនដែលជួយពង្រឹងគ្រប់វិស័យ ក្នុងហ្នឹងមានវិស័យការងារ។ គោលនយោបាយនេះ គឺជាអ្វីដែលយើងបានសន្យាជាមួយនឹងអ្នកបោះឆ្នោត។ នៅពេលដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ គឺយើងនឹងយកគោលនយោបាយនេះដាក់ចេញជាសកម្មភាពបម្រើប្រជាពលរដ្ឋ។ អញ្ចឹងបានន័យថា ការបោះឆ្នោត(មានសម្លេង)គាំទ្រភ្លូកទឹកភ្លូកដី … បានបង្ហាញថា ប្រជាពលរដ្ឋមានភាពកក់ក្ដៅនិងជឿជាក់លើគោលនយោបាយរបស់រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យឱកាសបន្តអនុវត្តគោលនយោបាយនេះ បម្រើប្រជាពលរដ្ឋតទៅទៀត។ សូមអរគុណណាស់។

ខ្ញុំសូមអរគុណទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មូលដ្ឋាន ក្រសួងការងារដែលបានខិតខំអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅដោយស្មោះត្រង់ និងដោយប្រសិទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋ។ បើសិនយើងមានតែគោលនយោបាយ តែប្រតិបត្តិករអត់មានសមត្ថភាព អត់មានការស្មោះត្រង់ អត់អនុវត្តគោលនយោបាយហ្នឹងបានត្រឹមត្រូវ ក៏គោលនយោបាយហ្នឹងមិនល្អដែរ។ បើយើងដាក់គោលនយោបាយថាទៅជួយប្រជាពលរដ្ឋ តែបែរជាមិនជួយ និងទៅគាបប្រជាពលរដ្ឋវិញគឺមិនកើតទេ។ អញ្ចឹង ការដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជន ដែលមួយផ្នែកធំក៏មានកម្មករ និយោជិត និងក្រុមគ្រួសារផងដែរ បានផ្ដល់ការ(គាំទ្រ)ភ្លូកទឹកភ្លូកដី(ដល់គណបក្សប្រជាជន)។ ខ្ញុំគិតថា (យើងសំរេចបានសមិទ្ធផលទាំងអស់ដោយសារមាន)គោលនយោ​បាយល្អ ហើយប្រតិបត្តិករ​​​​ និងការអនុវត្តក៏បានល្អប្រសើរ។ ខ្ញុំសូមអរគុណណាស់។

ខ្ញុំសូមអរគុណផងដែរដល់និយោជក ដែលកន្លងទៅបាន(ផ្តល់ការ)យោគយល់​ កិច្ចការសហការនៅក្នុងការទុក​ចិត្ត និងបោះទុនវិនិយោគនៅកម្ពុជា នៅក្នុងការពង្រឹង និងពង្រីកការវិនិយោគបន្ថែមទៀតដើម្បីបង្កើតការងារ ​​ចូលរួមជាមួយរាជរដ្ឋាភិបាល ទោះបីជាក្នុងដំណាក់កាលលំបាកនៃកូវីដ១៩ ដែលយើងត្រូវដោះស្រាយ ក៏បានចូលរួមសហការ និងចូលរួម​នៅក្នុងការផ្ដល់ និងផ្គត់ផ្គង់ការធានាគោលនយោបាយ ដូចជាការបង្កើនប្រាក់អប្បបរមា ការចូលរួមបង្កើត ប.ស.ស និងអនុវត្តគោលនយោបាយផ្សេងៗ។ ថ្ងៃនេះ ក៏សូមអរគុណដែរដល់និយោជក ដែលបានអនុញ្ញាតឱ្យបងប្អូនកម្មករ/ការិនី បានចូលរួមនៅថ្ងៃនេះមួយព្រឹក ហើយចប់ពីនេះឱ្យសម្រាកពេញមួយថ្ងៃ ដោយគិតប្រាក់បៀវត្សពេញមួយថ្ងៃជូនតែម្ដង។ សូមអរគុណណាស់។

(៦) សុខដុមនីយកម្មតួអង្គ៣ ជំរុញដំណើរវឌ្ឍនភាពវិស័យឧស្សាហកម្ម

យើងមិនអាចឱ្យវិស័យឧស្សាហកម្មដើរដោយគ្មានតួអង្គសំខាន់ ៣ ទេ។ តួអង្គទី១ គឺកម្មករ និយោជិតដែលជាកម្មករផ្ទាល់។ ទី២ និយោជក រួមទាំងរដ្ឋបាលដើម្បីដឹកនាំការងារ។ ទី៣ គឺអាជ្ញាធរ រួមទាំងក្រសួងស្ថាប័នដើម្បីរួម(គ្នាអនុវត្ត)គឺរាជរដ្ឋាភិបាល។ (តួអង្គ)៣នេះ បង្កើតនូវសុខដុមនីយកម្ម(នឹងគ្នា) បានយើងទៅរួច។ (ដោយសារតែមានសុខដុមនីយកម្ម)ហ្នឹងហើយ បានជាវិស័យកាត់ដេរនិងវិស័យឧស្សាហកម្មផ្សេងៗរបស់យើង បានរីកចម្រើន​ រួមទាំងសេដ្ឋកិច្ច។ ខ្ញុំសូមអរគុណណាស់។ តាមពិត អម្បាញ់មិញមក ចង់រាងទន់ដែរ។ ល្ងាចមិញ ម៉ោង ៣កន្លះ មាន ៥ ជំនួប។ ចុងក្រោយ ២ម៉ោង ជាមួយនឹងព្រឹទ្ធសភាអាមេរិក។ តែមកដល់ភ្លាម គ្រាន់តែឃើញស្នាមញញឹម ខ្ញុំថាបងប្អូនខ្លះ ងើបតាំងពីម៉ោង ២ផង គាត់ញញឹម(បាន)។ ហ្នឹងហើយកម្លាំង ហ្នឹងហើយធាតុផ្សំនៃការចលករសម្រាប់ធ្វើ(ការងារ)។ សម្លេងឆ្នោត ៨២,៣០% គឺជាថាមពលខ្លាំងជាង បាកាស ១០០០ កេសទៀត។

(បាកាស) តែផឹកច្រើនអាចកើតជំងឺទឹកនោមផ្អែម។ តែថាមពលរបស់ប្រជាពលរដ្ឋ និងក្ដីស្រឡាញ់ ចង់មួយពាន់ឆ្នាំក៏អត់ទឹកនោមផ្អែមដែរ (រឹត)តែនាំមកនូវកម្លាំង និងសុខភាព។ អញ្ចឹងចំណុចទី២ ​ដែលខ្ញុំចង់បញ្ជាក់បងប្អូន ដើម្បីជាការតបស្នងសងគុណទៅដល់បងប្អូនជាម្ចាស់​ឆ្នោត ប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស ដែលបានផ្ដល់នូវការទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ឲ្យគណបក្សមានឱកាសរៀបចំរាជរដ្ឋាភិបាលដើម្បីដឹកនាំនិងបម្រើប្រជាពលរដ្ឋតទៅទៀត។ ខ្ញុំចង់បញ្ជាក់ថា កាលពីមុនបោះឆ្នោត ខ្ញុំបានជួបជាមួយបងប្អូនច្រើននៅទូទាំងប្រទេស និយាយអំពីសមិទ្ធផលគោលនយោបាយដែលយើងបានអនុវត្ត។ កាលនោះមានអ្នកសម្ភាសន៍ច្រើនណាស់ចង់សួរខ្ញុំថា “ថ្ងៃមុខយ៉ាងម៉េច បើសិនជាឯកឧត្ដមជាបេក្ខជននាយករដ្ឋមន្រ្តី​ ហើយបើសិនឡើងជានា​យករដ្ឋមន្រ្តី?”។ ខ្ញុំអត់(ផ្តល់)សម្ភាសន៍ ព្រោះមិនមែនជាពេលវេលាដែលខ្ញុំត្រូវនិយាយ មិនមែនជាគោលការណ៍របស់​ខ្ញុំ ព្រោះរាជរដ្ឋាភិបាល(កំពុងនៅមានការ)ដឹកនាំទេតើ។

(៧) ថែរក្សាសមិទ្ធផលសម្រេចបានក្នុងពេល ៤៤ឆ្នាំ

ឥឡូវដល់ពេលវេលាដែលយើងត្រូវបញ្ជាក់ហើយ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះនៅបន្តលើគោលដៅ២។ គោលដៅទី១ គឺថែរក្សាឲ្យបានដាច់ខាតនូវសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសសម្រេចបានក្នុងពេល៤៤ឆ្នាំនេះ ដែលកត្តាសំខាន់បំផុត គឺថែរក្សាសុខសន្តិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងការឯកភាពជាតិទឹកដីដែលដាច់ខាតត្រូវថែរក្សាឲ្យបាន។ អ្នកខ្លះគេថា ហ៊ុន ម៉ាណែត ​និយាយដដែលៗ និយាយអត់អីថ្មីសោះ។ ព្រោះអី? ព្រោះរឿងដដែល​ៗនេះវាសំខាន់។ សន្តិភាពវាសំខាន់៤០ឆ្នាំមុន សន្តិភាពសំខាន់២០ឆ្នាំមុន សន្តិភាពក៏នៅតែសំខាន់។ ថ្ងៃនេះ សន្តិភាពក៏នឹងនៅសំខាន់ ១០០ឆ្នាំបន្តទៅទៀតសម្រាប់កម្ពុជាដែរ។ ពេលណាដែល​បាត់សន្តិភាព កុំនិយាយ​ពីការបង្កើតការងារនោះ។ ស្ថេរភាពត្រូវតែសំខាន់។ យើងត្រូវថែរក្សាឲ្យបាន។ មិនមែនថា ជាប់ឆ្នោតរៀបចំរដ្ឋាភិបាលថ្មី ភ្លេចអ្វីៗដែលរាជរដ្ឋាភិបាលបានថែរក្សាពីមុនមក (ឬ)មិនធ្វើ (ឬ)ធ្វើឲ្យខុសទៅ។ អ្នកខ្លះថា ហ៊ុន ម៉ាណែត បើដើរតាមបន្ទាត់នយោបាយដដែលគឺជាជនផ្ដាច់ការ ទាល់តែផ្ទុយពីហ្នឹងទើបគេហៅថាប្រជាធិបតេយ្យ។ ខ្ញុំថា ទេ! ដូររបប ដូរអីហ្នឹង ច្រើនដងហើយដែលក្រឡាប់ចាក់។ ដូរពីរាជានិយមទៅសាធារណរដ្ឋឆ្នាំ១៩៧០ ដូររបបតែម្ដង (ជាតិ)ធ្លាក់ដល់ដី …។

(៨) គោលនយោបាយដែលបានសន្យា ត្រូវដាក់ចេញផែនការសកម្មភាព មិនប្រជាភិថុតិ

ហេតុអីបានយើងនៅបន្តថែរក្សាសមិទ្ធផលនេះ ដាក់ចេញគោលនយោបាយពង្រីកបន្ថែមស្របទៅតាមគោលនយោបាយដែលយើងមានពីមុនមក។ គោលនយោបាយរបស់គណបក្សប្រជាជនដែលបានសន្យាជាមួយប្រជាពលរដ្ឋពេលមុនបោះឆ្នោត គឺយើងត្រូវដាក់ចេញជាផែនការសកម្មភាពដើម្បីអនុវត្ត កុំឲ្យប្រជាពលរដ្ឋថាពេលឃោសនាសន្យាអញ្ចេះ ដល់ពេលបោះឆ្នោតរួចធ្វើអញ្ចុះ។ (ប្រជាជននឹង)សង្ស័យ(ថា)ពេលឃោសនាហ្នឹងធ្វើប្រជាភិថុតិ ធ្វើអីដែលមិន(អាចធ្វើ)បាន គ្មានសមត្ថភាពធ្វើ ចេះតែនិយាយ ដល់ពេលបោះឆ្នោតរួច ដាក់អីផ្សេង។ ភ្លេច។ អត់សន្យាខ្យល់ទេ។ យើងសន្យាមុនបោះឆ្នោត គោលនយោបាយយ៉ាងណា​​ ក្រោយពីបោះឆ្នោត យើងត្រូវដាក់ចេញគោលនយោបាយបែបនោះ ហើយគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញគឺគោលនយោ​បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុម័តដោយអង្គសន្និបាតដើម្បីបន្តនិរន្តរភាពរបស់យើង។

(៩) ការដឹកនាំប្រទេសត្រូវការស្ថេរភាពនិងលំនឹងនៃគោលនយោបាយ

ហេតុអីបានជាយើងអាចអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបន្ត? ព្រោះ ទី១ គោលនយោបាយយើងកសាងមិនមែនធ្វើដោយឆក់កណ្ដៀត ឬធ្វើដោយអារម្មណ៍ទេ។ អ្នកវិភាគខ្លះ អ្នកនយោបាយខ្លះ ក្នុងមួយឆ្នាំគោលនយោបាយគាត់​ប្រែប្រួលចង់ ១០ (ដង)។ អត់មានគោលនយោបាយច្បាស់លាស់ និយាយតាមអារម្មណ៍ តាមឱកាស។ ដឹកនាំប្រទេស មិនអាចចេះតែម្ដងធ្វើអញ្ចេះ ម្ដងធ្វើអញ្ចុះទេ។ ត្រូវការពេលវេលាដើម្បីអនុវត្ត ត្រូវការពេលវេលាដើម្បីចេញជាផល។ អញ្ចឹងវាត្រូវការស្ថេរភាពនិងលំនឹងនៃគោលនយោបាយ។ អញ្ចឹងគណបក្សប្រជាជនកម្ពុជាដាក់ចេញគោលនយោបាយមួយ គិតគ្រប់ជ្រុងជ្រោយ គិតច្បាស់លាស់ ហើយមានចក្ខុវិស័យវែងឆ្ងាយ។ យើងមានផែនការសកម្មភាពវែងឆ្ងាយ រយៈពេលវែង ហើយមានផែនការសកម្មភាពដោះស្រាយ ដាក់វិធានការចំពោះមុខរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីធានានូវនិរន្តរភាព បងប្អូន!

(១០) គោលនយោបាយគណបក្សប្រជាជនរៀបចំដោយអ្នកមានជំនាញនិងពិសោធន៍រាប់សិបឆ្នាំ

(យើងមិនអាចថា) មួយថ្ងៃអោយវិនិយោគមក ស្អែកឡើងបិទវិនិយោគទៅវិញ ឬឲ្យបងប្អូនកម្មករ/ការិនី ពេលមានពេលមានផ្ទៃពោះ (អាចសំរាក)សម្រាប់មាតុភាព ៩០ ថ្ងៃ និងម្តងទៅក៏ដូរទៅត្រឹម ១០ថ្ងៃ។ មុនបោះឆ្នោតសន្យា ១២០ថ្ងៃ ក្រោយបោះឆ្នោតឲ្យសម្រាកតែ ២០ថ្ងៃ។ អត់ទេ (យើងមិនធ្វើដូចនោះទេ)។ យើងត្រូវធានានិរន្តរភាព។ ហ្នឹងហើយគេហៅថាការដឹកនាំប្រទេស។ គោលនយោបាយគណបក្សប្រជាជនកម្ពុជាមិនមែនធ្វើឡើងដោយបុគ្គលម្នាក់ពីរនាក់ ដោយអង្គុយវិភាគ អានសុន្ទរកថា ឬអាន research នោះទេ។ ធ្វើឡើងដោយក្រុមអ្នកជំនាញមានបទពិសោធន៍ដឹកនាំអនុវត្តគោលនយោបាយរាប់សិបឆ្នាំ។ អញ្ចឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានភាពច្បាស់លាស់ និងភាពយូរអង្វែង។ ថ្ងៃនេះ ច្បាស់ជាមានអ្នកអង្គុយចាំមើល អង្គុយចាំវាយ(ប្រហារ)។ ខ្ញុំសូមប្រាប់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមានសង្គតិភាព នឹងនរ និងស្ថេរភាព។ អ្វីដែលប្រែប្រួលគឺផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពីមួយអាណត្តិទៅមួយអាណត្តិកាន់តែកើនឡើង។ ហ្នឹងហើយដែលសំខាន់។ ឯរឿងគោលនយោបាយត្រូវមានលំនឹង។ អ្វីដែលសំខាន់គោលនយោបាយនេះបានផលជូនប្រជាពលរដ្ឋ។ ក្នុងវិស័យការងារ ផលជូនកម្មករ/ការិនីឲ្យកាន់តែរីក(ធំឡើង)។ ហ្នឹងហើយគេហៅថាប្រសិទ្ធភាពនៃការដឹកនាំនយោបាយ។

(១១) មិនធ្លាប់ដឹកនាំកសាងផែន​ការនិងអនុវត្តគោលនយោបាយ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់វាយតម្លៃបន្តុះបង្អាប់អ្នកធ្វើគោលនយោបាយ មានពិសោធន៍រាប់សិបឆ្នាំទទួលបានជោគជ័យនោះទេ

មិនមែនមួយថ្ងៃអង្គុយវិភាគអញ្ចេះ មួយថ្ងៃវិភាគអញ្ចុះ មួយថ្ងៃនិយាយអញ្ចេះ មួយថ្ងៃនិយាយអញ្ចុះ អត់មានលំនឹង អត់មានមូលដ្ឋាន វិភាគស៊ីអារម្មណ៍ ឬធ្វើផែនការស៊ីអារម្មណ៍នោះទេ … ខ្ញុំឃើញអ្នកខ្លះអង្គុយវិភាគមើលតែងាយគេ … ម្ង៉ៃៗ អង្គុយតែមើលងាយតែម្តង។ ខ្ញុំថាដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏តាំងគាត់អង្គុយជេរ អង្គុយវាយប្រហារ ថារដ្ឋាភិបាលអត់ចេះធ្វើការ … ខ្ញុំថា បងប្អូនអ្នកវិភាគ មានសិទ្ធិក្នុងការវិភាគ ប៉ុន្តែបើសិនជាបងប្អូនមិនធ្លាប់ដឹកនាំកសាងផែន​ការគោលនយោបាយ និងអនុវត្តគោលនយោបាយ បងប្អូនប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីវាយតម្លៃបន្តុះបង្អាប់អ្នកដែលចេញគោលនយោបាយ អនុវត្តគោលនយោបាយរាប់សិបឆ្នាំ ហើយទទួលបានជោគជ័យនោះទេ។ ខ្ញុំនិយាយសាមញ្ញចឹងហ្មង។ តិចថាចេញពីសាលាមើលតាម YouTube រឿងគេសង់សំណង់ ដល់ហើយទៅកន្លែងការដ្ឋានប្រាប់មេជាងថា អ្នកឯងធ្វើខុស ក្នុងពេលដែលគេធ្វើរាប់ឆ្នាំ(មកហើយ) … អញ្ចឹងបានជាខ្ញុំសូមឲ្យបញ្ញវន្តអ្នកវិភាគទាំងឡាយកុំមើល​ងាយគេ។ បើតាំងខ្លួនជាបញ្ញវន្ត កុំមើលងាយគេ។ ការរិះគន់ ការលើកយោបល់ ខ្ញុំអរគុណ ខ្ញុំគាំទ្រ ប៉ុន្តែបើសិនជាវិភាគដើម្បីវាយប្រហារ ហើយបន្តុះបង្អាប់នោះ បើធ្វើក៏ធ្វើទៅចុះ ប៉ុន្តែប្រជាពលរដ្ឋគាត់ដឹង។ សំខាន់លទ្ធផលការងារ។

យើងដាក់ចេញសម្រាប់រយៈពេលយូរអង្វែង គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (រយៈពេល)៥ ឆ្នាំ ដើម្បីឈានទៅដល់គោលដៅអភិវឌ្ឍន៍ប្រទេសកម្ពុជាឆ្នាំ២០៥០។ អញ្ចឹងក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ។ ប៉ុន្តែ​រឿងនេះមិនមែនកើតឡើងពីម្សិលមិញ ឬថ្នាក់ដឹកនាំ អ្នកនយោបាយសរសេរផ្អែកទៅលើ(ក្តីស្រមៃទេ)ទេ តែផ្អែកទៅលើគោលនយោបាយយុទ្ធសាស្ត្រដែលយើងមានពីមុន គឺយុទ្ធសាស្ត្រត្រីកោណ ១៩៩៨-២០០៣ យុទ្ធសាស្ត្រ​ចតុកោណ ៤ ដំណាក់កាល (ឬអនុវត្តមក) ២០ ឆ្នាំ។ ផ្អែកទៅលើ(មូលដ្ឋាន)នោះ ទើបយើងឈានមកដល់ការកសាងមូលដ្ឋានបន្ថែមទៀត។ នៅឯណាក៏គេធ្វើ(ដូចគ្នានេះ)ដែរ។ ម្សិលមិញ ជួបជាមួយលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលគាត់បានសូមលា(ពេលបញ្ចប់អាណត្តិ) ខ្ញុំបានជជែកជាមួយគាត់ពីកម្មវិធីសូចនាករពហុឆ្នាំ ដែលសហភាពអឺរ៉ុបធ្វើការជាមួយយើង ២០ឆ្នាំ គឺអនុវត្តតាំងពី ២០០៧ ហើយមានប៉ុន្មានដំណាក់កាល(ឯណោះ)។ សូម្បីតែសហភាពអឺរ៉ុបក៏មានផែនការជាមួយយើងដែរ គឺការកំណែទម្រង់និងការអភិវឌ្ឍយូរអង្វែង។​ គេមិនដែលធ្វើមួយថ្ងៃ មួយឆ្នាំ ហើយបោះចោលនោះទេ។ គេធ្វើយូរឆ្នាំមុន។

(១២) សម្រួល កែទម្រង់ សម្រួចមុំ បន្ថែមអាទិភាពគោលនយោបាយ ធានាការប្រកួតប្រជែង និងអភិវឌ្ឍយូរអង្វែង

អញ្ចឹងគោលនយោបាយបញ្ចកោណនេះ បានដាក់ចេញនូវ(បាវចនា)កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព (ដែលជា)សមិទ្ធផលបន្ថែមជូនប្រជាពលរដ្ឋ … គោលនយោបាយរបស់គណបក្សប្រជាជនដែលដាក់មកហើយ ហេតុអីបានជាយើងនៅបន្ត? មិនមែនបានន័យថាយើងយកគោលនយោបាយដែលមានពីមុនទាំងស្រុងយកមកទេ។ យើងយកមកជាមូលដ្ឋាន។ យើងកែសម្រួល កែទម្រង់ សម្រួចមុំ និងឲ្យអាទិភាពបន្ថែមទៅលើចំណុចការងារនេះ។ ឧទាហរណ៍ ចតុកោណអត់មានបច្ចេកវិទ្យា ឥឡូវចូលក្នុងដំណាក់កាលបច្ចេកវិទ្យាទំនើប។ ដើម្បីឲ្យកម្ពុជាយើងធានាបាននូវភាព​ប្រកួតប្រជែង និងធានានូវការអភិវឌ្ឍយូរអង្វែង យើងត្រូវកំណត់អាទិភាពគន្លឹះបន្ថែម។ ពីមុនយើងមានមនុស្ស ផ្លូវ ទឹក ភ្លើង ឥឡូវយើងមានបួនបូកជាមួយបច្ចេកវិទ្យាមួយទៀត ដើម្បីឲ្យយើងប្រជាពលរដ្ឋយើងទទួលបាននូវទំនើបកម្ម … អម្បាញ់មិញមានទូរស័ព្ទគ្រប់ដៃ។ អ្នកខ្លះមានដល់ទៅ ២ សុទ្ធតែ selfie សុទ្ធតែ Facebook។ អ្នកខ្លះ TikTok ទៀត។ (ថតរូបអម្បាញ់មិញ ឆ្ងល់ថា)ម៉េចក៏បបូរមាត់ខ្ញុំក្រហមម្ល៉េះ។ តាមពិត មាន app របស់គេ។ មានបងស្រីមួយនោះថតមកស្រាប់តែចេញរូបកូនឆ្មា។ បានន័យថាប្រជាពលរដ្ឋយើងមកដល់ម៉ោងនេះ មានជំនាញ ចំណេះដឹង ហើយខាងទំនើបកម្មនេះ ប៉ុន្តែយើងត្រូវជួយដើម្បីឲ្យពូកែ។ ប្រជាពលរដ្ឋយើងចេះប្រើឧបករណ៍អស់ហើយ។ បើប្រជាពលរដ្ឋអត់ចេះប្រើឧបករណ៍ តើយើងអភិវឌ្ឍយ៉ាងម៉េច? យកទូរស័ព្ទមក យើងអត់ចេះប្រើ អត់ចេះវាយ។ តែប្រជាពលរដ្ឋយើងត្រូវដើរ។ យើងត្រូវជំរុញ​។

