សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិ និងទស្សនាផលិតផលខ្មែរ ដាក់តាំងពិព័រណ៍នៅក្រុងណាននីង
(ណាននីង, ចិន)៖ បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផលរបស់ខ្មែរ ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។
នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានយកទៅតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ មានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។
ពិព័រណ៍ចិន-អាស៊ាន គឺជាឱកាសមួយក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ និងដើម្បីស្វែងរកដៃគូចិន ក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរំភើបរីករាយ និងលើកទឹកចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាពកាន់តែប្រសើឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី «ពិព័រណ៍ចិន-អាស៊ានលើកទី២០»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។
សម្តេចធិបតី បានលើកឡើងថា កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មចិន-អាស៊ាន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩៕