Grand News Asia Close

កម្ពុជា​បដិសេធ​ការចោទ​ប្រកាន់ថា​ប្រើ​ប្រាស់​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សម្រាប់​គោលបំណង​យោធា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1013
កម្ពុជា​បដិសេធ​ការចោទ​ប្រកាន់ថា​ប្រើ​ប្រាស់​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សម្រាប់​គោលបំណង​យោធា ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភព​លោក​បានខូចខាត​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជាថៃ​កាលពី​ឆ្នាំ​មុន​។ ខ្មែរថាមស៍​៖ ខឹម សុវណ្ណារ៉ា

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កាលពី​ថ្ងៃទី១៥ ខែ​កញ្ញា បាន​បដិសេធ​ការចោទ​ប្រកាន់​របស់ថៃ ដែល​អះអាងថា កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រាសាទ​បុរាណ និង​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ជា​មូលដ្ឋាន​យោធា ដោយ​ចាត់​ទុក​ការ​លើក​ឡើង​នេះថា ជា​ការ​អះអាង​គ្មាន​មូលដ្ឋាន និង​អាច​បង្ក​ការ​យល់​ច្រឡំ​ដល់​សាធារណជន​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍ ក្រសួង​បាន​បដិសេធ​ជា​ថ្មី​ចំពោះ​ការ​លើក​ឡើង​របស់​លោក Prapas Sonjaidee នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ថាន​ការណ៍ថៃ-កម្ពុជា (JIC) និង​លោក Phanombut Chantharachote អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​វិចិត្រ​សិល្បៈថៃ ដែល​បានចោទ​ប្រកាន់ថា កម្ពុជា​បាន​ប្រើ​ប្រាស់​ទីតាំង​ប្រាសាទ​បុរាណ​ជា​មូលដ្ឋាន​យោធា​។

ក្រសួង​បាន​ចាត់​ទុក​ការ​លើក​ឡើង​ទាំង​នេះថា ជា​ការ​បំភ្លៃ​ព័ត៌មាន និង​បាន​អះអាងថា វា​អាច​ជា​ការ​ប៉ុនប៉ង​បង្វែរ​ការយក​ចិត្ត​ទុក​ដាក់ពី​ការខូចខាត​ប្រាសាទ និង​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ដែល​កម្ពុជា​អះអាងថា បណ្តាល​មកពី​សកម្មភាព​យោធា​របស់ថៃ​។

ក្រសួង​បាន​បញ្ជាក់ថា ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុ​សញ្ញា​ឆ្នាំ១៩៥៤ និង​ពិធី​សា​រទាំង​ពីរ​របស់​អនុ​សញ្ញា​នេះ ព្រម​ទាំង​អនុ​សញ្ញា​ឆ្នាំ១៩៧២ របស់​អង្គ​ការយូណេស្កូ កម្ពុជា​ប្រកាន់​ជំហរ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​ការពារ និង​អភិ​រក្ស​បេតិកភណ្ឌ​វប្បធម៌​។

តាម​ក្រសួង ទីតាំង​បេតិកភណ្ឌ​នៅ​ទូ​ទាំង​ប្រទេស​បាន​ផ្តល់​អាទិភាព​សម្រាប់​ការ​អភិ​រក្ស ការ​លើក​តម្លៃ ការ​ស្រាវជ្រាវ ការ​អប់រំ សកម្មភាព​សាសនា ទេសចរណ៍ និង​កិច្ចសហ​ប្រតិបត្តិ​ការ​អន្តរជាតិ​។ ក្រសួង​ក៏បាន​បញ្ជាក់​ជំហរថា មិន​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ណាមួយ​របស់​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​យោធា​ឡើយ​។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​លើក​ឡើងពី​ការខូចខាត​ទីតាំង​បេតិកភណ្ឌ​មួយ​ចំនួន ដែល​ខ្លួន​អះអាងថា បណ្ដាល​មកពី​សកម្មភាព​យោធា​របស់ថៃ ដោយ​រួម​មាន​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តាមាន់​ធំ ប្រាសាទតា​ក្របី ស្ពានទ័ព និង​តំបន់​បុរាណ​វិទ្យា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​ក្រោម​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។

ក្រសួង​ក៏​បាន​អះអាងថា ប្រាសាទ​តាមាន់​ធំ ប្រាសាទតា​ក្របី និង​ប្រាសាទ​ខ្នារ ត្រូវ​អាជ្ញាធ​រពាក់​ព័ន្ធ​របស់ថៃ​កាន់​កាប់​ដោយ​ខុស​ច្បាប់ ហើយ​បានចោទថា មាន​សកម្មភាព​ឯកតោ​ភាគី​មួយ​ចំនួន រួម​មាន​ការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ បណ្តាញ​អគ្គិសនី ការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ និង​សាសនា ព្រម​ទាំង​គម្រោង​ជួសជុល ដោយ​គ្មាន​ការ​អនុញ្ញាតពី​កម្ពុជា​។

តាម​សេចក្តី​ថ្លែង​ការណ៍ ក្រសួង​ក៏​បាន​អះអាងថា វត្ថុ​បុរាណ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរថៃ​យកចេញពី​ប្រាសាទ​ខ្នារ​របស់​កម្ពុជា ហើយ​បាន​ទាមទារ​ឱ្យ​មាន​ការ​ប្រគល់​វត្ថុ​បុរាណ​ទាំង​នោះ​ត្រឡប់មក​កម្ពុជា​វិញ​។