(១៣) គោលនយោបាយដើរ ខណៈគោលនយោបាយមានលំនឹងនិងបានផលជូនប្រជាជនរស់រវើក

ឧស្សាហកម្មយើងត្រូវបង្វែរដែរ។ ពីមុនយើងមានកាត់ដេរគុណភាពទាប។ ឥឡូវយើងកាត់ដេរមានគុណភាពខ្ពស់​។ ឥឡូវផលិតកម្មរបស់យើង កាត់ដេរសុទ្ធតែរបស់ brand។ របស់នេះគេមិនទៅ(ផលិតនៅ)ប្រទេសណាដែលទឹកដៃកម្មករ/ការិនីទាបទេ។ គេទៅប្រទេសដែលកម្មករ/ការិនីមានជំ​នាញកម្រិតខ្ពស់ ទោះបីនៅក្នុងវាយនភណ្ឌក៏ដោយ។ ស្បែកជើងដូចគ្នា។ ទាល់តែទឹកដៃយើងខ្លាំងប្រជាពលរដ្ឋយើងមានសមត្ថភាពបានគេមកដាក់ទុនវិនិយោគ។ បើមិនអញ្ចឹងគេធ្វើអត់កើតទេ។ គេអត់ចំណេញ។ ឥឡូវយើងហៅវិនិយោគមកមិនត្រឹមតែវិស័យកាត់ដេរនោះទេ។ យើងមានទាំងរោងចក្រដំឡើងរថយន្ត រោងចក្រផលិតឧបករណ៍អគ្គិសនី រោងចក្រផលិតអីផ្សេងទៀត​។ ដើម្បីផលិតឲ្យចេញ យើងត្រូវការមនុស្សរបស់យើងកាន់តែទំនើប ពង្រឹងបច្ចេកវិទ្យា។ យើងមិននឹងថ្កល់ទេ។ គោលនយោបាយយើងមានលំនឹង ប៉ុន្តែផលជូនប្រជាពលរដ្ឋយើងរស់រវើក ដើម្បីបានផលជូនប្រជាពលរដ្ឋ។ ហ្នឹងហើយគោលនយោបាយ។ ហ្នឹងនិយាយសាមញ្ញថា គោលនយោបាយនេះវាដើរ

(១៤) គោលនយោបាយដើរ មានន័យថា មានកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ

គោលនយោបាយដែលយើងដាក់ចេញ ២០ ឆ្នាំនេះ តាំងពីត្រីកោណរហូតទៅដល់ចតុកោណ ៤ ដំណាក់កាលបានដើរ(ល្អ)។ អញ្ចឹងបើសិនជាវាដើរហើយ តើយើងចាំ(បាច់)បោះវាចោលឬទេ? អត់ទេ។ យើងត្រូវបន្តកែសម្រួលវាឲ្យកាន់តែស្រួច ដើម្បីឲ្យកាន់តែដើរ កាន់តែមានប្រសិទ្ធភាពទៀត។ ហឹ្នងហើយបញ្ចកោណ។ ចុះគោលនយោបាយដើរបានន័យថាម៉េច? គោលនយោបាយដើរបានន័យថា ទី១ វាផ្តល់ជូននូវកំណើននៃសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រ។ កំណើនសេដ្ឋកិច្ចជាតិយើង តាំងពីចប់សង្រ្គាម ១៩៩៨ មក រីកលឿនណាស់។ (និយាយពី)ការកាត់បន្ថយភាពក្រីក្រ ពីឆ្នាំ២០០០ អត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋមាន ៦០%។ នៅឆ្នាំ២០២០ ធ្លាក់ចុះមកត្រឹម ១៧,២០%។ មុនកូវីដ-១៩ យើងទាបជាងហ្នឹងបន្តិច។ ដោយសារកូវីដ-១៩ យើងកើនឡើងបន្តិច។ បើប្រៀបធៀបឆ្នាំ ២០០០ គឺ ២០ ឆ្នាំនេះ យើងកាត់បន្ថយភាពក្រីក្រ។ បានន័យថាម៉េច? កម្រិតជីវភាពប្រជាពលរដ្ឋយើងបានកើន ប្រទេសយើងបានក្លាយពីប្រទេសក្រីក្រទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ឧទាហណ៍បងប្អូននៅទីនេះបៀវត្សយើងមានតែ ៤០ដុល្លារតាំងពីឆ្នាំ១៩៩៨ ឥឡូវបូកអត្ថប្រយោជន៍ផ្សេងៗទៀត។ ចំ​ណូល​ចូល(ហោប៉ៅ)ប្រជាពលរដ្ឋកាន់តែកើន។ ហ្នឹងបានន័យថាគោលនយោបាយដើរ។ ទី១ កំណើនសេដ្ឋកិច្ច ទី២ ផលលាភដែលបានគឺបានចែករំលែកទៅដល់ប្រជាពលរដ្ឋ។

នៅក្នុងសង្គម នៅក្នុងប្រទេសមួយ តែងតែមានប្រជាពលរដ្ឋមានជីវភាពខុសគ្នាហើយ។ មានអ្នកដែលមានជីវភាពមធ្យម និងអ្នកដែលមានជីវភាពនៅលំបាក។ ប្រទេសណាក៏អញ្ចឹងដែរ។ នៅអាមេរិក មហាអំណាចក៏មានដែរ ព្រោះមិនអាចមានកម្រិតជោគជ័យដូចគ្នាទេ។ សូម្បីតែក្នុងរោងចក្រជាមួយគ្នា ក៏មានអ្នកដែលមានប្រាក់ខែខ្ពស់ ប្រាក់ខែមធ្យម ប្រាក់ខែទាបដែរ មិនអាចថាប្រាក់ខែនៅកន្លែងហ្នឹងចូលទៅប្រាក់ខែអ្នកចូលថ្មីត្រូវឱ្យ ៥០០ដុល្លារ អ្នកធ្វើការយូរហើយក៏អត់ឱ្យឡើងនៅតែ ៥០០ដុល្លារដែរទេ។ ត្រូវខុសគ្នា។ ប៉ុន្តែធ្វើម៉េចឱ្យមានកំណើនហ្នឹង ឡើងទាំងអស់គ្នាជាលំដាប់។ យើងធ្វើគោលនយោបាយដើរអញ្ចឹង។ វាដើរ បានន័យថាមិនត្រឹមតែកើនសេដ្ឋកិច្ចទេ។ សេដ្ឋកិច្ចនេះកើន សំខាន់កើនបានផលមកចែកទៅឱ្យប្រជាពលរដ្ឋដល់ដៃតែម្ដង។ ជួនកាល កើនខ្លះអត់ដល់ទេ។ ជំនាន់ ប៉ុល ពត ផលិតកម្មស្អីកើន តែមកចូលទៅក្នុងជម្រុករបស់អង្គការទាំងអស់។ ប្រជាពលរដ្ឋនៅតែអត់។ តែយើងចែកដល់ប្រជាពលរដ្ឋ។

ឥឡូវនៅទីនេះ (មានកម្មករ/ការិនី) ១៨ ០០០ នាក់។ សួរថា រាជរដ្ឋាភិបាលអ្នកខំទៅបង្កើតការងារ ទៅទាញវិនិយោគមក ខំរៀបចំនយោបាយ ដើម្បីអនុញ្ញាតឱ្យមានឯកជនមកវិនិយោគនៅទីនេះ ខំចរចា ជួយនៅក្នុងការដំឡើងបៀវត្សអីផ្សេងៗ ប៉ុន្តែផលបានទៅណា? បានទៅដល់ប្រជាពលរដ្ឋ(កម្មករ/ការិនី) ចូលទៅក្នុងហោប៉ៅបងប្អូនហ្នឹងឯង។ ហ្នឹងហើយ គឺជាអ្វីដែលខ្ញុំថា គោលនយោបាយដើរ។ គោលនយោបាយដើរ គឺផលដែលបានចែកជូនប្រជាពលរដ្ឋ។ យើងនៅមានកំណត់។ ខំពង្រីកបន្ថែមទៀត ពង្រឹងបន្ថែម តែអ្វីដែលសំខាន់ ដែលខ្ញុំថា បើ​គោលនយោបាយដើរហើយ បើគោលនយោបាយធ្វើឱ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើនហើយ បើគោលនយោ​បាយធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានផលលាភ ដែលបានចែកឱ្យដល់ដៃប្រជាពលរដ្ឋហើយ យើងមិនត្រូវដូរវាទេ មិនត្រូវបោះវាចោលទេ តែត្រូវពង្រឹងនិងពង្រីកសក្ដានុពលឱ្យប្រជាពលរដ្ឋឱ្យកាន់តែច្រើន … អញ្ចឹងបន្ដិចទៀត អ្នកទៅអត្ថាធិប្បាយថា រាជរដ្ឋាភិបាលថ្មីគ្មានអ្វីថ្មី ចេញគោលនយោបាយដដែល។ ដោយសារគោលនយោបាយ វាដើរ ហើយយើងត្រូវធ្វើ ដើម្បីឱ្យប្រជាជនកាន់តែមានបានតទៅទៀត ហ្នឹងដែលយើងត្រូវធ្វើ។

(១៥) ឆ្នាំ១៩៩៧ មានកម្មករ ៨ ម៉ឺននាក់ ឆ្នាំ២០២៣ មាន ១លាន៥សែននាក់

ឥឡូវខ្ញុំលើកជាក់ស្ដែង ថ្ងៃនេះ បងប្អូននៅក្នុងវិស័យការងារ។ កំណើនសេដ្ឋកិច្ចរបស់យើងបានកើននៅក្នុងរយៈពេលប៉ុន្មាននេះ។ ឥឡូវខ្ញុំគ្រាន់តែសួរថា ក្នុង ២០ឆ្នាំជាង ដែលយើងដាក់គោលនយោបាយនេះ តើកើននិងចែកផលលាភយ៉ាងម៉េច? កំណើន បើយើងនិយាយនៅក្នុងឆ្នាំ១៩៩៧ មាន ៦៤ រោងចក្រ/សហគ្រាស។ ឆ្នាំ ២០២៣ នេះ យើងមាន ១៧ ០០០ រោងចក្រ/សហគ្រាសទូទាំងប្រទេស។ នៅក្នុងវិស័យកាត់ដេរ មាន ១៣៣២។ ហ្នឹងកំណើនបរិមាណ។ នៅឆ្នាំ១៩៩៧ យើងមានកម្មករតែ ៨ម៉ឺននាក់ទេ ដែលមានការងារធ្វើក្នុងវិស័យនេះ។ ឥឡូវយើងមាន ១ ៥០០ ០០០ នាក់ និងនៅក្នុងវិស័យកាត់ដេរមាន ៨៣០ ០០០ នាក់។ បងប្អូនគុណមើលទៅ ៨០ ០០០នាក់ ទៅ ៨៣០ ០០០នាក់។ ហ្នឹងហើយកំណើន។ ឥឡូវផលជូនទៅដល់ប្រជាពលរដ្ឋ ជូនទៅដល់កម្មករ និយោជិតនៅឆ្នាំ១៩៩៧ មានតែ(ប្រាក់ឈ្នួល) ៤០ដុល្លារទេ ហើយអត្ថប្រយោជន៍ស្អីៗស្ទើរតែគ្មាន។ ឥឡូវថ្ងៃនេះ មានបងប្អូននៅទីនេះ មានបៀវត្សគោល ២០០ ដុល្លារ អត់ទាន់គិតអត្ថប្រយោជន៍ផ្សេងៗ។

(១៦) ចរចារដំឡើងបៀវត្សអប្បបរមាតាំងពីខែកក្កដា ២០២២

ឆ្នាំនេះ យើងកំពុងតែចរចាការដំឡើងបៀវត្សអប្បបរមាទៀត។ ឆ្នាំ២០២២ ដែលយើងចាប់ផ្ដើមតាំងពីខែកក្កដា ចរចា ឥឡូវកំពុងតែចរចាបន្ថែមទៀត។ វាជាគោលនយោបាយរបស់រដ្ឋាភិបាលដែលត្រូវនៅបន្ត។ បងប្អូនគិតថា អត់ទាន់គ្រប់។ ត្រូវហើយ រដ្ឋាភិបាលទទួលស្គាល់។ ហេតុហ្នឹងហើយ បានជាយើងខិតខំអោយប្រសើរឡើងបណ្ដើរ​ៗ។ ប៉ុន្តែយើងត្រូវធ្វើយ៉ាងណា ជាជំហានដើម្បីធានាឱ្យមានភាពប្រកួតប្រជែង និងរក្សាភាពប្រកួតប្រជែងរបស់យើង និងរក្សាកំណើនរបស់យើង ជាពិសេសនៅក្នុងវិស័យនេះតែម្ដង។ ២០០ដុល្លារ អប្បបរមា បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងនៅវៀតណាម ធំបំផុត ១៩៧ ដុល្លារ ១៩៨ ដុល្លារទេ។ វៀតណាមមានចែកចេញជា ៣ តំបន់ តំបន់ទាប តំបន់កណ្តាល តំបន់ខ្ពស់។ តំបន់ទាប ១៣៧ ដុល្លារក្នុងមួយខែ តំបន់ខ្ពស់ ១៩៨ ដុល្លារ យើង ២០០ ដុល្លារ។ បើបង់ក្លាដេសដែលជាគូប្រកួតប្រជែងរបស់យើងអប្បបរមាត្រឹម ៧៥ ដុល្លារទេ។ បើគូប្រកួតប្រជែងយើងមួយទៀតគឺប្រទេសស្រីលង្កា កម្មករ/ការិនីអប្បបរមាបានតែ ៣៩ ដុល្លារក្នុងមួយខែទេ ប​ង​ប្អូន! យើងឡើងដល់ ២០០ ដុល្លារ។ សួរថាចប់នៅ។ អត់ទាន់ចប់ទេ។ យើងនឹងខិតខំបន្តទៀត ដើម្បីជីវភាពបងប្អូនយើង។ តែយើងមិនអាចសន្យាថាស្អែកឡើង ៥០០ ដុល្លារឲ្យ​ម្នាក់ទេ។ ក្រែងលោរត់មិនរួច។

(១៧) ថែឆ្នាំងបាយនិងបង្កើនបរិមាណអង្ករក្នុងឆ្នាំង/ពាង

យើងត្រូវធានានូវឆ្នាំងបាយដែលខ្ញុំនិយាយថា ឆ្នាំងបាយដែលកសាងហើយ ត្រូវថែឆ្នាំងបាយហ្នឹងឲ្យបាន។ អ្វីដែលសំខាន់ គឺយើងត្រូវបង្កើនចំនួនអង្ករនៅក្នុងឆ្នាំង។ គេថាពាងអង្ករមានច្រើន តែយើងត្រូវធ្វើម៉េចរក្សាពាងឲ្យបាន។ យើងបង្កើនបរិមាណអង្ករនៅក្នុងពាងឲ្យដល់ប្រជាពលរដ្ឋ តែមិនអាចដាក់ឲ្យភ្លាមហៀរបែកឆ្នាំងនោះទេ។ តែក៏មិនអាចថាមិនឲ្យអង្ករក្នុងពាងកើនឡើងដែរទេ។ នេះជាវិញ្ញាសាដែលយើងត្រូវដោះស្រាយ។ អត្ថប្រយោជន៍ដែលបងប្អូនបាន ខ្ញុំមិនបាច់និយាយពីបៀវត្សរ៍ទេ យើងមានអត្ថប្រយោជន៍ផ្សេងៗទៀត ទី១ ការព្យាបាលជំងឺ នៅក្នុងដំណាក់កាល ២០១៨-២០២៣ ដែលសម្តេចចុះជួបជាមួយបងប្អូន ជុំទី១ និងជុំទី២ បានដាក់ចេញនូវគោលនយោបាយច្រើនណាស់។ ខ្ញុំជួបជាមួយបងប្អូនថ្ងៃនេះ ក៏មិនខុសពីថ្នាក់ដឹកនាំ សម្តេចចុះជួបបងប្អូនដើម្បីជួបសំ​ណេះសំណាលសួរសុខទុក្ខផ្ទាល់។ សម្រាប់ខ្ញុំក៏លេសដើម្បីបានកម្លាំងធាតុផ្សំជាក្រែមជាប់ថ្ពាល់ … (តែ)គណបក្សប្រជាជនកម្ពុជាមានទម្លាប់មួយ (ដែលការរៀបចំគោលនយោបាយ)មិនមែនដាក់ចេញគោលនយោបាយស្អាតពិរោះទេ គឺសំខាន់ផលដល់ប្រជាពលរដ្ឋបានអ្វី?

(១៨) អនុវត្តគោលនយោបាយត្រូវតាមដាន ត្រួតពិនិត្យ កែសម្រួល និងចេញវិធានការបន្ទាន់

គោលនយោបាយជួនកាលដាក់ចេញហើយ ត្រូវការតាមដាន ត្រួតពិនិត្យ និងកែសម្រួល ដើម្បីយើងដាក់ចេញនូវវិធានការបន្ទាន់ជួយប្រជាពលរដ្ឋ។ បងប្អូនដឹងគោលនយោបាយដែលយើងដាក់ចេញពីអាណត្តិ ២០១៨ ពេលនោះកូវីដ×-១៩ មិនទាន់ផ្ទុះទេ។ នៅពេលដែលកូវីដ-១៩ ផ្ទុះ បើសិនជាសម្តេច​​ ហើយថ្នាក់ដឹកនាំយើងមិនកែទម្រង់ ការសម្រួចនៃការដោះស្រាយបញ្ហា ប្រហែលជាប្រជាជនយើងមិនបានសុខដល់ប៉ុណ្ណេះទេ។ អញ្ចឹងនយោ​បាយចេញហើយ ប៉ុន្តែយើងត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីកែលំអ។ យើងមិនមានញាណជាព្រះឥន្ទដែលថាអាចដាក់ទៅដឹងសព្វដឹងគ្រប់នោះទេ។ ការគិតគូរមានចេតនាល្អ ប៉ុន្តែការអនុវត្តយើងត្រូវតាមដាន ជួន​កាល​ដាក់ទៅវាខ្វះជ្រុងជ្រោយយ៉ាងម៉េច។ យើងត្រូវដោះ។ ស្ថានភាពថ្មីកើតឡើង បងប្អូនត្រូវការអី ត្រូវការដោះបន្ថែមទៀត។ អញ្ចឹងបានជាពេលសម្តេចចុះជួបបងប្អូនម្តងៗចេញគោលនយោបាយថ្មីៗ។ ឧទាហរណ៍ កាលដែលយើងជួបពីមុន យើងនិយាយការវិវត្តពី ២០១៨-២០២៣ ការព្យាបាលជំងឺប្រជាពលរដ្ឋយើង។

(១៩) ២០១៨ដល់២០២៣ ព្យាបាលដោយមិនគិតថ្លៃ ១៣ លានករណី ចំណាយប្រមាណ ៣៧៦ លានដុល្លារ

ឥឡូវយើងនិយាយពីមូលធនមនុស្ស។ មូលធនមនុស្សយើងផ្តោតទៅលើសុខភាព និងចំណេះដឹង សមត្ថភាព។ បងប្អូន មិនថាសមត្ថភាពរៀនសូត្រ ឬសមត្ថភាពការងារ យើងត្រូវគិត។ អញ្ចឹងហើយបានជាយើងមានលទ្ធភាពទាញរោងចក្រ ផលិតរថយន្តរោងចក្រ តម្លើងរថយន្តរោងចក្រ ផលិតម៉ូតូរោងចក្រ ធ្វើស្អីផង រោងចក្រផលិតសម្ភារប្រេនៗយកមកដល់នេះ ដែលវាទំនើប ដោយសារបងប្អូនយើងទំនើប បងប្អូនយើងលើកកម្ពស់ជំនាញ។ ហើយជំនាញខ្ពស់នេះហើយ បៀវត្សរ៍ក៏ទៅតាមហ្នឹង។ ផលិតផលថ្លៃ គេអាចលក់បានថ្លៃ ផលិតផលកាន់តែល្អ លក់បានកាន់តែថ្លៃ ចំណូលមកអាចលើកបៀវត្សរ៍។ រោងចក្រមួយៗ អប្បបរមានេះ គឺមិនមែនបានន័យថាគ្រប់រោងចក្រធ្វើដូចគ្នាទេ … ប៉ុន្តែរោងចក្រខ្លះគាត់មានលទ្ធផល(ខ្ពស់) គាត់មានចំណូល គាត់មានបន្ថែម គាត់មានស្អីរបស់គាត់ថែមទៀត។ អញ្ចឹងរឿងជំនាញ ឥឡូវរឿងសុខភាព កាលពីមុន ២០១៨ យើងពិនិត្យជំងឺដល់ឆ្នាំ ២០២៣, (រយៈពេល) ៥ ឆ្នាំ ដែលបងប្អូនចាប់ផ្តើមទៅព្យាបាលដោយឥតថ្លៃ។ បើយើងគិតជាករណី មានជាង ១៣ លានករណីនៅទូទាំងប្រទេស។ បានន័យថា ម្នាក់ទៅព្យាបាលម្តងរាប់មួយករណី។ អញ្ចឹងបងប្អូនកម្មករនិយោជិតដែលទៅពិនិត្យសុខភាពឬព្យាបាលសុខភាពដែលរដ្ឋមិនឲ្យបង់លុយ ហើយរដ្ឋរ៉ាប់រងជាមួយនឹងនិយោជកនេះគឺមាន ១៣ លានដង ឬ១៣ លានករណី ហើយបើគិតជាថវិកាមានប្រមាណ ៣៧៦ លានដុល្លារដែលរដ្ឋនិងវិស័យឯកជនត្រូវជួយបងប្អូនដោយមិនបាច់ចេញលុយ

(២០) អត្ថប្រយោជន៍ស្ត្រីមានផ្ទៃពោះរហូតដល់សំរាលនិងក្រោយសំរាល

ទី២ សម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះខ្ញុំជួបច្រើន។ ចៃដន្យអីភ្លោះពីរនាក់។ គេអង្គុយជាប់គ្នា។ មួយភ្លោះប្រុស មួយភ្លោះស្រី។ ខ្ញុំថាអាចធ្វើជាដន្លងនឹងគ្នាបាន។ ស្រ្តីមានផ្ទៃពោះ យើងគិតពីសុខភាពទាំងមាតាទាំងទារក បានន័យថារដ្ឋាភិបាលគិតពីសុខភាពប្រជាពលរដ្ឋតាំងពីគាត់មិនទាន់កើត។ មិនមែន(ទាល់តែ)កើតហើយ(បានគិត)ទេ។ ឥឡូវនេះ តាំងពីមុនកើត បានន័យថាព្យាបាលថែទាំសុខភាពមាតាគឺថែទាំកូន។ កូនចាប់កំណើតភ្លាមមានផ្ទៃពោះភ្លាម គឺរដ្ឋមានគោលនយោបាយថែទាំតាំងពីនៅក្នុងពោះទៅហើយ គឺថែទាំតាមរយៈម្តាយ។ កាលមុន ២០១៨ ច្បាប់ការ​ងារឲ្យសម្រាកមាតុភាព ៩០ ថ្ងៃ។ តែបៀវត្សបានតែ ៥០% ទេ។ ក្រោយសម្តេចចុះជួប យើងបានឡើងទៅដល់ ៩០ថ្ងៃ ច្បាប់ការងារនៅរក្សាដដែល ប៉ុន្តែបៀវត្សឡើងដល់ ១២០%។ និយោជកចេញ ៥០% ហើយ បសស ចេញ ៧០%។ បងប្អូនគិតមើល បើគោលនយោបាយសម្រួចផលឲ្យប្រជាពលរដ្ឋហ្នឹងហើយ យើងដូរទៅណា? យើងមិនដូរគោលនយោបាយ មិនដកអត្ថប្រយោជន៍ហ្នឹង មិនដក ១២០% ឲ្យតែ ៥០% ទេ។ យើងមានតែសម្រួចបន្ថែម។

