Grand News Asia Close

តំណាងប្រទេស មេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ សុទ្ធតែវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 367
តំណាងប្រទេស មេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ សុទ្ធតែវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ តំណាងប្រទេស មេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ សុទ្ធតែវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ

 

(ភ្នំពេញ)៖ តំណាងប្រទេស មេដឹកនាំ អតីតមេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣មកពីជុំវិញពិភពលោក សុទ្ធតែបានវាយតម្លៃអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅប្រទេសកម្ពុជា គឺបានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ តម្លាភាព និងគ្មានការគំរាមកំហែងអ្វីឡើយ ទាំងនេះហើយគឺជាបេះដូង និងជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ។

ការបញ្ជាក់ដូចៗគ្នានេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវាយតម្លៃការបោះឆ្នោតនៅកម្ពុជារបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលបានប្រព្រឹត្តទៅក្រោមការចូលរួមពីតំណាងប្រទេស មេដឹកនាំ អតីតមេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ ក្នុងនោះរួមមាន៖ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៉ីប៉ាស៉ីហ្វិកអន្តរជាតិ (CAPDI) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី​ (ICAPP) អង្គការប្រទេសនិយាយភាសាបារាំង (IOF) វិទ្យាស្ថានទស្សនៈ និងសន្តិសុខអឺរ៉ុប (IPSE) សម្ពន្ធអន្តរជាតិនៃអ្នកសង្កេតការណ៍បោះឆ្នោត (IAEO) អ្នកសង្កេតការណ៍ឯករាជ្យ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូ ក្រុមប្រឹក្សាកំពូលអន្តរជាតិដើម្បីសន្តិភាព (ISCP) សមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) ស្ថាប័នស្រាវជ្រាវ២០២២ (Think Tank 2022) នាយករដ្ឋមន្ត្រីប្រទេសនីហ្សេរីយ៉ា អតីតប្រធានាធិបតីស្រីលង្កា អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ និងប្រតិភូមកពីប្រទេសមួយចំនួនទៀត ដូចជា ប៉ាគីស្ថាន ឡាវ មីយ៉ាន់ម៉ា ហ្គីណេប៊ីសូ នេប៉ាល់ កូរ៉េខាងត្បូងជាដើម។

តំណាងប្រតិភូអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៉ីប៉ាស៉ីហ្វិកអន្តរជាតិ (CAPDI) បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគឺបានចុះទៅអនុវត្តការងារបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ នៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមសង្កេតការណ៍បានមើលឃើញថា ការិយាល័យបោះឆ្នោតបានបើកដំណើរការចាប់ពីម៉ោង៧៖០០នាទី និងមានសម្ភារបម្រើឱ្យការបោះឆ្នោតគ្រប់គ្រាន់ រីឯមន្ត្រីបោះឆ្នោតក៏អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។

អង្គការ CAPDI បានបញ្ជាក់ទៀតថា ដំណើរបោះឆ្នោតនេះគឺប្រព្រឹត្តទៅតាមច្បាប់ជាធរមាន និងប្រកាន់ខ្ជាន់នូវគោលការណ៍ប្រជាធិបតេយ្យ បើកទូលាយឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួន។

អង្គការ CAPDI បានកត់សម្គាល់ថា ការផ្ទៀងផ្ទាត់អ្នកបោះឆ្នោតជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោត គឺជាវិធីដ៏សំខាន់មួយដើម្បីចៀសវាងការក្លែងបន្លំអត្តសញ្ញាណ។ ម្យ៉ាងទៀត

ការប្រើប្រាស់ទីសាធារណៈមួយចំនួនធ្វើជាមណ្ឌលបោះឆ្នោត ដូចជាសាលារៀន វត្តអារាម គឺជាការសន្សំសំចៃមួយសម្រាប់ការបោះឆ្នោតផងដែរ។

តំណាងសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី​ (ICAPP) បានបញ្ជាក់ថា បន្ទាប់ពីការបិទការិយាល័យបោះឆ្នោតនៅម៉ោង៣រសៀល គេឃើញថា មន្ត្រីបោះឆ្នោតបានអនុវត្តការរាប់សន្លឹកឆ្នោតប្រកបដោយការយកចិត្តទុកដាក់បំផុត ក្រោមការសង្កេតការណ៍ពីសំណាក់អ្នកសង្កេតការណ៍ជាតិ/អន្តរជាតិ តំណាងគណបក្សនយោបាយ អ្នកសារព័ត៌មានជាតិ/អន្តរជាតិជាដើម។

អង្គការ ICAPP បានបន្តថា អ្នកបោះឆ្នោតគ្រប់គ្នាបានអនុវត្តសិទ្ធិរបស់ខ្លួនដោយគ្មានការភ័យខ្លាច ដែលរូបភាពទាំងនេះគឺជាជោគជ័យនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនេះមិនត្រឹមតែមាននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តរីកសាយភាយទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។

អង្គការអន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា «បរិយាកាសនៃការបោះឆ្នោតនៅថ្ងៃទី២៣នោះ គឺប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ តម្លាភាព មិនមានអំពើហិង្សា ឬបាតុភាពអ្វីឡើយ ម្យ៉ាងទៀតគណៈប្រតូភូអ្នកសង្កេតការណ៍មិនបានឃើញពីការប្ដឹងតវ៉ាពីភាគីណាមួយនោះឡើយ»។

សភាពាណិជ្ជកម្មទីក្រុងតូរ៉ុនតូក៏បានបញ្ជាក់ដែរថា ប្រជាធិបតេយ្យនៅកម្ពុជា គឺល្អជាងប្រទេសប្រជាធិបតេយ្យមួយចំនួនទៅទៀត។ សមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) បានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា គឺជាគំរូល្អសម្រាប់ការបោះឆ្នោតនៅលើពិភពលោក។

នៅចំពោះមុខសន្និសីទនាពេលនោះ អតីតនាយករដ្ឋមន្ត្រីនេប៉ាល់បានអះអាង និងស្ម័គ្រខ្លួនធ្វើជាសាក្សីក្នុងការវាយតម្លៃលើការបោះឆ្នោតនៅកម្ពុជាថា បានប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ តម្លាភាព មិនមានអំពើហិង្សា។

តំណាងអ្នកសង្កេតការណ៍មកពីប្រទេសប៉ាគីស្ថានបានអះអាងដែរថា គេមិនបានឃើញពីសញ្ញានៃការកៀបសង្កត់ ការគំរាមកំហែងនៅក្នុងការបោះឆោតសកលនេះនោះឡើយ ខណៈមន្ត្រី គ.ជ.ប. គ្រប់រូបមានឯករាជ្យ និងតម្លាភាព។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានវាយតម្លៃថា ការចូលរួមក្នុងការបោះឆ្នោតរបស់ប្រជាជនកម្ពុជាក្នុងអត្រា៨៤.៥៨ភាគរយនេះ (លទ្ធផលបឋម) គឺបង្ហាញពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យយ៉ាងសំខាន់ ប្រជាជនកាន់តែយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទទាក់ទង