ចំពោះ​ប្រាសាទ​ព្រះវិហារ ក្រសួង​បាន​អះអាងថា ប្រាសាទ​នេះ​បានរង​ការខូចខាត​ធ្ងន់ធ្ងរពី​ការ​បាញ់​ប្រហារ​របស់​យោធាថៃ ក្នុង​កំលុងខែ​កក្កដា និងខែ​ធ្នូ ឆ្នាំ២០២៥​។ ក្រសួង​បាន​បញ្ជាក់ថា មាន​ទីតាំង​ចំនួន ៥៦២ កន្លែង​ត្រូវ​បាន​បំផ្លាញ​ដោយ​អាវុធធុន​ធ្ងន់ ហើយថ្ម​ប្រាសាទ​ជាង ៧ម៉ឺន​បំណែក​បាន​ខ្ទេចខ្ទី​។

ក្រសួង​បាន​និយាយថា ការ​វាយ​ប្រហារ​ដែល​ខ្លួន​ចាត់​ទុកថា​មិនរើស​គោលដៅ បាន​បំផ្លាញ​លទ្ធផល​នៃ​ការងារ​ស្តារ និង​អភិ​រក្ស​ប្រាសាទ​ព្រះ​វិហារ​របស់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដែល​បាន​ប្រឹង​ប្រែង​អស់រយៈ​ពេល​ជាង១០ឆ្នាំ ព្រម​ទាំងប៉ះ​ពាល់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធសាធារណៈ និង​បណ្តាលឱ្យ​ប្រជា​ជន​ជាង១៦.០០០នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់​បេតិកភណ្ឌ​។

ក្រសួង​បាន​បញ្ជាក់ថា ការខូចខាត​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ពិនិត្យ វាយ​តម្លៃ និងចង​ក្រង​ជា​ឯកសារ ហើយ​អះអាងថា ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​តាមរយៈ​របាយ​ការណ៍​របស់​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ផងដែរ​។

ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ត្រូវ​ក្រសួង​ពិពណ៌នាថា ជាទី​សក្ការៈ​របស់​ប្រជាជន​ខ្មែរ និង​ជាទី​តាំង​សម្រាប់​ការ​អភិ​រក្ស ការ​សិក្សា​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា ការ​អប់រំ ការ​គោរព​បូជា​តាម​ប្រពៃណី​សាសនា និង​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។
ក្រសួង​បាន​អះអាងថា ប្រាសាទ​នេះ​ក៏​ធ្លាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជនជាតិថៃ ហើយ​អ្នក​ទេសចរ​ទាំង​នោះ​អាច​មើល​ឃើញ​ដោយ​ផ្ទាល់ថា ប្រាសាទ​ព្រះវិហារ​មិនមែន​ជាទី​តាំង​យោធា​នោះ​ទេ​។

ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប កម្ពុជា​បាន​ទាមទារ​ភាគីថៃ​បញ្ឈប់​ការ​គ្រប់​គ្រង និង​ចាត់ចែង​ទីតាំង​បេតិកភណ្ឌ​របស់​កម្ពុជា​ដោយ​ខុស​ច្បាប់ តាមរយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​ទាមទារ​ឱ្យ​ដក​កម្លាំង​យោធា​ចេញពី​តំបន់​បេតិកភណ្ឌ ជា​ពិសេសពី​តំបន់​ប្រាសាទ​តាមាន់​ធំ ប្រាសាទតា​ក្របី និង​ប្រាសាទ​ខ្នារ​។

កម្ពុជា​ក៏បាន​ទាមទារ​ភាគីថៃ​ប្រគល់​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​អះអាងថា យកចេញពី​ប្រាសាទ​ខ្នារ ត្រឡប់មក​កម្ពុជា​វិញ ព្រម​ទាំង​គោរព​ច្បាប់ សន្ធិ​សញ្ញា និង​អនុ​សញ្ញា​អន្តរជាតិ​ពាក់​ព័ន្ធ​។

ក្រសួង​បាន​អំពាវនាវ​បញ្ឈប់​ការ​ប្រើ​ប្រាស់​កម្លាំង និង​សកម្មភាព​ដែល​ខ្លួន​ចាត់​ទុកថា​ជា​ការ​បង្កើត​ស្ថានភាព​ជាក់​ស្តែងលើដី (Fait accompli) ដើម្បី​កាន់​កាប់​ដែនដី​ជា​អចិន្ត្រៃយ៍ ហើយ​បាន​ស្នើឱ្យ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី តាមរយៈ​យន្ត​ការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ជា​ពិសេស​គណៈកម្មការ​ចម្រុះ​កិច្ច​ការ​ព្រំដែន (JBC)។

នៅ​ចុង​បញ្ចប់ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​បញ្ជាក់​ជា​ថ្មីថា ទីតាំង​បេតិកភណ្ឌ​របស់​កម្ពុជា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​មូលដ្ឋាន ឬ​ជាទី​តាំង​យោធា​ឡើយ ហើយ​កម្ពុជា​នឹង​បន្ត​ផ្តល់​អាទិភាព​ដល់​ការ​អភិ​រក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌ ដើម្បី​បន្តកេរតំណែល​ទៅ​កាន់​ជំនាន់​ក្រោយ និង​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​។

ក្រសួង​ក៏បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​បំផ្លាញ និង​សកម្មភាព​នានា​ដែល​ខ្លួន​អះអាងថា បាន​បង្ក​ការខូចខាត​ដល់​ប្រាសាទ​បុរាណ និង​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ផ្សេង​ទៀត ដោយ​ចាត់​ទុកថា សកម្មភាព​ទាំង​នេះប៉ះ​ពាល់​ដល់​កិច្ច​ការ​អភិ​រក្ស​បេតិកភណ្ឌ​វប្បធម៌ និង​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ​៕

-Khmer Times-

អត្ថបទទាក់ទង