ពីមុន ពេលសម្រាលកូនបានតែសម្រាក ៩០ ថ្ងៃនិងប្រាក់ ៥០% ដល់ពេលទៅឆ្លងទន្លេចេញលុយខ្លួនឯង។ រដ្ឋអត់បង់ឲ្យទេ ហើយក៏អត់មានប្រាក់ជួយឧបត្ថម្ភអីដែរ។ ឥឡូវយើងមាន។ កាលជំហានមុនគឺកូនមួយជូន ៤០ ម៉ឺន កូនពីរ ៨០ ម៉ឺន កូនបី ១លាន ២សែន។ ហ្នឹងជុំទី១ ដែលសម្តេចចុះជួប។ បន្ទាប់មក យើងកើនជុំទី២ កូនទី១ ឲ្យដល់ ៨០ម៉ឺន បើបានភ្លោះថែម ៤០ម៉ឺនទៀតបាន ១លាន ២សែន បើបាន ៣ឡើងដល់ ១លាន ៦សែន ហើយបូក ៥លានទៀត ប្រាក់ឧបត្ថម្ភសម្តេចកូនភ្លោះ៣។ (កូនទាំងនោះ)អាចត្រូវជាប្អូនធម៌ខ្ញុំ ក្មួយធម៌ខ្ញុំ ព្រោះឲ្យតែកូន ៣ កាលមុនជាកូនធម៌សម្តេច។ ឥឡូវត្រូវជាចៅធម៌ហើយ អញ្ចឹងត្រូវជាក្មួយធម៌ខ្ញុំ។ ថ្ងៃនេះអត់មានភ្លោះបី? តែកម្ពុជាអត់មានអ្នកណាបំបែកឯកទគ្គកម្មបាន ៤ សោះ ត្រឹម ៣ ឬក៏មានហើយក្តាប់អត់បាន? ឯកឧត្តម សេង ទៀង ក្តាប់អត់បានមិនស្រួល ព្រោះគាត់អ្នកទទួល។ ឲ្យតែភ្លោះ ៣ គាត់ត្រូវមានទិន្នន័យ។ អញ្ចឹងបើ ៤ ឡើង ២ លានបាត់ហើយ …។

(២១) អត្ថប្រយោជន៍បានពីបេឡាសន្តិសុខសង្គម

ឥឡូវយើងនិយាយពីបេឡាសន្តិសុខសង្គម បសស កាលមុន កម្មករ និយោជិតបង់ ៥០% បដិភាគ … ក្រោយមកគោលនយោបាយដឹកនាំដោយសម្តេចបានសំរេចផ្តល់(អោយ ដោយ)កម្មករ និយោជិតមិនបាច់ចេញទេ។ អញ្ចឹងបងប្អូនទទួល បសស នេះ ទៅទទួលការព្យាបាលក្នុងក្របខណ្ឌ បសស ។ បសស ពីមុនមានតែសុខភាពទេ ឥឡូវមានដល់គ្រោះថ្នាក់ការងារនេះ។ អញ្ចឹងបងប្អូនគិតមើល នៅក្នុងគោលនយោបាយដែលដាក់ចេញហើយនេះ កំណើនក៏កើត បរិមាណក៏រីក ប៉ុន្តែផលដែលបានចូលក្នុងដៃបងប្អូន មិនមែនត្រឹមតែជាបៀវត្សឡើងត្រឹមពី ៤០ ទៅ ២០០ ទេ ប៉ុន្តែថែមអត្ថប្រយោជន៍ផ្សេង។ ឯកឧត្តម ហេង សួរ និយាយពីកាត់បន្ថយចំណាយថ្លៃភ្លើង ថ្លៃធ្វើដំណើរ ហើយពេលចូលឆ្នំា ភ្ជុំបិណ្ឌម្ដងៗ ឯកឧត្តម ឃួង ស្រេង បញ្ចេញរថយន្ដដើម្បីដឹកបងប្អូន​ ក៏មិនពិបាកដែរ។ អត្ថប្រយោជន៍ច្រើន។

(២២) គោលនយោបាយប្រាក់សោធនសំរាប់កម្មករ/ការិនី

បន្ដិចទៀតខ្ញុំនឹងប្រាប់ពីគោលនយោបាយបន្ថែមដែលយើងនឹងត្រូវធ្វើក្នុងអាណត្ដិនេះជូនបងប្អូន។ មិនត្រឹមតែបៀវត្សកំពុងធ្វើការទេ។ ឥឡូវយើងរៀបចំចេញជាគោលនយោបាយប្រាក់សោធនទៀត។ បានន័យថាពីមុនរដ្ឋាភិបាលគិតពីបញ្ហារកការងារ ខំទាក់ទាញវិនិយោគ ដូរច្បាប់ដើម្បីលើក​ទឹកចិត្តគេឲ្យមកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីបង្កើនការងារ។ ខំសំរួលផ្លូវថ្នល់ កសាងហេដ្ឋារចនា​សម្ព័ន្ធដើម្បីតភ្ជាប់ពីកន្លែងប្រជុំជនដល់ជន​បទ ដើម្បីឲ្យគេរុញរោងចក្រ រុញការងារដល់បងប្អូនដើម្បីឲ្យបងប្អូនធ្វើដំណើរមកធ្វើការបាន។ យើងគិតតាំងពីមិនទាន់កើតការងារ ដល់កើតការងារ។ យើងគិតសព្វគិតគ្រប់តាំងពីបៀវត្ស សុខទុក្ខរបស់បងប្អូន ទាំងសុខភាព​។ ឥឡូវដល់ចប់ការងារ យើងគិតគូរដល់ប្រាក់សោធនឲ្យទៀតបងប្អូន។ ​ខ្ញុំសួរ តើគោលនយោបាយបែបហ្នឹងតើខុសឬត្រូវ? បងប្អូនណាថាគោលនយោបាយបែបនេះត្រូវ ហើយចង់បន្ដតទៅទៀត សូមលើកដៃមើល។ ចង់ឲ្យយើងបន្ដចេញអត្ថប្រយោជន៍ឲ្យបង​ប្អូនច្រើនបែបនេះតទៅទៀតទេ? សូមទះដៃមួយ។ ឥឡូវគោលនយោបាយចេញទៅដល់ហោប៉ៅបងប្អូនហើយ។

(២៣) តម្លើងប្រាក់បៀវត្ស លើកអត្រានៃការជាប់ពន្ធ

ឥឡូវ បងសុំសួរបន្ដិច អ្វីដែលបងបាននិយាយជាគោលនយោបាយសំរាប់ស្ដ្រីមានផ្ទៃពោះឆ្លងទន្លេនេះ មានមិត្តយើងដែលធ្លាប់ឆ្លងទន្លេ ឬដែលទើប​ឆ្លងថ្មីៗនេះ បានទទួលផលហ្នឹងទេ? (បាន)។ អត់មានភូតកុហកទេ។ អញ្ចឹង ផលនេះមិនមែនយកទៅដាក់ក្នុងហោប៉ៅមន្ដ្រី​ក្រសួង​ការងារ ឬមន្ដ្រីអាជ្ញាធរទេ គឺធ្លាក់ចូលហោប៉ៅប្រជាពល​រដ្ឋ​។ នៅពេលដែលយើងតម្លើងប្រាក់បៀវត្សអប្បបរមា អត្រានៃការជាប់ពន្ធក៏យើងលើកទៅទៀត ដើម្បីកុំឲ្យបងប្អូនជាប់ពន្ធ។ ឧទាហរណ៍ កាលពីមុន អ្នកបានប្រាក់ខែ ៦០ ម៉ឺន (១៥០ដុល្លារ) ជាប់ពន្ធ។ ដល់ពេលយើងលើកប្រាក់ខែអប្បបរមាដល់ ២០០ (ដុល្លារ) យើងលើកអាហ្នឹងឡើងទៀត ព្រោះពន្ធជាវិភាគ​ទានដើម្បីយកទៅចែកចាយផ្សេងៗ។ អញ្ចឹងទុកលុយមូលជូនបងប្អូន ចំណែកបងប្អូនបានបៀវត្សច្រើនគឺយើងជួយខ្លះ។ អត្រាពន្ធនេះក៏មិនច្រើនដែរ។ យើងធ្វើយ៉ាងណាគិតគូរពីប្រជាពលរដ្ឋ ហើយការទូទាត់អតីតភាព បំណាច់ការងារ ពីមុនទាល់ចប់ការងារបានទូទាត់។ ឥឡូវឲ្យទូទាត់ប្រចំាឆ្នាំមួយឆ្នាំពីរដង។ ឥឡូវមានអីទៀតបងប្អូនគិតមើល។ បងប្អូនបានឃើញហើយពេលកូវីដ១៩ នេះ។

(២៤) ដំណាក់កាលកូវីដ-១៩ ដៃម្ខាងការពារជីវិតប្រជាពលរដ្ឋ ដៃម្ខាងទប់សេដ្ឋកិច្ច

ខ្ញុំក៏សូមអរគុណចំពោះការយោគយល់ និងការចូលរួមរបស់បងប្អូនកម្មករ/ការិនី។ មានបងប្អូនជាច្រើនបានសួរថាហេតុអីបានជាមិនឲ្យកម្មករ/ការិនី​ឈប់សំរាកពេលនោះ។ បងប្អូន! កូវីដ-១៩ សម្លាប់យើងពីរ។ ទី១ សុខភាព អាចសម្លាប់យើង ទី២ ផ្ដាច់ក្រពះរបស់យើង។ បើសេដ្ឋកិច្ចយើងមិនដើរ បងប្អូនមានបញ្ហាលំបាក។ ប្រសិនបើយើងផ្អាកការងារនៅពេលនោះ រោងចក្រទាំងអស់នឹងត្រូវរើទៅប្រទេសផ្សេង។ គេឈប់បញ្ជាទិញពីស្រុកយើង។តើបងប្អូនមានការងារអីទៀត? អញ្ចឹង​សម្ដេចតេជោនាពេលនោះ ធ្វើការ​សំរេចចិត្តដ៏លំបាក ដើម្បីដៃម្ខាងការពារអាយុជីវិតប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយ​ទិញវ៉ាក់សាំង ដាក់វិធានការ ពេលខ្លះលំបាកត្រូវបិទចូលឆ្នាំ បិទខ្ទប់ ដៃម្ខាងទៀតត្រូវថែរក្សានូវសង្វាក់​សេដ្ឋកិច្ចឲ្យដើរ។ បើមិនអញ្ចឹងទេ ប្រទេសរបស់យើងវេទនា។ វិស័យទេស​ចរណ៍នៅសៀមរាបអីមិនទាន់ងើបឡើងវិញទេ បិទឈឹងតែម្ដងដោយសារកូវីដ-១៩។ បងប្អូនលំបាក រដ្ឋត្រូវចេញថវិកាជួយមួយខែ ដូច៧០ដុល្លារ។ រដ្ឋចេញ ៤០ និយោជក ៣០ ហើយមួយខែៗយើងចេញរាប់លានដុល្លារដើម្បីជួយបងប្អូននៅទីនោះ។

(២៥) ទិញវ៉ាក់សាំង ធានាឆ្នាំងបាយមានអង្ករ ជាអាទិភាពដើម្បីជីវិតប្រជាពលរដ្ឋ

ទម្រាំបើវិស័យការងារ ៨០ម៉ឺននាក់ ពេលនោះត្រូវបិទទ្វារ តើយើងចិញ្ចឹមដូចម្តេច? ម្ខាងដកលុយសន្សំទិញថ្នាំ។ យើងមិនដឹងវាចប់ពេលណា? តើវាមកទៀតធំឬអត់ពេលនោះ? ត្រូវត្រៀមអាទិភាពគឺជីវិតប្រជាពលរដ្ឋ។ ត្រូវដាក់លុយទិញវ៉ាក់សាំង។ អញ្ចឹងយើងត្រូវធ្វើម៉េចធានាឆ្នាំងបាយប្រជាពលរដ្ឋ។ កុំឲ្យអត់អង្ករ។ អ្នកខ្លះប៉ះហើយ តែកុំឲ្យទាំងអស់។ អញ្ចឹងបានយើងត្រូវបន្ត។ ដោយមានការចូលរួមយោគយល់របស់បងប្អូន ព្រមទាំងការអនុវត្តវិធាននៃការបំពេញការងារ និយោជកក៏ចូលរួម អនុវត្តវិធានសុខាភិបាល វិធានក្នុងការដឹកជញ្ជូន ចូលរួមក្នុងការធ្វើតេស្ត ចូលរួម​ក្នុងការទទួលការចាក់វ៉ាក់សាំង ទើបយើងបានបើកប៉ុណ្ណេះ។ អញ្ចឹងការចូលរួមរបស់បងប្អូន ជាការផ្ដល់ឲ្យរាជរដ្ឋាភិបាលនូវកម្លាំងធំណាស់។ ជាលទ្ធភាពធំណាស់ដែលយើងអាចគ្រប់គ្រងកូវីដនេះបាន។ ខ្ញុំសូមអរគុណណាស់ចំពោះបងប្អូននៅទីនេះ។ និយាយអ្នកណាមិនខ្លាចកូវីដស៊ីសួត។ វាមិនស្គាល់កម្ពុជា ឬស្គាល់អ្នកណាគេទេ ​សូម្បីតែពេទ្យហ្នឹងចូលមិនស្រួល វាស៊ីសួតដូចគ្នាដែរ។ បងប្អូនទ័ពអាវសក៏ដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺយើងជោគជ័យមកដល់ពេលនេះ។

(២៦) ៦ ទៅ ៧ លាននាក់បោះឆ្នោតជូនគណបក្សប្រជាជន បង្ហាញពីការទទួលយកគោលនយោបាយដែលបានរៀបចំជូន

ក្នុងគ្រាកូវីដ-១៩ ដោះស្រាយគ្រប់យ៉ាង។ ជាយថាហេតុត្រូវគិតប្រជាពលរដ្ឋ ហ្នឹងហើយគោលនយោបាយដែលយើងបានធ្វើ។ យើងធ្វើបែបនេះគ្រប់ពេលវេលា។ ហ្នឹងហើយជាអីមួយទៀតដែលថាគោលនយោបាយនេះដើរ ហើយដើរចំគោលដៅដែលប្រជាពលរដ្ឋចង់បាន។ ទី១ កំណើនសេដ្ឋកិច្ច និងទី២ គឺបានដល់ដៃប្រជាពលរដ្ឋ។ ប៉ុន្តែដល់ដៃប្រជាពលរដ្ឋហើយ ដល់ដៃគាត់មិនមែនបង្ខំឲ្យគាត់យកទេ ឲ្យគាត់យកទាំងសប្បាយចិត្ត … នៅពេលដែលបងប្អូនមានជំងឺទឹកនោមផ្អែម យើងមិនអាចបង្ខំគាត់អោយទទួលទានបបរត្នោតទេ។ ទាល់តែគាត់ចង់បាន។ អញ្ចឹងពេលដែលដឹងថាប្រជាពលរដ្ឋចង់បាន តើយើងដាក់គោលនយោបាយត្រឹមត្រូវយ៉ាងម៉េច? យើងមើលលទ្ធផលបោះឆ្នោត។ បោះឆ្នោតម្តងៗ គឺជាការឲ្យពិន្ទុរបស់ប្រជាពលរដ្ឋនៅក្នុងសមិទ្ធផលដែលរដ្ឋាភិបាលមួយអាណត្តិៗបានដាក់ចេញឲ្យគាត់។ ៨៤,៥៩% ទៅបោះឆ្នោត ៨២,៣០% ចន្លោះពី ៦លាននាក់ ទៅ ៧លាននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ បានន័យថាគាត់សប្បាយជាមួយគោលនយោបាយ ជាមួយលទ្ធផលនៃគោលនយោបាយដែលយើងដាក់ចេញជូនគាត់។ នោះហើយគឺអ្វីដែលបញ្ជាក់ថាគោលនយោបាយដែលដើរបង្កើតសមិទ្ធផលជូនប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ច ហើយអ្វីដែលមិនបង្ខំប្រជាពលរដ្ឋទេ

លទ្ធផលនេះ បានគូសបញ្ជាក់ ព្រោះលទ្ធផលនេះគឺជាអ្វីដែលបញ្ជាក់នូវឆន្ទៈពិតប្រាកដ។ ឯរាជរដ្ឋាភិបាលកើតឡើងថ្មី ដែលខ្ញុំមានឱកាសនៅឈរទីនេះ​ក្នុងនាមជានាយករដ្ឋមន្រ្តី ត្រូវ​បានគណបក្សផ្ដល់ការទុកចិត្ត ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយ ដែលព្រះមហាក្សត្រទ្រង់ទុកព្រះហឫទ័យចាត់តាំងជានាយករដ្ឋមន្រ្តី ហើយឥឡូវជានាយករដ្ឋមន្រ្តីពេញសិទ្ធ គឺអាចធ្វើទៅបាន ក៏ដោយសារតែប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតែម្ដង ​ព្រោះឆន្ទៈពិតប្រាកដ។ ពេលបោះឆ្នោតនោះ ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយបេក្ខ​ជន​បោះឆ្នោតគឺសម្ដេចតេជោ ហើយក្នុងនោះខ្ញុំជាបេក្ខជនបម្រុង គឺដូចជាបងប្អូនបានដឹងទៅហើយ។ បើសិនជាប្រ​ជា​ពលរដ្ឋមិនទុកចិត្ត ដែលថាផែនការរបស់គណបក្សប្រជាជននៅក្នុងការប្ដូរ ផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំជំនាន់ក្រោយបន្តដឹកនាំបន្តទេ បងប្អូនមិនបោះឆ្នោតគាំទ្រច្រើនអញ្ចឹងទេ។ សម្ដេចលោកបានមានប្រសាសន៍ហើយ។ បើសិនជាសម្លេងឆ្នោតឆ្នាំ២០២៣នេះ ទាបជាងសម្លេងឆ្នោតបោះឆ្នោត(ក្រុមប្រឹក្សាឃុំ)ជូនគណបក្សប្រជាជនកម្ពុជា ៧៩,៤០% ឆ្នាំ២០២២ នោះ បានសេចក្ដីថាប្រជាពលរដ្ឋមិនទុកចិត្តក្រុមក្រោយទេ …។

(២៧) ត្រូវគោរពសិទ្ធអ្នកបោះឆ្នោត ៨លាន២សែននាក់ និង៦លាននាក់ដែលបោះឆ្នោតអោយគណបក្សប្រជាជន

ក៏មិនទុកចិត្តទៅលើផែនការរបស់គណបក្សប្រជាជនដើម្បីប្រគល់ភារកិច្ចឲ្យក្រុមបន្ដវេននោះដែរ។ ប៉ុន្ដែសំឡេងនៃការនៃបោះឆ្នោតនេះ បានបញ្ជាក់ថាប្រជាពលរដ្ឋសប្បាយចិត្តជាមួយគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រនូវផែនការនិងចក្ខុវិស័យយូរអង្វែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ដល់ឱកាសនិងជំរុញការដឹកនាំបន្ដដោយក្រុមថ្មីនេះជាការពិត។ ​អ្នកខ្លះគាត់ថា បោះឆ្នោតខុស។ ខ្ញុំឃើញក្រុមដដែលហ្នឹងគាត់មិនដែលទទួល​ស្គាល់លទ្ធផលបោះឆ្នោតតាំងពីណាពីណីមក។ កាលពីឆ្នាំ២០១៣ គាត់ស្រែក បោះឆ្នោតក្លែងក្លាយ បោះឆ្នោតស្អីៗ តែទីបំផុតគាត់ទទួលលទ្ធផលនៅពេលទទួលតំណែងសភា។ រឿងដដែលៗ។ សួរថាបើបោះឆ្នោតបានការ មិនបានការ រដ្ឋាភិបាលទទួលមិនទទួល។ ពិតណាស់ ខ្ញុំឃើញគេនាំបងប្អូនមួយចំនួនធ្វើបាតុកម្មមិនទទួលស្គាល់រដ្ឋាភិបាលថ្មី។ រឿងសិទ្ធិបញ្ចេញមតិ ធ្វើបាតុកម្មសិទ្ធិបងប្អូនប៉ុន្មាននាក់នៅ​កូរ៉េ ជប៉ុន អាមេរិក ពេលខ្លះក្រោមមួយរយនាក់ គាត់ផ្សាយរាប់ពាន់ …។ ពេលខ្លះបងប្អូនត្រូវគោរពផងដែរសិទ្ធិរបស់ប្រជាជន ៨ លាន ២ សែននាក់ ដែលទៅបោះឆ្នោត។ ត្រូវគោរពសិទ្ធិ​ និងឆន្ទៈបងប្អូន ៦ លាន នាក់ ដែលបោះឆ្នោតឲ្យគណបក្សប្រជាជន សូមគោរពអាហ្នឹងផង។ ហ្នឹងហើយជាការបោះឆ្នោតពិតប្រាកដនិងលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ និងប្រជាពលរដ្ឋជាគោល

ប្រជាពលរដ្ឋសម្ដែងមតិមិនមែន ១០០ នាក់ ១ ០០០ នាក់ ១០ ០០០ នាក់ ១០០ ០០០ នាក់ទេ  គឺជាការបោះឆ្នោតដែលប្រជាពលរដ្ឋចុះឈ្មោះ ៩ លាននាក់ជាង ទៅបោះឆ្នោតជាង ៨ លាននាក់ជាង ជាតំណាងធំបំផុតរបស់ប្រជាជនរបស់យើង។ អញ្ចឹង បើប្រជាពលរដ្ឋរាប់លាននាក់ផ្ដល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា យើងមានឱកាស និងមានសិទ្ធិភាពស្របច្បាប់គ្រប់គ្រាន់ដើម្បីដឹកនាំប្រទេស បំរើប្រជាជនតទៅទៀត។ ការបោះឆ្នោតបងប្អូនដឹងហើយតើ សូម្បីអ្នកមិនទទួលស្គាល់ការបោះឆ្នោត ហើយអ្នកខ្លួនឯងនិយាយផងនៅពេលមុនបោះឆ្នោតថា បោះឆ្នោតហ្នឹងមិនមានអ្នកណាដឹងទេ។ (ជំរុញថា)បងប្អូនសម្ដែងឆន្ទៈទៅគូសបំផ្លាញ(សន្លឹកឆ្នោត)ទៅមានអ្នកណាដឹង។ បានន័យថាកន្លែងហ្នឹងមិនអាចចោទថាគេទៅបង្ខំទេ។ បានន័យថាប្រជាពលរដ្ឋទៅគាត់មានសេរីភាពក្នុងការរើស។ អត់មានអ្នកណាដឹងទេ។ សូម្បីអ្នកវិភាគនៅក្រៅប្រទេសដែលវាយប្រហាររាជរដ្ឋាភិបាល​ក៏​ប្រាប់ដែរថាបងប្អូនកុំខ្លាច ទៅ(បោះឆ្នោត)ចុះ (ហើយ)គូសបំផ្លាញទៅ អត់មានអ្នកណាដឹងទេ។ តែទីបំផុតប្រជាពលរដ្ឋទៅគូសឲ្យគណបក្សប្រជាជនកម្ពុជា។ ហ្នឹងហើយឆន្ទៈពិតប្រាកដ ហ្នឹងហើយការសំរេចចិត្តខ្លួនឯងគ្មានអ្នកណាទៅឈរមើល … ខ្ញុំអរគុណណាស់ នេះជាភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា។

(២៨) កម្ពុជាធ្វើទំនាក់ទំនងជាមួយគ្រប់ប្រទេស លើស្មារតីឯករាជ្យ ផ្អែកលើច្បាប់ និងផលប្រយោជន៍ជាតិ

