Grand News Asia Close

លោកនាយក​រដ្ឋមន្ត្រី​ចុះពិនិត្យ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1013
លោកនាយក​រដ្ឋមន្ត្រី​ចុះពិនិត្យ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព លោកនាយក​រដ្ឋមន្ត្រី​ចុះពិនិត្យ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព

សេចក្តី​សង្ខេប​៖ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​រងគ្រោះ​នៅ​ទូទាំង​ខេត្ត​ចំនួន ១០ ខណៈ​ថ្នាក់​ដឹកនាំ​ជាតិ​បាន​ចល័តកម្លាំង​សង្គ្រោះ​បន្ទាន់ និង​ប្រតិបត្តិ​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែត បាន​សន្យា​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​សហគមន៍​ដែល​រងផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដោយ​សង្កត់ធ្ងន់​ថា ការ​ការពារ​អាយុជី​វិត និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ នៅតែ​ជា​អាទិ​ភាព​ចម្បង​។

ការ​សន្យា​នេះ​ធ្វើឡើង ខណៈ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​ក្រុង និង​ស្រុក​ចំនួន ៥២ នៅ​ទូទាំង​ខេត្ត​ចំនួន ១០ ដោយ​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន ៤៤៨៨៩ គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣៦០០០ នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម)។

នៅក្នុងសារ​មួយ​កាលពី​ថ្ងៃចន្ទ លោក ហ៊ុន ម៉ា​ណែត បាន​ថ្លែង​ថា លោក​បាន​ចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ហើយ​បាន​កោតសរសើរ​អាជ្ញាធរ​មូលដ្ឋាន កង​កម្លាំង​ប្រដាប់អាវុធ និង​អ្នក​ស្ម័គ្រចិត្ត​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​។ លោក​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​។

ដោយ​កោតសរសើរ​ចំពោះ​ភាព​អត់ធ្មត់ និង​ភាព​រឹងមាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត លោក ហ៊ុន ម៉ា​ណែត បាន​កត់សម្គាល់​ថា ពួកគេ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក រួម​មាន​ភាព​តានតឹង​តាម​ព្រំដែន ការ​បិទ​ច្រក​ព្រំដែន ការ​ឆបោក​អនឡាញ និង​បច្ចុប្បន្ន​គឺ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​។ ក្នុង​អំឡុង​ពេល​ចុះ​ពិនិត្យ លោក​បាន​ដើរ​លុយ​ទឹកលិច​ដល់​ជង្គង់ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងផល​ប៉ះពាល់ និង​ធានា​ដល់​ពួកគេ​ថា អាជ្ញាធរ​នឹង​បន្ត​ផ្តល់​ជំនួយ ខណៈពេល​ដែល​កម្រិតទឹក​ចាប់​ផ្តើម​ស្រក​ចុះ​។

អ្នកនាំពាក្យ គ.ជ.គ.ម លោក សុទ្ធ គឹម​កុល​មុនី បាន​ឱ្យដឹង​ថា បាត់ដំបង​នៅតែ​ជា​តំបន់​ដែល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ក្នុងចំណោម​ខេត្ត​ទាំង ១០ ដែល​រង​គ្រោះ រួមមាន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូង​ឃ្មុំ ប៉ៃ​លិន ពោធិ៍សាត់ ព្រះវិហារ និង​ឧត្តរមានជ័យ​។ ផ្ទៃដីស្រែ​ជិត ៥០០០០ ហិក​តា ត្រូវ​បាន​ខូចខាត​ទូទាំង​ប្រទេស​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ លោក លី សុវណ្ណា​រិទ្ធ បាន​រាយការណ៍​ថា ក្រុង​ប៉ោយប៉ែត​បាន​រងផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹក​ហូរ​មក​ពី​ប្រទេស​ថៃ និង​ខេត្តបាត់ដំបង​។ ស្រុក​ចំនួន ៦ បាន​រងផល​ប៉ះពាល់ ដោយ​មាន​គ្រួសារ​ជាង ១៦០០ គ្រួសារ​ត្រូវ​បាន​ជម្លៀស​។ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៅក្នុង​ខេត្ត​បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ រួមមាន​សាលារៀន​ចំនួន​១៥, វត្ត​ចំនួន​៨, មណ្ឌល​សុខភាព​ចំនួន​៣, និង​ផ្លូវ​ចំនួន​២៥៧ ដែល​រង​ការ​ខូចខាត​ដោយ​ទឹកហូរច្រោះ លើ​ប្រវែង​ផ្លូវស​រុប​ប្រមាណ ១៣០៥០០ ម៉ែ​ត្រ រួម​ទាំង ផ្ទៃដីដំណាំ​ស្រូវ​ចំនួន ១៧០៩៦ ហិក​តា ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ​។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រចាំ​ខេត្ត​បាត់ដំបង​បានឱ្យដឹង​ថា ទឹកជំនន់​បាន​ប៉ះពាល់​ដល់​ក្រុង និង​ស្រុក​ចំនួន ១៤ នៅ​ទូទាំង​ឃុំ​ចំនួន ៧១ ដោយ​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន ២១៨០៧ គ្រួសារ និង​បង្ខំ​ឱ្យ​គ្រួសារ​ចំនួន ៨៥៦ គ្រួសារ​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព​។ សរុប​មក ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ៧៨០ កន្លែង និង​ផ្ទៃដីស្រែ​ចំនួន ៣៥៦១២ ហិក​តា បាន​រងផល​ប៉ះពាល់​នៅ​ទូទាំង​ខេត្ត​។

ជាមួយគ្នា​នេះ គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា កម្ពស់​ទឹក​នៅ​ស្ថានីយ​ត្រួត​ពិនិត្យ​ទឹក​ស្ទើរតែ​ទាំងអស់​តាម​ដងទន្លេ​មេគង្គ ចាប់ពី​ខេត្ត​ស្ទឹងត្រែង​ចុះ​មក​ក្រោម នៅតែ​បន្ត​ស្រក​ចុះ ឬមាន​ស្ថេរភាព​។ បរិមាណ​ទឹក​ដែល​ហូរចូល​បឹង​ទន្លេសាប​មាន​ប្រមាណ ៣៦.០៨ ប៊ី​លាន​ម៉ែ​ត្រគូប​។

សម្រាប់​រយៈពេល​ចាប់ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃទី​៨ ខែតុ​លា គេ​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​នៅ​តំបន់​មួយចំនួន​នៃ​អាង​ទន្លេ​មេគង្គ​ក្រោម​។ ក្នុង​រយៈពេល ២៤ ម៉ោង​ខាងមុខ ភ្លៀង​ធ្លាក់កម្រិត​មធ្យម​ត្រូវ​បាន​រំពឹង​ទុក​នៅ​ខេត្តបាត់ដំបង ស្ទឹងត្រែង រតនគិរី និង​មណ្ឌល​គិរី ដែល​តំបន់​មួយចំនួន​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាម​ៗ​។

-Khmer Times-

អត្ថបទទាក់ទង