Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1018
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើការតវ៉ារបស់កម្ពុជាចំពោះសកម្មភាពឈ្លានពានរបស់ថៃកន្លងមក គឺជាការចោទប្រកាន់ដើម្បីបំភាន់អន្តរជាតិ ដូចដែលថៃអះអាងមែនដែរឬទេ?

ចម្លើយ៖ ការតវ៉ាជាផ្លូវការរបស់កម្ពុជាកន្លងមក គឺជាការបង្ហាញស្ថានការណ៍ពិតប្រាកដ និងមានភស្តុតាងជាក់ស្តែង ដោយភាគីកម្ពុជាគ្រាន់តែលើកបញ្ហាទាំងនោះទៅកាន់ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ខ្លួនតែប៉ុណ្ណោះពីព្រោះនេះជាកាតព្វកិច្ចរបស់ប្រទេស​ដែលរងការបំពាន ឈ្លានពាន។ ដូច្នេះ ការបង្ហាញការពិត និងការតវ៉ាចំពោះសកម្មភាពឈ្លានពានរបស់ថៃ មិនអាចចាត់ទុកថាជាការបំភាន់អន្តរជាតិបានឡើយ។ ប្រសិនបើថៃមិនយល់ស្រប ថៃគួរតែឆ្លើយតបដោយលើកពីភស្តុតាង និងការពិត ជាជាងការចោទកម្ពុជាដែលជាអ្នករងគ្រោះថាបំភាន់ភ្នែកអន្តរជាតិទៅវិញ។ កម្ពុជាជឿជាក់ថា សហគមន៍អន្តរជាតិមិនអាចត្រូវបានគេបំភាន់បានឡើយ។
 
សំណួរទី២៖ ប្រសិនបើថៃអះអាងថា ការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជាមិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែន តើហេតុអ្វីបានជាថៃមិនព្រមវាស់វែងខណ្ឌសីមាស្របតាមចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥?

ចម្លើយ៖ តាមរយៈសំណួរនេះ មហាជនទូទៅ រួមទាំងសហគមន៍អន្តរជាតិផងពិតជាងាយយល់ណាស់អំពីការពិត។ ប្រសិនបើថៃពិតជាចាត់ទុកថា ការដាក់ពង្រាយកងទ័ពរបស់ខ្លួនមិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែនទេ នោះថៃគួរតែគោរពតាមកិច្ចព្រមព្រៀង និងជៀសវាងសកម្មភាពឯកតោភាគីដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដី ដោយត្រូវនៅស្ងៀមមួយកន្លែងត្រង់ទីតាំងដែលខ្លួនឈរជើង។ ប៉ុន្តែ ថៃបែរជាធ្វើសកម្មភាពឥតឈប់ដោយបំផ្លាញអ្វីដែលជាកម្មសិទ្ធិ​របស់ប្រជាពលរដ្ឋខ្មែរ ហើយសាងសង់សំណង់ថ្មីជំនួសវិញ ដែលគេហៅថា Fait Accompli ដែលជាសកម្មភាពប៉ុនប៉ងកាន់កាប់ជាអចិន្ត្រៃយ៍ និងមិនព្រមដោះស្រាយតាមយន្តការ JBC ដើម្បីវាស់វែង និងកំណត់ខណ្ឌសីមាឱ្យបានច្បាស់លាស់។

សំណួរទី៣៖ ភាគីថៃតែងតែអះអាងថា សន្តិភាពត្រូវចាប់ផ្តើមពីការគោរពតាមសេចក្តីប្រកាសរួម។ ដូច្នេះតើថៃត្រូវអនុវត្តកាតព្វកិច្ចអ្វីខ្លះ?

ចម្លើយ៖ ប្រសិនបើថៃចង់ឱ្យមានសន្តិភាពពិតប្រាកដមែន ថៃត្រូវអនុវត្តតាមគ្រប់ចំណុចដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួម ដូចគ្នានឹងអ្វីដែលកម្ពុជាកំពុងអនុវត្តដែរ ពោលគឺ ថៃត្រូវជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កើតស្ថានភាពថ្មី ឬបង្កភាពតានតឹង បញ្ឈប់សកម្មភាពដែលអាចប៉ះពាល់ដល់ស្ថានភាពដើម និងបង្កើតបរិយាកាសអំណោយផលឱ្យ JBC អាចដំណើរការបាន។ កម្ពុជាបានជ្រើសរើសការតវ៉ា និងការដោះស្រាយតាមយន្តការសន្តិវិធី ជំនួសឱ្យការប្រើប្រាស់កម្លាំងពីព្រោះតែចង់បានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ចុះថៃវិញ?

អត្ថបទទាក់ទង