គេនាំគ្នាថាទៀត រដ្ឋាភិបាលនេះកើតមកគ្មានអន្ដរជាតិណាគាំទ្រ មានតែប្រទេសមួយចំនួនផ្ដាច់ការ​ផ្ញើ​សារគាំទ្រ។​ខ្ញុំដូចជាពិបាកនិយាយដែរ។ មានវិទ្យុមួយនៅក្រៅប្រទេស ខ្ញុំមិនថាវិទ្យុឯករាជ្យ ឬមិនឯករាជ្យទេ ។ ម្សិលមិញជួបជាមួយគណៈប្រតិភូសភាអាមេរិក បន្ដិចទៀតខ្ញុំនិយាយ។ គាត់ថាគ្មានអន្ដរជាតិណាគាំទ្រព្រោះគេមិនផ្ញើលិខិតអបអរសាទរ។ រឿងអបអរសាទរមិនមែនជាកាតព្វកិច្ចប្រទេសមួយៗត្រូវផ្ញើឲ្យប្រទេសណាទេ។ គឺជា​មនោសញ្ចេតនា​។ បើគេដកទូតចេញហ្នឹងបានគេមិនធ្វើការជាមួយ។ ​ឥឡូវខ្ញុំសូមជំរាប ល្ងាចមិញ ខ្ញុំឲ្យគេស្រង់​មក​ហើយ មកបណ្ដើរៗទៀត។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំអន្ដរជាតិដែលបានផ្ញើលិខិតអបអរសាទរ។ យើងមានលិខិត​នាយករដ្ឋមន្ដ្រី ចិន ជប៉ុន ប្រធានាធិបតីកូរ៉េត្បូង នាយករដ្ឋមន្ដ្រីសហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ដ្រីឥណ្ឌា ប្រធានា​ធិបតីអ៊ុយក្រែន នាយករដ្ឋមន្ដ្រីអ៊ុយក្រែន។ ទោះបីរុស្ស៊ី និងអ៊ុយក្រែនវាយគ្នា ក៏ទាំងពីរផ្ញើលិខិតអបអរសាទរមកកម្ពុជាដែរ បានន័យថាយើងមិត្តទាំងអស់។ យើងក៏បានទទួលក្រៅពីប្រធានាធិបតីកូរ៉េខាងត្បូង ពីនាយករដ្ឋមន្ដ្រីកូរ៉េខាងជើងដែរ បានន័យថាយើងមានមិត្តភាពជាមួយគ្រប់ប្រទេស មិនមែនតែប្រទេសក្នុងប្លុកសេរី កុំម្មុយនីស្តទេ គឺយើងអព្យាក្រឹត្យ។ ធ្វើទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ លើស្មារតីឯករាជ្យ ផ្អែកលើច្បាប់ និងផលប្រយោជន៍ជាតិរបស់យើង។

(២៩) ប្រទេសច្រើនផ្ញើសារអបអរសាទរការទទួលតំណែងនាយករដ្ឋមន្ត្រី

យើងមានរាជទាយាទនាយករដ្ឋមន្ត្រីពីអារ៉ាប់ប៊ីសាអ៊ូឌីត, មានអនុប្រធានាធិបតី ឧបនាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រីពីប្រទេសអារ៉ាប់រួម ប្រទេសកាតា, ប្រធានាធិបតីប្រទេសទួរគី, នាយករដ្ឋមន្ត្រីសឹង្ហបុរី។ សឹង្ហបុរី មកទាំងនា​យក​រដ្ឋមន្ត្រី ទាំងទេសរដ្ឋមន្ត្រី ទាំងរដ្ឋមន្ត្រីការបរទេស, នាយករដ្ឋមន្ត្រីផុតអាណត្តិ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថ្មីលោក ស៊ីថា ដោយសារគាត់មិនទាន់ស្បថចូល គាត់មិនទាន់មានសិទ្ធិផ្ញើមកទេ តែគាត់ផ្ញើសារក្រៅ ព្រោះខ្ញុំបាននិយាយទូរស័ព្ទជាមួយគាត់ផ្ទាល់នៅពេលដែលសភាប្រជុំ(និងផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្ត្រី)។ និយាយរួមចៃដន្យអី សភាបោះឆ្នោតជាកញ្ចប់។ រាជរដ្ឋាភិបាលថ្មីបង្កើតផ្លូវការថ្ងៃទី២២ ខែសីហា គាត់ក៏បានសភាគាំទ្រនៅថ្ងៃទី២២ ខែសីហា ដូចគ្នា។ ខ្ញុំថាយើងត្រូវគ្នា។ គាត់ថាខ្ញុំគឺជាប្រមុខរាជរដ្ឋាភិបាលទី១ ដំបូងបង្អស់ដែលបានទូរស័ព្ទទៅអបអរសាទរគាត់។ យើងមាន(សារអបអរពី)នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីហុងគ្រី, ព្រះមហាក្សត្រប៊្រុយណេ, ប្រធានាធិបតីសាធារណរដ្ឋទីម័រខាងកើត, នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា, នា​យករដ្ឋមន្ត្រីបង់ក្លាដេស, ប្រធានាធិបតីម៉ាលី, នាយករដ្ឋមន្ត្រីបេឡារូស, ប្រធានាធិបតីហ្កាណា, នាយករដ្ឋមន្ត្រីទុយនេស៊ី, ប្រធានាធិបតីគុយបា, នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងនៅក្នុងអាស៊ីរបស់យើងមានប្រទេសជាច្រើន។ សួរថាជប៉ុន ឥណ្ឌា ជាប្រទេសកុំម្មុយនីស្តទេ? នៅក្នុងសហគមន៍អន្តរជាតិ ម្សិលមិញ កាលពីថ្ងៃទី ២៥ ខ្ញុំបានមកពីប្រធានគណៈកម្មការអឺរ៉ុប។ នៅក្នុងអឺរ៉ុបគាត់ជាថ្នាក់ដឹកនាំធំហើយ។ យើងមិនបាច់ចង់បានពីប្រទេសអឺរ៉ុបទេ។ គាត់ជាតំណាងប៉ុន្មានប្រទេសក្នុងអឺរ៉ុបរួចទៅហើយ គឺ២០ ប្រទេសជាង។ គាត់ចេញសារអបអរសាទរ។ ប្រ​សិនជាសមាជិកមួយៗមិនគាំទ្រ មិនអបអរសាទរ គាត់អោយប្រធានគាត់ចេញសារអបអរសាទរទេ។ អញ្ចឹង អ្នកដែលថាប្រទេសអឺរ៉ុប ប្រទេសលោកសេរី មិនអបអរសាទរនោះ ឥឡូវនេះប្រធានគណៈកម្មការអឺរ៉ុប លោកជំទាវ Ursula von der Leyen ចេញសារអបអរសាទរ។ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏បានអបអរ …។

(៣០) អ្នកចង់ឈ្លោះ អាចបន្តឈ្លោះជាមួយអ្នកនាំពាក្យ

ឥឡូវខ្ញុំបង្កើតអ្នកនាំរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ធកាល័យ។ អ្នកណាចង់ឈ្លោះជាមួយខ្ញុំ ចាំបន្តិចទៀតចាំឈ្លោះជាមួយអ្នកពាក្យខ្ញុំទៅ។ អ្នកនាំពាក្យខ្ញុំគាត់មានសមត្ថភាព តែគាត់ស្លូត។ ខ្ញុំថាបន្តិចទៀត គាត់នឹងចេះពង្រឹងហើយ។ (ឯណា មាស សោភ័ណ្ឌ មកទេ)។ ពីមុនជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ រាងស្លូតបន្តិច។ គាត់ធ្លាប់ចេញជាសេចក្តីប្រកាសព័ត៌មានផ្សេងៗ។ ឥឡូវគេដោលគាត់រហូត។ បន្តិចទៀតចេះហើយ។ សម្តេច លោកធ្លាប់មានប្រសាសន៍ហើយថា ​អ្នកនយោបាយខ្លះឈ្លោះតាំងពីឪរហូតដល់កូន។ ឥឡូវបន្តិចទៀតមិនបាច់ឈ្លោះជាមួយខ្ញុំទេ ឈ្លោះជាមួយអ្នកនាំពាក្យខ្ញុំទៅ។ បើគាត់ប្រកាន់ជំហរនៃការឈ្លោះ។ ខ្ញុំគ្មានពេលទៅឈ្លោះជាមួយទេ។ ពេលរបស់ខ្ញុំ គឺសម្រាប់ជាមួយបងប្អូន។ ពេលខ្ញុំសម្រាប់ប្រជុំដឹកនាំរាជរដ្ឋាភិបាល។ ពេលខ្លះខ្ញុំមានមតិម្តងម្កាល … ខ្ញុំមានការងារច្រើនរែកពន់ ហើយមួយថ្ងៃមានតែ ២៤ ម៉ោងទេ។ ថ្ងៃមុនខ្ញុំឮសម្តេចធ្វើសម្ភាសន៍ថាគាត់មិនដែលបានសម្រាកមុនម៉ោង ១២។ ខ្ញុំឥឡូវក៏សំរាកក្រោយហ្នឹងដែរ។​ យប់មិញ ២ កន្លះដែរ ព្រោះត្រូវតាមមើលនៅក្នុងគ្រុបនៅក្នុងអីផ្សេងៗទៀត …។

កូនខ្ញុំល្ងាចមិញវីដេអូខលមកសួរថា “ប៉ាឯងមានអារម្មណ៍យ៉ាងម៉េច?” ខ្ញុំថា កូនស្គាល់យន្តហោះ Airbus 380 ទេកូន? អាហ្នឹង១០ ហើយផ្គុំគ្នា ដាក់លើប៉ាទៅ ព្រោះជាកាតព្វកិច្ច។ ប្រជាពលរដ្ឋគាំទ្រគណបក្ស ផ្ដល់ឱកាសការទុកចិត្ត ត្រូវអនុវត្តដើម្បីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋងើបតាំងពីម៉ោង១ ម៉ោង២ ដើម្បីមកជួប ហើយតាមពិតកម្មវិធីត្រូវម៉ោង៧កន្លះ។ សម្ដេចថា ប្រជាពលរដ្ឋងើបមកតាំងពីម៉ោងនេះ ទម្លាប់គាត់ៗមកលឿន។ អញ្ចឹងបានយើងឲ្យកែម៉ោងដើម្បីជួប។ បងប្អូនខ្លះប្រហែលមិនសម្រាកផង។ បើប្រុសៗខ្ជិល ម៉ោង១២ហើយទើបនឹងនេះ ថែមហ្មងទៅ។ ទៅចាំកន្លែងឡានតែម្ដង។ ក្រែងលោដេកលក់ទៅឡានគេហៅ។ បងប្អូនមកនេះ ចំណាយពេលមក ហើយខ្ញុំត្រូវចំណាយពេលជាមួយ។ គណបក្សប្រជាជនកម្ពុជាបានការបោះឆ្នោតគាំទ្រ ៨២% ជាង ៦ លាននាក់គាំទ្រមិនមែនដោយសារយើងដេកក្នុងម៉ាស៊ីនត្រជាក់ទេ តែដោយ​សារចុះជាប់ប្រជាពលរដ្ឋទៅតាមមូលដ្ឋានធ្វើការបម្រើ។ សម្ដេចខ្លួនឯងអ្នកចុះផ្ទាល់តែម្ដង ហើយគម្រូនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនមែនគ្រាន់តែសម្ដេចទេ ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលថ្នាក់ដឹកនាំបន្តវេននៃអាណត្តិថ្មីនេះត្រូវបន្តដឹកនាំ បន្តកសាង។

(៣១) មិនមែនបដិវត្តន៍ តែអភិវឌ្ឍន៍

គេសួរថា ម៉េចដូរទេ? យើងមិនមែនបដិវត្តន៍ទេ។ យើងអភិវឌ្ឍ។ ប្រើពាក្យហ្នឹងឲ្យច្បាស់។ បដិវត្តន៍បានន័យថា ឡើងមកដូរចោលឲ្យអស់។ យើងកែទម្រង់ឲ្យកាន់តែស្រួច។ យើងអភិវឌ្ឍ។ យើងវិវឌ្ឍគោលនយោបាយ និងផលិតផលជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ព្រោះអីប្រជាពលរដ្ឋបានដាក់សារហើយថា ខ្ញុំចង់បាន។ ខ្ញុំគាំទ្រពេញចិត្តនូវគោលនយោបាយដែលបានធ្វើកន្លងមក។ ឥឡូវខ្ញុំចង់បានបន្តទៀត ហើយបើបងប្អូនទូទាំងប្រទេស កម្មករ/ការិនី និយោជិតនៅទីនេះថាចង់បាន យើងមានអីក្រៅពីឆ្លើយតប និងបន្តបម្រើប្រជាពលរដ្ឋតាមគោលនយោបាយនេះឲ្យកាន់តែមុតស្រួច ឲ្យបានល្អ។ រឿងប៉ុណ្ណឹង។ អ្នកខ្លះគាត់បាតុកម្ម គាត់ថាទៅហៅអង្គការសហប្រជាជាតិដើម្បីកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មី កុំឲ្យទទួលស្គាល់ខ្ញុំ។ ខ្ញុំថាអញ្ចេះ ខ្ញុំជូនទៅដល់បងប្អូនដែលត្រៀមទៅបាតុកម្មប្រឆាំងខ្ញុំ។ ខ្ញុំមិនជំទាស់សិទ្ធិរបស់បងប្អូនទេទៅចុះ ប៉ុន្តែសូមតែធ្វើអីគោរពច្បាប់អាមេរិកផង ប្រយ័ត្នលើសច្បាប់ ហើយសុំកុំធ្វើអីដែលប៉ះពាល់ទៅអ្នកដែលចូលទៅគាំទ្រដល់រាជរដ្ឋាភិបាល ព្រោះមានបងប្អូនរាប់រយរាប់ពាន់នាក់ ក៏នឹងទៅចូលរួមដែរ។ សូមកុំធ្វើអីដែលធ្វើឲ្យមានជម្លោះរវាងបងប្អូនអ្នកគាំទ្រ និងអ្នកប្រឆាំង។ ខុសគ្នាខាងគោលនយោបាយ តែកុំទៅឈ្លោះគ្នា កុំទៅវាយគ្នានៅអាមេរិក។ ខ្មាសគេ។ គោរពសិទ្ធគ្នា បងប្អូនបាតុកម្ម។

បញ្ចេញមតិទៅចុះ តែសុំគោរពសិទ្ធប្រជាពលរដ្ឋដែលធ្វើដំណើររាប់ពាន់គីឡូពីកាណាដា ពីអាមេរិកដើម្បីទៅចូលរួមជួបជាមួយខ្ញុំផង។ គាត់ទៅគាំទ្ររាជរដ្ឋាភិបាលបង្ហាញស្មារតីសាមគ្គីភាព ចង់ដឹងពីសុខទុក្ខប្រទេស។ យើងគោរពគ្នាទៅវិញទៅមក។ ខ្ញុំសូមជម្រាបជូនបងប្អូនអញ្ចេះ បើសិនជាគោលបំណងរបស់គេនៃការធ្វើបាតុកម្ម ខ្ញុំឃើញអ្នកធ្វើបាតុកម្មដឹកនាំហ្នឹង គោលបំណងគឺកុំឲ្យ UN ទទួលស្គាល់ខ្ញុំ។ ខ្ញុំថាមិនទាន់ដឹងអីផង យកគោលដៅបរាជ័យបាត់ទៅហើយ។ គេមិនដែលដើរយុទ្ធសាស្រ្តរបៀបហ្នឹង។ បើដឹងថាវាទៅមិនរួចទេ កុំដាក់ជាគោលដៅច្បាស់ពេក។ ថាកុំឲ្យ UN ទទួលស្គាល់ខ្ញុំ ឥឡូវកុំឲ្យ UN ទទួលស្គាល់ម៉េច? បើក្នុងកម្មវិធីគេដាក់ខ្ញុំឡើងនិយាយល្ងាចថ្ងៃ២២ ហើយហ្នឹង។ គេដាក់ឈ្មោះខ្ញុំតែម្ដង។ ឥឡូវធ្វើម៉េច? បងប្អូននៅនេះយប់ អាចគេliveមក បងប្អូនមើលក៏បាន។ ​ខ្ញុំត្រូវគ្រោងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀត។ ឥឡូវទៅបាតុកម្ម ទៅឲ្យគេធ្វើម៉េច? បើចង់ធ្វើអីមួយ គួរតែមានលទ្ធផលដែលអាចសម្រេចបានចាំយើងដាក់។ គណបក្សប្រជាជន ដាក់សូចនាករដែលអាចធ្វើបានៗ យើងចេញគោលនយោបាយហ្នឹងធ្វើបានន័យថាមិនភូត។

(៣២) ផេចស្ថានទូតអាមេរិកសរសេរថា បានជួបជាមួយ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ប្រមូលមនុស្សទៅដើម្បីឲ្យ UN មិនទទួលស្គាល់។ បានន័យថា UN គេទទួលស្គាល់ហើយ។ ទៅកំណត់អាហ្នឹងធ្វើអី។ ខ្ញុំជូនយោបល់ទៅវិញ ដាក់គោលដៅបរាជ័យហើយ។ បងប្អូនចំណាយលុយបញ្ចេញមតិក្នុងគោលដៅហ្នឹង គេនាំធ្លាក់ទឹកហើយ។ បើថាមិនឲ្យអាមេរិក​មិនឲ្យវីសាខ្ញុំចូល ខ្ញុំសុំបញ្ជាក់អញ្ចេះ ទី១ ខ្ញុំទៅក្នុងក្របខណ្ឌ UN ទោះមិនពាក់ព័ន្ធ ប៉ុន្តែទី២ សួរថារដ្ឋាភិបាលអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលនេះឬ? ល្ងាចមិញ ខ្ញុំជួបអាមេរិក ២ម៉ោង។ អាមេរិកហ្នឹងមិនមែនជនជាតិអាមេរិកធម្មតាទេគឺជាប្រតិភូសភាអាមេរិកដែលមានតំណាងមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ជាតំណាងសភាអាមេរិក ជួបជាមួយនឹងតំណាងរដ្ឋាភិបាលអាមេរិក គឺឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅនេះ។ អញ្ចឹងទាំងអង្គការនីតិបញ្ញត្តិរបស់អាមេរិក និងអង្គការនីតិប្រតិបត្តិរបស់អាមេរិកមកជួបខ្ញុំ។ ជួបខ្ញុំក្នុងនាមអី? ចេញទៅវិញ ស្ថានទូតអាមេរិកគាត់ដាក់សារនៅក្នុងផេច​គាត់ ល្ងាចនេះគណៈប្រតិភូអាមេរិកបានជួបជាមួយនឹងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ភាសារបស់គាត់គឺខ្ញុំបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួននៃរដ្ឋាភិបាលថ្មីរបស់គាត់ដើម្បីពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការ។ ពិតណាស់យើងមានកិច្ចការមួយចំនួនដែលយើងមិនទាន់ឯកភាពគ្នា យើងជជែកគ្នាប៉ុន្តែយើងក៏បានឯកភាពគ្នាដើម្បីរិះរកវិធីសាស្រ្ត ពង្រឹងនិងពង្រីកសហប្រតិបត្តិការរបស់ប្រទេសយើងទាំង២។

ឥឡូវបើថាអាមេរិកមិនទទួលស្គាល់ ជំនួបល្ងាចមិញ ២ម៉ោងនេះ ហើយសំខាន់អ្នកចូលជួបនេះគឺតំណាងសភាអាមេរិក និងតំណាងរដ្ឋាភិបាលអាមេរិកគឺទូតរបស់អាមេរិកនៅទីនេះ បានទទួលស្គាល់រដ្ឋាភិបាលថ្មីគឺទទួលស្គាល់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីទៅហើយ។ អញ្ចឹងខ្ញុំគិតថាមានស្អីទៅទៀតមិនចាំបាច់ប្រធានាធិបតី បៃដិន ផ្ញើលិខិតមកអបអរទេ។ គេមកទទួលស្គាល់ ហើយដាក់នៅក្នុងទំព័ររបស់ទូតអាមេរិកទៀត​។ បើថាគាត់ដាក់ថ្ងៃនេះបានជួបជាមួយនឹងឯកឧត្តម ហ៊ុន ម៉ាណែត ជារឿងមួយ តែគាត់បានដាក់ថាបានជួបជាមួយនឹងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗរបស់រាជរដ្ឋាភិបាលថ្មីនៃកម្ពុជា … ឥឡូវបើបន់ថា អាមេរិកកុំឲ្យវីសា ខ្ញុំថាអេះពោះទៅ ព្រោះតំណាងទាំងសភាតំណាងទាំងរាជរដ្ឋាភិបាលមកជួបខ្ញុំ ហៅខ្ញុំជានាយករដ្ឋមន្រ្តីពេញមាត់ ហើយបញ្ជាក់នូវសុឆន្ទៈដើម្បីពង្រឹងនិងពង្រីកសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ មានអីទៀតឥឡូវ។ ខ្ញុំសុំបញ្ជាក់អញ្ចឹង។

អញ្ចឹងបងប្អូនខ្មែរយើងនៅអាមេរិកដែលគ្រោងទៅបាតុកម្ម ឲ្យ UN មិនទទួលស្គាល់ ហ៊ុន ម៉ាណែត ឬយុទ្ធនាការអាមេរិកមិនឲ្យវីសា សុំសួរទៅអ្នករៀបចំវិញទៅ។ បើ UN ហៅ ហ៊ុន ម៉ាណែត ទៅ ដាក់ម៉ោងឲ្យហើយ ឲ្យ UN ប្តូរម៉េចកើត។ ចុះបើតំណាងសភាអាមេរិក ទូតអាមេរិកទៅជួប ហ៊ុន ម៉ាណែត ហើយចេញសារនៅក្នុង page របស់ទូតអាមេរិកហៅនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បូកជាមួយនឹងរដ្ឋាភិបាលហើយ តើយើងទៅបង្ខំគេមិនឲ្យវីសា មិន​ទទួលស្គាល់យ៉ាងម៉េច។ បងប្អូនគួរតែសួរអ្នករៀបចំហ្នឹងទៅ។ ហ្នឹងខ្ញុំសុំបើករង្វង់ក្រចកនេះប្រាប់ ប៉ុន្តែអ្វីដែលសំខាន់ដូចខ្ញុំនិយាយអញ្ចឹង រាជរដ្ឋាភិបាលបានកើតដោយសារការគាំទ្រភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋ ហើយការទទួលស្គាល់ពីអន្តរជាតិដែលយើងត្រូវធ្វើការងារបន្ត។ គ្មានអីដែលហៅថាភាពខុសច្បាប់នោះទេ។ ខ្ញុំឃើញកាសែតគេនិយាយថានាយករដ្ឋមន្រ្តីខុសច្បាប់។ ពីមុនគេហៅថារដ្ឋាភិបាលអត់គ្រប់ទឹក។ គេនាំគ្នាចូលទៅសភាអត់គ្រប់ទឹក ពេលដែលគេបានផល។

ឥឡូវគេចោទថារាជរដ្ឋាភិបាលខុសច្បាប់ នាយករដ្ឋមន្រ្តីខុសច្បាប់។ ប៉ុន្តែ គាត់តែប៉ុន្មាននាក់ថា ចុះប្រជាពលរដ្ឋ ៦ លាននាក់ជាងគាំទ្រថាអត់ខុសច្បាប់នោះ។ រាជរដ្ឋាភិបាលកើតចេញពីការគាំទ្រឲ្យសិទ្ធិនៅក្នុងការឈរឈ្មោះ … យើងធ្វើតាមនីតិវិធីជាធរមានបានត្រឹមត្រូវ។ អន្ដរជាតិផ្ញើសារគាំទ្រក្ដី មិនផ្ញើសារគាំទ្រក្ដីក៏គេនៅបន្ដធ្វើគ្មានអ្នកណាគេដកទូតអី។ ម្សិលមិញទូត EU សហភាពអឺរ៉ុប លា។ ម្សិលមិញ ខ្ញុំជួបថ្នាក់ដឹកនាំ ៤ ប្រទេស បូកនឹង EU តំណាង ២៧ ប្រទេស។ ជួប EU មុនគេ។ បន្ទាប់មករដ្ឋមន្ដ្រីកសិកម្មកូរ៉េខាងត្បូង បើគេមិនទទួលស្គាល់រដ្ឋាភិបាល គេមិនបញ្ជូនរដ្ឋមន្ដ្រីកសិកម្មមកធ្វើការពិភាក្សារជាមួយគ្នាលើប្រតិបត្ដិការកសិកម្មទេ។ ឧបនាយករដ្ឋមន្ដ្រីររបស់ប្រទេសទីម័រលេស្ត ទទួលបន្ទុកខាងសេដ្ឋកិច្ច បរិស្ថាន ទេសចរណ៍ គាត់ទទួលបន្ទុកច្រើនហើយមកធ្វើការជាមួយយើង។ ហើយចុងក្រោយអាមេរិក ហើយប្រសិនបើរដ្ឋាភិបាលនេះជារដ្ឋាភិបាលខុសច្បាប់តើមានអ្នកណាមកធ្វើការជាមួយ ខ្ញុំសូមបញ្ជាក់អញ្ចឹង។

(៣៣) ត្រៀមបង្កើតក្រុមព័ត៌មាននិងក្រុមអន្តរាគមន៍ពិសេស

ខ្ញុំសូមយកឱកាសនេះ បកស្រាយជូន។ ឃើញខ្ញុំមិនមាត់ក៏ជេររហូត។ ទម្លាប់របស់ខ្ញុំ និយាយតែពេលណា​ដែលខ្ញុំត្រូវនិយាយ។ អញ្ចឹងបានខ្ញុំឲ្យ(មាស)សុភ័ណ្ឌ បន្ដិចទៀតហត់ជំនួសខ្ញុំហើយ។ មួយថ្ងៃៗខួរក្បាលខ្ញុំអង្គុយគិត បើខ្ញុំតាមដានហ្វេសប៊ុក(វានឹងមិនមានពេលទេ)។ ពេលខ្លះខ្ញុំស្ដាប់ម្ដងម្កាល។ តែបើខ្ញុំតាមដានទៅលើបញ្ហា ក្រែងប្រជាពលរដ្ឋមាន​បញ្ហាអីដោះស្រាយអីមិនចេញ។ តាំងពីឡើងមកមានករណីរឿងនៅតាកែវថ្ងៃមុន ដែលថាប្ដឹងរឿងបើកផ្លូវ។ ខ្ញុំចាត់ឯកឧត្តម កើត រិទ្ធិ ជាមួយខេត្តចុះមើលភ្លាម ដោះស្រាយជូនប្រជាពលរដ្ឋ។ ​រឿងនៅណា ខ្ញុំឲ្យដោះស្រាយ។ រឿងនេះមិនមែនជារឿងថ្មីទេ (កាល)សម្ដេចតេជោដឹកនាំប្រទេសក៏ធ្វើដូចគ្នាដែរ។ បន្តិចទៀត​មានយន្ដការដែលបន្ដិចទៀតខ្ញុំបង្កើតក្រុម។ ក្រុមដែលខ្ញុំបង្កើតមុនគេ ក្រុមសារព័ត៌មានដើម្បីប្រមូលព័ត៌មានប្រ​ចាំថ្ងៃឲ្យ​ខ្ញុំ។ ក្រុមអន្ដរាគមន៍ទៀតនៅក្នុងខុទ្ទកាល័យរបស់ខ្ញុំ។ ខ្ញុំបង្កើតក្រុមអន្ដរាគមន៍ពិសេសមួយដើម្បីចុះដោះស្រាយ​ការងារ។ មិនមែនទៅដណ្ដើមការងារខេត្តទេ (ប៉ុន្ដែ)ដើម្បីជួយតាមដានការងាររបស់ខ្ញុំ។ ពេលខ្លះតាមដានការអនុវត្ដដោះស្រាយយ៉ាងម៉េចព្រោះខ្ញុំអត់មានពេល។ គិតគូររឿងហ្នឹង បើខ្ញុំតាមដានហ្វេសប៊ុកគឺតាមដានរឿងហ្នឹង …។

(៣៤) យកពេល២៤ម៉ោង/ថ្ងៃ កសាងយន្ដការបំរើពលរដ្ឋ

រឿងនេះជាកាតព្វកិច្ច ហើយមិនមែនតែរឿងអីថ្មីទេ។ រឿងគណបក្សប្រជាជនបានដឹកនាំ ៤០ ឆ្នាំ(មកនេះ)ដោយសារការក្ដាប់ជាប់ជាប្រចាំ ជាពិសេសសម្ដេចតេជោ លោកនៅដល់ម៉ោង ១២ ឬ ១ យប់ហ្នឹង គឺតាមដានរឿងហ្នឹង។ ជួនកាលលោកដាក់សារផ្ទាល់ ឆ្លើយផ្ទាល់ ហើយយើងខិតខំ។ ខ្ញុំមានតែ ២៤ ម៉ោង តើខ្ញុំអង្គុយ ២៤ ម៉ោងនេះ ចំណា​យពេលដើម្បីគិតឆ្លើយតបទៅការវាយប្រហារ ឬខ្ញុំយក ២៤ ម៉ោង នេះ ទៅអង្គុយធ្វើការងាររដ្ឋ កសាងយន្ដការថ្មីដើម្បីបំរើប្រជាពលរដ្ឋ ស្ដាប់ប្រជាពលរដ្ឋតាមហ្វេសប៊ុក ស្អីដែលមានបញ្ហាយើងជួយ ឲ្យរដ្ឋមន្ដ្រីមួយៗ ធ្វើការគេយ៉ាងម៉េច។ អញ្ចឹងខ្ញុំថា យកពេលវេលាដើម្បីបម្រើប្រជាពលរដ្ឋល្អជាងយកពេលវេលាទៅស្ដាប់(ការវាយប្រហារ)។ បើគាត់សប្បាយចិត្តនឹងការដុតខ្លួនឯងឲ្យមានទោសៈ ជេរខ្ញុំក៏ជេរចុះ … តែប្រយ័ត្នណា តែជេរខ្ញុំច្រើន ហើយគេងមិនលក់ប្រយ័ត្ន ដូច ស៊ឺម៉ាអ៊ី និយាយ​ «កំហឹងច្រើន​គេងតិច» ប្រយ័ត្នសុខភាព។ ជេរខ្ញុំយូរៗប្រ​យ័ត្នខូចសុខភាពខ្លួនឯង។ ថាមពលខ្ញុំប៉ុន្មានខ្សឺតព្រឹកមិញ ចេញទៅវិញមានអ្នកសុំទៀត។ ហ្នឹងដែលខ្ញុំមកជួបថ្ងៃនេះ រឿងសំខាន់គឺដោះស្រាយជូនប្រជាពលរដ្ឋ។

(៣៥) គោលនយោបាយដែលយើងដាក់ចេញ ត្រូវឲ្យបានផលដល់ប្រជាជន

ឥឡូវវខ្ញុំនិយាយបន្ដិច តើគោលនយោបាយអ្វីខ្លះដែលរាជរដ្ឋាភិបាល(ថ្មីនឹងធ្វើ)។ ខ្ញុំនិយាយគោលដៅធំ២។ ទី១ ថែរក្សាសមិទ្ធផលដែលមានសុខសន្ដិភាព ស្ថិរភាព ការអភិវឌ្ឍ គោលនយោបាយដែលបានដាក់ចេញពីមុនមក​។ ខ្ញុំបានអានអម្បាញ់មិញសុទ្ធសឹងជាគោលនយោបាយដែលបានអភិវឌ្ឍហើយ ត្រូវថែរក្សា។ ហ្នឹងមិនដកចោលទេ ប៉ុន្ដែត្រូវបង្កើនបន្ថែម។ បង្កើនស្អី? បង្កើន(ផលលាភ)ដល់ដៃប្រជាពលរដ្ឋ។ អញ្ចឹងនៅក្នុងនេះខ្ញុំសូមលើកបន្ដិចនៅក្នុងគោលនយោបាយ​ថ្មី និងជាអាទិភាពរបស់យើង។ លោកតា លោកយាយ អ៊ំ ពូមីង ដែលជាប្រជាពលរដ្ឋមើលតាមទូរទស្សន៍ និងបងប្អូនកម្មករ/ការិនី និងក្រុមគ្រួសារ​ អ្វីដែលយើងនឹងត្រូវធ្វើ ព្រោះយើងជំពាក់កាតព្វកិច្ចជាមួយប្រជាពលរដ្ឋ កាតព្វកិច្ចដែលលោកបោះឆ្នោតឲ្យបានរំពឹងថាយើងធ្វើអ្វីជូនគាត់ មិនមែនអ្វីដែលសរសេរល្អនៅលើក្រដាសនោះទេ។ អ្វីដែលយើងនឹងដាក់ចេញឲ្យបានផលដល់គាត់ មិនមែនធ្វើគោលនយោបាយដើម្បី ឡើងទៅព្រះច័ន្ទទេ តែធ្វើនយោបាយដើម្បីធ្លាក់ផលទៅដល់ហោប៉ៅប្រជាពលរដ្ឋនៅលើដី។

(៣៦អាទិភាពកម្មវិធីគោលនយោបាយត្រូវអនុវត្តភ្លាម ៦ ចំណុច

នៅក្នុងការដាក់ចេញនូវគោលនយោបាយនៅក្នុងអាណត្តិថ្មីនេះ នៅថ្ងៃ ២៤ សីហា ពេលដែលប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ ក៏ដូចជាថ្ងៃ ២២ សីហា នៅសភា ខ្ញុំបានរាយការណ៍ជូនអង្គសភា នៅតាមរយៈអង្គសភាជូនប្រជាពល​រដ្ឋ កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលត្រូវអនុវត្តជាក់ស្តែងបន្ទាន់ជូនប្រជាពលរដ្ឋ។ ក្រៅពីនោះ មានគោលនយោបាយផ្សេងៗ នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រប​ញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សម​ធម៌ ប្រសិទ្ធភាព និងចីរភាព ផលជូនប្រជាពលរដ្ឋ។ ដំណាក់កាលសូចនាករកម្មវិធីទាំង៦នោះយ៉ាងម៉េច?

ទី១ ការពង្រឹងសេវាថែទាំសុខភាព ឲ្យបានជូនដល់ប្រជាពលរដ្ឋគោលដៅ ៩ លាននាក់ឆ្ពោះទៅគ្របដណ្តប់​សុខភាពជាសកល។ នេះគោលដៅសកម្មភាពអាទិភាពទី ១ ដែលយើងត្រូវដាក់ចេញតាមរយៈយន្តការ ២ ទី ១ គឺមូលនិធិសមធម៌សុខាភិបាល ជួយដល់ការថែទាំសុខភាព ជួយគ្រួសារងាយរងគ្រោះ និងហានិភ័យ ចំនួន ៥០ ម៉ឺនគ្រួសារ ដែលមានសមាជិក ១ លាន ៨ សែននាក់។ គោលនយោបាយនេះត្រូវដាក់ចេញភ្លាម។ យើងត្រៀមថវិកាសំរាប់គោលនយោបាយ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នឹងសម្របសម្រួលការដាក់ចេញនេះ។ យើងអត់ភូតទេ  …។ (យន្តការ)ទី២ គោលនយោបាយពង្រីកភាពគ្របដណ្តប់ ប.ស.ស ដល់អ្នកនៅក្នុងបន្ទុករបស់កម្មករ និយោជិក តាមរយៈការស្ម័គ្រចិត្តបដិភាគ ហើយគោលដៅរបស់យើងគឺ ៣ លាននាក់។ បានន័យថាម៉េច? ឥឡូវ ប.ស.ស យើងមានសម្រាប់បងប្អូនកម្មករ/ការិនីហើយ ប៉ុន្តែកូននៅក្នុងបន្ទុកអត់បានទេ។ អាចថាប្តី អាចថាឪពុកម្តាយបង្កើត អត់បានទេ ព្រោះថវិកាយើងបង់ហ្នឹង ពេលព្យាបាលទៅបានគ្របដណ្តប់តែបងប្អូន។ ប៉ុន្តែឥឡូវយើងមានជម្រើស បង​ប្អូនអាចទិញ ប៉ុន្តែប​ង់វិភាគទានបន្ថែម ១៥ ៦០០ រៀលក្នុងមួយខែ។ អញ្ចឹងគឺពេលដែលគ្រួសារបងប្អូន កូនចៅដែលទៅព្យាបាល គឺ(ទទួលបានការ)គ្របដណ្តប់ដូចបងប្អូនអញ្ចឹង មិនបាច់បង់លុយ។ យើងបង់តែ ១៥ ៦០០ រៀលក្នុងមួយខែដើម្បីធានាផ្តល់ជូនឲ្យគ្រួសារយើងបាន។ អញ្ចឹងយើងនឹងពង្រីកវិសាលភាពនេះ។ អ្វីដែលបងប្អូនផ្ទាល់បានទទួល យើងនឹងបន្តពិនិត្យនូវកញ្ចប់ដែលបន្តនេះដើម្បីឲ្យកាន់តែល្អប្រសើរ។

កញ្ចប់គាំពារនោះ ដែលថាកញ្ចប់ហ្នឹងដែលយើងត្រូវបង្កើន កាល​មុនយើងចាប់ផ្តើមដំបូងទាបបន្តិច អញ្ចឹងទាំងថ្នាំទាំងអីក៏តិច។ ឥឡូវយើងបង្កើន។ ថ្ងៃមុនជជែកជាមួយឯកឧត្តម ឈាង រ៉ា​ និងក្រុមការងារគោលនយោបាយរបស់ក្រសួងសុខាភិបាល ពិនិត្យមើលថាជួនកាលនៅតាមជនបទ ដោយសារចំនួនថ្នាំមានកំណត់ ការចែកថ្នាំទៅដល់ជំងឺមួយចំនួនយើងធ្វើបាន ឧទាហរណ៍ថា ២អាទិត្យឬអី។ អញ្ចឹងគាត់ត្រូវមកយូរ។ អញ្ចឹងខ្ញុំចង់បង្កើនគុណភាពនិងបង្កើនបរិមាណជូនប្រជាពលរដ្ឋកុំឲ្យគាត់ពិបាកធ្វើដំណើរ។ ប្រជាពលរដ្ឋមានជំងឺ ឧទាហរណ៍ លើសស្ករ លើសឈាម ឬមួយក៏ស្អីដែលត្រូវការជាប្រចាំ កុំឲ្យគាត់ពិបាក យើងគិតអាហ្នឹងទៀត ពិនិត្យទៅ ទៅតាមលទ្ធភាពថវិកាដែលយើងមាន។

យើងត្រូវពង្រឹងប្រព័ន្ធសេវាមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ក៏ដូចជាពេទ្យបង្អែក។ នៅទីប្រជុំជន នៅក្រុង មណ្ឌលសុខភាពមិនសូវដើរតួទេ ព្រោះយើងមានពេទ្យឯកជននៅច្រើន។ តែខេត្តនៅឆ្ងាយគឺមណ្ឌលសុខភាពសំខាន់ យើងត្រូវពង្រឹងគុណភាពសេវា ពង្រាយពេទ្យ ហើយនិងកសាងពង្រឹងទំនើបកម្ម …។

ទី២ គឺយើងបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ គោលដៅ ១ លាន ៥ សែននាក់។ ដូចខ្ញុំនិយាយអញ្ចឹង សុខភាពនិងសមត្ថភាព គឺបូកគ្នាចេញជាគុណភាពនៃមូលធនមនុស្សរបស់យើង។ សុខភាពយើងគិតហើយឥឡូវការបណ្តុះបណ្តាល ១ លាន ៥ សែននាក់ កូនចៅប្រជាពលរដ្ឋក្រីក្រ នឹងទទួលបាននូវអាហារូបករណ៍នេះ ដើម្បីរៀនជំនាញ មានវគ្គខ្លី វគ្គមធ្យម វគ្គវែង ហើយយើងគិតដូចជា ២% ទៅ ៤% នៃចំនួនសរុបនេះ ផ្តល់ទៅឲ្យអ្នកដែលរៀននៅខាងកេរ្តិ៍មរតកដូនតា ឧទាហរណ៍ ខាងត្បាញ ខាងអី ដើម្បីរក្សាវប្បធម៌របស់យើង​។ រៀននេះ អ្នកទៅរៀន មិនត្រឹមតែអត់បង់លុយទេ បានប្រាក់ឧបត្ថម្ភទៀត។ រដ្ឋចេញលុយឲ្យគាត់ទៀត។ មិនមែនទៅរៀនអស់លុយទេ រៀនអត់អស់លុយហើយបានលុយទៀត ព្រោះគាត់មានជីវភាពលំបាក។ យើងត្រូវជួយ។

គោលនយោបាយយើងអញ្ចឹង យើងធ្វើសម្រាប់ដាក់ថែមជូនគាត់ ១ លាន ៥ សែននាក់ថែមទៀត អាហ្នឹងអត់រាប់ពី​អាហារូបករណ៍ផ្សេងៗដែលយើងមាននៅឧត្តមសិក្សាផ្សេងៗផង ដែលយើងមានតាមក្រសួង នេះគោលនយោបាយថ្មី។ អញ្ចឹងកូនចៅប្រជាពលរដ្ឋ កម្មករ និយោជិត មន្ត្រីសាធារណៈ និងបានគោលនយោបាយដែលយើងត្រូវដាក់បន្ទាន់ថ្មីនេះ សម្រាប់គោលនយោបាយ រាជរដ្ឋាភិបាលអាណត្តិថ្មីយើងចេញបន្ថែមជូនប្រជាពលរដ្ឋបែបនេះ។

ទី៣ គឺការពង្រីកការគ្របដណ្តប់នៃកម្មវិធីជាតិជួយសង្គម និងក្របខណ្ឌគាំពារសង្គម លើប្រជាពលរដ្ឋប្រមាណ ៤ លាន ៥ សែននាក់ តាមរយៈទី១ ដាក់តាមកម្មវិធីជាតិ ជួយសង្គមជាកញ្ចប់គ្រួសារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ងាយរងគ្រោះជាង ៧០ម៉ឺនគ្រួសារ សរុបជាង ២ លាន ៨ សែននាក់។ គោលនយោបាយនេះ គឺការវិនិយោគទៅលើប្រជាពលរដ្ឋ។ បើរដ្ឋឲ្យលុយទៅប្រជាពលរដ្ឋ ម៉េចវិនិយោគ? យើងគិតថាវិនិយោគទាល់តែយើងដាក់លុយហ្នឹងទៅក្នុងទិញដី ធ្វើរោងចក្របានចំណូល។ អត់ទេ។ វិនិយោគទៅលើសុខភាពប្រជាពលរដ្ឋ វិនិយោគទៅលើជំនាញប្រជាពលរដ្ឋ គឺចំណាយទៅលើគាត់មែន តែបានផលមកសម្រាប់ខ្លួនគាត់ និងសេដ្ឋកិច្ចជាតិយើង។ ទី២ ថវិកាដែលយើងទម្លាក់ជូនគាត់ គាត់យកទៅសន្សំក្នុងណាមួយផ្នែក តែមួយផ្នែកជួនកាលអ្នកខ្លះទាំងអស់គឺយកទៅផ្សារទិញចំណីអាហារ ទៅទិញរបស់។ អញ្ចឹងលុយហ្នឹងនឹងវិលនៅក្នុងសេដ្ឋកិច្ចរបស់យើងទៀត។ អញ្ចឹងមិនជួយតែបងប្អូនងាយរងគ្រោះ តែលុយនេះនឹងជួយដល់អ្នកលក់ដូរ ជួយទៅដល់ស្អី ដើម្បីសេដ្ឋកិច្ច។

ពិតណាស់ សេដ្ឋកិច្ចពិភពលោកឡើងនិងចុះ។ យើងទទួលស្គាល់ថាពេលនេះ សេដ្ឋកិច្ចលើពិភពលោកកំពុងមានបញ្ហា។ តែយើងបានខិតខំជួយរួមគ្នាតទៅទៀត។ វាឡើងចុះជាការធម្មតា តែអ្វីដែលសំខាន់យើងត្រូវមានវិធានការ ហើយវិធានការនេះ គឺវិធានការមិនត្រឹមតែជួយប្រជាពលរដ្ឋក្នុងការលំបាក តែជួយជំរុញទៅដល់ការធានានូវនិរន្តភាពសេដ្ឋកិច្ច។ អ្នកខ្លះថាខ្ញុំដាក់គោលនយោបាយអត់ន័យ។ ខ្ញុំមិនចេះដូចបងប្អូនអ្នកវិភាគនៅខាងក្រៅទេ គ្រាន់តែអញ្ចេះអ្នកដែលធ្វើគោលនយោបាយនេះ ក្រុមការងារសុទ្ធតែបណ្ឌិតមកពីក្រៅ បទពិសោធន៍ដឹក​នាំរាប់សិបឆ្នាំ គ្រប់ជំនាញទាំងអស់។ ខ្ញុំក៏មិនរៀនបានច្រើន ដូចអ្នកវិភាគមួយចំនួនដែរ ត្រឹមតែ PhD សេដ្ឋកិច្ចប៉ុណ្ណឹង។ អញ្ចឹងខ្ញុំអាចយល់តិចៗទេ ខ្ញុំមិនទៅថាឲ្យអ្នកណាទេ ប៉ុន្តែឃើញអ្នកខ្លះឡើងមេក្រូមកវាយប្រហារថាគេមិនចេះធ្វើការ។ គោលនយោបាយនេះគឺយើងធ្វើតាមទំហំសេដ្ឋកិច្ច។ ​​សកម្មភាពអាទិភាពទី៣ ដែរ គឺពង្រីកក្របខណ្ឌគាំពារសង្គម ដើម្បីឆ្លើយត​បនឹងគ្រោះអាសន្ន សម្រាប់ទ្រទ្រង់ ផ្តល់ការគាំពារជូនប្រជាជនមានលក្ខណៈជាប្រព័ន្ធ ដើម្បីឲ្យមាននិរន្តរភាព ព្រោះយើងមានគោលនយោបាយផ្សេងៗ ឥឡូវយើងធ្វើជាយន្តការរួម ដើម្បីប្រសិទ្ធភាពក្នុងការដឹកនាំ សម្របសម្រួលគាំពារ ធ្វើការមួយឲ្យមានបរិមាណ ធ្វើឲ្យមានគុណភាពជូនប្រជាពលរដ្ឋ​។

ទី៤ ឥឡូវមិនមែនតែបងប្អូននៅក្នុងប្រព័ន្ធ នៅក្នុងសហគ្រាស ក្រុមហ៊ុនដែលចុះបញ្ជីទេ បងប្អូននៅក្រៅប្រព័ន្ធក៏យើងគិតគូរដែរ ហើយនេះគោលដៅអាទិភាពសំខាន់ដែលសម្តេចតេជោនៅក្នុងអាណត្តិទី៦ បានដាក់ចេញ ហើយរាជរដ្ឋាភិបាលគណបក្សប្រជាជនដាក់ចេញជាអាទិភាពមួយថ្មីទៀត គឺការយកចិត្តទុកដាក់ទៅដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានច្រើន។ សេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការគាំពារសង្គម ដូចជាបងប្អូននៅក្នុងកម្មករសំណង់ ម៉ូតូកង់បី អាជីវករលក់ដូរតាមផ្សារតូចៗ ជាដើម ដើម្បីបានទទួលនូវសេវាថែទាំសុខភាព និងក្រោមមូលនិធិសមធម៌សង្គម យើងមានជូន។ ហើយក្រៅពីមូលនិធិសមធម៌នេះ យើងក៏មានគោលនយោបាយដើម្បីឲ្យគាត់ចូលរួមដោយស្ម័គ្រចិត្តបង់វិភាគទាន បានន័យថា ឥឡូវបងប្អូនអ្នករត់ម៉ូតូឌុប គាត់អត់មានធ្វើការនៅក្រុមហ៊ុនណាដែលចុះបញ្ជីទេ គាត់ម្នាក់ឯងគាត់ពិបាកចុះបញ្ជី។ តែគាត់អាចទិញសេវាហ្នឹង គាត់បង់មួយខែ ១៥ ៦០០រៀល ឥឡូវដូចជាជាង ៣ម៉ឺននាក់ហើយ ដែលចុះឈ្មោះ ដើម្បីគាត់បាន ជាជាងគាត់ឈឺ មួយខែគាត់ឈឺបីដង ទៅពេទ្យម្ដងអស់ ៥ម៉ឺន ៣ដង អស់ ១៥ ម៉ឺន។ ឥឡូវគាត់បង់អាហ្នឹងអស់តែ ១៥ ៦០០រៀល គាត់ទៅព្យាបាលក្នុងមួយខែពីរបីដង គេចេញឲ្យ។ អាហ្នឹងយើងពង្រីក​ជូនបងប្អូន។ សួរថាឲ្យអ្នកណាគេ? មិនមែនឲ្យអ្នកដែលជីវភាពធូរធារទេ គឺសម្រាប់ប្រជាពលរដ្ឋដែលលំបាក យើងជួយអាហ្នឹងតែម្ដង។

ទី៥ ដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់សម្រាប់ជួយនូវវិស័យកសិកម្ម។ ប្រជាពលរដ្ឋយើងការងារមិនមែននៅក្នុងឧស្សាហកម្ម ទេសចរណ៍ ឬមួយធនាគារ ឬហិរញ្ញវត្ថុនោះទេ តែនៅក្នុងកសិកម្មក៏ជាប្រជាពលរដ្ឋយើងដែរ ដែលត្រូវការជួយ។ ហ្នឹងហើយដែលកម្មវិធីទី៥ ដែលយើងត្រូវដាក់ចេញ។ យើងចេញ​នូវកម្មវិធីជាក់លាក់ យើងត្រៀមថវិកា ១០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែផ្សេង​ៗតាមកម្មវិធីផ្សេងៗចាំបាច់របស់រាជរដ្ឋាភិបាល។ ឆ្នាំនេះ ស្រូវបានល្អ កសិផលឡើងចុះ តែពេលដែលលំបាកយើងនឹងជួយ ព្រោះកសិផលហ្នឹងវាអញ្ចេះ ទីមួយ វាផ្អែកទៅលើទីផ្សារពិភពលោក ហើយទីពីរ វាមិនដែលឡើងក្នុងពេលជាមួយគ្នាទេ។ អញ្ចឹងបានយើងឧស្សាហ៍និយាយ អ្នកដាំស្វាយចន្ទី និងកៅស៊ូខ្លះ មិនសូវបានផលទេ ព្រោះដាំកៅស៊ូ ៥ ឆ្នាំ ទម្រាំ៥ឆ្នាំ កៅស៊ូឡើងថ្លៃពេលដាំ ដល់ពេលចប់កៅស៊ូថោក កាប់កៅស៊ូ ដាំស្វាយចន្ទី ទម្រាំស្វាយចន្ទីបានផ្លែ ស្វាយចន្ទីធ្លាក់ថ្លៃវិញ អញ្ចឹងវាឡើងចុះ។ នៅលើពិភពលោកដូចគ្នា តែអ្វីដែលសំខាន់ យើងជួយដើម្បីទប់កន្លែងណាដែលចុះ កន្លែងណាដែលល្អហើយយើងបង្កលក្ខណៈរកទីផ្សាររកអីជូនគាត់ ដើម្បីបាន។ កន្លែងណាដែលលំបាក យើងជួយអន្តរាគមន៍ទៅលើដែរ ខ្វះប្រព័ន្ធធារាសាស្រ្ត ខ្វះអ្នកជំនាញ។

ទី ៦ គឺគ្រោងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេសដែលមានអាទិភាពទៅលើវិស័យ​កសិកម្ម​។ អាហ្នឹងឯកឧត្តម ឌិត ទីណា អាហ្នឹងដូចនៅភ្នំពេញអី បឹងកក់អី មិនបាច់ពង្រាយមន្ត្រីកសិកម្មទេ។ យើងពង្រាយនៅតាមខេត្ត តាមឃុំ តាមសង្កាត់ដែលមានតម្រូវការ ព្រោះប្រជាពលរដ្ឋត្រូវការជួយ។ អញ្ចឹងដាក់បញ្ជូនមន្ត្រីកសិកម្មទៅនៅជាមួយគាត់តែម្តង ហើយខ្ញុំសូមឲ្យធ្វើការជ្រើសរើសឲ្យច្បាស់ កុំឲ្យរើសមន្ត្រីកសិកម្ម ប្រយ័ត្នបានមកជាវិស្វករសំណង់។ យកអ្នកកសិកម្ម ឲ្យអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានចំណេះដឹងកសិកម្ម និស្សិតកសិកម្មគគោកឲ្យអាទិភាពទៅ យើងប្រឡងជ្រើសរើសតែយើងបូកកម្រិតណា។ ត្រូវរើសឲ្យមានតម្លាភាព យុត្តិធម៌ អ្នកប្រកួតប្រជែង ព្រោះកំណែទម្រង់មុខងារសាធារណៈគឺជាអាទិភាពចាំបាច់ដែលយើងត្រូវធ្វើ។ ខ្ញុំកាន់ជើងគោក ខ្ញុំកែមុនគេគឺបុគ្គលិក ទាំងការរើសទ័ព រើសអី។ អញ្ចឹងនៅក្នុងរដ្ឋាភិបាលអាទិភាពទី ១ គឺកំណែទម្រង់មុខងារសាធារណៈ ខ្ញុំមិនយកពេលនេះដើម្បីនិយាយទេ ការរើសមន្រ្តី ការចាត់តាំងជាមួយនឹងការយកចិត្តទុកដាក់ ប្រព័ន្ធលើកទឹកចិត្តត្រូវធ្វើឲ្យដើម្បីបង្កើន ព្រោះបើរដ្ឋបាលយើងដើរមិនត្រូវ យើងពិបាកដាក់គោលនយោបាយឲ្យគាត់ ច្រើនតែគាត់អត់មានមនុស្ស អត់មានជំនាញគ្រប់ គាត់ធ្វើអី? បន្ទោសគាត់មិនកើត គាត់ខំហើយ តែគាត់ខំចេញតែផ្សែង។ អញ្ចឹងយើងត្រូវផ្គួប អញ្ចឹងអ្នកជំនាញ រើសអ្នកដែលមាន ហើយបំប៉នបន្ថែម បណ្តុះបណ្តាលបន្ថែមជូនគាត់ និស្សិតខ្លះគាត់អត់មានមូលដ្ឋានមែនគាត់ប្រឡងចូលមែនត្រូវមានកម្មវិធីដើម្បីបណ្តុះបណ្តាលគាត់ ជួយគាត់។ គិតអំពីកម្មវិធីលើកទឹកចិត្តកម្រិតណា។

(៣៧) ជ្រើសរើសមន្ត្រីកសិកម្មដែលត្រូវពង្រាយដាក់ទៅតាមឃុំ ឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌

ខ្ញុំសុំកុំអោយថាពង្រាយ ៥០០ បានតែ ៦ខែ អស់រលីង ៣០០។ សុំធ្វើការគ្រប់គ្រងឲ្យច្បាស់។ ពិនិត្យមើលក្របខណ្ឌ​។ បើថាមិនចាំបាច់មន្រ្តីអាជីពទេ មន្រ្តីក្របខណ្ឌទេ យកមន្រ្តីកិច្ចសន្យាក៏បានដែរ។ ខ្ញុំកំពុងតែឲ្យគិតគូរអំពីការបំពេញមន្រ្តីរបស់យើងនៅមូលដ្ឋាន គិតគូរពីការប្រើប្រាស់មន្រ្តីកិច្ចសន្យា មុននឹងឈានចូលទៅដល់គាត់ចូលជាមន្រ្តីក្របខណ្ឌ។ កិច្ចសន្យាបងប្អូនអាចយល់ច្រឡំថា យកតែមន្រ្តីជំនាញទាបដើម្បីគាត់ទៅធ្វើការរដ្ឋបាល។ អត់ទេ។ យើងគិតពង្រីកវិសាលភាពទាំងមន្រ្តីដែលមានជំនាញខ្ពស់ ជួនកាលវេជ្ជបណ្ឌិតជំនាញមួយ គាត់ហួសអាយុចូលក្របខណ្ឌ គាត់មិនទាន់ចូល យើងត្រូវការជំនាញហ្នឹងនៅពេទ្យខេត្ត។ យើងមិនអាចឲ្យ(តួនាទី)គាត់អីទេ ព្រោះគាត់អាយុ៥០ ឬមួយអីហើយ តែឲ្យគាត់ក្របខណ្ឌមក យកគាត់ទៅធ្វើការជាបុគ្គលិក ជាវេជ្ជបណ្ឌិតជំនាញ។ ឧទាហរណ៍ខាងបេះដូងនៅពេទ្យកំពង់ចាម។ ដើម្បីយើងពង្រឹង។ កុងត្រាគាត់ ៥ ឬ ៣ឆ្នាំទៅ។ គ្រូបង្រៀនក៏ដូចគ្នា … មានលក្ខខណ្ឌសូចនាករមួយចំនួនដើម្បីបើកច្រកឲ្យគាត់។ ជួនកាលគាត់គិតទៅហ្នឹងថា ទៅមួយជីវិតគាត់ម៉េចទៅ។ ដូចទាហានអញ្ចឹង ឲ្យខ្ញុំទៅព្រំដែនមួយជីវិតចូលតាំងពីអាយុ១៨ ដល់ ៧០ ហើយនៅហ្នឹងហើយ។ អញ្ចឹងបានយើងគិតពីកាផ្ដល់ឱកាស។ ធនធានមនុស្សយើងវិល។ ជំនាញខ្លះ ហើយការស្ម័គ្រចិត្តកម្រិតណាមួយ ប៉ុន្តែធ្វើម៉េចកុំឲ្យពង្រាយ ហើយឲ្យនៅថែរក្សាឲ្យមានចីរភាព។

បងប្អូនដែលចង់ចូលមកដើម្បីយកក្របខណ្ឌ​សិន ចាំផ្ទេរចេញ សូមកុំធ្វើអាហ្នឹង។ អាណិតគេ។ អាណិតប្រជាពលរដ្ឋយើង។ បងប្អូនចូលទៅបំពេញភារកិច្ចប៉ុន្មានឆ្នាំចាំចប់។ ក្រសួងគិតគូរវិលយ៉ាងម៉េច។ តែពេលហ្នឹងត្រូវជួយ​។ បើគ្រាន់តែចូលទៅយកក្របខណ្ឌ អត់មានជំនាញ បងប្អូនធ្វើបាបគេពីរ។ ធ្វើបាបរដ្ឋាភិបាលមួយចុះ តែទី១បងប្អូនកំពុងតែទៅដណ្ដើម​កន្លែងពីអ្នកជំនាញពិតប្រាកដ ដែលគ្នាចង់បាននិងមានឆន្ទៈធ្វើ និងទី២ បើបងប្អូន ​ផ្ទេរចេញមិនបាន អត់ធ្វើការតែម្ដង។ អញ្ចឹងប្រជាពលរដ្ឋដែលខាត គឺកសិករមួយឃុំនោះដែលខាត។ ខ្ញុំសូមរួមគ្នា។ រដ្ឋាភិបាលធ្វើម្នាក់ឯងមិនបានទេ ត្រូវការប្រជាពលរដ្ឋ មន្រ្តីរាជការចូលរួម ទើបយើងជោគជ័យ។ អញ្ចឹងវាផ្ដើមចេញពីការរើសនេះ។ ការពង្រឹងមន្រ្តីកសិកម្មទៅឃុំ សូមរើសឲ្យបានត្រូវ មានតម្លាភាព យុត្តិធម៌ ឲ្យចំជំនាញ ហើយការពង្រាយមានផែនការច្បាស់លាស់ ហើយធានាឲ្យបាននូវប្រសិទ្ធភាពការងារឲ្យបងប្អូន ធានាក្របខណ្ឌថវិកាអីដើម្បីជួយជំនាញបន្តទៀត។

(៣៨) ជំរុញការបង្កើត Research and Development (R&D)

ឥឡូវនេះ ប្រព័ន្ធលើកទឹកចិត្តដែលយើងគ្រោងធ្វើថ្មីនេះផ្ដោតទៅលើក្របខណ្ឌជំនាញចាំបាច់នៅតាមក្រសួង/ស្ថាប័ន។ ឧទាហរណ៍ នៅក្នុងក្រសួងមួយ ក្របខណ្ឌដែលសំខាន់គឺខួរក្បាល។ អ្នកសរសេរផែនការ។ តែកន្លែងហ្នឹងរាងលំបាក។ អញ្ចឹងបងប្អូនផ្ទេរចេញអស់។ អញ្ចឹងគោលនយោបាយដែលអនុវត្តថ្មី ត្រូវទម្លាក់ថវិកាគាំទ្រទៅដល់អ្នកសរសេរគោលនយោបាយ។ មើលការស្រាវជ្រាវ R&D។ នេះមិនមែនខ្ញុំទើបនិយាយថ្ងៃនេះទេ។ ខ្ញុំនិយាយច្រើនកម្មវិធីណាស់នៅពេលដែលខ្ញុំជាបេក្ខជន។ ខ្ញុំមិនអាចដាក់ចេញជាគោលនយោបាយអនុវត្ត ព្រោះនៅជាបេក្ខជន។ តែជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងកសិកម្ម សូមមើល CARDI កន្លែងនេះគឺខ្ញុំឯកភាពគាំទ្រជាមួយសម្ដេច ១០០% ព្រោះមានគេរត់ការមកខ្ញុំច្រើនណាស់ ដើម្បីដោះដូរ CARDI ចេញ។ ខ្ញុំអត់ព្រម។ គេរត់មកអញ្ចេះៗ ខ្ញុំថាអត់ទេ។ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ក្នុងក្របខណ្ឌនេះ ជាមួយមុខងារសាធារណៈ យើងគិតគូរពីក្របខណ្ឌវិនិយោគទៅលើកន្លែងស្រាវជ្រាវហ្នឹងតែម្ដង។ បើយើងធ្វើកសិកម្ម យើងអត់មានបច្ចេកវិទ្យាខ្លួនឯង យើងទៅយកពូជតែពីគេមក យើងធ្វើអីទាន់គេ? ពូជរបស់យើង យើងមិនចេះបង្កាត់ដើម្បីនាំទៅក្រៅអី គេដឹង គេយកទៅ គេដាក់របស់គេបាត់។

(៣៩) ក្រសួងវប្បធម៌បង្កើនអ្នកស្រាវជ្រាវ និងសរសេរប្រវត្តិសាស្រ្ត

រឿងហ្នឹងក៏ដូចជាក្នុងវិស័យវប្បធម៌។ ខ្ញុំនិយាយជាមួយលោកជំទាវ ភឿង សកុណា។ បន្តិចទៀតត្រូវបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ព្រោះបើយើងមិនសរសេរប្រវត្តិសាស្រ្ត ប្រទេសផ្សេងគេ(នឹង)សរសេរប្រវត្តិសាស្រ្ត។ ប្រយ័ត្ន១០០ ឆ្នាំទៀត គេថាអ្នកឈ្នះសរសេរប្រវត្តិសាស្រ្ត។ ប្រទេសមួយចំនួនសរសេរប្រវត្តិសាស្រ្តរឿងព្រំដែន កន្លែងខ្លះវាអត់ច្បាស់។ ឧទាហរណ៍ ប្រទេសនៅអឺរ៉ុបប្រវត្តិសាស្រ្តច្រើនណាស់។ ពីដើមច្របូក​ច្របល់។ ប្រទេសមួយគ្របប្រទេសមួយៗ។ អញ្ចឹងប្រទេសណាដែលសរសេរ គាត់សរសេរពេលដែលគាត់គ្របគេហ្នឹង។ ទីបំផុត យូរទៅគេគិតថា អតីតកាលគឺកន្លែងហ្នឹង។ បើសៀវភៅ(ស្តីពីប្រវត្តិសាស្ត្រ)យើង បើវាយ(ស្វែងរក) (កាល)ខ្ញុំនៅរៀន ខ្ញុំស្រាវជ្រាវរឿងខ្មែរ មើលទៅសរសេរដោយបារាំង ដោយអី ឥឡូវសរសេរដោយគេ។ ខ្មែរយើងមិនសូវមានទេ។ ខ្ញុំនឹងលើកទឹកចិត្តជំរុញរឿងហ្នឹង។ តែអាហ្នឹងវាស្របជាមួយនឹងរឿង research ដើម្បីរក្សានូវអ្វីដែលជារបស់យើង និងបង្កើន ស្រាវជ្រាវបន្ថែម យកចិត្តទុកដាក់ទៅលើការស្រាវជ្រាវ។

(៤០) សេដ្ឋកិច្ច អប់រំ និងនវានុវត្តន៍ ជ្រើសរើសបង្កើត R&D Center នៅសាកលវិទ្យាល័យណាមួយ

ថ្ងៃមុន ខ្ញុំនិយាយអំពី R&D ស្រាវជ្រាវ និងនវានុវត្តន៍ បច្ចេកវិទ្យាផ្សេងៗ។ ឯកឧត្តម ហង់ ជួនណារ៉ុន ឯកឧត្តម ហែម វណ្ណឌី ជាមួយនឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ខាងក្របខណ្ឌគោលនយោបាយ ជាមួយនឹងគ្រឹះ​ស្ថានឧត្តមសិក្សា ពិនិត្យមើល បង្កើត R&D center ដែលក្នុងនោះ ខ្ញុំថា គួរតែផ្ដល់អាទិភាពលើមហាវិទ្យាល័យកន្លែងណាមួយ ជាជាងខ្ញុំទៅបង្កើតកន្លែងហ្នឹង បង្កើតមន្រ្តីអត់ជំនាញ។ យកសាកលវិទ្យាល័យណាមួយ ឧទាហរណ៍ថា តិចណូ ជា R&D center សម្រាប់ឱ្យយើងដាក់នៅហ្នឹង គ្រូសាស្រ្តាចារ្យនៅហ្នឹងស្រាប់ យើងទម្លាក់ទៅ ហើយគាត់នៅហ្នឹងជាប្រចាំ។ ក្នុងវិស័យកងទ័ព យើងក៏ត្រូវមានទំនើបកម្មអញ្ចឹងដែរ។ យើងនឹងពិនិត្យមើលក្របខណ្ឌច្បាប់រឿងហ្នឹង។ យើងនឹងបង្កើត។ ម្សិលមិញ ជួបជាមួយនឹងសម្ដេចពិជ័យ ពេលដង្ហែព្រះករុណា ក៏បានជជែកគ្នាបន្ដិចអំពីរឿងហ្នឹង។ លោកថា “ចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទំនើបកម្មមួយនៅក្រសួងការពារ”។ ខ្ញុំថា កម្រិតក្រសួងការពារជាតិធ្វើអត់បានទេ ព្រោះវាពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច យើងធ្វើកម្រិតថ្នាក់ជាតិតែម្ដង។ តែទំនើបកម្មនេះ នៅក្នុងប្រទេសច្រើនណាស់ គេយកឧស្សាហកម្ម និងការស្រាវជ្រាវយោធា ជាកន្លែងដែលសម្រាប់ផលិតចេញនូវសម្ភារបច្ចេកវិទ្យារបស់ឯកជនស៊ីវិល។ ទម្លាប់របស់ខ្ញុំ គឺថាយើងចង់បានអី ពឹងខ្លួនឯង ដកដង្ហើមខ្លួនឯង កុំពឹងច្រមុះគេដកដង្ហើម​ តាមរយៈការពង្រឹងសមត្ថភាពខ្លួនយើង។ រស់ខ្លួនឯង។ យើងបានធ្វើច្រើន ៤០ឆ្នាំនេះ សមត្ថភាពយើងមានច្រើន ការពារខ្លួនឯង តែយើងត្រូវខិតខំបន្តទៀត។

អញ្ចឹងការពង្រាយមន្រ្តីក្របខណ្ឌ(មានជំនាញកសិកម្ម)នៅទូទាំងប្រទេសនឹងជួយដល់កសិករ។ ថ្ងៃនេះ ប្រហែលជាបងប្អូនប្រជាពលរដ្ឋ បងប្អូនប្រហែលជាមានឪពុកម្ដាយ ​ជាអ្នកមានគុណយើង​ដែលគាត់នៅស្រែចំការ នៅក្នុង(វិស័យ)កសិកម្ម​។  ប្រជាពលរដ្ឋរបស់យើងច្រើនណាស់ ដែលត្រូវដោះស្រាយការងារបន្ថែមទៀត។ យើងនឹងខិតខំ។ មិនមែនថា បង្កើតការងារ ១ ៥០០ ០០០ នាក់នេះ យើងបានការងារទាំងអស់។ អត់ទេ។ យើងត្រូវពង្រីកបន្ថែមទៀត។ ជាពិសេសរុញការធ្វើកសិឧស្សាហកម្ម កសិកម្ម។ ម្សិលមិញ ជួបជាមួយនឹងកូរ៉េ (បានពិភាក្សាគ្នាថា)ធ្វើយ៉ាងម៉េចឱ្យកូរ៉េប្រទាក់ក្រឡាដើម្បីចាប់ដៃគ្នាជួយពង្រឹងខាងកសិឧស្សាហកម្មប្រទេសយើង ដើម្បីទំនើបកម្មឧស្សាហកម្ម។ ប្រជាពលរដ្ឋរបស់យើងមានការងារ ព្រោះវិស័យនីមួយៗវាឡើងចុះ។​ ពេលខ្លះ ទេសចរណ៍ធ្លាក់កសិកម្មឡើង។ សូម្បីតែពេលកូវីដ-១៩(រីករាលដាល)ហ្នឹង រោងចក្រ ក្រុមហ៊ុនខ្លះលក់គ្រឿងហូប ភោជនីយដ្ឋានបិទ ប៉ុន្តែអ្នកដែលផលិតម៉ាស់ កើន(ផលិតផល)។ ហ្នឹងវាឡើងចុះអញ្ចឹង។ ដូចខ្ញុំនិយាយថា ពេលខ្លះស្វាយចន្ទីឡើងថ្លៃ ពេលខ្លះកៅស៊ូឡើងថ្លៃ តម្រូវការវាប្រែប្រួល។

ទោះយ៉ាងណា យើងត្រូវគិតទាំងអស់។ ហ្នឹងហើយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី៦ ចំណុច ដែលត្រូវធ្វើបន្ទាន់។ ក្រៅពីនោះ យើងមានគោលនយោបាយច្រើនទៀត។ សុំមិនបញ្ជាក់នៅពេលនេះព្រោះវែង។ ខ្ញុំនឹងបញ្ជាក់នៅកម្មវិធីក្រោយៗទៀត ប៉ុន្តែបងប្អូនគិតថា ៦ចំណុចនេះ គឺអ្វីដែលយើងនឹងត្រូវធ្វើនៅឆ្នាំ២០២៣ នេះ អត់ចាំសម្រាក វ៉ាកង ឬថា holiday អីទេ។ ប្រជាពលរដ្ឋបោះឆ្នោតឱ្យហើយ សភាចេញហើយ បង្កើតរដ្ឋាភិបាលមិនទាន់បានមួយអាទិត្យផង​ ត្រូវចេញមកជួបកម្មករ/ការិនី បងប្អូនយើង។ តាមរយៈ(កម្មវិធីថ្ងៃនេះ) ជួបបងប្អូន មានlive ដើម្បីឱ្យបងប្អូនបានស្ដាប់ ថាតើរដ្ឋាភិបាលនេះធ្វើស្អីខ្លះឱ្យគាត់។ យើងត្រូវធ្វើតែម្ដង អត់មានរង់ចាំទេ។ អ្នកទាំងអស់នៅលើ(វេទិកា)នេះ គឺជាអ្នកអនុវត្តផ្ទាល់តែម្ដង។

(៤១) ការងារបម្រើប្រជាជនទើបជារង្វាន់

ខ្ញុំរវល់រាល់ថ្ងៃ មិនបានចេញទៅតប។ មានអ្នកខ្លះគេថា ឯកឧត្តម ហ៊ុន ម៉ាណែត ស្ងាត់ម្ល៉េះ។​ ស្ងាត់អី បើប៉ុន្មានថ្ងៃហ្នឹង តាំងពីចេញមក អង្គុយដល់ម៉ោង១ ម៉ោង២ អង្គុយរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាល គោលការណ៍ផ្សេងៗ ដើម្បីឱ្យក្រសួងស្ថាប័នចេញ។ អង្គុយគិតមើលក្រុមការងារដើម្បីអាទិភាព ពិនិត្យមើលក្របខណ្ឌគោលនយោ​បាយ ត្រូវអនុវត្តស្អីមុន ស្អីក្រោយ ឱ្យប្រជាពលរដ្ឋ។ ប្អូនខ្ញុំគេបង្អាប់ខ្ញុំ។ ឥឡូវបាន (ហ៊ុន ម៉ា)នី ដូចខ្ញុំដែរ។ យើងទាំងពីរនាក់មិនសូវបានសប្បាយទេ។ ប្អូនទី៣ (ហ៊ុន ម៉ា)និត នោះថា ពីរនាក់ហ្នឹង លែងបានសប្បាយហើយ ទុកអោយគេសប្បាយជំនួស។ មិនមែនតែខ្ញុំទេ អ្នកទាំងអស់នៅលើនេះ។ អ្នកខ្លះជិះម៉ូតូដូចខ្ញុំចតអស់ហើយ ព្រោះការ​ងារយើងត្រូវហ៊ានប្រឈម ហ៊ានអារកាត់​ ហ៊ានប្រថុយ ដើម្បីការអនុវត្ត។ ប្រថុយឱ្យត្រឹមត្រូវ មិនប្រថុយទៅរកអីគ្រោះថ្នាក់ អត់ប្រយោជន៍។ មើលខុសត្រូវខ្លួនឯងមិនបានផង ទៅដឹកនាំប្រទេសជាតិ ស្ថាប័នម៉េចកើត។ អញ្ចឹងត្រូវហ៊ានលះបង់អ្វីដែលមិនចាំបាច់ ដើម្បីបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ។

យើងត្រូវមកបម្រើ(ប្រជាពលរដ្ឋ) ហើយការងារបម្រើប្រជាពលរដ្ឋ​ គឺជារង្វាន់ខ្លួនឯង។ ពិតណាស់វាច្រើន ពិតណាស់វាធ្ងន់ ប៉ុន្តែជារង្វាន់នៅក្នុងជីវិតរបស់ខ្ញុំ ដែលមានឱកាសបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល គណបក្ស ដើម្បីឱ្យដឹកនាំរដ្ឋាភិបាល​ បម្រើប្រជាពលរដ្ឋតទៅទៀត។ ជារង្វាន់ធំណាស់ ដែលត្រូវតបស្នងសងគុណ ដែលត្រូវធ្វើឱ្យបាន។ អស់លោកដែលនៅក្រៅ(ប្រទេស)រំពឹងថា ចាក់ខ្ញុំឱ្យលោត ចាក់ខ្ញុំឱ្យតប។ សុំទោស ពេលវេលាខ្ញុំមានសម្រាប់ប្រជាពលរដ្ឋនិងរដ្ឋាភិបាល។ យើងធ្វើបានច្រើន ៤០ឆ្នាំ តែនៅច្រើនទៀតដើម្បីធ្វើ។ ភារកិច្ចយើងត្រូវធ្វើយ៉ាងណាឱ្យប្រទេសយើង ក្លាយទៅជាប្រទេសអ្នកមាន ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែខ្ពស់នៅឆ្នាំ ២០៥០។ អញ្ចឹងឆ្នាំ២០២៣ ដល់ឆ្នាំ២០៥០ សល់តែ ២៧ឆ្នាំទេ។ ធ្មេចបើកៗ គឺដល់ហើយ។ អញ្ចឹងមួយថ្ងៃ មានតែ ២៤ម៉ោង ត្រូវធ្វើវាប្រាកដប្រជា គោលនយោបាយដែលខ្ញុំដាក់ចេញនេះ។

(៤២) ភារកិច្ចជាក់ស្ដែង ៦ របស់ក្រសួងការងារក្នុងឆ្នាំ២០២៣

អញ្ចឹងទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយនេះ​ គឺខ្ញុំសូមប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខក្រសួងការងារ ដែលត្រូវធ្វើ។ ទី១ ក្របខណ្ឌកម្មវិធី​អាទិភាពទាំង ៦ នេះ ប្រគល់ជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដើម្បីធ្វើការអនុវត្ត និងរៀបចំ។ គោលនយោបាយនេះ មានការគិតគូរ ជជែកគ្នារាប់សិបខែមកហើយ មិនមែនទើបតែខ្ញុំកាន់មេក្រូ ដើម្បីដាក់ចេញមកឱ្យពិរោះស្ដាប់នោះទេ។ យើងគិតគូរច្បាស់លាស់ណាស់។ គណបក្សប្រជាជនកម្ពុជា មិននិយាយច្រើនទេ តែនិយាយគឺបានសាច់ការ។ យើងកាន់អំណាច យើងដឹកនាំប្រទេស យើងមិនអាចភរកុហកបានទេ។ យើងហ៊ាននិយាយ យើងហ៊ានធ្វើ យើងហ៊ានទទួលខុសត្រូវ។ អញ្ចឹងបើថា ៦ចំណុចនេះ ត្រូវដាក់ឱ្យបាន ក្នុងឆ្នាំ២០២៣ ចាប់ផ្ដើមអនុវត្ត យើងហ៊ាន យើងច្បាស់ហើយថា យើងនឹងអនុវត្តភ្លាម។

ឥឡូវការប្រគល់ភារកិច្ចឱ្យក្រសួងការងារនៅក្នុងឆ្នាំ២០២៣ នេះធ្វើចំពោះមុខ៖ ទី១ ត្រូវខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្រ្ត និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់អប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ត្រូវធ្វើឱ្យលឿន។ ធ្វើម៉េចឱ្យប្រជាពលរដ្ឋ(ជាកម្មករ កម្មការិនី)បានដឹងថា ឆ្នាំ២០២៤ បានឡើង(ប្រាក់)អប្បបរមា(ប៉ុន្មាន) ពេលភ្ជុំបិណ្ឌ គាត់អាចទៅប្រាប់ឪពុកម្ដាយគាត់ថា ឆ្នាំក្រោយគាត់បានឡើងប៉ុណ្ណេះ។ ឱ្យបាន តិចច្រើនត្រូវតែឡើងជូនបងប្អូន កម្មករ/ការិនី។​ ត្រូវធ្វើឱ្យបានមុនភ្ជុំ មិនមែនធ្វើនៅឆ្នាំ២០២៤ ទេ។ អាហ្នឹងជាអាទិភាពចំពោះមុខ ដែលត្រូវធ្វើ។

ទី២ រៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព និងរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ដើម្បីជួយសម្រាលបន្ទុកចំណាយថែទាំសុខភាពរបស់បងប្អូនកម្មករ និយោជិត ដើម្បីឱ្យយើងឆាប់អនុវត្ត។ ឥឡូវគាត់ទៅខ្លួនឯង អត់បង់លុយ តែយកកូនទៅបង់លុយ។ បើយើងចេញអានេះមក គាត់ស្ម័គ្រចិត្តបង់ភាគទាន យកកូនទៅ ក៏លែងបង់ដែរ ម្ដាយគាត់ឈឺក៏លែងបង់។ ឥឡូវម្ដាយឈឺ បើសិនជាគាត់មានប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ គាត់អត់បង់ ប៉ុន្តែអ្នកខ្លះមិនមានទេ។ ពេលដែលបងប្អូនបង់វិភាគទាន ១៥ ៦០០រៀលមួយខែ អញ្ចឹងម្ដាយដែលទៅ ក៏បានដែរ(មិនបង់ថ្លៃ)។ ហ្នឹងគឺក្រុមគ្រួសារ។ អញ្ចឹងឱ្យឆាប់បានជូនគាត់។ កម្មករ/ការិនីជាង ៨០ម៉ឺននាក់ មួយគ្រួសារបូកគុណគ្នា។ តែប្ដីម្នាក់ កូន ២នាក់ តែប្រពន្ធម្នាក់ កូន ២នាក់, ប្រពន្ធលើសប៉ុន្មាន ខ្ញុំអត់ដឹងទេ។ មានគេធ្លាប់សួរខ្ញុំ ចុះគោលនយោបាយ បើមានប្រពន្ធលើសពីមួយ គេឱ្យអត់។ ខ្ញុំអត់ដឹងទេ អាហ្នឹងសួរក្រសួងការងារ។ ខ្ញុំនិយាយលេងសើចទេ។ ប៉ុន្តែអ្នកដែលជាប់ជាសាច់ញាតិ ដើម្បីបាន(មិនបង់ប្រាក់) ធ្វើឱ្យបាន ឱ្យលឿន ព្រោះនេះគឺផលប្រយោជន៍ឱ្យគាត់ផ្ទាល់។

ទី៣ រៀបចំដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជនពិការក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលគោលដៅរបស់យើង ១ ៥០០ ០០០ នាក់ ក្នុងមួយអាណត្តិនេះ និងសម្របសម្រួលជាមួយនឹងភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត ចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើន(ចំណេះដឹង)។ យើងបង្រៀននេះ មិនមែនសម្រាប់តែកូនចៅអ្នកថ្មីទេ បងប្អូនក៏អាចរៀនបានដែរ។ ឧទាហរណ៍ រៀនធ្វើអាហ្នឹង យើងចង់ដូរការងារនៅក្នុងក្រុមហ៊ុន មកការងារនេះបានប្រាក់ខែខ្ពស់។ យើងអាចចូលរៀន ឬមួយក៏រៀនបណ្ដុះបណ្ដាលចង់ប្ដូរអាជីព ចូលនៅក្នុងនេះ។ អញ្ចឹងសូមឱ្យនិយោជក ផ្ដល់ឱកាសឱ្យគាត់។ យើងមានរៀបកម្មវិធីទាំងរៀនយប់ទៀត។ ចុងសប្ដាហ៍មានអត់? សូមឱ្យរៀបទាំងយប់ និងចុងសប្ដាហ៍ផង ព្រោះក្រែងបងប្អូនធ្វើការថ្ងៃច័ន្ទ ដល់សុក្រ សល់ពេលចង់ទៅរៀនដើម្បីមួយឆ្នាំក្រោយ អាចប្ដូរការងារបានប្រាក់ខែច្រើនជាងហ្នឹង ប្រសើរជាងហ្នឹង។ ទៅរៀនបន្ថែម ចូលក្នុងក្របខណ្ឌយើងនេះ មានអាហារូបករណ៍។

ជួនកាល គាត់ចង់រៀន តែយប់ហត់ពេក (គាត់រៀន)ថ្ងៃសៅរ៍អាទិត្យ។ អញ្ចឹងបងប្អូន បន្ដិចទៀតនឹងមានឱកាសបន្ថែមទៀត បណ្ដុះបណ្ដាលជាប់ជាប្រចាំ។ ដូចខ្ញុំនិយាយអញ្ចឹង ពីមុន យើងចាប់ផ្ដើមដេរពីឆ្នាំ១៩៩៧ ដេររបស់បន្ដិចបន្ដួចទេ គេមិនយករបស់ទំនើប របស់brandឱ្យយើងដេរទេ។ ឥឡូវយើងមានលទ្ធភាពដេរ ដោយសារជំនាញយើងឡើង។ យើងចង់បង្កើនឱ្យលឿនទៅតាមហ្នឹង ឬមួយឧស្សាហកម្មថ្មីៗមក ឧទាហរណ៍ខាងផលិតសម្ភារអគ្គិសនីស្អីហ្នឹង យើងបង្រៀនគាត់ទៅតាមលទ្ធភាព…។

ទី៤ ត្រូវជម្រុញការអនុវត្តកាតព្វកិច្ច ហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញ ស្របតាមច្បាប់ការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យ​ឯកជនចូលរួមអនុវត្តកាតព្វកិច្ច ការបណ្ដុះបណ្ដាលកម្មករ និយោជិតថ្មី និងផ្ដល់ការបណ្ដុះបណ្ដាលបន្ថែមដល់កម្មករ និយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពក្នុងការបង្កើនប្រាក់ឈ្នួល …។

ទី៥ យកចិត្តទុកដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្ដីមានផ្ទៃពោះដែលយើងមាន ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល ហើយក៏ធានាបាន​ផងដែរដល់ស្រ្ដីមានផ្ទៃពោះ និងជនមានពិការភាព បានចេញធ្វើការមុនម៉ោង ១៥នាទី​។ ពេលចេញម្ដងៗ បងប្អូនដឹងហើយ គ្រាន់តែយើងនៅតាមផ្លូវស្ទះ ទម្រាំបងប្អូនចេញ។ អញ្ចឹងអ្នកដែលមានផ្ទៃពោះ និងពិការភាព សុំឱ្យចេញមុន។ បានអនុវត្តហើយ ក៏សូមអរគុណណាស់ដល់និយោជកដែលបានសហការ។ យើងគិតទាំងអស់គិតដូចឪពុកម្ដាយគិតកូនអញ្ចឹង។ សម្ដេចគិតគូរតាំងពីមិនទាន់ចូលធ្វើការ គិតតាំងពីធ្វើការ គិតតាំងពីកូន គិតតាំងពីចេញពីធ្វើការ មានផ្ទៃពោះ គ្រាន់តែជិះឡានចេញមុនម៉ោង ក៏ឱ្យចេញដែរ។ គិតដល់ប៉ុណ្ណឹង។ បើគោលនយោបាយហ្នឹងខុសទៀត ត្រូវដូរទៀត មិនដឹងត្រូវធ្វើយ៉ាងម៉េច។ មែនទេបងប្អូន? មានតែត្រូវអនុវត្តឱ្យបានល្អ ហើយជួយបង្កើនបន្ថែមទៀត។ អញ្ចឹងសុំអនុវត្តឱ្យបានល្អ។

ទី៦ ត្រូវបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ “ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ”។ សុខុមាលភាពកន្លែងធ្វើការ គឺសំខាន់ណាស់។​ រឿងស្ដង់ដារធ្វើការមួយហើយ ប៉ុន្តែបរិស្ថាននៃការធ្វើការ ការទំនាក់ទំនងប្រាស្រ័យទាក់ទងដូចជាកន្លែងគ្រួសារមួយ។ បើយើងចូលផ្ទះហ្នឹង ចូលទៅប្រពន្ធជេររហូត គ្រាន់តែឃើញផ្ទះស្បថ ចង់ភ័យ។ ប៉ុន្តែបើចូលផ្ទះ ចូលទៅដល់ប្រពន្ធចាំទទួល។ ដូចខ្ញុំអញ្ចឹង។ មកដល់ បងប្អូនថើប ស្នាមក្រែមជាប់ថ្ពាល់។ បើទៅដល់ផ្ទះវិញ គាត់សម្លុត មិនដាច់ខ្យល់ ម៉េចហ៊ានឱ្យថើប។ មានគេសួរប្រពន្ធខ្ញុំថា “បង! បងឯងអត់ប្រច័ណ្ឌ​ទេ ឃើញគេថើបបងប្រុស?” ប្រពន្ធខ្ញុំ គាត់ថា “គាត់ជាទ្រព្យសម្បត្តិសាធារណៈហើយ ប្អូនៗថើបមិនអីទេ”។ បងប្អូនអោបថើបដោយការស្រលាញ់ ចុះមានស្អី ដូចជាប្អូនស្រី មានទាំងមីង អម្បាញ់មិញ មានលោកអ៊ំម្នាក់ អាយុ ៥០ឆ្នាំជាង គាត់អាចជាមីងខ្ញុំ ជាបងស្រី ប្អូនស្រី ជាក្មួយ។ មិនមែនមានតែប្អូនស្រីៗទេ មានទាំងប្អូនប្រុសថើបទៀត ព្រោះក្ដីស្រលាញ់។ យើងទៅប្រកាន់ស្អីឥឡូវ។ ជាការប្រសើរ ដែលបងប្អូនប្រជាពលរដ្ឋគាត់មកថើបយើង គាត់ស្វាគមន៍យើង ជាជាងឃើញយើង ហើយដេញគប់យើង មែនអត់?

ខ្ញុំតែងតែនិយាយជារឿយពីអំណាចនិងឥទ្ធិពល។ ត្រូវយល់ឱ្យច្បាស់។ មានអំណាចមិនប្រាកដថាមានឥទ្ធិពលទេ។ ខ្មែរក្រហមមានអំណាចខ្លាំងណាស់ តែគ្មានឥទ្ធិពល ដោយសារគ្មានយកចិត្តទុកដាក់ … ដោយសារប្រជាពលរដ្ឋងើបបះបោរប្រឆាំង។ បើសិនជាខ្មែរក្រហមមានឥទ្ធិពលប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រគាត់ ទ័ពរំដោះ១៩៧៩ វាយមិនបែកក្នុងរយៈពេលប៉ុន្មានថ្ងៃទេ។ ឥទ្ធិពលកើតពីអី? កើតពីការទុកចិត្តរបស់ប្រជាពលរដ្ឋ ពីភាពកក់ក្ដៅរបស់គាត់ មិនមែនដោយសារយើងដាក់ខ្លួនអោយមានគម្លាត(នោះទេ)។ តែត្រូវដាក់ខ្លួនឱ្យជាប់ជាមួយប្រជាពលរដ្ឋ។ កិច្ចការងារនេះឪខ្ញុំបង្រៀនប្រាប់ខ្ញុំតាំងពីក្មេង។ សុំហៅឪ ប្រហែលពុកគាត់មើល​។ គាត់ប្រាប់ថា ហាមដាច់ខាតកូនឯងកុំឱ្យគិតថាខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវប្រកាន់ខ្លួនថាជាចៅកសិករជាប្រចាំ ព្រោះតាយាយកូនឯងជាកសិករទេ កុំភ្លេចកំណើត ត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋ ហ្នឹងហើយដែលយើងត្រូវធ្វើ។

(៤៣) កិច្ចការ ៤ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើបន្តក្នុងពេល២ឆ្នាំខាងមុខ

អម្បាញ់មិញឆ្នាំ២០២៣ត្រូវធ្វើ ៦ចំណុចហ្នឹង។ ឥឡូវក្នុងរយៈពេល២ឆ្នាំ ក្រសួងការងារបណ្ដុះបណ្ដាលបណ្ដាលវិជ្ជាជីវៈ៖

ទី១ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំយុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាអំពីលទ្ធភាពការបង្កើតទារកដ្ឋាននិងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីជួយដល់កូនចៅនិយោជិត។ យើងបានគិតគូរមកហើយ តែត្រូវធ្វើឱ្យចេញតាមជាជំហានទៅ។ បានន័យថាគិតមិនត្រឹមតែម៉ែទេ គិតទាំងកូនទៀត។ កូនដែលកើតមកហើយ ទុកនៅឯណាមកធ្វើការ។ យកមកធ្វើការឬមួយក៏ពឹងម្ដាយនៅផ្ទះ។ បើនៅស្រុកកំណើតមានយាយតាមើល តែបើនៅទីនេះអត់មានទេ ពឹងអ្នកជិតខាងឬមួយជួលគេ។ ឥឡូវត្រូវបង្កើតទារកដ្ឋាននិងមត្តេយ្យនៅហ្នឹងតែម្ដង ធ្វើការដាក់កូននៅហ្នឹង តែកុំធ្វើនៅក្នុងបរិវេណរោងចក្រ ព្រោះវាពាក់ព័ន្ធសុខភាព។ កុំយកកន្លែងទារកដ្ឋានទៅដាក់ជាប់រោងចក្រ វាផ្សែងហុយអី អាជ្ញាធរមូលដ្ឋានបើអាចសម្របសម្រួលបានសម្របសម្រួលទៅ។ យើងពិនិត្យមើលដើម្បីបង្កើតនៅក្បែរហ្នឹង បានន័យថាយើងគិតសុខភាពក្មេងៗ ទាំងអាហារូបត្ថម្ភ មត្តេយ្យសហគមន៍ថ្ងៃមុនគិតហើយជាមួយឯកឧត្តម ហង់ ជួនណារ៉ុន។ មត្តេយ្យសហគមន៍យើងត្រូវគិតអាហារូបត្ថម្ភជូនទៀត​ទៅតាមគោលដៅ។ ប៉ុន្តែកូនចៅប្រជាពលរដ្ឋមិនមែនត្រឹមតែកម្មករ/ការិនី យើងបង្កើតនៅសហគមន៍មួយចំនួនយកកូនចៅទៅដាក់ រដ្ឋគិតគូរអាហារឱ្យគាត់ កុំឱ្យម៉ែឪពិបាកទៅរកអាហារ ឬទឹកដោះគោឱ្យកូន។ យើងគិតជូន។ យើងនឹងធ្វើជាជំហានតាមលទ្ធភាពថវិកា តែយើងនឹងធ្វើឱ្យប្រជាពលរដ្ឋយើង ធ្វើមិនមែនតែមនុស្សចាស់ មិនមែនតែមនុស្សពេញវ័យ តែគិតតាំងពីកូនក្មេងឡើង ព្រោះជាអនាគតរបស់យើង ហ្នឹងហើយជាគោលនយោបាយថ្មីរបស់យើង។

ទី២ សហការជាមួយភាគីពាក់ព័ន្ធជំរុញ​ កែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំ​ណើរការឲ្យបានសមរម្យសម្រាប់កម្មករ និយោជិត និងតម្រូវឲ្យមានរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសំរាប់រោងចក្រនឹងត្រូវបង្កើតថ្មី។ ខ្ញុំច្រណែនសម្តេចមួយត្រង់ហ្នឹង គាត់បានចុះហូបបាយតាមរោងចក្រ ខ្ញុំមិនទាន់ ខ្ញុំត្រូវតែទៅ។ ថ្ងៃមុនផ្ទះឯកឧត្តម  ហេង សួរ។ ទៅដើម្បីជួបពិនិត្យមើល ប៉ុន្តែសំខាន់ចង់ដឹងស្ថានភាពជាក់ស្តែង។ កុំភរខ្ញុំ ​ហើយពេលខ្លះ ជួនកាលខ្ញុំចូលទៅមើលកន្លែងជាក់ស្តែង ដោយមិនព្រៀងទុក។ កាលខ្ញុំនៅកងទ័ពកន្លែងខ្លះខ្ញុំទៅពិនិត្យព្រំដែនដោយមិនបាច់ចាំមានមេទ័ពរត់តាមខ្ញុំទេ។ ខ្ញុំឡើងទៅដល់ចាក់ច្រែងអីបានគេប្រាប់មេទ័ពរត់មកប្រាប់ខ្ញុំ។ ខ្ញុំចុះត្រួតពិនិត្យហើយ បានមេទ័ពទៅដល់ ព្រោះចូលទៅបានដឹងសកម្មភាពជាក់ស្តែង ការគ្រប់​គ្រងកម្លាំងទ័ព ការត្រៀមលក្ខណៈយ៉ាងម៉េច ហើយទោះបីជាខ្ញុំមិនចុះ ក៏ខ្ញុំមានក្រុមការងារតាមដាន ​និងត្រួតពិនិត្យការងារដែលនៅចំណុះផ្ទាល់នាយករដ្ឋមន្រ្តី។

(៤៤) មានយន្តការតាមដាន ត្រួតពិនិត្យជាប់ ទើបធានាប្រសិទ្ធភាព និងជោគជ័យ

ខ្ញុំជឿថាស្អីក៏ដោយ ត្រូវតែធានាប្រសិទ្ធភាពតាមរយៈការមានយន្តការតាមដានត្រួតពិនិត្យជាប់ជាប្រចាំ។ បើអត់ទេ យើងមិនជោគជ័យប៉ុន្មានទេ។ ៦ ខែបូកសរុប វាយតម្លៃ ហើយធ្វើរបាយកាណ៍ចប់។ តែបើតាមដានដោះស្រាយផែនការជាប្រចាំ ការទទួលផែនការ ការកសាងផែនការ ការផ្សព្វផ្សាយផែនការ ការដាក់អនុវត្ត ហើយការតាមដានត្រួតពិនិត្យ គន្លឹះនេះសំខាន់ណាស់ ផែនការដើម្បីបានជោគជ័យ។ អញ្ចឹងកត្តានេះគឺត្រូវធ្វើ ហើយនៅក្នុងរាជរដ្ឋាភិបាលយើង ក៏បង្កើតនិងពង្រឹងនូវយន្តការតាមដាន។ យើងមានយន្តការតាមដានក្របខណ្ឌសម្របសម្រួល អនុវត្តគោលនយោបាយបញ្ចកោណដោយទីស្តីការគណៈរដ្ឋមន្រ្តី ហើយមានក្របខណ្ឌគោល​នយោ​បាយ​។ គណៈកម្មការគោលនយោបាយដែលមានយន្តការតាមដានត្រួតពិនិត្យ និងការអភិវឌ្ឍកម្មវិធីសកម្មភាពយើងសំខាន់ មិនមែនដាក់ចោល និយាយពិរោះហើយអត់មានអីតាមដានអត់ទេ។ ដូចខ្ញុំនិយាយ ពេលនិយាយគិតនៅហ្នឹង ពេលអនុវត្តមានរឿងអីកើតឡើងត្រូវតាមដានអនុវត្តដោះស្រាយជាប់ជាប្រចាំ អញ្ចឹងកិច្ចការងារនេះត្រូវធ្វើ។

តែកន្លែងហូបបាយ អាហារដ្ឋានបានល្អច្រើនហើយ។ ខ្ញុំក៏សុំអរគុណដល់និយោជក ថៅកែក្រុមហ៊ុនជាច្រើន និងខាងរដ្ឋបាលជាច្រើន ដែលបានយកចិត្តទុកដាក់ទៅលើការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងសុខភាព ទាំងការហូបចុកនេះ ដល់ប្រជាពលរដ្ឋ ដល់កម្មករ និយោជិតរបស់យើង។ ​សុំកន្លែងដែលមិនទាន់មានទៀត សុំសហការដើម្បីធ្វើយ៉ាងណាឲ្យល្អ ព្រោះផលប្រយោជន៍ក្រុមហ៊ុនទេ។ បើកម្មករគាត់មានការសប្បាយចិត្ត សុខភាពល្អ ហូបសមរម្យ គាត់សប្បាយចិត្ត និងសុខភាពល្អ ផលិតភាពក៏ច្រើន អញ្ចឹងយើងត្រូវធ្វើអាហ្នឹង។

ចំណុចទី៣ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ ​និងលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរជាបណ្តើរៗ មធ្យោ​បាយដឹកជញ្ជូនកម្មករ និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពត្រឹមឆ្នាំ២០២៧។ យើងរកដំណោះស្រាយណាដែលជួយធានានូវសុវត្ថិភាពដឹកជញ្ជូនបងប្អូន។ ឥឡូវខ្ញុំឃើញមានច្រើន​។ កាលមុនមានតែរថយន្តកូរ៉េហើយដាក់ច្រើន។ ឥឡូវយើងឃើញមានឡាន bus មួយចំនួន មានម៉ាស៊ីនត្រជាក់​។ តែយើងត្រូវបន្តទៀត។ ការគិតគូរនេះមានអ្នកមកលើកយោបល់ខ្ញុំច្រើនណាស់ថាត្រូវគិតគូរ យើងដាក់ bus ដាក់អីជំនួសទៅ។ ខ្ញុំថាអត់ទេ រឿងដឹកជញ្ជូនមិនគិតតែកម្មករ និយោជិតទេ ត្រូវគិតបងប្អូនដែលប្រកបរបរដឹកជញ្ជូនផង។ ធ្វើអីត្រូវថែរក្សាអាជីព និងជួយគាត់ផង យកដំណោះស្រាយល្អ​ បើយើងគិតតែកម្មករ និយោជិត យើងឲ្យបងប្អូនដែលគាត់រកស៊ី ឡានរាប់ពាន់គ្រឿងដឹក គាត់អស់អាជីព តើគាត់ទៅណា? ត្រូវធ្វើការជាមួយគាត់​។

យើងជួយយ៉ាងម៉េចដើម្បីសហការ គាត់ក៏ចង់ដឹកដោយសុវត្ថិភាពដែរ ប៉ុន្តែលទ្ធភាពគាត់ទិញបានតែឡានហ្នឹង ហើយបើដឹកមិនស្រួលខាត ព្រោះទាល់តែដាក់ច្រើន។ កូរ៉េឃើញចង់ស្រក់ទឹកភ្នែក។ ឡានគាត់ដឹកតែ ២០នាក់ យើងដឹក ៥០នាក់។ យើងត្រូវគិតជូនបងប្អូន គិតពីសុវត្ថិភាព យើងគិតបណ្ដើរៗ យើងបានកែសម្រួលច្រើនហើយ យើងនឹងបន្តធ្វើទៅទៀត ហើយក្រសួងការងារត្រូវធ្វើយ៉ាងណា តែពេលធ្វើ ត្រូវគិតពីផលប្រយោជន៍ទាំងកម្មករ និយោជិត ទាំងបងប្អូនអ្នកប្រកបរបរដឹកជញ្ជូន ត្រូវគិតអាហ្នឹងទាំងអស់ ព្រោះសុទ្ធតែមានខ្លួន ក្រពះត្រូវចិញ្ចឹម មានគ្រួសារត្រូវចិញ្ចឹម។ យើងធ្វើអីដើម្បីផលប្រយោជន៍ជាតិរបស់យើង ប្រជាជនរបស់យើង។ ទាំងអស់គ្នាសុទ្ធតែជាប្រជាជនរបស់យើងត្រូវគិត។ គិតគូរចុះ អ្វីដែលយើងធ្វើបាន។ គោល​នយោបាយដែលយើងត្រូវធ្វើ។ ហ្នឹងហើយសមភាព គឺការផ្តល់ផលលាភចែកឲ្យគ្រប់គ្នា។

ទី៤ គឺការជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករ និយោជិតទាំងអស់ ធ្វើការទាំងក្នុង និងក្រៅប្រព័ន្ធ (ដែល)អាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញដើម្បីបង្ហាញកំរិតជំនាញ។ ជួន​កាលបងប្អូនគាត់លក់ដូរ ធ្វើចុងភៅមួយជីវិត បើកហាងគុយទាវ ហៅថា សៃព្រែ នៅហ្នឹង តែអត់មានស្អីបញ្ជាក់ថាគាត់មានជំនាញស្អី។ ទោះបីថាគាត់ធ្វើម្ហូបឆ្ងាញ់ម៉េចក៏ដោយ តែគាត់មិនអាចអោយគេទទួលស្គាល់យកគាត់ទៅធ្វើនៅហាងថ្លៃបាន ឬសណ្ឋាគារល្អ បានប្រាក់ខែខ្ពស់។ តែបើយើងមានវិធីវាយតម្លៃចេញឲ្យគាត់ៗ អាចដូរពីហ្នឹងទៅ។ ឥឡូវយើងជួយអញ្ចឹង។ ជំនាញគាត់អាចធ្វើ យើងពិនិត្យទាំងក្រៅប្រព័ន្ធ ទាំងក្នុងប្រព័ន្ធ។ ក្នុងប្រព័ន្ធ ភាគច្រើនយើងមានយន្តការវាយតម្លៃហើយ។ អ្នកដែលយើងជួយច្រើនគឺអ្នកក្រៅប្រព័ន្ធ។ គាត់អាចមានអាជីព គិតអាហ្នឹង។

(៤៥) ស្ងាត់ស្ងៀមរៀបចំគោលនយោបាយ ជាជាងរវល់នឹងការវាយប្រហារ ប្រឌិតរឿង លាបពណ៌

ហ្នឹងហើយដែលអ្នកវិភាគ ឬអ្នកមួយចំនួន ចេះតែដុកខ្ញុំនោះថា ហ៊ុន ម៉ាណែត ស្ងាត់ម្ល៉េះ។ ស្ងាត់ទៅអង្គុយរៀបចំរាជរដ្ឋាភិបាលនិងគោលនយោបាយ ពិនិត្យនិងត្រៀមដើម្បីដាក់ចេញអនុវត្តសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។ ហ្នឹងហើយដែលយើងត្រូវធ្វើ។ ហើយទៅមុខទៀតក៏នឹងស្ងាត់ដែរ ព្រោះតែរវល់តាមដាន ត្រួតពិនិត្យការអនុវត្ត មិនបានមកត្រួតពិនិត្យថ្ងៃនេះគេជេរខ្ញុំស្អីខ្លះទេ។ ខ្ញុំធ្វើ ខ្ញុំទទួលខុសត្រូវ។ ការរិះគន់ស្ថាបនាទាំងអស់ ខ្ញុំទទួល តែការវាយប្រហារបង្កើតរឿង ប្រឌិតរឿងអត់ប្រយោជន៍ យកមកលាបពណ៌អី ខ្ញុំមិនឆ្លើយតបនាំខាតពេលទេ។ សូម្បីតែអ្នកនាំពាក្យខ្ញុំ ក៏មិនត្រូវឆ្លើយតបដែរ។ ប្អូនសួរខ្ញុំថា​ បង! បើអ្នកកាសែតគេបុកមកច្រើនអញ្ចឹង។ ខ្ញុំថា ប្អូន! អ្នកនាំពាក្យយើងមិនត្រូវឆ្លើយគ្រប់ពេលនោះទេ។

ខ្ញុំស្រឡាញ់ពាក្យស្លោកមួយរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វិនស្តុន ឈើឈីល ជានាយករដ្ឋមន្ត្រីអង់គ្លេសនៅក្នុងសង្គ្រាមលោកលើកទី២។ គាត់មានឃ្លាមួយថា “បើយើងរវល់តែឈប់ ហើយរើសដុំថ្មគប់ឆ្កែទាំងអស់ដែលព្រុសយើង យើងមិនអាចដើរដល់គោលដៅទេ”។ ខ្ញុំដាក់ quote ហ្នឹង។ គាត់សរសេរ។ ខ្ញុំដាក់ទាំងអស់។ មិនមែនខ្ញុំហៅអ្នកណាឆ្កែទេ។ ស្រាប់តែគេថាខ្ញុំហៅគេឆ្កែ។ ខ្ញុំចង់និយាយប្រៀបធៀបថា រាល់ការវាយប្រហារមកលើខ្ញុំៗមិនចាំបាច់ត្រូវឆ្លើយតបគ្រប់ពេលទេ។ ខ្ញុំត្រូវផ្តោតអារម្មណ៍ខ្ញុំដើរអោយដល់គោលដៅ។ គោលដៅរបស់ខ្ញុំគឺបម្រើប្រជាពលរដ្ឋអោយបានល្អ អោយប្រជាពលរដ្ឋបន្តជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជាដល់ឆ្នាំ ២០២៧-២០២៨ ដើម្បីនឹងបោះឆ្នោតភ្លូកទឹកភ្លូកដីអោយគណបក្សប្រជាជនដឹកនាំបន្តទៀត។ នេះជាគោលដៅដឹកនាំរបស់ខ្ញុំ។

បើអ្នកឯងនៅបន្ត បើខ្ញុំមួយថ្ងៃៗអត់ធ្វើអីរវល់តែឆ្លើយៗ ហើយពាក្យដែលថារើសដុំថ្មគប់ឆ្កែ គឺជាពាក្យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដែលខ្ញុំយកពាក្យស្លោកគាត់យកមកដាក់។ សូមបញ្ជាក់ ខ្ញុំមិនបានមើលងាយហៅអ្នកណាថាជាឆ្កែទេ។ តែខ្លួនឯងយកដាក់ខ្លួនឯង ហៅខ្លួនឯងជាឆ្កែ ហើយយកពាក្យខ្ញុំថាទៅ។ ខ្ញុំគ្រាន់តែប្រាប់ អត់មានពេលទៅស្តាប់អ្នក តែអ្នកដែលរិះគន់ផ្តល់ស្ថាបនាខ្ញុំស្តាប់។ ខ្ញុំបានទទួល។ ការងារខ្ញុំបានជជែកជាមួយ។ អ្នកដឹកនាំនៅក្នុងគណបក្សភ្លើងទៀន ខ្ញុំក៏ធ្លាប់ជជែកជាមួយ អ្នកដែលមានគោលនយោបាយគណបក្សផ្សេងក៏ខ្ញុំជជែក។ អ្នកវិភាគដែលធ្លាប់រិះគន់រដ្ឋាភិបាលក៏ខ្ញុំជជែកជាមួយដែរ ព្រោះយើងត្រូវដឹងអំពីចំណុចខ្សោយរបស់យើង ដើម្បីយើងពង្រឹងខ្លួនឯង។ យើងដឹងពីចំណុចខ្សោយខ្លួនឯង ទាល់តែយើងយកពីអ្នកដែលគេវាយតម្លៃពិតប្រាកដ។ អ្នកដែលជេរ ក៏យើងស្តាប់ដែរ តែបើអត់សមហេតុសមផល យើងខ្ជិល(ស្តាប់)។ ដើម្បីដឹងខ្លួនឯង យើងឆ្លុះកញ្ចក់ខ្លួនឯង មើលមិនឃើញទេពេលខ្លះ។ យើងឆ្លុះកញ្ចក់ខ្លួនឯង មើលឃើញតែខាងមុខ ខាងខ្នងយើងមើលមិនឃើញទេ។ តែខ្នងក៏ជាផ្នែកមួយនៃខ្លួនយើងដែរ។ អញ្ចឹងទាល់តែពឹងគេអោយមើល។ រាជរដ្ឋាភិបាលស្វាគមន៍។ ហេតុហ្នឹងហើយបានជាយើងស្វាគមន៍អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុកស្អីៗ ដើម្បីយើងស្តាប់។ អញ្ចឹង បានជាខ្ញុំបានទទួលព័ត៌មាន និងដោះស្រាយរឿងនៅខេត្តតាកែវ តាមរយៈហ្វេសប៊ុក TikTok អីហ្នឹងឯង។

(៤៦) មន្រ្តីលើវេទិកាជាអ្នកអនុវត្ត អ្នកទទួលផលគឺប្រជាពលរដ្ឋ

រឿងខ្លះវាមិនប្រាកដទេ រឿងខ្លះវាប្រាកដ តែយើងត្រូវខិតខំពិនិត្យមើល។ យន្តការរដ្ឋយើងក៏មាន ក្រសួង/ស្ថាប័នយើងមួយៗក៏ត្រូវពង្រឹងក្នុងការងារហ្នឹង។ អញ្ចឹងខ្ញុំគិតថា ថ្ងៃនេះ ខ្ញុំដាក់ចេញជម្រាបបងប្អូននូវកម្មវិធីអាទិភាព ៦ របស់រាជរដ្ឋាភិបាលដែលត្រូវដាក់ចេញនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលត្រូវដាក់ចេញនៅឆ្នាំ២០២៣ ដែលក្របខណ្ឌរួម និងការអនុវត្តផែនការសកម្មភាពសំខាន់ៗមួយចំនួន ត្រូវធ្វើដោយក្រសួងការងារចំ​ពោះមុខ ឆ្នាំ២០២៣នេះ ហើយនិ​ងក្នុងរយៈពេល២ឆ្នាំទៅមុខ។ អញ្ចឹងបងប្អូនស្ដាប់ចុះ ទាំងបងប្អូននៅទីនេះ ទាំងបងប្អូននៅផ្ទះ។ បើស្ដាប់មិនទាន់ យកliveមកមើលឡើងវិញ ថាតើ ហ៊ុន ម៉ាណែត និយាយអីខ្លះថ្ងៃនេះ? និយាយអំពីការអរគុណប្រជាពលរដ្ឋ និយាយអំពីការប្ដេជ្ញាចិត្តថែរក្សានូវសមិទ្ធផលដែលមានស្រាប់ សុខសន្តិភាព ស្ថេរភាព គោលនយោបាយដែលបានដាក់ចេញមកហើយ អនុវត្តនៅក្នុងដំណាក់កាលនីតិកាលទី៦ របស់សម្ដេចតេជោដឹកនាំ រួមជាមួយស្អីថ្មីៗដែលដាក់ចេញនូវអាណត្តិទី៧ ដោយរដ្ឋាភិបាលដឹកនាំដោយខ្ញុំផ្ទាល់ ដើម្បីបម្រើប្រជាពលរដ្ឋ។ បងប្អូនស្ដាប់ប៉ុន្មានចំណុចនេះ សុទ្ធតែ​អ្វីដែលផ្ដល់ឲ្យបងប្អូននៅក្នុងទីនេះទាំងអស់។ អ្នកដែលទទួលផលនេះ មិនមែនមន្រ្តីនៅលើវេទិកាទេ មន្រ្តីលើវេទិកាទទួលសិទ្ធ និងការទុកចិត្តនៅក្នុងការអនុវត្ត។ ផលដែលបានគឺឲ្យប្រជាពលរដ្ឋ អ្នកនៅទីនេះ គ្រួសារនៅផ្ទះ បូកជាមួយអ្នកក្រៅប្រព័ន្ធ អ្នកនៅវិស័យកសិកម្ម។ សួរថាមានតែប៉ុណ្ណឹង? អត់ទេ មានទៀត នៅក្នុងវិស័យ​ការងារ ក្នុងវិស័យមុខងារសាធារណៈ តែខ្ញុំមិននិយាយ ចាំដល់ពេលនោះចាំខ្ញុំនិយាយ។

(៤៧) យកបេះដូងប្រជាពលរដ្ឋមិនមែនដោយការសម្ដែង មិនមែនដោយការនិយាយ តែអាស្រ័យលើលទ្ធផល

អ្នកដែលថា ហ៊ុន ម៉ាណែត ខ្លាច live នោះ ចាំមើលទៅ ព្រោះវាដល់ពេលវេលា គេត្រូវធ្វើអី។ គេដឹងពេលវេលា។ គេដឹងឋានានុក្រម។ គណបក្សប្រជាជនអញ្ចឹង។ មិនដណ្ដើមគ្នាទេ មិនឈ្លោះគ្នាទេ។ គេយល់ការងារគ្នា គេសាមគ្គីគ្នា គេគោរព។ សម្ដេចតេជោជាប្រមុខរដ្ឋាភិបាលអាណត្តិទី៦ លោកត្រូវតែមានប្រសាសន៍ លោកមានប្រសាសន៍ live។ ក្រៅពីនោះ សម្ដេចប្រធានសភា សម្ដេចអនុប្រធាន ឯកឧត្ដម លោកជំទាវរដ្ឋមន្រ្តី លោកអត់ live ទេ។ អាណត្តិនេះ ខ្ញុំ live ដោយសារខ្ញុំជាប្រមុខរាជរដ្ឋាភិបាល។ យើងអត់ដណ្ដើមគ្នាទេ។ អ្នកខ្លះថាបែកបាក់។ ឥឡូវលឺសូរថា បន្តិចទៀតផ្ទុះហើយៗ។ ស្អីក៏ការសម្ដែងដែរ ឲ្យតែមកបងប្អូនថើបខ្ញុំ គេថាហ្នឹងសម្ដែង។ ព្រឹកមិញមាននរណាឲ្យសម្ដែងអត់? ព្រោះសម្ដែងអត់សមទេ ព្រោះញ័រដៃ។ ការស្រឡាញ់ផុសចេញពីបេះដូង ហើយយើងអត់សម្ដែង ព្រោះសម្ដែងអត់បានយូរទេ។ ធម្មជាតិពិតៗទើបបាន។ យើងយកបេះដូងប្រជាពលរដ្ឋមិនមែនដោយការសម្ដែងទេ។ យើងយកបេះដូងប្រជាពលរដ្ឋមិនមែនដោយសារតែការនិយាយនៅលើនេះតែមួយទេ តែយើងយកបេះដូងប្រជាពលរដ្ឋ គឺអាស្រ័យទៅលើលទ្ធផល … អញ្ចឹងសូមបណ្ដាក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិនេះ ចូលរួមនៅក្នុងការអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ ផ្ដល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំតទៅទៀត។

ប៉ុន្មានម៉ោងហើយ? ជាងពីរម៉ោង។ វាមានរឿងម្ដង។ ខ្ញុំនិយាយម៉ោង៩ ដល់ហើយខ្ញុំថានិយាយឲ្យដល់ម៉ោង១០កន្លះទៅឲ្យបាយឆ្អិន នៅក្នុងកម្មវិធីមួយ។ ដល់តែម៉ោងនោះវាងាប់ត្រឹមម៉ោង ៩កន្លះ ខ្ញុំនិយាយរហូតដល់គេប្រាប់ថាបងអើយ ១២កន្លះបាត់។ ថ្ងៃនេះ ខ្ញុំនិយាយតែប៉ុណ្ណឹងចុះ តែខ្ញុំដឹងថាបងប្អូនប្រាកដជាចង់ដឹងថា រដ្ឋាភិបាល​នេះ គណបក្សប្រជាជននេះ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនបានដឹកនាំប្រទេស៤០ឆ្នាំ កសាងហើយប្រគល់ការទុកចិត្តឲ្យដឹកនាំបន្ត ដែលពួកខ្ញុំបោះឆ្នោតឲ្យនោះ តើធ្វើអីខ្លះសម្រាប់ខ្ញុំ? ឥឡូវខ្ញុំនិយាយប៉ុណ្ណឹងតែក្នុងវិស័យ​ការងារ។ ខ្ញុំនិយាយថ្ងៃហ្នឹង ខ្ញុំនិយាយតែប៉ុណ្ណឹង។ ជាពិសេសចុងក្រោយនេះ គឺអ្វីដែលរដ្ឋាភិបាលនឹងធ្វើជូនបងប្អូនទាំងអស់នៅទីនេះ និងនៅទូទាំងប្រទេស។ បងប្អូនសូមជឿទុកចិត្តចុះ គឺយើងនឹងធ្វើឲ្យបាន។ យើងមានអ្នកគិតគូររាប់សិបខែមកហើយ គិតគូរពីលទ្ធភាពនិងជំនាញដើម្បីធ្វើនៅក្នុងវិស័យការងារ។

អំណោយជូនអង្គពិធី សូមអរគុណណាស់ ថ្ងៃនេះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ គណៈអធិបតីទាំងអស់ ជាពិសេស បងប្អូនកម្មករ/ការិនី និយោជិត និយោជក និងបងប្អូនពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ អរគុណសាជាថ្មីចំពោះការចូលរួម និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីជួយនៅក្នុងវិស័យរបស់ខ្លួនរៀងៗខ្លួន ជួយដល់សេដ្ឋកិច្ចជាតិរបស់យើង។ យើងនៅជាមួយគ្នា ពេលល្អ ពេលលំបាក យើងនៅជាមួយគ្នា ហើយជឿទុក​ចិត្តចុះដរាបណាគណបក្សប្រជាជននៅដឹកនាំប្រទេស យើងមិនរត់ចោលប្រជាពលរដ្ឋទេទោះក្នុងកាលៈទេសៈណាក៏ដោយ បានតិចបានច្រើន យើងចែករំលែកប្រជាពលរដ្ឋ។ ជីវិតប្រជាពលរដ្ឋជាគោល ជីវភាពរបស់ប្រជាពលរដ្ឋជាគោល សិទ្ធ សេរីភាព និងសេចក្ដីរីកចម្រើនរបស់ប្រជាពលរដ្ឋជាគោល នេះហើយជាអ្វីនៃការប្ដេជ្ញាចិត្ត។ ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនទាំងអស់ ឲ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងថ្ងៃនេះ ខ្ញុំមាននាំមកជាមួយសម្រាប់កម្មករ/ការិនី ១៨ ០១៣នាក់ ដែលចូលរួម ក្នុងនោះមានរៀបអាហារសម្រន់និងថវិកាម្នាក់ ២ម៉ឺនរៀល។ បន្ថែមជូនកម្មការិនីមានផ្ទៃពោះ ៨៤៤ នាក់ ​… ក្នុងម្នាក់ៗជូនថវិកា ២០០ដុល្លារ ហើយជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល និងក្រុមតន្រ្តីសម័យថវិកា ៥លានរៀលផង សូមអរគុណ៕

*********

 

អត្ថបទទាក់ទង